Showing posts with label ឳសថ. Show all posts
Showing posts with label ឳសថ. Show all posts

Thursday, February 21, 2013

អ្វីទៅជា ថ្នាំ Diane 35 ?


ឱសថ​ជា​អាវុធ​មុខ​ពីរ អាច​ព្យាបាល​ជំងឺ​ផង តែ​ក៏​អាច​សម្លាប់​ជីវិត​មនុស្ស​បាន​ដែរ​ ! មិន​ខុស​អ្វីពី​ពិស​ពស់​នោះ​ទេ។ រូប​ពស់​ ដែលត្រូវ​បាន​ជ្រើសរើស​មក​ធ្វើ​​​តំណាង​នៅ​តាម​ឱសថស្ថាន​នានា​ មិន​មែន​ជា​ការ​ចៃដន្យ​ឡើយ។ មាន​មនុស្ស​មិន​តិច​ទេ ដែល​បាន​រង​គ្រោះ​ព្រោះ​ការ​ប្រើប្រាស់​ថ្នាំ ក្នុង​បំណង​ព្យាបាល​ ឬ​ការពារ​ជំងឺ​អ្វី​មួយនោះ។ ជាក់​ស្តែង​នៅ​ក្នុង​ពេល​ថ្មីៗ នៅ​ប្រទេស​បារាំង មាន​ស្ត្រី​ជា​ច្រើន​បាន​នាំ​គ្នា​ដាក់​ពាក្យ​បណ្តឹង​ បន្ទាប់​ពី​បាន​ប្រើប្រាស់​ថ្នាំ​ Diane ៣៥។ Diane ៣៥ ដែល​នឹង​ត្រូវ​ផ្អាក​ឈប់​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​ចាប់​ពី​ចុង​ខែ​មីនា​ ឆ្នាំ​២០១៣​នេះ​តទៅ នៅ​ប្រទេស​បារាំង។ តើ​ Diane ៣៥​ ជា​អ្វី ?

បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយឱសថការី ឃុន វ៉ារី
(07:37)
(ប្រភព៖វិទ្យុបារាំងអន្តរជាតិ)

Thursday, January 10, 2013

ដំបូន្មាន​១០យ៉ាង​ក្នុងការ​ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង

នៅប្រទេស​កម្ពុជា គឺជាការ​ពេញនិយម​ខ្លាំងណាស់​ចំពោះការ​ប្រើប្រាស់​ឱសថ​ដោយខ្លួនឯង។ តាមការ​ប៉ាន់​ប្រមាណ ប្រជាពលរដ្ឋញ​ខ្មែរ​មិនតិច​ជាង៧០%​ទេ ដែល​ប្រើប្រាស់ឱសថ​ដោយ​ខ្លួនឯង។ ករណី​នេះ កំពុង​បង្ក​គ្រោះថ្នាក់​យ៉ាងធំ​ដល់​សុខភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ​យ៉ាង​ចម្រូង​ចម្រាស់​បំផុត។ ដើម្បីជួយ​បង្ហាញ​ផ្លូវដល់​ប្រជាពលរដ្ឋ​ខ្មែរ ​យើងខ្ញុំសូម​ណែនាំ​ជូនអំពី​របៀប​ប្រើប្រាស់​ឱសថ​ត្រឹមត្រូវ​ដោយ​ខ្លួនឯង និងដោយ​វេជ្ជបញ្ជា នៅលើ​ទំព័រ​របស់ខ្លួន​ចាប់ពី​ពេលនេះ​តទៅ។

ជារៀង​រាល់ថ្ងៃ មនុស្ស​ម្នាក់ៗ​តែងតែ​មានជម្ងឺ និង​ឈឺថ្កាត់​បន្ដិចបន្ដួច​មិនអាច​ចៀសផុត​ឡើយ។ ជម្ងឺខ្លះ​ធ្ងន់ ជម្ងឺ​ខ្លះទៀត​ស្រាល។ លោកអ្នក​អាច​សម្រេច​ប្រើប្រាស់​ឱសថ ឬថ្នាំ​សង្កូវ​ដោយ​ខ្លួនឯង ឬ​តាមរយៈ​វេជ្ជបញ្ជា ប៉ុន្ដែ​គ្រូពេទ្យ​ខ្លះក៏​ទូន្មាន​ដល់អ្នក​ជម្ងឺ​ឱ្យប្រើប្រាស់​បន្ថែម ឬ​បន្ដក្នុង​ករណី​មិនទាន់​ជាដាច់ ឬ​លាប់ឡើង​វិញ​ជាដើម ពោល​ទៅតាម​ករណី​នីមួយៗ។ ដើម្បី​ធានាបាន​ការ​អនុវត្ដ​ត្រឹមត្រូវ និង​ប្រកប​ទៅដោយ​សុវត្ថិភាព ការ​ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង អាចធ្វើ​ទៅបាន​តែត្រូវ​គោរព​គោលការណ៍​មួយចំនួន។

1 . សូមសួរ​យោបល់​ឱសថ​ការី ដែល​ប្រចាំការ​នៅឱសថ​ស្ថាន
ទោះបីជា​ឱសថ​ភាគច្រើន​ត្រូវបាន​គិតគូរ​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​បែបណា​ក្ដី ប៉ុន្ដែ​មុននឹង​សម្រេច​ទិញឬ​ប្រើឱសថ​ណាមួយ​ដែលគ្មាន​វេជ្ជបញ្ជា គួរតែ​ត្រូវ​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ជាមុនសិន។ ឱសថការី​គឺជា​អ្នកវិជ្ជាជីវៈ​មួយដែល​ទទួលការ​បណ្ដុះ​បណ្ដាល យ៉ាងតិច​បំផុត​៥ឆ្នាំ ដើម្បី​ឈរឈ្មោះ​ជាអ្នក​បើកឱសថ​ស្ថាន និងផ្ដល់​ដំបូន្មាន​ដល់​អតិថិជន​អំពី​ឱសថ និងការ​ប្រើប្រាស់​របស់វា។ ឱសថការី​ជាអ្នក​ទទួល​បន្ទុក​ផ្ដល់ដំបូន្មាន​អំពី​ឱសថ ដែលអាច​ប្រើឱសថ​បាន និង​កាលៈទេសៈ​ប្រើប្រាស់។ សូម​កុំច្រឡំ​អ្នកលក់​ឱសថ និង​ឱសថការី។ ជាក្រឹត្យ​ក្រម នៅឱសថស្ថាន​មួយ​ត្រូវមាន​ឱសថការី​ប្រចាំការ។

2 . សូម​ពិគ្រោះ​គ្រូពេទ្យ​របស់​លោកអ្នក​ក្នុង​ករណី​សង្ស័យ ករណី​មាន​ផ្ទៃពោះ បំបៅ​ដោះកូន ឬ​សម្រាប់​ទារក​ប្រើប្រាស់
មុនពេល​ព្យាបាល តោង​ដឹងអំពី​បញ្ហា​សុខភាព ដែល​ចោទជា​បញ្ហា និងត្រូវ​ព្យាបាល។ មានតែជម្ងឺ​ឬអាការរោគ​ដែល​ស្គាល់ច្បាស់​ទេ ទើប​នាំឱ្យ​មានការ​សម្រេចចិត្ដ​ថាប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង​ប្រកប​ទៅដោយ​ ហេតុផល។ ករណី​រោគសញ្ញា​ជម្ងឺ​នៅសង្ស័យ​មិនទាន់​ច្បាស់ ឈឺ​គំហុក និង​កើតមាន​មិនឈប់ លោកអ្នក​ត្រូវទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួលបាន​ការ​ពិនិត្យសុខភាព ​ស៊ីជម្រៅ។ អាច​ជាករណី​ផងដែរ បើសិន​ជាការ​ប្រើប្រាស់​ឱសថ​នោះនៅតែ​មិនមាន​ការ​ប្រសើរ​ឡើង។ ចំពោះ​ករណី​ស្ដ្រីមាន​ផ្ទៃពោះ ស្ដ្រីដែលបំ​បៅ​ដោះកូន និង​ទារក ពួកគេ​មិនត្រូវ​ទទួលទាន​ឱសថ​ណាមួយ​ដោយគ្មាន​ដំបូន្មាន​គ្រូពេទ្យ​នោះទេ។

3 . សូម​ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង តែក្នុង​រយៈពេល​មួយសមស្រប​តែប៉ុណ្ណោះ
ករណី​ស្ថានភាព​សុខភាព​ទូទៅ​រឹតតែ​ធ្ងន់ធ្ងរ​នៅពេល​កំពុង​ព្យាបាល​ លេបថ្នាំ​ដោយ​ខ្លួនឯង ឬ​មិនមាន​ការ​ប្រសើរឡើង​ទាល់តែ​សោះ ការ​ពិគ្រោះ​ជម្ងឺ ឬការ​ពិគ្រោះ​វេជ្ជសាស្ដ្រ​មួយត្រូវ​ធ្វើឡើង​ជាដាច់ខាត មិនត្រូវ​បណ្ដែត​បណ្ដោយ​នោះឡើយ។ គ្រប់​ករណី​ទាំង អស់ លោកអ្នក​ត្រូវមើល​កាលបរិច្ឆេទ​ប្រើប្រាស់ មិនត្រូវ​ប្រើប្រាស់​ឱសថ​ដែល​ហួសកាល​កំណត់​ដែលបាន​សរសេរ​នៅលើ​ប្រអប់​នោះ ទេ។

