Showing posts with label ថ្នាំពេទ្យ. Show all posts
Showing posts with label ថ្នាំពេទ្យ. Show all posts

Thursday, January 10, 2013

ដំបូន្មាន​១០យ៉ាង​ក្នុងការ​ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង

នៅប្រទេស​កម្ពុជា គឺជាការ​ពេញនិយម​ខ្លាំងណាស់​ចំពោះការ​ប្រើប្រាស់​ឱសថ​ដោយខ្លួនឯង។ តាមការ​ប៉ាន់​ប្រមាណ ប្រជាពលរដ្ឋញ​ខ្មែរ​មិនតិច​ជាង៧០%​ទេ ដែល​ប្រើប្រាស់ឱសថ​ដោយ​ខ្លួនឯង។ ករណី​នេះ កំពុង​បង្ក​គ្រោះថ្នាក់​យ៉ាងធំ​ដល់​សុខភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ​យ៉ាង​ចម្រូង​ចម្រាស់​បំផុត។ ដើម្បីជួយ​បង្ហាញ​ផ្លូវដល់​ប្រជាពលរដ្ឋ​ខ្មែរ ​យើងខ្ញុំសូម​ណែនាំ​ជូនអំពី​របៀប​ប្រើប្រាស់​ឱសថ​ត្រឹមត្រូវ​ដោយ​ខ្លួនឯង និងដោយ​វេជ្ជបញ្ជា នៅលើ​ទំព័រ​របស់ខ្លួន​ចាប់ពី​ពេលនេះ​តទៅ។

ជារៀង​រាល់ថ្ងៃ មនុស្ស​ម្នាក់ៗ​តែងតែ​មានជម្ងឺ និង​ឈឺថ្កាត់​បន្ដិចបន្ដួច​មិនអាច​ចៀសផុត​ឡើយ។ ជម្ងឺខ្លះ​ធ្ងន់ ជម្ងឺ​ខ្លះទៀត​ស្រាល។ លោកអ្នក​អាច​សម្រេច​ប្រើប្រាស់​ឱសថ ឬថ្នាំ​សង្កូវ​ដោយ​ខ្លួនឯង ឬ​តាមរយៈ​វេជ្ជបញ្ជា ប៉ុន្ដែ​គ្រូពេទ្យ​ខ្លះក៏​ទូន្មាន​ដល់អ្នក​ជម្ងឺ​ឱ្យប្រើប្រាស់​បន្ថែម ឬ​បន្ដក្នុង​ករណី​មិនទាន់​ជាដាច់ ឬ​លាប់ឡើង​វិញ​ជាដើម ពោល​ទៅតាម​ករណី​នីមួយៗ។ ដើម្បី​ធានាបាន​ការ​អនុវត្ដ​ត្រឹមត្រូវ និង​ប្រកប​ទៅដោយ​សុវត្ថិភាព ការ​ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង អាចធ្វើ​ទៅបាន​តែត្រូវ​គោរព​គោលការណ៍​មួយចំនួន។

1 . សូមសួរ​យោបល់​ឱសថ​ការី ដែល​ប្រចាំការ​នៅឱសថ​ស្ថាន
ទោះបីជា​ឱសថ​ភាគច្រើន​ត្រូវបាន​គិតគូរ​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​បែបណា​ក្ដី ប៉ុន្ដែ​មុននឹង​សម្រេច​ទិញឬ​ប្រើឱសថ​ណាមួយ​ដែលគ្មាន​វេជ្ជបញ្ជា គួរតែ​ត្រូវ​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ជាមុនសិន។ ឱសថការី​គឺជា​អ្នកវិជ្ជាជីវៈ​មួយដែល​ទទួលការ​បណ្ដុះ​បណ្ដាល យ៉ាងតិច​បំផុត​៥ឆ្នាំ ដើម្បី​ឈរឈ្មោះ​ជាអ្នក​បើកឱសថ​ស្ថាន និងផ្ដល់​ដំបូន្មាន​ដល់​អតិថិជន​អំពី​ឱសថ និងការ​ប្រើប្រាស់​របស់វា។ ឱសថការី​ជាអ្នក​ទទួល​បន្ទុក​ផ្ដល់ដំបូន្មាន​អំពី​ឱសថ ដែលអាច​ប្រើឱសថ​បាន និង​កាលៈទេសៈ​ប្រើប្រាស់។ សូម​កុំច្រឡំ​អ្នកលក់​ឱសថ និង​ឱសថការី។ ជាក្រឹត្យ​ក្រម នៅឱសថស្ថាន​មួយ​ត្រូវមាន​ឱសថការី​ប្រចាំការ។

