ហឺតជាជំងឺរលាកទងសួតរ៉ាំរ៉ៃ មានកើតនៅពេញពិភពលោក មិនថានៅក្នុងប្រទេសក្រីក្រ ប្រទេសអ្នកមាន ឬជឿនលឿនទេ ប៉ុន្តែអត្រាអ្នកស្លាប់មានច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះតែកង្វះមធ្យោបាយព្យាបាលត្រឹមត្រូវនិងសព្វជ្រុងជ្រោយ។ បើតាមតួលេខរបស់អង្គការសុខភាពពិភពលោក មានមនុស្សប្រមាណជាង ២៣៥លាននាក់កើតជំងឺហឺត ហើយភាគច្រើនជាកុមារ។ ជំងឺហឺតនេះមិនបង្កឱ្យស្លាប់ទេ ប៉ុន្តែជាទូទៅច្រើនពុំសូវបានទទួលការវិភាគ និងការព្យាបាល ត្រឹមត្រូវ។
ការបឺតថ្នាំហឺត ©OMS |
ព័ត៌មានសំខាន់ៗទាក់ទងនឹងជំងឺហឺត
- -ហឺតជាជំងឺរលាកទងសួត រ៉ាំរ៉ៃ (រលាកផ្លូវដង្ហើមដកចេញនិងដកចូល)
- ប្រជាជនប្រមាណ២៣៥លាននាក់ រងគ្រោះកើតជំងឺនេះ។ ជំងឺរ៉ាំរ៉ៃ ដែលមានជាញឹកញាប់ខ្លាំងលើកុមារ
- មរណភាពបណ្តាលមកជំងឺហឺត ច្រើនមាននៅក្នុងប្រទេសដែលកំរិតជីវិតទាប និងមធ្យម ព្រោះតែកង្វះការតាមដាន
- កត្តាចម្បងដែលនាំឱ្យមានគ្រោះអភិវឌ្ឍន៍ជំងឺហឺត គឺសារធាតុ និងធាតុល្អិតៗ ស្រូបចូលក្នុងខ្លួនបាន នៅពេលដកដង្ហើម ដែលបង្កជាប្រតិកម្មអាលែកហ្សិក ឬការរលាកផ្លូវដង្ហើម
- គេអាចគ្រប់គ្រងជំងឺហឺតនេះបានដោយប្រើថ្នាំ ហើយក៏អាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺនេះបានដែរ
- ការតាមដាន និងព្យាបាលត្រឹមត្រូវ អាចធ្វើឱ្យអ្នកជំងឺហឺត អាចរស់នៅបានស្រួល តាមធម្មតា
ហឺតជាជំងឺរ៉ាំរ៉ៃ ភាពធ្ងន់ធ្ងរ និងការធ្វើទុក្ខ មានញឹកញាប់ ឬរង្វើល ប្រែប្រួលខុសគ្នាពីមនុស្សម្នាក់ទៅមនុស្ស។ គេអាចសម្គាល់ថាមានជំងឺហឺតនេះ ដោយអ្នកជំងឺជួបការលំបាកក្នុងការដកដង្ហើម និងដកដង្ហើមចេញចូលមានលាន់ឮសំឡេងដូចគេហួច។ អាការៈរោគសញ្ញា អាចស្តែងចេញច្រើនដងក្នុងមួយថ្ងៃៗ ឬក្នុងមួយសប្តាហ៍ ហើយធ្លាក់ធ្ងន់ធ្ងរបាននៅពេលណាដែលអ្នកជំងឺប្រឹងប្រើកម្លាំងច្រើន ឬនៅពេលយប់។ នៅពេលហឺតចាប់ផ្តើមធ្វើទុក្ខឡើង ទងសួតហើម ដែលជាហេតុធ្វើឱ្យរន្ធបញ្ចេញនិងស្រូបយកខ្យល់ចង្អៀត ដកដង្ហើមចេញចូលពិបាក។ ដោយសារហឺតនេះ អ្នកជំងឺច្រើនជួបអាការៈគេងមិនលក់ នឿយហត់ជាប់រហូតនៅពេលថ្ងៃ កម្លាំងចុះខ្សោយ មិនចង់ចង់បញ្ចេញសកម្មភាព។ ប៉ុន្តែបើប្រៀបទៅនឹងជំងឺរ៉ាំរ៉ៃផ្សេងទៀត អត្រាស្លាប់ព្រោះហឺតមានកំរិតទាបបំផុត។