4 . សូមកុំ​អនុវត្ដ​ការ​ប្រើប្រាស់​ឱសថ​ដោយខ្លួនឯង​បែបលាក់​លៀម
ប្រសិនបើ​លោកអ្នក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បន្ទាប់​ពីនិន្នាការ​នៃការ​ ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង​មិនមាន​ប្រសិទ្ធ​ភាព សូមកុំ​លាក់លៀម​ការ​ព្យាបាល ឬ​លេបថ្នាំ​ដែល​លោកអ្នក​បានធ្វើ​ដោយ​ខ្លួនឯង ឬ​លោកអ្នក​កំពុង​បន្ដធ្វើ​នៅឡើយ។ គ្រូពេទ្យ​ធ្លាប់ដឹង​រួចមក​ហើយ​ថា អ្នកជម្ងឺ​របស់ខ្លួន​ធ្លាប់​សាកល្បង​ព្យាបាល​ដោយ​ខ្លួនឯង​រួចមក​ហើយ មុននឹង​គេឱ្យខ្លួន​ព្យាបាល ជាពិសេស​ករណី​ឈឺបន្ដិច​បន្ដួច។ គ្រូពេទ្យ​ល្អពិតជា​មិន​រិះគន់ និង​ថ្កោលទោស​អ្នកជម្ងឺ​របស់​ខ្លួននោះ​ឡើយ។

5 . សូមអាន​ព័ត៌មាន​ឱសថ និង​មើល​សម្បក​ប្រអប់
សម្បក​ប្រអប់​ឱសថ​មិនមែន​ប្រើស​ម្រាប់តែ​វេចខ្ចប់​ឱសថ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏មាន​ប្រាប់អំពី​របៀប​ប្រើប្រាស់ និង​ព័ត៌មាន អំពី​ឱសថ​នានា ដូចជា​ឈ្មោះថ្នាំ អ្នក​ផលិត ធាតុផ្សំ​សកម្ម ថ្ងៃខែឆ្នាំ​កំណត់​ប្រើប្រាស់​ជាដើម។ ហេតុនេះ​គួរថែរក្សា​សម្បក​ប្រអប់ និង​ព័ត៌មាន​ឱសថ​ទាំងនោះ​ទុកនៅ​កន្លែង​សុវត្ថិភាព​មួយ។
សូមអាន​ប័ណ្ណ​ព័ត៌មាន​ឱសថ​ដោយ​ប្រុងប្រយ័ត្ន។ ប័ណ្ណនេះ​ប្រាប់​លោកអ្នក​អំពី​របៀប​ប្រើប្រាស់ ជម្ងឺដែល​ត្រូវប្រើ​ធាតុផ្សំ ទម្រង់​សណ្ឋាន កម្រិត​ប្រើប្រាស់​ទៅតាម​អាយុ ឬ​ទម្ងន់ រយៈពេល​ប្រើប្រាស់​ព្យាបាល​មុននឹង​ទៅជួប​គ្រូពេទ្យ ប្រការ​ប្រុង​ប្រយ័ត្ន ឥទ្ធិពល​អាក្រក់​ដែលអាច​កើតមាន និង​របៀប​ថែរក្សា​ទុកដាក់​ឱសថ។

6 . សូម​ចៀសវាង​ការ​ប្រើប្រាស់​ឱសថ​ច្រើនមុខ
ការ​លេបថ្នាំ​ច្រើនមុខ​ដំណាល​គ្នា អាច​នាំឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ឬ​ផ្ទុយទៅវិញ​អាចកាត់​បន្ថយ​ប្រសិទ្ធភាព ឬជួន​ពេលទៀត​អាចបង្កើន​នូវ​ឥទ្ធិពល​គ្រោះថ្នាក់​ដែល​មិនចង់​បាន​ (ឥទ្ធិពលទី២)។ ពេញមួយ​រយៈពេល​ព្យាបាល​ដោយ​វេជ្ជបញ្ជា លោកអ្នក​ត្រូវប្រាប់​គ្រូពេទ្យ​ឱ្យអស់​នូវការ​ប្រើប្រាស់​ឱសថ​ផ្សេងទៀត​ដោយ​ ខ្លួនឯង ដែល​លោកអ្នក​កំពុងធ្វើ​ផងដែរ។

7 . សូម​ចៀសវាង​ទទួលទាន​ស្រាពេល​លេបថ្នាំ
ជាតិ​អាល់កុល ឬ​ស្រា អាចធ្វើ​ឱសថ​ជាច្រើន​ប្រែប្រួល​ប្រសិទ្ធភាព និងបង្កើន​គ្រោះថ្នាក់នៃ​ឥទ្ធិពល​អាក្រក់ ឬឥទ្ធិពល​ទី២។ ដូចគ្នា​ទៅនឹង​ឱសថ​មួយចំនួន​ដែរ ស្រាអាច​កាត់បន្ថយ​លឿន​ប្រតិកម្ម​ជាខ្លាំង ដែលជាការ​ប្រុងប្រយ័ត្ន​យ៉ាងខ្លាំង​ក្លា​សម្រាប់​ការ​បើកបរ​រថយន្ដ ឬ​ការបញ្ជា​ម៉ាស៊ីន​អ្វីមួយ។

8 . សូម​រក្សាទុក​ដាក់​ឱសថ​ឱ្យបាន​ត្រឹមត្រូវ
ក្រោម​ឥទ្ធិពល​នៃពន្លឺ កម្ដៅ ឬ​សំណើម ឱសថ​អាច​ខូចគុណភាព។ ដើម្បី​ថែរក្សា​ទុកឱ្យបាន​ត្រឹមត្រូវ សូមទុក​វានៅ​ម្លប់ ត្រជាក់​ល្មម និងកន្លែង​ស្ងួត។ រឹតតែ​ប្រសើរ លោកអ្នក​អាច​ទិញ​ទូសម្រាប់​ថែរក្សា​ទុកដាក់​ឱសថ។

9 . សូម​ទុកដាក់​ថ្នាំឱ្យ​ឆ្ងាយពីដៃ​ក្មេង
ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាចាំបាច់​លោកអ្នក​ត្រូវទុកដាក់​រក្សាទុក​ឱសថ ​ឱ្យនៅ​ឆ្ងាយពីដៃ​ក្មេង នៅ​ទីកន្លែង​ខ្ពស់ ឬក្នុង​ទូមួយ​បិទជិត​ដោយ​សោរ។ មិនគួរ​ទុកដាក់​ឱសថ​នៅក្នុង​ថតតុក្នុង​បន្ទប់​គេង ធ្នើរ​នៅក្នុង​ចង្ក្រាន​បាយ ឬក្នុង​បន្ទប់ទឹក​នោះទេ បើមិនមាន​សោរ​ចាក់បិទ​ជិត​នោះទេ។ មាន​ករណី​លើកលែង​ខុសពី​គោលការណ៍​នេះ ថ្នាំបង្ការ​(វ៉ាក់សាំង) និងថ្នាំ​សុលបូក​រួមទាំង​ថ្នាំ ម្សៅ ឬ​ទឹកម្សៅ​(ថ្នាំផ្សះ ឬ​អង់ទីប៊ីយូទិច)​អាចទុក​ដាក់នៅក្នុង​ទូទឹកកក​បាន។ ប៉ុន្ដែ​សូមទុក​ដាក់រុញ​វាទៅ​ឱ្យជ្រៅជាន់​លើគេ ប៉ុន្ដែ​មិន ត្រូវទុក​ដាក់​រហូត​ភ្លេចយក​មកប្រើ​នោះទេ។

10 . ត្រូវហ៊ាន​បោះបង់​ចោលការ​ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង
ព្យាបាល​ដោយគ្មាន​ការ​ពិគ្រោះ​វេជ្ជសាស្ដ្រ អាចធ្វើ​ទៅបាន​សម្រាប់​តែករណី​ជម្ងឺ​ដែលស្គាល់​ច្បាស់ ឬ​វិនិច្ឆ័យរោគ​ពិតប្រាកដ​តែប៉ុណ្ណោះ។ ករណី​មានជម្ងឺ​រ៉ាំរ៉ៃ​មួយចំនួន ជាអាទិជម្ងឺ​ទឹកនោម​ផ្អែម ជម្ងឺ​បេះដូង ជម្ងឺ​ខ្សោយ​ប្រព័ន្ធ​ការពារ ជម្ងឺ​ថ្លើម ឬជម្ងឺ​តម្រង់​នោម លោកអ្នកត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន មុនលេប​ថ្នាំអ្វី​មួយ ទោះបីជា​ករណី​ជម្ងឺ ឬ​អាការរោគ​តិចតួចក្ដី។ ដូចគ្នា​ផងដែរ ករណី​ដែលមាន​អាការ​រោគ ឬជម្ងឺ​ដែល​មិនអាច​ពន្យល់​បាន ក៏​លោកអ្នក​មិនគួរ​សម្រេចចិត្ដ​ប្រើប្រាស់​ឱសថ​ដោយ​ខ្លួនឯង​នោះទេ។

(ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១)

Saturday, January 5, 2013

របៀបប្រើប្រាស់ម្រុំជាឳសថ

១. ម្រុំជាដើមឈើទិព្វ អាចធ្វើជាអាហារបំប៉ននិងព្យាបាលជម្ងឺបានជាង ៣០០ប្រភេទ
តាមការស្រាវជ្រាវដោយអ្នកប្រាជ្ញធំៗជាច្រើន នៅលើពិភពលោក នៅទ្វីបអាហ្រ្វិក, អាមេរិក, អាស៊ី និង អឺរ៉ុប បានរកឃើញថា : ម្រុំមានផ្ទុកនូវជីវជាតិ (Vitamins) ជាង ១០០មុខ និង សារជាតិជួយការពាររាងកាយមនុស្ស (Antioxidants) ចំនួន ៤៦មុខ ដែលមាននាទីកាត់បន្ថយភាពជ្រីវជ្រួញ។ ដោយសារគុណភាពនេះ ម្រុំអាចព្យាបាល ជម្ងឺជាង ៣០០ប្រភេទ។ ម្សៅស្លឹកម្រុំ១០០ក្រាម មាន គុណភាពស្មើនឹងជាតិវីតាមីន-សេ នៅក្នុងក្រូច៧ផ្លែ, ជាតិកាល់ស្យូម នៅក្នុងទឹកដោះគោ៤កែវ, ជាតិវីតាមីន-អា នៅក្នុងការ៉ុត៤ផ្លែ និង ជាតិប៉ូតាស្យូម នៅក្នុងចេក៣ផ្លែ។ បច្ចុប្បន្ន ផលិតផលពីដើមម្រុំ ជាពិសេសម្សៅស្លឹកម្រុំ ត្រូវបានដាក់លក់ជាទូទៅនៅពាសពេញ ពិភពលោក ក្នុងតម្លៃប្រមាណ ៤០ ទៅ ៥០ដុល្លា ក្នុងមួយគីឡូក្រាម។ រីឯនៅកម្ពុជាវិញ តម្លៃលក់ជាមធ្យមប្រមាណ ១០ដុល្លា។