2 . សូម​ពិគ្រោះ​គ្រូពេទ្យ​របស់​លោកអ្នក​ក្នុង​ករណី​សង្ស័យ ករណី​មាន​ផ្ទៃពោះ បំបៅ​ដោះកូន ឬ​សម្រាប់​ទារក​ប្រើប្រាស់
មុនពេល​ព្យាបាល តោង​ដឹងអំពី​បញ្ហា​សុខភាព ដែល​ចោទជា​បញ្ហា និងត្រូវ​ព្យាបាល។ មានតែជម្ងឺ​ឬអាការរោគ​ដែល​ស្គាល់ច្បាស់​ទេ ទើប​នាំឱ្យ​មានការ​សម្រេចចិត្ដ​ថាប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង​ប្រកប​ទៅដោយ​ ហេតុផល។ ករណី​រោគសញ្ញា​ជម្ងឺ​នៅសង្ស័យ​មិនទាន់​ច្បាស់ ឈឺ​គំហុក និង​កើតមាន​មិនឈប់ លោកអ្នក​ត្រូវទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួលបាន​ការ​ពិនិត្យសុខភាព ​ស៊ីជម្រៅ។ អាច​ជាករណី​ផងដែរ បើសិន​ជាការ​ប្រើប្រាស់​ឱសថ​នោះនៅតែ​មិនមាន​ការ​ប្រសើរ​ឡើង។ ចំពោះ​ករណី​ស្ដ្រីមាន​ផ្ទៃពោះ ស្ដ្រីដែលបំ​បៅ​ដោះកូន និង​ទារក ពួកគេ​មិនត្រូវ​ទទួលទាន​ឱសថ​ណាមួយ​ដោយគ្មាន​ដំបូន្មាន​គ្រូពេទ្យ​នោះទេ។

3 . សូម​ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង តែក្នុង​រយៈពេល​មួយសមស្រប​តែប៉ុណ្ណោះ
ករណី​ស្ថានភាព​សុខភាព​ទូទៅ​រឹតតែ​ធ្ងន់ធ្ងរ​នៅពេល​កំពុង​ព្យាបាល​ លេបថ្នាំ​ដោយ​ខ្លួនឯង ឬ​មិនមាន​ការ​ប្រសើរឡើង​ទាល់តែ​សោះ ការ​ពិគ្រោះ​ជម្ងឺ ឬការ​ពិគ្រោះ​វេជ្ជសាស្ដ្រ​មួយត្រូវ​ធ្វើឡើង​ជាដាច់ខាត មិនត្រូវ​បណ្ដែត​បណ្ដោយ​នោះឡើយ។ គ្រប់​ករណី​ទាំង អស់ លោកអ្នក​ត្រូវមើល​កាលបរិច្ឆេទ​ប្រើប្រាស់ មិនត្រូវ​ប្រើប្រាស់​ឱសថ​ដែល​ហួសកាល​កំណត់​ដែលបាន​សរសេរ​នៅលើ​ប្រអប់​នោះ ទេ។

4 . សូមកុំ​អនុវត្ដ​ការ​ប្រើប្រាស់​ឱសថ​ដោយខ្លួនឯង​បែបលាក់​លៀម
ប្រសិនបើ​លោកអ្នក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បន្ទាប់​ពីនិន្នាការ​នៃការ​ ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង​មិនមាន​ប្រសិទ្ធ​ភាព សូមកុំ​លាក់លៀម​ការ​ព្យាបាល ឬ​លេបថ្នាំ​ដែល​លោកអ្នក​បានធ្វើ​ដោយ​ខ្លួនឯង ឬ​លោកអ្នក​កំពុង​បន្ដធ្វើ​នៅឡើយ។ គ្រូពេទ្យ​ធ្លាប់ដឹង​រួចមក​ហើយ​ថា អ្នកជម្ងឺ​របស់ខ្លួន​ធ្លាប់​សាកល្បង​ព្យាបាល​ដោយ​ខ្លួនឯង​រួចមក​ហើយ មុននឹង​គេឱ្យខ្លួន​ព្យាបាល ជាពិសេស​ករណី​ឈឺបន្ដិច​បន្ដួច។ គ្រូពេទ្យ​ល្អពិតជា​មិន​រិះគន់ និង​ថ្កោលទោស​អ្នកជម្ងឺ​របស់​ខ្លួននោះ​ឡើយ។

