ក្លិនមាត់មិនល្អ មិនមែន ជាបញ្ហាសុខភាពធ្ងន់ធ្ងរទេ។
មានក្លិនមាត់ ក៏មិនមែន ជាហេតុការណ៍ថ្មីគួរឱ្យចម្លែកដែរ
អ្នកស្រាវជ្រាវ និងវេជ្ជសាស្ត្រស្គាល់មូលហេតុ
ព្រមទាងសមាសភាគសារធាតុដែលបង្កឱ្យមានក្លិនស្អុយទៀតផង។
ក្លិនអាក្រក់ចេញពីមាត់ពិតជារំខានខ្លាំងណាស់ និងគួរឱ្យរអៀសចិត្ត
ជាទីបំផុត។ ប៉ុន្តែក្រៅពីចៀសវាងមិនបរិភោគខ្លឹម ប្រហុក ហ្វ្រូម៉ា
គ្រឿងផ្អាប់ គ្រឿងស្អុយ បារី និងសុរា នៅមានដំបូន្មានផ្សេងៗទៀត
សម្រាប់ជួយលោកអ្នក ក្នុងការប្រយុទ្ធប្រឆាំងបំបាត់ក្លិនមាត់។
ជាប្រធានបទដ៏មហាសែនពិបាកលើកមកនិយាយ ! រំខានទាល់តែមានមណ្ឌល អង្គការសមាគមពិសេស ផ្នែកពិគ្រោះ “ជំងឺ” ធុំក្លិនមាត់។ សម្រាប់សមាគមមាត់ធ្មេញបារាំង ដែលទើបបិទបញ្ចប់សន្និសីទប្រចាំឆ្នាំស្តីពីសុខភាពក្លិនមាត់ ស្គាល់ឬសគល់នៃបញ្ហា ទើបការព្យាបាលមានប្រសិទ្ធិភាពល្អ។
ថ្វីបើស្ថិតិរបស់សមាគមរកឃើញថាមានបណ្តាជនបារាំងប្រមាណ២៥% ទៅ៥០% ធ្លាប់ជួបប្រទះបញ្ហាក្លិនមាត់ ដោយប្រការណាមួយ មួយរយៈខ្លីឬវែង នៅមានមនុស្សជាច្រើនផ្សេងទៀតជួបការលំបាក ឬមិនហ៊ានប្រឈមនឹងបញ្ហានេះ។
ដំបូងឡើយបញ្ហានេះ ពិបាកនិយាយចេញមកជាសាធារណៈ។ ក្រុមគ្រួសារ និងអ្នកនៅជុំវិញខ្លួន តែងតែចោទសួរក្នុងចិត្តជានិច្ច ថាតើត្រូវនិយាយឬមិននិយាយ ត្រូវប្រាប់ឬមិនប្រាប់ បើប្រាប់ត្រូវផ្តើមនិយាយយ៉ាងដូចម្តេច ? តើនឹងអាចមានការអាក់អាន់ស្រពន់ចិត្ត ដែរឬយ៉ាងណា ? តាមការពិត យើងមិនគួររួញរា ប្រសិនបើយើងជាក្រុមគ្រួសារ ជាមនុស្សស្និទ្ធស្នាល ហើយស្រលាញ់គ្នាស្មោះត្រង់នោះ ព្រោះវាល្អជាងទុកឱ្យអ្នកក្រៅ គ្មានភាសាទូតវាយប្រហារចំៗ ឬអ្នកផ្សេង និយាយដើមពីក្រោយខ្នងយ៉ាងហ៊ុយទ្រលោមនោះ ឬធ្ងន់ធ្ងរខ្លាំងជាងនោះ គេគេចមិននិយាយរក។
ក្នុង៩ករណីលើ១០ ក្លិនមាត់ មានពាក់ព័ន្ធនឹងសុខភាពមាត់ធ្មេញ។ ជួនបណ្តាលមកពី បញ្ហាអញ្ចាញ ជួនមកពីបញ្ហាធ្មេញ ៖ ធ្មេញមានកំណកកំបោរ ធ្មេញសណ្តក ធ្មេញមានដង្កូវស៊ី គ្មានការព្យាបាល។ បាក់តេរី និងកាកសំណល់ចំណីអាហារនៅចន្លោះជើងធ្មេញ គឺជាអ្នកបង្កបញ្ហាក្លិនមាត់មិនល្អ។ លៀនអណ្តាចេញមកក្រៅ យកច្រាសដុសថ្មមៗអ្នកនឹងឃើញមានសំណល់កប់លាក់ក្នុងសរសៃល្អិតៗ របស់អណ្តាត។ ក្រោមសរសៃល្អិតៗ ជាពិសេសនៅគល់អណ្តាត ជាកន្លែងស្តុកសំណល់ និងជាបន្តុំនៃការបង្កបង្កើតក្លិនអាក្រក់ក្នុងមាត់ ដោយសារតែបាក់តេរីផ្តុំគ្នាច្រើនផលិតជាល្បាយស្ពាន់ធ័រ ដែលរលាត់ហើរពេញមាត់។ ប៉ុន្តែគេមិនដឹងថាហេតុអ្វីបានជាអ្នកខ្លះផលិតល្បាយមានក្លិននេះ ច្រើន អ្នកខ្លះតិចនោះទេ។ បាក់តេរីនេះ ក៏ជាប្រភពផ្តល់ក្លិនមាត់អាក្រក់នៅ ពេលព្រលឹម ទើបងើបពីគេងដែរ ព្រោះពេលយប់ មនុស្សយើងមិនសូវបញ្ចេញទឹកមាត់ តើបាក់តេរីគរគ្នាច្រើនឡើងបញ្ចេញជាក្លិនស្អុយ តែវាអាចបាត់ទៅវិញ ដោយគ្រាន់តែលុបលាងមុខ ខ្ពុរមាត់ ពិសារទឹក ឬទទួលអាហារពេលព្រឹកទៅជាការស្រេច។
ជាញឹកញាប់ ម្ចាស់ខ្លួនផ្ទាល់អះអាងបានធ្វើការដុសសម្អាតធ្មេញ យ៉ាងត្រឹមត្រូវ រាល់ពេលបរិភោគអាហារ ហើយគ្មានទាំងដង្កូវស៊ីធ្មេញទៀត ប៉ុន្តែក្លិនមាត់នៅតែមានដដែល។
ត្រង់ចំណុចនេះ លោកវេជ្ជបណ្ឌិត Dr Fabien Cohen ឯកទេសមាត់ធ្មេញ និងជាប្រធានផ្នែកសុខភាពសាធារណៈមាត់ធ្មេញនៅក្រុង Val-de-Marne ជាយក្រុងប៉ារីស បានពន្យល់ថា ៖
“សូមកុំច្រលំ រវាង សកម្មភាពឬកាយវិការដុសធ្មេញ នឹង ការដុសធ្មេញ ប្រកបដោយគុណភាព។ ជាញឹកញយ អ្នកជំងឺមកជួយខ្ញុំតែងនិយាយថា ខ្ញុំដុសធ្មេញរាល់ថ្ងៃ ហើយគ្មានដង្កូវស៊ីទេ។ មែនហើយ ! ប៉ុន្តែគាត់ភ្លេចថា គាត់មានកំណកលើធ្មេញច្រើន។ កំណកដែលមកតោងជាប់លើធ្មេញបន្តិចម្តងៗជារៀងរាល់ថ្ងៃ តាមបែបធម្មជាតិ ជាលក្ខណៈធម្មតា គ្មានជំងឺក្នុងមាត់ គ្មានដង្កូវស៊ីធ្មេញ គ្មានបញ្ហាអញ្ចាញ គ្មានដំបៅ ក៏ដោយ ក៏កំណកលើធ្មេញប្រព្រឹត្តទៅជាប់ជាប្រចាំ។ កំណកនេះផ្សំឡើង ដោយទឹកមាត់ សំណល់អាហារ កោសិការងាប់ៗ និងអ្វីៗផ្សេងទៀត ព្រមទាំងមីក្រុបដែលនៅក្នុងមាត់ និងជាមីក្រុបល្អ តែដល់លាយចូលគ្នាច្រើនទៅ ក៏ក្លាយជាទម្រង់ម្សៅកកជាប់នៅផ្ទៃធ្មេញនេះឯង។ កំណកម្សៅទន់ៗ (សម្អេកធ្មេញ) នេះ ចាប់ពី ៦ ទៅ១២ម៉ោងឡើង ក៏ប្តូរទម្រង់ រួចក្លាយជាភ្នាក់ងារបង្ករោគ និងបញ្ចេញសារធាតុផ្សេងៗ ដែលផ្តល់ជាក្លិនអាក្រក់ដល់មាត់។ នេះមានន័យថា កំណកធ្មេញ ជាចំណែកមួយបង្កឱ្យមានក្លិនមាត់ ដែលភាសាបច្ចេកទេសហៅថា Halitose។”
ប្រសិនបើក្លិនមាត់បណ្តាលមកពី បញ្ហាក្នុងមាត់ធ្មេញបង្កឡើងដោយបាក់តេរី ដោយសំណល់ក្នុងមាត់ នោះការរក្សាអនាម័យមាត់ធ្មេញ ជាការចាំបាច់ តាមរយៈការដុសឆ្មេញ ក្រោយរាល់ពេលបាយ កុំទទួលទានគ្មានពេលគ្មានម៉ោងតគ្នាឥតដាច់ ប្រើខ្សែអនាម័យធ្មេញ ដើម្បីទាញកាកសំណល់ចំណីអាហារកប់នៅចន្លោះឆ្មេញ រាល់ពេលល្ងាច យ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ និងសូមកុំភ្លេចដុសសម្អាតអណ្តាតផង ក្រអូមលើក្រោមផង។ លើសពីនេះទៅទៀត ក្នុងករណីមានក្លិនមាត់ ត្រូវគិតគូរភ្លាមទៅជួបគ្រូពេទ្យឯកទេសមាត់ធ្មេញ។ នេះជាការពន្យល់បញ្ជាក់បន្ថែមរបស់វេជ្ជបណ្ឌិត កូអេន ៖