២. ម្រុំអាចព្យាបាលជម្ងឺជាអាទិ៍ :
• រោគស្រ្តេស (Stress) តប់ប្រមល់ ខ្វល់ខ្វាយក្នុងអារម្មណ៍ គេងមិនលក់
• រោគខ្វះឈាមនិងរោគលើសឈាម ធ្វើឱ្យមានចលនាឈាមបានល្អប្រសើរ
• រោគទឹកនោមផ្អែម ដោយបន្ថយអត្រាជាតិស្ករក្នុងឈាមបានយ៉ាងសក្តិសិទ្ធិ
• ជម្ងឺថ្លើមគ្រប់ប្រភេទ
• រោគផ្លូវដង្ហើម ដូចជារលាកច្រមុះ-បំពង់ក, រលាកទងសួត, រោគហឺត ជាដើម។
• រោគផ្លូវរំលាយអាហារ ដំបៅក្រពះ-ពោះវៀន
• លាងក្រពះ-ពោះវៀន (ថ្នាំបញ្ចុះ) ក្នុងករណីប្រើប្រាស់លើសកម្រិត (Overdose)
• សម្រក់ទម្ងន់។

* សម្គាល់
(១) ពេលទទួលទានម្សៅម្រុំ ៣-៤ថ្ងៃដំបូង អ្នកខ្លះអាចមានអាការៈវិលមុខ ធីងធោង ងងុយគេង។ នោះគឺជាការធម្មតា សូមព្យាយាមទទួលទានបន្តទៅទៀត។
(២) ដោយសារវាជាថ្នាំធម្មជាតិ យើងមិនមែនទទួលទានតែមួយពេល ឬមួយថ្ងៃ បានទទួលលទ្ធផលភ្លាមនោះទេ។ សូមទទួលទានឱ្យបានទៀងទាត់យ៉ាងហោចណាស់ចាប់ពី ៣ខែឡើងទៅ ទើបមានប្រសិទ្ធភាពពិតប្រាកដ។

៣. វិធីយកម្រុំធ្វើជាឱសថ
ក- ផ្លែ : ទទួលទានឆៅ ជួយទម្លាក់សត្វល្អិត, ព្យាបាលរោគរាគរូស, ជម្ងឺថ្លើម និង បញ្ហាលំពែង ព្រមទាំងបំបាត់ការឈឺចាប់តាមសន្លាក់ ដោយសារតែវាមានជាតិប្រូតេអ៊ីននិងសរសៃរច្រើន។
ខ- ស្លឹក : អាចយកទៅស្លរធ្វើជាអាហារបំប៉ន ឬ យកទៅហាលឱ្យស្ងួតសម្រាប់ឆុងធ្វើតែ។ ក្នុងករណីចង់បានជីវជាតិច្រើនជាងនេះ គេយកស្លឹកដែលហាលស្ងួតទៅបុកធ្វើជាម្សៅដែលអាចទទួល ទានបាន ដោយអក ឬ ដោយឆុងជាមួយទឹកក្តៅធ្វើជាតែ រួចផឹក (បើអាចផឹកទាំងកាកបាន ក៏កាន់តែប្រសើរ)។

៤. របៀបធ្វើម្សៅស្លឹកម្រុំ
• កាត់មែក និង លួសយកតែស្លឹក
• លាងសំអាត និង សំដិលក្នុងម្លប់ រយៈពេល១៥នាទី
• ច្បូតយកស្លឹកចេញពីទង
• ហាលស្លឹកទាំងនោះក្នុងម្លប់ ឱ្យមានភាពស្រួយខ្ញោក (២ ទៅ ៣ថ្ងៃ)
• បុកស្លឹកដែលហាលស្ងួតទាំងនោះ ដើម្បីធ្វើជាម្សៅម្រុំ
• រែងយកកំទេចកំទីឬកាកធំៗចេញពីម្សៅដែលបុករួច
• ច្រកថង់ឬក្រឡ ហើយរក្សាទុកក្នុងទីកន្លែងងងឹត។

៥. កម្រិតប្រើប្រាស់ម្រុំជាមធ្យម (តាមធម្មតា)
• ក្មេងខ្វះជីវជាតិ មានរាងកាយស្គមស្គាំង ត្រូវញ៉ាំម្សៅម្រុំ ១ស្លាបព្រាបាយ ក្នុងមួយថ្ងៃ ៣ដង។
• អ្នកទើបងើបពីឈឺ មានសុខភាពទន់ខ្សោយ ត្រូវញ៉ាំម្សៅម្រុំ ១ស្លាបព្រាបាយ ក្នុងមួយថ្ងៃ ២ដង។
• ស្រ្តីមានផ្ទៃពោះ ឬស្រ្តីបំបៅដោះកូន ត្រូវញ៉ាំម្សៅម្រុំ ១ស្លាបព្រាបាយ ក្នុងមួយថ្ងៃ ៦ដង។
• អ្នកមានសុខភាពល្អហើយ ប៉ុន្តែចង់ថែទាំសុខភាពឱ្យបានល្អប្រសើរ ត្រូវញ៉ាំម្សៅម្រុំ ០១ ស្លាបព្រាបាយ ក្នុងមួយថ្ងៃ ១ដង។

៦. របៀបដាំដើមម្រុំ
• យកគ្រាប់ពូជទៅវេចខ្ចប់នឹងក្រណាត់ឬក្រមា ហើយជ្រលក់ក្នុងទឹក រួចស្រង់ចេញទុកចោលរយៈពេល ១យប់។
• បន្ទាប់មក យកគ្រាប់ពូជទៅកប់ក្នុងកន្ទោង ជម្រៅរាក់ជាងមួយថ្នាំងដៃ។ ក្នុងចន្លោះ២សប្តាហ៍ គ្រាប់ពូជចាប់ផ្តើមចេញពន្លក។
• ទុកចោលឱ្យវាលូតលាស់រហូតដល់កំពស់ពី ១០ ទៅ ១៥សង់ទីម៉ែត្រ ក្នុងរយៈពេលប្រមាណ១៥ថ្ងៃ។
• យកកូនដើមម្រុំនោះទៅដាំនៅលើដីដែលមិនរលាំទឹក ដោយក្នុងរណ្តៅត្រូវដាក់ជីកំប៉ុស្តផង។
• បើការដាក់ជីនិងថែរក្សាបានល្អ យើងអាចយកស្លឹកមកប្រើប្រាស់ក្នុងរយៈពេលប្រមាណជា ៣ខែ តែប៉ុណ្ណោះ។


Friday, January 4, 2013

ប្រការគ្រោះថ្នាក់នៅពេលកិនថ្នាំគ្រាប់ និងដោះសម្បកថ្នាំចេញ

ភ្នំពេញ: ស្ថិតិ​បង្ហាញថា មាន​មនុស្ស​ចាស់​ប្រមាណ៦០ភាគរយ​ជួប​បញ្ហា​ពេល​លេបថ្នាំ។ ដូច្នេះហើយ​មនុស្ស​ជាច្រើន​បាន​យក​ថ្នាំ​ទៅ​កិន​ឲ្យ​ម៉ដ្ឋ ឬ​ដោះ​សម្បក​ថ្នាំ​ចេញ ដើម្បីឱ្យ​ស្រួល​លេប។ ប្រការនេះ​អាច​បង្ករការគ្រោះ​ថ្នាក់​បំផុតដល់សុខភាព​ក៏ដូចជាអាយុជីវិតផងដែរ។

     បើតាម​ក្រុម​ជំនាញការ​សុខាភិបាល​ឲ្យ​ដឹងថា ប្រសិនជា​អ្នក​ប្រើ​មានការ​ពិបាក​លេបថ្នាំ​គ្រាប់​នោះ គេ​គួរ​ប្តូរ​ទៅប្រើ​ប្រភេទ​ថ្នាំ​ទឹក, ថ្នាំ​ហឺត, ថ្នាំ​បិទ​ជ្រាប​តាម​ស្បែក… ព្រោះ​ការ​កិន​ថ្នាំ​ដើម្បី​ផឹក វា​នឹង​បង្ក​ផលវិបាក​ធ្ងន់ និង​ថែមទាំង​អាច​បណ្តាលឱ្យ​បាត់បង់​ជីវិត​ទៀតផង។
មូលហេតុ គឺ​ដោយសារ​ថ្នាំ​ជាច្រើន​ប្រភេទ​ត្រូវបាន​ផ្សំ​ជា​គ្រាប់, សំដៅ​កែសម្រួល​ល្បឿន​ថ្នាំ​ជ្រាបចូល​ទៅក្នុង​ប្រព័ន្ធ​ចរាចរ​ឈាម។ ពេល​ថ្នាំ​ត្រូវ​កិន ល្បឿន​ថ្នាំ​ជ្រាប​ប្រែប្រួល ហើយ​អ្នកប្រើប្រាស់​ងាយ​ត្រូវ​ពុល​ដោយសារ​ប្រើ​ហួស​កម្រិត។ ពពួក​ថ្នាំ​ប្រើប្រាស់​តែម្តង​ក្នុង​មួយថ្ងៃ តែង​ត្រូវបាន​ផ្សំ​ជា​គ្រាប់​យ៉ាង​ពិសេស សំដៅ​ជួយ​ឱ្យ​សារជាតិ​រំញោច​ចូលទៅក្នុង​ឈាមសន្សឹមៗ និង​ស្មើ ក្នុង​រង្វង់២៤ម៉ោង។ ពេល​កិន, កម្រិត​ថ្នាំ​ត្រូវ​ជ្រាបចូល​ដំបូង​យ៉ាងខ្ពស់ រួចហើយ​ពុំមាន​នៅសល់​អ្វី​សម្រាប់​អំឡុងពេល​នៅសល់។
    ខាងក្រោម​នេះ ជា​ប្រភេទ​ថ្នាំ​មួយចំនួន​ដែល​អ្នកប្រើប្រាស់​ត្រូវ​ចង​ចាំ​មិន​ភ្លេច​ថា ដាច់ខាត​មិនត្រូវ​កិន ឬ​ដោះ​សម្បក​ថ្នាំ​ចេញ : Tamoxifen (ច្រើន​ត្រូវ​បានចេញ​វេជ្ជបញ្ជា​សម្រាប់​អ្នកជំងឺ​មហារីក​ដោះ, អ្នក​កិន​អាច​ហឺត​ចូល​កម្ទេច​ថ្នាំ ហើយ​ប្រសិនជា​អ្នក​កំពុងមាន​ផ្ទៃពោះ គឺ​គ្រោះថ្នាក់​បំផុត), Morphine (ប្រើ​សម្រាប់​បន្ថយ​ការឈឺចាប់​ក្នុង​បណ្តា​ករណី​ឈឺចាប់​ធ្ងន់ធ្ងរ ដូចជា​មហារីក ប្រសិន​កិន នឹងត្រូវ​ហួស​កម្រិត ព្រោះ Morphine ត្រូវបាន​ស្រូប​ចូល​សរីរាង្គ​យ៉ាង​រហ័ស), Nifedipine (ឱសថ​ប្រើ​សម្រាប់​ព្យាបាល​ឈឺ​ចុក​ដើមទ្រូង និង​លើសឈាម ប្រសិន​កិន​ទៅជា​ម្សៅ, អ្នកប្រើប្រាស់​ងាយ​នឹង​គ្រោះថ្នាក់ ត្រូវ​ស្ត្រូ​ក ឬ​គាំងបេះដូង, ស្រាល​ជាង គឺ​ឈឺក្បាល, ងងឹតមុខ)។
    ចំណែក​ពពួក​ឱសថ​ដែលមាន​សរសេរ​អក្សរ ឬ​តួលេខ​ដូចជា: 12-hour, 24-hour, CC, CD, CR, ER, LA, Retard, SA, Slo-, SR, XL,…នោះ, ដាច់ខាត​មិនត្រូវ​កិន ឬក៏​ដោះ​សម្បក​ចេញ​ដី​ម្បី​យក​ម្សៅ​ផឹក៕