5 . សូមអាន​ព័ត៌មាន​ឱសថ និង​មើល​សម្បក​ប្រអប់
សម្បក​ប្រអប់​ឱសថ​មិនមែន​ប្រើស​ម្រាប់តែ​វេចខ្ចប់​ឱសថ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏មាន​ប្រាប់អំពី​របៀប​ប្រើប្រាស់ និង​ព័ត៌មាន អំពី​ឱសថ​នានា ដូចជា​ឈ្មោះថ្នាំ អ្នក​ផលិត ធាតុផ្សំ​សកម្ម ថ្ងៃខែឆ្នាំ​កំណត់​ប្រើប្រាស់​ជាដើម។ ហេតុនេះ​គួរថែរក្សា​សម្បក​ប្រអប់ និង​ព័ត៌មាន​ឱសថ​ទាំងនោះ​ទុកនៅ​កន្លែង​សុវត្ថិភាព​មួយ។
សូមអាន​ប័ណ្ណ​ព័ត៌មាន​ឱសថ​ដោយ​ប្រុងប្រយ័ត្ន។ ប័ណ្ណនេះ​ប្រាប់​លោកអ្នក​អំពី​របៀប​ប្រើប្រាស់ ជម្ងឺដែល​ត្រូវប្រើ​ធាតុផ្សំ ទម្រង់​សណ្ឋាន កម្រិត​ប្រើប្រាស់​ទៅតាម​អាយុ ឬ​ទម្ងន់ រយៈពេល​ប្រើប្រាស់​ព្យាបាល​មុននឹង​ទៅជួប​គ្រូពេទ្យ ប្រការ​ប្រុង​ប្រយ័ត្ន ឥទ្ធិពល​អាក្រក់​ដែលអាច​កើតមាន និង​របៀប​ថែរក្សា​ទុកដាក់​ឱសថ។

6 . សូម​ចៀសវាង​ការ​ប្រើប្រាស់​ឱសថ​ច្រើនមុខ
ការ​លេបថ្នាំ​ច្រើនមុខ​ដំណាល​គ្នា អាច​នាំឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ឬ​ផ្ទុយទៅវិញ​អាចកាត់​បន្ថយ​ប្រសិទ្ធភាព ឬជួន​ពេលទៀត​អាចបង្កើន​នូវ​ឥទ្ធិពល​គ្រោះថ្នាក់​ដែល​មិនចង់​បាន​ (ឥទ្ធិពលទី២)។ ពេញមួយ​រយៈពេល​ព្យាបាល​ដោយ​វេជ្ជបញ្ជា លោកអ្នក​ត្រូវប្រាប់​គ្រូពេទ្យ​ឱ្យអស់​នូវការ​ប្រើប្រាស់​ឱសថ​ផ្សេងទៀត​ដោយ​ ខ្លួនឯង ដែល​លោកអ្នក​កំពុងធ្វើ​ផងដែរ។

7 . សូម​ចៀសវាង​ទទួលទាន​ស្រាពេល​លេបថ្នាំ
ជាតិ​អាល់កុល ឬ​ស្រា អាចធ្វើ​ឱសថ​ជាច្រើន​ប្រែប្រួល​ប្រសិទ្ធភាព និងបង្កើន​គ្រោះថ្នាក់នៃ​ឥទ្ធិពល​អាក្រក់ ឬឥទ្ធិពល​ទី២។ ដូចគ្នា​ទៅនឹង​ឱសថ​មួយចំនួន​ដែរ ស្រាអាច​កាត់បន្ថយ​លឿន​ប្រតិកម្ម​ជាខ្លាំង ដែលជាការ​ប្រុងប្រយ័ត្ន​យ៉ាងខ្លាំង​ក្លា​សម្រាប់​ការ​បើកបរ​រថយន្ដ ឬ​ការបញ្ជា​ម៉ាស៊ីន​អ្វីមួយ។