“មុននឹងនិយាយថាខ្ញុំគ្មានធ្មេញដង្កូវស៊ី ឬបញ្ហាសុខភាពមាត់ធ្មេញអ្វីផ្សេងទៀត ត្រូវទៅជួបពិគោះជាមួយគ្រូពេទ្យឯកទេសសិន ដើម្បីរកមើលធ្មេញខូច (ព្រោះសូមចងចាំថា ឆ្មេញខូចមានដង្កូវស៊ី អាចមើលឃើញបានតែតាមរយៈការថតឆ្លុះ មិនមែនឈឺភ្លាមៗទេ) មើលថាតើមានបញ្ហាអញ្ចាញ ឬឆ្អឹងអញ្ចាញនៅក្នុងមាត់ទាំងមូល ឬបញ្ហាភ្នាសនៅថ្ពាល់ នៅអណ្តាត នៅក្រអូម។ ប្រសិនបើគ្មានបញ្ហាដូចរៀបរាប់ខាងលើទេ ហើយបច្ចេកទេសដុសសម្អាតធ្មេញក៏បានប្រតិបត្តិយ៉ាងត្រឹមត្រូវដែរ ពេលនោះហើយទើបយើងត្រូវចោទសួរថាក្លិនមាត់ទំនងជាបណ្តាលមានជំងឺ រលាកច្រមុះបំពង់ក ឬមកពីក្រោម ចេញមកពីក្រពះពោះវៀន មកពីពោះ។”
មិនសូវហ៊ាននិយាយមែន ប៉ុន្តែបណ្តាជនភាគច្រើនណាស់ បានលួចគិត និងស្វែងរកវិធីដោះស្រាយបំបាត់ក្លិនមាត់។ ខ្លះថែមទាំងចៀសវាងមិនបរិភោគចំណី បន្លែសាច់ ត្រី ដែលមានក្លិនខ្លាំង ព្រោះខ្លាចបន្សល់ទុកក្នុងមាត់ ខ្លះទៀតបានអនុវត្តតាមជំនឿចាស់បូរាណ ខ្លះស្វែងរកការប្រើផលិតផលដាក់លក់លើទីផ្សារ ដូចជាទឹកខ្ពុលមាត់ ទឹកប្រឆាំងនឹងបាក់តេរី ។ល។ និង។ល។ ទឹកខ្ពុលមាត់ មានប្រសិទ្ធភាព តែមួយភ្លែត និងដែលក្រុមអ្នកឯកទេសបានណែនាំ មិនឱ្យប្រើប្រាស់ញឹកញយពេកព្រោះអាចផ្តល់ផលរំខានបន្ទាប់បន្សំ។ អ្នកខ្លះទៀតបានចំណាយថវិកាយ៉ាងច្រើន ស្តុកស្ករគ្រាប់ ជាពិសេសស្ករកៅស៊ូ យកមកបៀម ព្រោះបានដឹងថា បើមាត់ស្ងួត នោះនឹងបង្កើនគ្រោះមានក្លិនមាត់ ទើបងាកទៅទំពារអៀងស្ករកៅស៊ូ អាចជួយបញ្ចេញទឹកមាត់ ដើម្បីផ្សើមបំពង់ក។ ប៉ុន្តែនេះមិនមែនជាដំណោះស្រាយល្អទេ។ លោកវេជ្ជបណ្ឌិត កូអេន
“ការប្រើស្ករកៅស៊ូបំបាត់ក្លិនមាត់ គឺប្រៀបដូចជាអ្នកប្រើទឹកអប់ដោយមិនមុជទឹកសម្អាតខ្លួនដូច្នោះ។ មានស្ករកៅស៊ូដែលគ្មានដាក់ស្ករ និងមានដាក់សារធាតុផ្លុយអ័រ ឬ ហ្សីឡូតុល ប៉ុន្តែមិនត្រូវប្រើស្ករប្រភេទច្រើនជ្រុល ឬពេញមួយថ្ងៃនេះ ព្រោះវានឹងបង្កគ្រោះថ្នាក់ផ្សេងទៀត។”
យើងអាចវាស់ស្មាន ក្លិនមាត់របស់ខ្លួនឯង ដោយគ្រាន់តែយកអណ្តាតមកលិទ្ធលើខ្នងដៃ ហើយលើកហិត ប្រាកដជាដឹងហើយ។ ក៏មានដែរម៉ាស៊ីន វាស់កំរិតក្លិនមាត់ ប៉ុន្តែសម្រាប់ ប្រើក្នុងមន្ទីរពេទ្យ លើករណីធ្ងន់ធ្ងរប៉ុណ្ណោះ។ ប្រការសំខាន់ ត្រូវមានជំហរប្រយុទ្ធប្រឆាំងបំបាត់ក្លិនមាត់ មិនមែនរកវិធីបិទបាំងកុំឱ្យមានក្លិនមាត់ ដែលមានប្រសិទ្ធិភាពតែមួយរយៈនោះទេ៕
........................
ប្រភពវិទ្យុបារាំងអន្តរជាតិ