                                               (ដាច់ខាត​មិនត្រូវ​កិន ឬក៏​ដោះ​សម្បក​ចេញ​ដី​ម្បី​យក​ម្សៅ​ផឹក)

Tuesday, January 1, 2013

ឱសថផលិតពីពិសរបស់ខ្ទួយ ព្យាបាលបាន រោគមហារីក៥

ក្រៅពី​ឧស្សាហកម្ម​ស្ករអំពៅ ប្រទេស​គុយបា​ត្រូវបាន​ពិភពលោក​ទទួល​ស្កា​ល់ពី​ការអភិវឌ្ឍន៍​លើ​ផ្នែក​ វេជ្ជសាស្ត្រ ។ វា​ពុំមែន​ជាការ​ចៃដន្យ​ទេ ដែល​ប្រធានាធិបតី​ប្រទេស​អ្នកមាន វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា (​លោក​ឆា​វ៉េ​) បាន​ជ្រើស​យក​ជា​កន្លែង​ព្យាបាល​រោគ​មហារីក​របស់ខ្លួន ។​

​ថ្មីៗ​នេះ ​ពួក​អ្នកវិទ្យាសាស្ត្រ​នៃ​ប្រទេស​គុយបា​បានប្រកាស​ក្នុង​សន្និសីទ​ឯកទេស​ ដែលមាន​ប្រធានបទ "Serving life" ថា​ពួកគេ​ទទួលបាន​ជោគជ័យ​ក្នុង​ផលិត​ប្រភេទ​ឱសថ Vidatox CH ពី​ពិស​របស់​សត្វ​ខ្ទួយ (​ខ្យាដំរី -Scorpion) ខៀវ​នៅ​តំបន់​ប៉ែក​ខាងលិច​ប្រទេស​នេះ ។ ឱសថ​នេះ​អាច​ព្យាបាល​រោគ​មហារីក​ថ្លើម សុដន់ ខួរក្បាល ក្រពេញ​ប្រូ​ស្តា​ត និង​មហារីក​សួត ។​
​ឱសថ Vidatox ត្រូវបាន​ផលិត​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន ឱសថ Labiofam គុយបា​ដែល​វា​អាច​បង្កើន​អត្រា​រួច​ផុតពី​ការស្លាប់​នៃ​អ្នកជំងឺ​មហារីក ទប់ស្កាត់​ការ​រាលដាល​នៃ​កោសិកា​មហារីក និង​កែសម្រួល​សុខភាព​របស់​អ្នកជំងឺ ។​

​មហារីក​ជា​ជំងឺ​សម្លាប់​មនុស្ស លំដាប់​ទី​២​នៅ​ប្រទេស​នេះ ដែល​ក្នុង​១​ឆ្នាំៗ មាន​ពលរដ្ឋ​គុយបា​ប្រមាណ ១៨.០០០​នាក់ បាន​ស្លាប់​ដោយសារ​វា ។​
​អាស្រ័យហេតុនេះ គុយបា បាន​បញ្ចេញ​លក់​ប្រភេទ​វ៉ាក់សាំង​៤ ដែល​ក្រសួងសុខាភិបាល​ខ្លួន​បានអនុម័ត​ទៅកាន់​ទីផ្សា​រ​នៃ​ប្រទេស​ចំនួន​២៦ នៅ​ទ្វីបអាមេរិក​ឡាទីន ទ្វីបអាស៊ី និង​ទ្វីបអាហ្វ្រិក ។ នោះ​ជា​ប្រភេទ​វ៉ាក់សាំង​(​ពុំមែន​ឱសថ Vidatox ទេ​) កំដៅ​កាត់បន្ថយ​គ្រោះថ្នាក់ នៃ​ការប្រើ​កាំរស្មី វិទ្យុសកម្ម និង​សារ​ធាតុគីមី​ដើម្បី​ព្យាបាល​មហារីក ហើយ​វា​ក៏​ជា "​ឱសថ​ពិសេស​" ក្នុងការ​ប្រឆាំង​តបត​នឹង​ដុំ​ពក​មហារីក ៕​

Tuesday, December 25, 2012

ថ្នាំ​ងងុយគេង​អាច​បង្កើន​ហានិភ័យ​ជំងឺ​រលាក​សួត​

អ្នកស្រាវជ្រាវ​ ជនជាតិ​អង់គ្លេស​បាន​ធ្វើ​សេចក្តីរាយការណ៍​ថា អ្នក​ដែល​ប្រើប្រាស់​ថ្នាំ​សណ្តំ ឬ​ថ្នាំ​ងងុយគេង​ដែល​ត្រូវបាន​គេ​ស្គាល់​ថា benzodiazepines ​អាច​បង្កអោយមានហានិភ័យ​ក្នុង​ការវិវត្ត​ទៅ​ជា​ជំងឺ​រលាក​សួត​។​

​អ្នកស្រាវជ្រាវ​ បាន​បន្ថែមថា លើសពីនេះទៅទៀត​, ពួកគេ​ក៏​អាច​ប្រឈម​មុខ​ទៅ​នឹង​ការកើនឡើង​ហានិភ័យ​នៃ​ការស្លាប់​ពី​ជំងឺ​នោះ ​ផងដែរ​។ ថ្នាំ​benzodiazepines ដែល​មាន​ដូចជា Halcyon, Librium, Valium និង Xanax ត្រូវបាន​គេ​ប្រើ​ជា​ញឹកញាប់​ចំពោះ​ជំងឺ​ថប់​បារម្ភ​, ជំងឺ​ឆ្កួតជ្រូក​, ជាប់​សាច់ដុំ និង​គេង​មិន​លក់​។​

​វេជ្ជបណ្ឌិត រ៉ូ​ប៊ឺត សាន់​ដឺរ (Robert Sanders) ដែល​មកពី​សាកលវិទ្យាល័យ London បាន​និយាយថា ការស្រាវជ្រាវ​របស់​យើង​បាន​ប្រាប់​សំណួរ​ដែល​ទាក់ទង​ទៅ​នឹង​សុវត្ថិភាព​នៃ​ ការប្រើប្រាស់​ថ្នាំ benzodiazepine ក្នុង​ស្ថានភាព​នៃ​ការឆ្លង​មេរោគ​។​

​គាត់​បាន​ និយាយថា ខណៈពេល​ដែល​ការស្រាវជ្រាវ​ទៅ​ថ្ងៃក្រោយ​គឺ​ចាំបាច់​នោះ​, ការស្រាវជ្រាវ​ដំបូង​នេះ​បង្ហាញថា ការប្រើប្រាស់​ថ្នាំ benzodiazepine​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​រលាក​សួត ឬ​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​។​

​ចំពោះ​ ការស្រាវជ្រាវ​, ក្រុម​របស់​សាន់​ដឺរ​បាន​វិភាគ​ទៅលើ​អ្នកជំងឺ​ដែល​បាន​ធ្វើ​នៅ​ក្នុង​ ការស្រាវជ្រាវ​នៃ Health Improvement Network database​។​

​ជាពិសេស​, ពួកគេ​បាន​មើល​ទៅលើ​អ្នកជំងឺ​ជិត ៥.០០០​នាក់​ដែល​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​មាន​ជំងឺ​រលាក​សួត​ចន្លោះ ​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០២​។ អ្នកស្រាវជ្រាវ​បាន​ប្រៀបធៀប​អ្នកជំងឺ​ទាំងនោះ​ទៅ​នឹង​អ្នកជំងឺ​២៩.៥០០​នាក់ ​ផ្សេង​ទៀត​ដែល​មិន​មាន​ជំងឺ​រលាក​សួត​។​