8 . សូម​រក្សាទុក​ដាក់​ឱសថ​ឱ្យបាន​ត្រឹមត្រូវ
ក្រោម​ឥទ្ធិពល​នៃពន្លឺ កម្ដៅ ឬ​សំណើម ឱសថ​អាច​ខូចគុណភាព។ ដើម្បី​ថែរក្សា​ទុកឱ្យបាន​ត្រឹមត្រូវ សូមទុក​វានៅ​ម្លប់ ត្រជាក់​ល្មម និងកន្លែង​ស្ងួត។ រឹតតែ​ប្រសើរ លោកអ្នក​អាច​ទិញ​ទូសម្រាប់​ថែរក្សា​ទុកដាក់​ឱសថ។

9 . សូម​ទុកដាក់​ថ្នាំឱ្យ​ឆ្ងាយពីដៃ​ក្មេង
ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាចាំបាច់​លោកអ្នក​ត្រូវទុកដាក់​រក្សាទុក​ឱសថ ​ឱ្យនៅ​ឆ្ងាយពីដៃ​ក្មេង នៅ​ទីកន្លែង​ខ្ពស់ ឬក្នុង​ទូមួយ​បិទជិត​ដោយ​សោរ។ មិនគួរ​ទុកដាក់​ឱសថ​នៅក្នុង​ថតតុក្នុង​បន្ទប់​គេង ធ្នើរ​នៅក្នុង​ចង្ក្រាន​បាយ ឬក្នុង​បន្ទប់ទឹក​នោះទេ បើមិនមាន​សោរ​ចាក់បិទ​ជិត​នោះទេ។ មាន​ករណី​លើកលែង​ខុសពី​គោលការណ៍​នេះ ថ្នាំបង្ការ​(វ៉ាក់សាំង) និងថ្នាំ​សុលបូក​រួមទាំង​ថ្នាំ ម្សៅ ឬ​ទឹកម្សៅ​(ថ្នាំផ្សះ ឬ​អង់ទីប៊ីយូទិច)​អាចទុក​ដាក់នៅក្នុង​ទូទឹកកក​បាន។ ប៉ុន្ដែ​សូមទុក​ដាក់រុញ​វាទៅ​ឱ្យជ្រៅជាន់​លើគេ ប៉ុន្ដែ​មិន ត្រូវទុក​ដាក់​រហូត​ភ្លេចយក​មកប្រើ​នោះទេ។

10 . ត្រូវហ៊ាន​បោះបង់​ចោលការ​ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង
ព្យាបាល​ដោយគ្មាន​ការ​ពិគ្រោះ​វេជ្ជសាស្ដ្រ អាចធ្វើ​ទៅបាន​សម្រាប់​តែករណី​ជម្ងឺ​ដែលស្គាល់​ច្បាស់ ឬ​វិនិច្ឆ័យរោគ​ពិតប្រាកដ​តែប៉ុណ្ណោះ។ ករណី​មានជម្ងឺ​រ៉ាំរ៉ៃ​មួយចំនួន ជាអាទិជម្ងឺ​ទឹកនោម​ផ្អែម ជម្ងឺ​បេះដូង ជម្ងឺ​ខ្សោយ​ប្រព័ន្ធ​ការពារ ជម្ងឺ​ថ្លើម ឬជម្ងឺ​តម្រង់​នោម លោកអ្នកត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន មុនលេប​ថ្នាំអ្វី​មួយ ទោះបីជា​ករណី​ជម្ងឺ ឬ​អាការរោគ​តិចតួចក្ដី។ ដូចគ្នា​ផងដែរ ករណី​ដែលមាន​អាការ​រោគ ឬជម្ងឺ​ដែល​មិនអាច​ពន្យល់​បាន ក៏​លោកអ្នក​មិនគួរ​សម្រេចចិត្ដ​ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង​នោះទេ។

(ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១)

Friday, December 14, 2012

ការប្រើប្រាស់​ថ្នាំ ប៉ា​រ៉ា​សេ​តា​ម៉ុល ( Paracetamol )