គេនៅពុំទាន់អាចបំភ្លឺឱ្យបានច្បាស់នៅឡើយ អំពីបុព្វហេតុស៊ីជម្រៅនៃជំងឺហឺត។ ប៉ុន្តែកត្តាធំៗនិងសំខាន់ៗ គឺមានទំនាក់ទំនងនឹងហ្សែន និង ការស្រូបដង្ហើមដោយសារធាតុ និងធាតុល្អិតឆ្មារៗក្នុងបិរស្ថាន បរិយាកាសមិនបរិសុទ្ធ ដែលងាយនឹងបង្កជាប្រតិកម្ម Allergique ឬងាយធ្វើផ្លូវដង្ហើមរលាក។ ធាតុល្អិតឆ្មារៗទាំងនោះមានជាអាទិ៍ ៖
- សារធាតុអាលែកហ្សែននៅក្នុង លម្អងធូលី រោមសត្វ រោមសំលីខ្នោយភួយ
- សារធាតុអាលែកហ្សែនខាងក្រៅ លម្អងផ្កា ធូលីដី
- ផ្សែងបារី
- ផលិតផលគីមីដែលអាចបង្កឱ្យមានការរលាក
- ខ្យល់អាកាស កខ្វក់ ពុល
ខ្យល់ត្រជាក់ អារម្មណ៍រំជើបរំជួលខ្លាំង (ភ័យរន្ធត់ កំហឹងឆាបឆេះ) បញ្ចេញកម្លាំងពលកម្មខ្លាំង សុទ្ធតែជាភ្នាក់ងារអាចទាញជំងឺហឺតឱ្យរើធ្វើទុក្ខឡើង។ ជួនកាលការប្រើប្រាស់ថ្នាំ ពពួកAspirine ពពួក anti-inflammatoires non stéroïdiens ou des bétabloquants សម្រាប់ព្យាបាលជំងឺឡើងឈាម បេះដូង និងឈឺក្បាល ក៏អាចនាំឱ្យហឺតធ្វើទុក្ខដែរ។
គេបានភ្ជាប់ការអភិវឌ្ឍន៍នគរូបនីយកម្ម ទៅនឹងការកើនឡើងនៃចំនួនករណីកើតជំងឺហឺត ប៉ុន្តែគេមិនស្គាល់ច្បាស់ទេអំពីដើមហេតុនៃទំនាក់ទំនងនេះ។
ជំងឺហឺត មិនអាចព្យាបាលជាដាច់ស្រឡះទេ ប៉ុន្តែបើមានការតាមដានជំងឺជាប់លាប់ល្អ ការធ្វើទុក្ខក៏មិនសូវមាន ការរស់នៅក៏បានប្រសើរ។ ការប្រើថ្នាំ គឺជាកាយវិការបន្ទាន់ សម្រួលអាការៈសញ្ញាធ្វើទុក្ខ ប៉ុន្តែគ្មានការធូរស្បើយ អ្នកជំងឺត្រូវតែធ្វើការព្យាបាលជាប្រចាំ រាល់ថ្ងៃ ដើម្បីព្យាបាលការរលាក និងការពារកុំឱ្យអាការៈធ្វើទុក្ខស្តែងឡើងបាន។
ថ្នាំពេទ្យមិនមែនជាមធ្យោបាយតែមួយគត់ដែលប្រើសម្រាប់ប្រយុទ្ធនឹងជំងឺហឺតឡើយ។ វាគឺជាការសំខាន់ណាស់ដែលបុគ្គលអ្នកជំងឺផ្ទាល់ត្រូវចេះដឹងស្គាល់ និងគេចឱ្យបានពីអ្វីដែលបង្កវិបត្តិ បង្កការធ្វើទុក្ខ ពោលគឺចៀសវាងកុំឱ្យមានការកកិត រលាកផ្លូវដង្ហើម។ ដោយមានជំនួយពីគ្រូពេទ្យ អ្នកមានហឺតក្នុងខ្លួន ត្រូវរៀនគេចពីអ្វីដែលជាភ្នាក់ងារនាំឱ្យហឺតធ្វើទុក្ខឡើង។
ថ្វីបើមានមនុស្សស្លាប់តិចតួចព្រោះជំងឺហឺតក៏ដោយ ក៏ការប្រើប្រាស់ថ្នាំមិនសមស្រប គ្មានការតាមដានពេលព្យាបាលអាចនាំដល់គ្រោះមរណបានយ៉ាងងាយ៕
(ប្រភព៖ វិទ្យុបារាំងអន្តរជាតិ )