​អ្នកជំងឺ​ដែល​ មាន​ជំងឺ​រលាក​សួត​បាន​ទទួល​រង​នឹង​ជំងឺ​រលាក​សួត​នេះ​មុន ឬ​ស្របពេល​នឹង​មាន​ជំងឺ​ដទៃ​ទៀត​មក​ជាមួយ​ដូចជា ការ​គាំងបេះដូង​, ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ជំងឺ​វិកលចរិត​។ អ្នកស្រាវជ្រាវ​បាន​សម្គាល់ថា បន្ថែម​ពីលើ​នេះ​, ពួកគេ​ក៏​ហាក់ដូចជា​ជក់បារី​ផងដែរ​។​

​ក្រុម​របស់​សាន់ ​ដឺរ​បាន​ប្រៀបធៀប​នៃ​ការប្រើប្រាស់​ថ្នាំ benzodiazepines ចំពោះ​ក្រុម​ទាំង​ពីរ​នោះ​។ ពួកគេ​ក៏​បាន​មើល​លើ​ការប្រើប្រាស់​ថ្នាំ zopiclone (Imovane) ដែល​មិន​មាន​សកម្មភាព​ដូច benzodiazepines នោះទេ​។​

​ការស្រាវជ្រាវ​ បានចង្អុលបង្ហាញ​ថា ថ្នាំ benzodiazepines​ត្រូវ​បាន​ទាក់ទង​ជាមួយ​នឹង​ការកើនឡើង​ហានិភ័យ​នៃ​ ការវិវត្ត​ទៅជា​ជំងឺ​រលាក​សួត​ដល់​ទៅ​៥៤%​៕

Friday, December 14, 2012

វីតាមីន B9: អ្វី​ដែល​ស្ត្រី​គួរ​យកចិត្តទុកដាក់់​សម្រាប់​ផ្ទៃពោះ

​វីតាមីន B9 អាច​កាត់បន្ថយ​ការ​មានកូន កើត​ជំងឺ​ឆ្អឹងខ្នង ឬ​ការ​ខូច​បំពង់​សរសៃប្រសាទ​ផ្សេងៗ​ទៀត​។ នៅពេល​អាស៊ីតហ្វូលិ​ក​ចូលទៅ​ក្នុង​ខ្លួន វា​ត្រូវបំលែង​ទៅជា Folate​។​

​មនុស្ស​ស្រី​កំពុងតែ​មាន​គម្រោង​ចង់​បាន​កូន​ត្រូវ​តែ​ទទួលទាន​វីតាមីន B9 នេះ​យ៉ាងហោចណាស់​ក៏​មួយខែ​មុន​មាន​ផ្ទៃពោះ​ដែរ ហើយ​ពេល​មាន​ផ្ទៃពោះ​ចូរ​ទទួលទាន​អោយបាន ៣​ខែ​ដំបូង​។​

​របៀប​ទទួលបាន​វីតាមីន Folate ច្រើន​

​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព និង​ងាយស្រួល​បំផុត​គឺ​ទទួលទាន​គ្រាប់​វីតាមីន​អាស៊ីតហ្វូលិ​ក​ដែល​មាន​ចំនុះ​របស់​វា ០,៥​មី​លី​ក្រាម ជា​រៀងរាល់ថ្ងៃ​។​

•    វីតាមីន​អាស៊ីតហ្វូលិ​ក​មាន​សុវត្ថិភា​ពណាស់​

•    ថ្នាំ​គ្រាប់​អាស៊ីតហ្វូលិ​កអាច​រក​ទិញ​បាន​នៅ​តាម​ហាង​លក់​ថ្នាំ និង​ផ្សារ​ទំនើប​

•    មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​ក៏​អាច​ទិញ​បាន ហើយ​មាន​តម្លៃថោក​

•    ថ្នាំ​គ្រាប់​វីតាមីន​ចំរុះ​មិន​មាន​វីតាមីន​អាស៊ីតហ្វូលិក​ច្រើនទេ​

​ស្ត្រី​មួយ​ចំនួន​ត្រូវការ​វីតាមីន​អាស៊ីតហ្វូលិក​ច្រើន​ជាង​ធម្មតា​ប្រសិន​បើ​ពួកគេ​៖

•    ធ្លាប់​មាន​កូន​កើត​មក​ខូច​បំពង់​សរសៃប្រសាទ​

•    សាច់ញាតិ​ម្នាក់​ដែល​មាន​ជំងឺ​ខូច​បំពង់​សរសៃប្រសាទ​

•    ពក​ឆ្អឹងខ្នង​

•    កំពុង​តែ​ប្រើ​ថ្នាំ​មួយចំនួន​

​ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួលបាន​នូវ​ដំបូន្មាន​ក្នុង​ការប្រើប្រាស់​៕

ផល​រំខាន នៃ​ការប្រើប្រាស់​ថ្នាំ​គ្រាប់ ម៉ុល​ទី​វីតាមីន (Multivitamin )

ចំពោះ​វប្បធម៌​នាពេល​បច្ចុប្បន្ន​នេះ ដែល​តម្រូវ​អោយ​អ្នកធ្វើការ ២៤​ម៉ោង បានធ្វើអោយ របប​អាហារ​ដែល​អ្នក បាន​ទទួលទាន គឺ​ពិតជា​មាន​ឥទ្ធិពល​ដ៏ អាក្រក់​ចំពោះ​សុខភាព​អ្នក​។
វិធីសាស្ត្រ​តែមួយគត់ សម្រាប់​របប​អាហារ​ប្រចាំ​ថ្ងៃ​នោះ​គឺថា អ្នក​ត្រូវ​ទទួល​ទាន និង ចំអិន​អាហារ ដែល​នឹង​មិន​ចំណាយ​ពេល​យូរ ហេតុដូចនេះ​ហើយ ទើបបានជា អាហារ​ដែល បាន​ចំអិន​ដាក់លក់​រួចជាស្រេច និង ថ្នាំ​គ្រាប់​ម៉ុល​ទី​វីតាមីន ហាក់​នឹង​មាន​ភាព​ពេញនិយម ចំពោះ​មនុស្ស​នា​សម័យនេះ​។  បញ្ហា​នឹង​ចាប់​កើតមាន នៅពេលដែល ភាគច្រើន​នៃ​យើងទាំងអស់គ្នា មិន​បានដឹង​ពី​កម្រិត​នៃ​ថ្នាំ​ម៉ុល​ទីវីតា​មីន​ដែល​អ្នក​គួរប្រើ នៅ​ក្នុង​រយៈ ពេល​មួយ​ថ្ងៃ​។ ថ្នាំ​គ្រាប់​ម៉ុល​ទី​វីតាមីន ត្រូវបាន​ប្រើ​សម្រាប់​អ្នក​ដែល​ខ្វះ នូវ​សារជាតិ​ទាំងនេះ ហើយ​ការ​លេប​វា ដោយ​មិន​បាន​គិត​ពី​បរិមាណ​ត្រឹមត្រូវ នោះ​វា​នឹង​ធ្វើអោយ​អ្នក មាន​ជំងឺ​ធ្ងន់ធ្ងរ​។ ផល​រំខាន​នៃ​ថ្នាំ​គ្រាប់​ប្រភេទ​នេះ គឺ​ពិតជា​មាន ភាពគ្រោះថ្នាក់​ណាស់​។​
ទាំងនេះ​គឺជា ផល​រំខាន​នៃ​ថ្នាំ​គ្រាប់​ម៉ុល​ទី​វីតាមីន ដែល​តែងតែ​កើតមាន ៖


១. មាន​ជំងឺរាគ
      បញ្ហា​មួយ ក្នុងចំណោម​ផល​រំខាន​នៃ​ថ្នាំ​គ្រាប់​ម៉ុល​ទី​វីតាមីន ដែល​តែងតែ កើតមាន​នោះ​គឺ ការ​រាគ​។ នោះ​គឺ ដោយសារតែ កម្រិត​ខ្ពស់​នៃ​ជាតិ​ម៉ាញ៉េ​ស្យូម ដែល​ធ្វើអោយ​ប្រព័ន្ធ​ពោះវៀន​របស់​អ្នក​មាន​ដំណើរការ​មិន​ល្អ​។ ជំងឺរាគ​ដែល​កើតមាន ដោយសារ​ការទទួល ថ្នាំ​គ្រាប់​ម៉ុល​ទីក្នុង​កម្រិត​ច្រើន​ជ្រុល នឹង​បណ្តាលអោយ​មាន​អន្តរ​កម្ម ជា​អវិជ្ជមាន ចំពោះ​សារជាតិ​បំប៉ន​ដទៃទៀត ហើយ​វា​ក៏​អាច​នាំអោយ​មាន​បញ្ហា​សុខភាព​ដទៃទៀត​ដូចជា​៖ ចុះខ្សោយ​, មិនសូវ​មាន​ប្រព័ន្ធ​ការពារ​នឹង​មេរោគ និង កាត់បន្ថយ​ដល់​ការរំលាយ​អាហារ​។  ហើយ​ការបាត់បង់​ជាតិ ទឹក ដោយសារ​ការ​រាគ គឺជា​ផលប៉ះពាល់​ដ៏​ចំបង​មួយ ចំពោះ​សុខភាព​។


២. មាន​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម​
       មូលហេតុ​ជាទូទៅ ដែល​បណ្តាល​អោយ​អ្នក មាន​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​នោះ​គឺ ដោយសារ​តែ​កម្រិត​កំហាប់ ខ្ពស់ នៃ​ជាតិ​កាល់ស្យូម​។ ដូច្នេះ ផល​រំខាន​មួយ​នៃ​ថ្នាំ​គ្រាប់​ម៉ុល​ទីវីតា​មីន​នេះ​គឺ វា​មាន​ផ្ទុក​កំហាប់​នៃ​ជាតិ​កាល់ស្យូម ដ៏​ខ្ពស់ ដែល​វា​នឹង​បណ្តាល​អោយ​អ្នក​មាន​ជំងឺ​គ្រួស​ក្នុង​តម្រងនោម រួម​ជាមួយ​ផង​ដែរ​នូវ​បញ្ហា​ផ្សេងៗ​ដទៃ​ទៀត​មាន ដូចជា​៖ ការ​ទល់លាមក​, ឈឺចាប់​ក្នុង​ពោះ និង ក្នុង​ករណី​ខ្លះទៀត គឺ​ធ្វើអោយ​បេះដូង​អ្នក​ចុះខ្សោយ​។