 ថ្នាំ ប៉ា​រ៉ា​សេ​តា​ម៉ុល ( Paracetamol) គឺជា​ថ្នាំ​សម្រាប់​បំបាត់​ការឈឺចាប់ ដែល​វា​ត្រូវ​បាន​គេ​ប្រើ​ជា​ច្រើន​បំផុត នៅលើ​ពិភពលោក តាំងពី​ឆ្នាំ ១៨៩៣ មកម្ល៉េះ​។ វា​មាន​ឈ្មោះ​ផ្សេងទៀត ដូចជា​៖ អា​សេ​តា​មី​ណូ​ហ្វែ​ន ( Acetaminophen), ប៉ា​ណា​ដុល​(Panadol) , ទី​ឡេ​ណុល​(Tylenol) និង កាល់​ពុល​(Calpol) ដែល​មាន​ទំរង់​ជា​ថ្នាំ​ទឹក សម្រាប់​កុមារ​តូចៗ ។ គេ​បាន​ចាត់ទុកថា​វា មាន​ប្រសិទ្ធភាព​ជាង​ថ្នាំ​អាស្ពីរីន ដែល​វា​អាច​មាន​ផល​រំខាន ដែល អាច​នឹង​បណ្តាលអោយ​អ្នកប្រើប្រាស់ មានការ​ហូរ​ឈាម​ក្នុង​ក្រពះ ។​

​តើ​ពេល​ណា ដែល​អ្នក​គួរប្រើ​ថ្នាំ ប៉ា​រ៉ា​សេ​តាមុល​?
·         ឈឺចាប់​
​ការឈឺចាប់ គឺជា​សញ្ញា​មួយ ដែល​អាច​បង្ហាញ​ថា អ្នក​កំពុង​មាន​ភាពមិនប្រក្រតី នៅក្នុង​ខ្លួន​។ វា​អាច ត្រូវបាន​គេ ប្រើប្រាស់​សម្រាប់​ការព្យាបាល អា​ការៈឈឺចាប់​គ្រប់​ប្រភេទ​។​
·         គ្រុ​នក្តៅ​
​គ្រុ​នក្តៅ កើត​មាន​គឺ​គ្មានអ្វី ក្រៅពី​សញ្ញា​ដែល​បង្ហាញ​ថា ខ្លួនប្រាណ​របស់​អ្នក កំពុង​ធ្វើ​ការប្រយុទ្ធប្រឆាំង នឹង​បាក់តេរី និង វីរុស​នោះទេ​។ ប៉ុន្តែ​អាការៈ នេះ​គឺ​ពិតជា​មិន​ផ្តល់​ផាសុក សម្រាប់​អ្នក​ទេ​។ ការឈឺចាប់ សាច់ដុំ ក៏​ជារឿយៗ​កើត​មាន​ដំណាលគ្នា នឹង​អាការៈ​នេះ​ផង​ដែរ​។ ជាមួយ​នឹង​ជំងឺ បេះដូង ឬ ជំងឺ​សួត វា​ជា ការ​គួរ​ដែល​អ្នក​ត្រូវ ទប់ស្កាត់​នឹង​អាការៈ​គ្រុនក្តៅ​នេះ ដោយសារ​តែ​វា​អាច​ធ្វើអោយ​ស្ថានភាព​ជំងឺ​នេះ នឹង ភាព​មាន​សភាព​កាន់តែ​អាក្រក់​ជាង​មុន ។​

​មាន​កុមារ​មួយចំនួន អាច​នឹង​មាន​គ្រុនក្តៅ ក្នុង​កម្រិត​យ៉ាងខ្ពស់​។  ហើយ​ភាគច្រើន ពួកគេ​បាន​ប្រើ​វា តាម រយៈ​ការស៊ុល​។ ជាពិសេស នៅពេលដែល​ពួកគេ មាន​អាការៈ​ក្អួតចង្អោ​រផង​ដែរ ។​

​កន្លះ​ម៉ោង​បន្ទាប់​ពី​អ្នក​បាន​ប្រើប្រាស់​វា នោះ​គ្រុនក្តៅ​នឹង​ធ្លាក់​ចុះ ក្នុង​រយៈពេល​ប្រហែលជា ៦​ម៉ោង ។​

​តើ​អ្នក​គួរប្រើ​វា​ក្នុង កម្រិត​ប៉ុណ្ណា ?
​សម្រាប់​ថ្នាំ​គ្រាប់ ប៉ា​រ៉ា​សេ​តាមុល ដែល​មាន​កម្រិត ៥០០​មី​លី​ក្រាម​៖
·         កុមារ​ដែល​មាន​អាយុ​ពី ៦ ទៅ ៩​ឆ្នាំ ៖ លេប​ម្តង កន្លះ​គ្រាប់​, ប្រើ ៤ ទៅ ៦​ដង​ក្នុង​មួយថ្ងៃ​។​
·         កុមារ​ដែល​មាន​អាយុ​ពី ៩ ទៅ ១២​ឆ្នាំ ៖ លេប​ម្តង ១​គ្រាប់​, ប្រើ ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ ។​
·         កុមារ​ដែល​មាន​អាយុ​ពី ១២ ទៅ​១៥​ឆ្នាំ ៖ លេប​ម្តង ១​គ្រាប់​, ប្រើ ៤ ទៅ ៦​ដង​ក្នុង​មួយថ្ងៃ​។​
·         មនុស្ស​ពេញវ៍យ​៖ លេប​ម្តង ១ ទៅ ២​គ្រាប់​, ប្រើ ៦​ដង ក្នុង​មួយ​ថ្ងៃ ។​

​គ្រោះថ្នាក់ នៃ​ការប្រើប្រាស់​ថ្នាំ​ប៉ា​រ៉ា​សេ​តាមុល​
     ទោះបីជា​ថ្នាំ​ប្រភេទ​នេះ អ្នក​អាច​រក​ទិញ​បាន​នៅ​គ្រប់​ទី​កន្លែង​ក៏​ដោយ ក៏​អ្នក​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន ចំពោះ គ្រោះថ្នាក់​ដូច​ខាងក្រោម ដែល​អាច​នឹង​កើតមាន នៅពេល​ដែល​អ្នក​បាន​ប្រើប្រាស់​វា ។​

    មាន​មនុស្ស​មួយចំនួន មាន​ប្រតិកម្ម​ចំពោះ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុលនេះ ។​ពួកគេ អាច​មាន​កន្ទួល​ក្រហម​, មានការ ហើម​អណ្តាត ឬ បំពង់ក​។​
    នៅពេល​ដែល​អ្នក​បាន​ប្រើប្រាស់​វា​ក្នុងយៈពេល​យូរ (​ជា​ច្រើន​ខែ ឬ ឆ្នាំ​) នោះ​ថ្លើម និង តម្រងនោម​របស់​អ្នក នឹង​មាន​ការខូតខាត​។​
    ហើយ​នៅពេល ដែល​អ្នកប្រើប្រាស់​វា​លើស​កំណត់ ថ្លើម​របស់​អ្នក​នឹង​មាន​ការខូចខាត​ជា​អចិន្ត្រៃយ៍ ។ ពេល ដែល​អ្នក​បាន​លេប​វា​ម្តង​ទាំងអស់ ១៦​គ្រាប់ នោះ​អ្នក​ត្រូវ​ប្រញាប់​ប្រាប់​វេជ្ជបណ្ឌិត អោយបាន​ជា​បន្ទាន់ ឬ ក៏​អ្នក​ត្រូវតែទៅ កាន់​បន្ទប់​សង្គ្រោះ​បន្ទាន់ អោយ​បាន​ភ្លាមៗ​។ ហើយ​ប្រសិនបើ​កុមារ​បាន​ធ្វើ​ដូចនេះ នោះ ស្ថានភាព​នឹង​កាន់តែ​អាក្រក់​ឡើង​។ កុមារ​ម្នាក់ អាច​នឹង​ស្លាប់ ដោយសារ​បរិមាណ​ថ្នាំ​ប៉ា​រ៉ា​សេ​តាមុល​ប៉ុន នេះ​។ ពួកគេ​អាច​រង​ការបំផ្លិចបំផ្លាញ​ថ្លើម​ជា​ដរាប នៅពេលដែល​គេ​លេប​នូវ​បរិមាណ​ថ្នាំ ដែល​ពួកគេ​ត្រូវ ប្រើ​ក្នុង​រយៈពេល ២៤​ម៉ោង​តែ​ម្តង ក្នុងពេល​តែមួយ​។ ជាពិសេស អ្នក​ត្រូវ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ថ្នាំ ប៉ា​រ៉ា​សេ​តាមុល ប្រភេទ​ទឹក ដែល​មាន​រសជាតិ​ផ្អែម​។​
    ការប្រែប្រួល​ដំណើរ​ឈាម​រត់​, គ្រុនក្តៅ​ខ្លាំង​, ការឈឺ​ក និង ដំបៅ​ក្នុង​មាត់ អាច​ជា​ផល​រំខាន ដែល​អាច​នឹង កើតមាន​ចំពោះ​អ្នក នៅពេល​ដែល​អ្នក​បាន​ប្រើ​វា​ច្រើនពេក​។​
    នៅពេល​ដែល​អ្នក​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តាមុល​ញឹកញាប់​ពេក នោះ​អ្នកនឹង​កើត​មាន​អា​ការៈឈឺ​ក្បាល​។ ហើយក៏ ប្រហែល​ដោយសារតែ​អ្នក មាន​ការឈឺ​ក្បាល នោះ​អ្នកនឹង​លេប​វា​មួយ​គ្រាប់ ហើយ​មួយ​គ្រាប់​ទៀត​។​
    វា​ពិតជា​ចាំបាច់​ណាស់​សម្រាប់​អ្នក ដោយ​អ្នក​មិន​ត្រូវ​ប្រើ​វា​អោយ លើស​ពី​វេជ្ជ​បញ្ញា​នោះទេ​។ វា​មាន​ភាព ងាយស្រួល​ក្នុង​ការ​លេប​វា ក្នុង​បរិមាណ​ដ៏​ច្រើន ហេតុដូចនេះ​វា​ត្រូវបាន​ប្រើ​សម្រាប់​ការប៉ុនប៉ង​ធ្វើ អត្តឃាដ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ការស្លាប់​ដោយសារ​ការប្រើប្រាស់​វា លើស​កម្រិត គឺ​ធ្វើអោយ ជនរងគ្រោះ ស្លាប់​យ៉ាង​យឺត និង មានការ​ឈឺចាប់​បំផុត​។​
    ប៉ា​រ៉ា​សេ​តាមុល អាច​នឹង​មាន​គ្រោះថ្នាក់ ប្រសិនបើ​អ្នក​ប្រើប្រាស់​វា​ជាមួយនឹង​ថ្នាំ ផ្សេងៗ​ដទៃ​ទៀត​ដូចជា​៖ ក្លរ៉េម​ហ្វេ​ណី​កុល ( Chlooramfenicol ) ដែល​គេ​ប្រើ​សម្រាប់​ការ​ចំលងរោគ​ពពួក​បាក់តេរី​, ហ្សី​ដូ​វូ​ឌី​ន (Zidovudine ) ប្រើ​សម្រាប់​ព្យាបាល ជំងឺអេដស៍​។ ហើយ​ការប្រែប្រួល​ដំណើរ​ឈាម​រត់​នឹង កើតមាន​នៅពេល​ដែល អ្នកប្រើប្រាស់​វា រួមជាមួយ នឹង ស្រា ឬ ថ្នាំ​សណ្តំ នោះ​អ្នក​នឹង​មាន​ការវិវត្ត​ន៍​នូវ ការ​ខូច​ថ្លើម​ក្នុងពេល​ឆាប់ៗ​នោះ​។​