៣. ធ្វើអោយមាន​បញ្ហា​បេះដូង​
       ការ​មាន​ផ្ទុក​នូវ​កំហាប់​ដ៏​ខ្ពស់​នៃ​ជាតិ​ស័ង្កសី គឺ​នាំ​អោយ​មាន​ការបង្អាក់​ដល់ ចង្វាក់​បេះដូង ដែល​ជា​លទ្ធផល​គឺ វា​ធ្វើអោយ​បេះដូង​ចុះខ្សោយ​។ ការ​ខ្សោយបេះដូង​ក្នុង រយៈពេល​យូរ​នេះ អាច​នឹង​ធ្វើអោយ​អ្នក​មាន​ជំងឺ​គាំងបេះដូង ។ ផល​រំខាន​ផ្សេងទៀត ដែល​កើតមាន​ដោយសារ​តែ​កំហាប់​សារជាតិ​ស័ង្កសី​ខ្ពស់​នេះ មាន​ដូចជា​មាន​ស្នាម​ប្រលាក់ ជាប់​ធ្មេញ​, មាន​ជាតិ​ឧស្ម័ន​, មាន​បញ្ហា​នៅក្នុង​ទឹកនោម និង មាន​ភាពអន់ថយ​ចំពោះ​សាច់ដុំ ។


ផល​រំខាន​ផ្សេងទៀត ដែល​មាន​បណ្តាលមកពី​ថ្នាំ​គ្រាប់​ម៉ុល​ទី​វីតាមីន


១. ដោយយោង​តាម ការសិក្សា​ស្រាវជ្រាវ​មួយចំនួន កម្រិត​កំហាប់​ខ្ពស់​នៃ​សារជាតិ​វីតាមីន A , E និង សារជាតិ​បេតា​ការ៉ូ​តែន (beta- carotene)  គឺ​ហាក់​នឹង​ធ្វើអោយ​អាយុកាល​របស់ មនុស្ស​មាន​រយៈពេល​ខ្លី​។ សារជាតិ​នៃ​កំហាប់​វីតាមីន  A ខ្ពស់ ក៏​បាន​ធ្វើអោយ​មាន​ការ​បំផ្លាញ​ដល់​រ៉េ​ទីន​ភ្នែក ដែល​មាន​ភាពគ្រោះថ្នាក់​បំផុត ចំពោះ​ស្ត្រី​។ វា​ក៏​អាច​បង្អាក់​ដល់ ដំណើរកា​រពរ​ពោះ​របស់ មនុស្ស​ស្រី​បាន​ផង​ដែរ​។


២. ថ្នាំ​គ្រាប់​ម៉ុល​ទី​វីតាមីន ក៏​អាច​មាន​ប្រតិកម្ម​ជាមួយនឹង ថ្នាំ​គ្រាប់​ផ្សេងទៀត​បាន​ផង​ដែរ​។ ការ​មាន​ប្រតិកម្ម​នេះ អាចធ្វើអោយ មានប្រតិកម្ម​អា​លែ​ហ្សី និង ផ្តល់​ផល​មិនល្អ​ចំពោះ​សុខភាព​។


៣. ការ​មាន​ផ្ទុក​កំហាប់​សារជាតិ កាល់ស្យូម និង ជាតិ​ដែក​ខ្ពស់ គឺ​អាច​បង្អាក់​ដល់ សម្ថ​ភាព​រាងកាយ ក្នុងការ​បឺត ស្រូប​យក​សារជាតិ​បំប៉ន​ផ្សេងៗ​ទៀត​។


៤. ការ​លើស​កម្រិត​នៃ​សារជាតិ​វីតាមីន C ត្រូវបាន​គេ​អះអាងថា វា​ធ្វើអោយ​តម្រងនោម​អ្នក ចុះខ្សោយ និង មានការ បាត់បង់​ជាតិ​ទឹក​។

៥. ផល​រំខាន​បន្តិចបន្តួច​ផ្សេងៗ​ទៀត មានដូចជា​៖ ជ្រុះ​សក់​, សាច់ដុំ​ចុះខ្សោយ​,​មានការ​ហូរ​ឈាម​ផ្នែក​ខាងក្នុង​,​រ​បកស្បែក និង មិនសូវ​ឃ្លាន​អាហារ​។​
ថ្នាំ​គ្រាប់​ម៉ុល​ទី​វីតាមីន គឺ​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់ មនុស្ស​ទាំងឡាយ​ណា ដែល​ត្រូវការ​វា ដូច្នេះហើយ អ្នក​គួរតែ ទទួលទាន​វា ទៅ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​។ ជា​ទូទៅ​វា​ត្រូវបាន​គេ អនុញ្ញាតអោយ​ទទួល​ទាន ក្នុង​រយៈពេល កំណត់​ជាក់លាក់​ណាមួយ ។ ដូចនេះ នៅ​ថ្ងៃក្រោយ មុន​ពេល​អ្នក​សម្រេចចិត្ត​ទទួលទាន​វា នោះ​អ្នក​ត្រូវ​ចង ចាំ​ពី ផល​រំខាន ដែល​អ្នក​នឹង​អាច​ជួប​វា នា​ថ្ងៃ​អនាគត​៕

វីតាមីន B3 :​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​ដើម្បី​សុខភាព

Niacin គឺជា​វីតាមីន B3 មួយ​ប្រភេទ​។​វា​គឺជា​ប្រភេទ​វីតាមីន​ដែល​រលាយ​ក្នុង​ទឹក ហើយ​វា​មិន​ត្រូវ​បាន​រក្សាទុក​នៅក្នុង​ខ្លួន​មនុស្ស ទេ​។ កាក​សំណង​របស់​វីតាមីន​នេះ​នឹង​ចេញពី​ក្នុង​ខ្លួន​តាមរយៈ​ទឹកនោម​។ នេះ​មានន័យ​ថា អ្នក​ត្រូវ​តែ​មាន​ការ​ផ្គត់​ផ្គង​លើ​វីតាមីន​នេះ​តាមរយៈ​របប​អាហារ​របស់​អ្នក​ជាប់​រហូត​។​
មុខងារ​ ៖

វីតាមីន B3 ជំនួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ស្បែក និង​សរសៃប្រសាទ​អោយ​មាន​មុខងារ​ល្អ​។ មិន ត្រឹមតែ​ប៉ុណ្ណោះ​វា​ក៏​មាន​សារៈសំខាន់​សម្រាប់​បំឡែង​អាហារ​ដែលទ​ទួលទាន​រួច​ទៅ​ជា​ថាមពល ដែរ​។​

អាហារ​សម្បូរ​វីតាមីន​B3

វីតាមីន B3 ត្រូវបាន​រកឃើញ​នៅក្នុង​អាហារ​ដូចជា​៖

    ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​
    ស៊ុត​
    នំ​បុ័ង និង​គ្រាប់​ធុញ្ញ​ជាតិ​កែច្នៃ​
    ត្រី​
    សាច់​សុទ្ធ​
    សណ្តែក​គ្រាម​
    គ្រាប់​ផ្លែឈើ​
    សាច់​បក្សី​

វីតាមីន B3 និង​ជំងឺ​បេះដូង​-​សរសៃឈាម​

ដោយ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​ម្នាក់ អ្នក​អាច​ទទួល​ទាន​វី តា​មីន B3 ពី ១ ទៅ​៣​ក្រាម​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ព្យាបាល​បញ្ហា​កម្រិត​ជាតិ​ខ្លាញ់កូ​ឡេ​ស្ទើ​រ៉ុល HDL (​ខ្លាញ់​ល្អ​) ចុះ​ទាប និង​ខ្លាញ់កូ​ឡេ​ស្តេ​រ៉ុល LDL (​ខ្លាញ់​អាក្រក់​) ព្រម​ទាំ​ខ្លាញ់ Triglyceride ឡើង​ខ្ពស់​។ នៅពេល​ធ្លាប់​វា​សម្រាប់​ព្យាបាល​បញ្ហា​ខ្លាញ់​ក្នុង​ឈាម វីតាមីន B3 តែងតែ​បែងចែក​ពេល វេលា​ប្រើប្រាស់​ជា​បី ឬ​បួន​ពេល​ក្នុង​មួយថ្ងៃ​។ វីតាមីន B3 ប្រភេទ Nicotinamide មិន​មាន​ឥទ្ធិពល​លើ ជាតិ​ខ្លាញ់​ក្នុង​ឈាម​ឡើយ​។​

ផល​រំខាន​

ការ​ដែល​កង្វះ​វីតាមីន B3 ក្នុង​ខ្លួន​នឹង​បង្ក​ជា​ជំងឺ Pellagra ដែល​រោគសញ្ញា​របស់​វា​មានដូចជា​៖

·         មាន​បញ្ហា​លើ​ការរំលាយ​អាហារ​

·         រលាក​ស្បែក​

·         មាន​បញ្ហា​លើ​ផ្លូវ​ចិត្ត​

ការ​ដែល​មាន​ចំនួន​វីតាមីន B3 ច្រើនពេក​អាច​បង្ក​អោយទៅជា​៖

    បង្កើន​នូវ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​
    ខូច​ថ្លើម​
    ដំបៅ​ក្រពះ​
    កន្ទួល​លើ​ស្បែក​

ទោះបីជា​កម្រិត​នៃ​វីតាមីន B3 ធម្មតា​ក៏​អាច​ធ្វើអោយមាន​បញ្ហា​ក្រហម​ស្បែក​ដែរ​។ ប៉ុន្តែ​ទម្រង់​វីតាមីន B3 ទម្រង់​ថ្មី​បាន​កាត់បន្ថយ​នូវ​ផល​រំខាន​នេះហើយ​។ វីតាមីន B3 ប្រភេទ Nicotinamide មិន​បង្ក​ជា​ផល​រំខាន​ទាំងនេះ​ទេ​។​

ការណែនាំ​



តម្លៃ​ធម្មតា​លើ​ការ​ទទួលទាន​របប​អាហារ​សម្រាប់​វីតាមីន B3

ទារក​

    ០-៦​ខែ​៖ ២​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ (2mg/day)
    ៧-១២​ខែ​៖ ៤​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ (4mg/day)

ការ​ទទួលទាន​ដែល​គ្រាប់​គ្រាន់​

កូនក្មេង​

    ១-៣​ឆ្នាំ​៖ ៦​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​
    ៤-៨​ឆ្នាំ​៖ ៨​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​
    ៩-១២​ឆ្នាំ​៖ ១២​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ

មនុស្ស​វ័យ​ជំទង់​

    បុរស​អាយុ​ចាប់ពី ១៤​ឆ្នាំ​ឡើង​ទៅ​៖ ១៦​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​
    ស្ត្រី​អាយុ​ចាប់ពី ១៤​ឆ្នាំ​ឡើង​ទៅ​៖ ១៤​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ

តម្លៃ​នៃ​ការណែនាំ​ជាពិសេស​អាស្រ័យ​ទៅលើ​អាយុ ភេទ និង​កត្តា​ផ្សេង (​ដូច​ជា​ការ​មាន​ផ្ទៃពោះ​)​។ ស្ត្រី​ដែល​មាន​ផ្ទៃពោះ ឬ​កំពុង​បំបៅ​ដោះ​កូន​ត្រូវការ​ចំនួន​ច្រើន​ជាង​នេះ​។ ចូរ​សុំ​យោបល​ពី​អ្នកផ្តល់ សេវា​ថែទាំ​សុខភាព​របស់​អ្នក​អំពី​ចំនួន​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​។​
មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ទទួលបាន​វីតាមីន​សំខាន់ៗ​តាម​តម្រូវការ​ប្រចាំ​ថ្ងៃ​គឺ​ត្រូវ​ទទួល​អាហារ អោយ​មាន​តុល្យភាព​ដែល​ផ្ទុក​ទៅ​ដោយ​អាហារ​ច្រើន​ប្រភេទ​៕

វីតាមីន​E:​ប្រើ​ច្រើន​ហួស​អាច​នាំ​អោយ​ហូរឈាម​ក្នុង​ខួរក្បាល​ធ្ងន់ធ្ងរ​

វីតាមីន​E គឺជា​វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់​។

ឈ្មោះ​ដទៃ​ទៀតៈ​ អាល់​ហ្វា​-​តូ​កូហ្វេ​រ៉ុល និង ហ្គា​ម៉ា​-​តូ​កូហ្វេ​រ៉ុល

មុខងារ ៖

វីតាមីន​E គឺជា​អង់​ទី​អុក​ស៊ីដង់ ដែល​ការពារ​ជាលិកា​រាងកាយ ពី​ការបំផ្លាញ​ដែល​បង្ក​ដោយ សារធាតុ​ហៅថា រ៉ាឌីកាល់​សេរី​។ រ៉ាឌីកាល់​សេរី​អាច​បំផ្លាញ​កោសិកា ជាលិកា និង​សរីរាង្គ ផ្សេងៗ​បាន​។ រា​ឌី​កាល់​នេះ​ត្រូវាបាន​គេ​ជឿ​ថា​ចូលរួ​ម​ក្នុង​ស្ថានភាព​មួយចំនួន​ដែល​ទាក់​នឹង ភាព​ចាស់​។

រាងកាយ ត្រូវការ​វីតាមីន​E ដើម្បី​ជួយ​រក្សា​ប្រពន្ធ័​ភាពស៊ាំ អោយ​រឹងមាំ​ប្រឆាំង នឹង​វីរុស និង បាក់តេរី​។​

វីតាមីន​E​ក៏​ចូលរួម​យ៉ាង​សំខាន់​ផងដែរ ក្នុង​ការបង្កើត​កោសិកា​ឈាម​ក្រហម និង ជួយ​អោយ រាងកាយ​ប្រើប្រាស់​វីតាមីន​K​។ វីតាមីន​នេះ​ក៏​ជួយ ពង្រីក​ស​សៃឈាម និង​រក្សា​ឈាម​ពី​ការ​កក​

ស្ទះ​នៅក្នុង​ស​សៃឈាម

កោសិកា​ប្រើប្រាស់ វីតាមីន​E ដើម្បី​ទាក់ទង​គ្នា​ទៅវិញទៅមក និង​អនុវត្ត​នូវ​មុខងារ​សំខាន់ៗ ជា ច្រើន​។​

ថា​តើ​វីតាមីន​E អាច​ការពារ មហារីក ជំងឺ​បេះដូង ជំងឺ​បាត់បង់​ការចងចាំ ជំងឺ​ថ្លើម និង​ជំងឺ​ដាច់ ស​សៃឈាម​ខួរក្បាល រឺក៏​អត់ គឺ​មិន​ទាន់​ត្រូវ​គេ​ដឹង​នៅឡើយ​ទេ​។

ប្រភព​អាហារ

វិធី​ល្អ​បំផុត​ដើម្បី​ទទួលបាន​វីតាមីន​E​បាន​គ្រប់គ្រាន់​ជាប្រចាំ គឺ​តាមរយៈ​ការ​ញ៉ាំ​ប្រភព​អាហារ នានា​។ វីតាមីន​E​គឺ​ត្រូវបាន​រកឃើញ នៅ​ក្នុង​អាហារ​ដូចខាងក្រោម​៖

·        ប្រេង​បន្លែ​(​ដូចជា ពពួក​ស្រូវ​សាឡី ផ្កា​ឈូករត្ន័ ពោត និង​ប្រេងសណ្តែក​)

·        ពពួក​សណ្តែកដី​(​ដូចជា អាល់​ម៉ុន សណ្តែកដី ហេ​សេល​ណាត់ និង ហ្វីល​ប៊ឺត​)​។​

·        គ្រាប់​ផ្លែឈើ (​ដូច​ជា​គ្រាប់​ផ្កាឈូករត្ន័​ជាដើម​)

·        បន្លែ​ដែលមាន​ស្លឹក​ពណ៌​បៃតង (​ដូចជា​ស្ពៃ និង ស្ពៃក្តោប​បៃតង​)

·        អាហារ​ពេលព្រឹក​គ្រាប់​ធញ្ញជាតិ​ដែលមាន​សារធាតុចិញ្ចឹម ទឹក​ផ្លែឈើ ប៊័រ​ផ្សំ​ពី​បន្លែ និង

ខ្លាញ់​សត្វ​និង​គ្រឿង​លាប​នំ​បុ័ង​។

ផលវិបាក

ការ​ញ៉ាំ​វីតាមីន​E​ដែលមាន ក្នុង​អាហារ គឺ​មិន​បង្កឲ្យមាន​គ្រោះថ្នាក់ រឺក៏​ផលប៉ះពាល់​អ្វី​ទេ​។ បើ ប្រើ​ជា​សារធាតុ​បន្ថែម​វិញ វីតាមីន​E​ដូស​ខ្ពស់ អាច​ប្រឈម​មុខ​នឹង ការ​ហូរ​ឈាម​ខួរក្បាល​ធ្ងន់ ធ្ង​រ​។​

ដំបូន្មាន

ប្រពន្ធ័​គណនា​សារធាតុ​ចិញ្ចឹម (RDA) សំរាប់​វីតាមីន បង្ហាញ​ពី​ចំនួន​វីតាមីន ដែល​មនុស្ស​ភាគ ច្រើន​ត្រូវការ​ជា​ប្រចាំ​ថ្ងៃ​។​

·         RDA សំរាប់​វីតាមីន ត្រូវបាន​ប្រើប្រាស់​ជា​គោលដៅ​កំណត់ សំរាប់​មនុស្ស ម្នាក់ៗ​។​

·         ចំនួន​វីតាមីន ដែល​អ្នកត្រូកា​រគឺ​ផ្អែកលើ​អាយុ និង​ភេទ​របស់​អ្នក​។​

·         កត្តា​ផ្សេងៗ​ទៀត​ដូចជា ការ​មាន​ផ្ទៃពោះ ការ​បំបៅ​ដោះ​កូននិង ជំងឺ​ក៏​ជា​កត្តា សំខាន់ ដែរ ក្នុង​ការបង្កើន​នូវ​ចំនួន​វីតាមីន ដែល​អ្នកត្រូវការ​។​

ចំនួន វីតាមីន​E​ដែល​សមស្រប​គឺ​៖

ទារក​(​ចំនួន​សមល្មម​នៃ​វីតាមីន​E)

·         ០ - ៦៤​ខែ​= ៤ មី​លី​ក្រាម​/​ថ​

·         ៧ - ១២​ខែ​= ៥ មី​លី​ក្រាម​/​ថ​

កុមារ​

·         ១ - ៣​ឆ្នាំ​=៦​មី​លី​ក្រាម​/​ថ​

·         ៤ - ៨​ឆ្នាំ​= ៧​មី​លី​ក្រាម​/​ថ​

·         ៩ - ១៣​ឆ្នាំ​= ១១​មី​លី​ក្រាម​/​ថ​

ក្មេង​ជំទង់ និង​មនុស្សពេញវ័យ​

·         ១៤​ឆ្នាំ រឺ​លើស​= ១៥​មី​លី​ក្រាម​/​ថ​

សាកសួរ​អ្នកផ្តល់​ការថែទាំ​សុខភាព​ថា​ចំនួន​ប៉ុណ្ណា​ដែល​សក្កិសម​នឹង​អ្នក​។​

កំរិត​ខ្ពស់​បំផុត​នៃ​វីតាមីន​E​បន្ថែម ដែល​មាន​សុវត្ថិភាព​សំរាប់​មនុស្សពេញវ័យ​គឺ ១៥០០IU/​ថ ក្នុង ទំរង់​ធម្មជាតិ​នៃ​វីតាមីន​E និង ១០០០IU/​ថ​ក្នុង​ទំរង់​ដែល​បង្កើត​ដោយ​មនុស្ស​៕