​តើ​នៅពេល​ណា ដែល​អ្នក​គួរ​ទទួល យក​ដំបូន្មាន​?
     ទោះបីជា​វា​មាន​ភាព ងាយស្រួល​ក្នុង​ការប្រើប្រាស់ វា​នៅតែ​ជា​ថ្នាំ​មួយ​ប្រភេទ ដែល​អ្នក​ត្រូវ​តែ​មាន​ការ​ប្រុង ប្រយ័ត្ន​ក្នុង​ការប្រើប្រាស់​វា​។ ក៏ដូចជា​ថ្នាំ​ដទៃ​ទៀត​ផង​ដែរ នៅពេល​ដែល​អ្នក​បាន​ប្រើ​វា​ហើយ តែ​អ្នក​នៅ​តែ​បន្ត​មាន ការឈឺចាប់ នោះ​អ្នក​ត្រូវតែ​ទៅ​ជួប​នឹង​វេជ្ជបណ្ឌិត ។​

    គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​ថ្នាំ​ប៉ា​រ៉ា​សេ​តាមុល​ជាច្រើន​ករណី បាន​កើតមាន​ជា​រៀងរាល់ឆ្នាំ ។ តែងតែ អាន​នូវ ការណែនាំ នៅ​ពេល​អ្នក​ចាប់ផ្តើម​ប្រើប្រាស់​វា​។ នៅពេល​ដែល​អ្នក​បាន​ប្រើ​វា ដូច​តាម​ដែល​វា​ត្រូវ​អនុញ្ញាត​អោយ ប្រើ នោះ​វា​កម្រ​នឹង​កើត​មាន​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែ​ចូរ​ចង​ចាំ​ថា វា​មិនមែន​ជា​ថ្នាំ ធម្មតា​មួយ​នោះទេ​៕