អត្ថប្រយោជន៍​ទាំង​៥ របស់​អាស៊ីត​ខ្លាញ់ អូ​មេហ្គា ៣

 ពួក​យើង​ដឹង​ហើយ​ថា ស្ត្រី​ទាំងអស់​ស្អប់​នូវ​ពាក្យ​ថា​ខ្លាញ់​ណាស់ នៅពេលណា​ដែល​យើង​លើក​ពី​វា យក​មក​និយាយ​នោះ ប៉ុន្តែ​អាស៊ីត​ខ្លាញ់ អូ​មេហ្គា ៣ ឬ Omega 3 Fatty Acids គឺ​មាន​ភាពខុសគ្នា​។ អ្នក​នឹងមិន អាច​ដឹង​បាន​ពី អត្ថប្រយោជន៍​របស់​ពួក​វា ក្នុង​រយៈពេល​ខ្លី​នោះទេ ប៉ុន្តែ​វា​គឺ​ពិត​ជា​សំខាន់ ចំពោះ​កត្តា មេតាបូលីស​នៅក្នុង​រាងកាយ និង ជួយ​លើក​ស្ទួយ​ដល់​សុខភាព និង សុខមាលភាព​របស់ យើង​ម្នាក់ៗ ក្នុង​រយៈពេល​យូរ​ក្រោយមកទៀត ។ អ្នក​អាច​បន្ត​អាច នូវ​ចំណុច​ខាងក្រោម​ទាំងអស់នេះ ដើម្បី​ស្វែង យល់​បាន​ពី​អត្ថប្រយោជន៍​របស់​ពួក​វា ។​


១. ប្រឆាំង​នឹង​ជំងឺ​បាក់​ទឹកចិត្ត​


     តើ​អ្នក​យល់​យ៉ាងណាដែរ ចំពោះ​ទន្សនៈ​ដែល​គិតថា ការ​ទទួលទាន​អាហារ​អោយបាន​ល្អ គឺអាច ប្រឆាំង​នឹង​ជំងឺ​បាក់​ទឹកបាន​? ប្រសិនបើ​អ្នក បាន​សើច​រួចទៅហើយ នោះ​អ្នកនឹង​រីករាយ​ក្នុង​ការដឹង ពី ផលប្រយោជន៍​របស់ អាស៊ីត​ខ្លាញ់​អូ​មេហ្គា ៣​នេះ​។ ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ថា ក្រុមមនុស្ស​ដែល បាន ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅដោយ អាស៊ីត​ខ្លាញ់​អូ​មេហ្គា ៣ ជា​រៀងរាល់ថ្ងៃ ដូចជា​ពពួក សាច់​ត្រី គឺ​ហាក់​នឹង​មិន​ងាយ​រងគ្រោះ ពីសា្ថ​នភា​ពនៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត និង ភាព​ថប់​បារម្ភ​នេះ​ទេ​។​


២. ជួយ​ជម្រុញ​ដល់​ប្រព័ន្ធ​ភាព​សុំា​


   ការ​សិក្សា​ក៏​បាន​បង្ហាញ​ទៀត​ផង​ដែរ​ថា អាស៊ីត​ខ្លាញ់​អូ​មេហ្គា ៣ អាច​នឹង​ជម្រុញ​ដល់ ប្រព័ន្ធ​ភាព​សុំ​ា នៅក្នុង​ខ្លួន​របស់​អ្នក​បាន​។ ឬ​និយាយ​ម្យ៉ាងវិញទៀត​ថា វា​អាច​ជួយ​អ្នក ក្នុងការ ការពារ​រាងកាយ​បាន​ពី ពពួក​ជំងឺ​ផ្សេងៗ រួមមាន​ដូចជា ជំងឺ​អាល់​ហ្សេ​មឺ ( Alzheimer’s disease) ។ អ្នក​ក៏​អាច​នឹង ធ្វើអោយ សុខភាព​របស់​គ្រួសារ​អ្នក​បាន​ល្អ​បន្តិច ជាមួយ​នឹង​ការបង្កើន​នូវ​ការ​ទទួលទាន នូវ​អាស៊ីត​ខ្លាញ់​អូ​មេហ្គា ៣ ទៅ​ក្នុង​របប​អាហារ របស់​អ្នក ដើម្បី​ជួយ​ទ្រទ្រង់​ដល់ ប្រព័ន្ធ​ការពារ​ភាព​សុំា​របស់​អ្នក ។​


៣. ធ្វើអោយ​សុខភាព​ស​សៃឈាម​បេះដូង បាន​ល្អ​ប្រសើរ​ឡើង​


    មាន​ការសិក្សា​ស្រាវជ្រាវ​ផ្សេងទៀត បាន​បង្ហាញ​ទៀត​ដែរ​ថា អាស៊ីត​ខ្លាញ់​អូ​មេហ្គា ៣ អាច​កាត់បន្ថយ នូវ​ឱកាស​ប្រឈម​នឹង​ជំងឺ បេះដូង​,​ជំងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល​, បេះដូង​ឈប់​ដើរ និង បញ្ហា​នៃ ជំងឺ​បេះដូង​ស​សៃឈាម​ផ្សេងៗ​ទៀត​។ អត្ថប្រយោជន៍​របស់​វា អាច​នឹង​មិន​បង្ហាញ​ក្នុង​ពេល​ភ្លាមៗ​នោះទេ ប៉ុន្តែ វា​អាច​ជា​គន្លឹះ​សម្រាប់​អ្នក ក្នុង​ការទទួលបាន​នូវ​សុខ​ភាព​នៃ​ស​សៃឈាម​បេះ​ដូងល្អ នៅក្នុង រយៈពេល​ក្រោយមកទៀត ។​


៤. កាត់បន្ថយ​នូវ​ការ​រលាក​


     ការប្រើប្រាស់​នូវ អាហារ​ដែល​មាន​ផ្ទុក​នូវ អាស៊ីត​ខ្លាញ់​អូ​មេហ្គា​៣ អាច​នឹង​ជួយ​កាត់បន្ថយ​នូវ​ការ រលាក ឬ ការបង្ក​រោគ​នៅក្នុង​ខ្លួន​អ្នក​បាន​។ អត្ថប្រយោជន៍​របស់​វា គឺ​ហាក់ដូចជា​ឱសថ​ទិព្វ ដែល​អាច​នឹង ជួយ កាត់បន្ថយ​នូវ​រោគសញ្ញា នៃ​ជំងឺ​រលាក​សន្លាក់​គន្លាក់​ឆ្អឹង​, ឈឺ​សន្លាក់ និង​បញ្ហា នៃ​ជំងឺ​រលាក​សន្លាក់ ផ្សេងៗ​ទៀត ។​


៥.  កាត់បន្ថយ​នូវ ឱកាស​នៃ​ការកើតមាន​នូវ​ភាពមិនប្រក្រតី​ផ្នែក​ផ្លូវចិត្ត ចំពោះ​កុមារ​


     នេះ​គឺ​អត្ថប្រយោជន៍​មួយ របស់​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​៣ ពីព្រោះ​ថា​អ្នក​គួរតែ រួមបញ្ចូល​វា ទៅក្នុង​ទម្លាប់ អាហារ​ជា​ប្រចាំថ្ងៃ​របស់​អ្នក​។ ការសិក្សា​បាន​បង្ហាញ​ទៀតថា អាស៊ីត​ខ្លាញ់​អូ​មេហ្គា ៣ អាច​ការពារ និង កាត់បន្ថយ​បាន​នូវ ការ​ប្រឈម​នឹង​ភាពមិនប្រក្រតី​ផ្នែក​ផ្លូវចិត្ត របស់​កុមារ និង ថែមទាំង នៅ​ក្នុង​វ័យ​ជំទង់ បាន​ផង​ដែរ​៕

អត្ថប្រយោជន៍​របស់​ថ្នាំ​គ្រាប់​វីតាមីន A ចំពោះ​រាងកាយ

 វីតាមីន A គឺ​ពិតជា​មាន​អត្ថប្រយោជន៍ នៅក្នុង​របប​អាហារ​ដែល​ធ្វើអោយ អ្នក​មាន​សុខភាព​ល្អ​។ វីតាមីន​ដែល មាន​សារៈសំខាន់ មាន​ជាតិ​ខ្លាញ់ និង អាច​រលាយ​បាន​នេះ គឺជា​ប្រភេទ​វីតាមីន​ដំបូង​គេ ដែល​ត្រូវបាន​គេ​ដាក់​ឈ្មោះ ជា​ផ្លូវការ ហេតុដូចនេះ​ហើយ​ទើបបាន​ជា​វា ត្រូវបាន​គេ​ហៅថា វីតាមីន A​។ ខ្លួនប្រាណ​របស់​អ្នក ត្រូវការ ការ​ផ្គត់ ផ្គង់​ជា ជាប់លាប់ នូវ​វីតាមីន​ប្រភេទ​នេះ ដើម្បី​ជួយ​រក្សា​សុខ​ភាព​ស្បែក​,  ការមើលឃើញ​អោយបាន​ល្អ​ប្រសើរ និង ការរីក ធំធាត់​ចំពោះ​កុមារ​។​

    វីតាមីន​A ត្រូវបាន​គេ​ជឿថា វា​គឺជា​សារធាតុ​ប្រឆាំង​ប្រតិកម្ម​អុកស៊ីត ចំពោះ​ការ ការពារ​ជំងឺមហារីក ហើយ​វា​ក៏ ធ្វើអោយ​ប្រព័ន្ធ​ភាព​សុំា មាន​ភាព​សកម្ម​ប្រសើរ​ជាង​មុន រួច​វា​ក៏​អាច​ជួយ​ទប់ស្កាត់ ជំងឺ​ផ្សេងៗ​ដទៃ​ទៀត​ផង​ដែរ​។ បេតា​ការ៉ូ​តែន ( Beta-carotene) គឺ​មាន​ម៉ូលេគុល វីតាមីន​A ទ្វេគុណ​ជា​ពីរ ហើយ​វា ត្រូវបាន​បំ​លែង​ជា​វីតាមីន A វិញ នៅពេល​ដែល​វា បាន​ចូល​ទៅក្នុង​ខ្លួន​របស់​មនុស្ស​។ វា​គឺជា​សារធាតុ​ដែល​រលាយ​ក្នុង​ទឹក​។ ខ្លួនប្រាណ​អ្នក​អាច កំចាត់​ចោល​នូវ​អ្វី ដែល​វា​នឹង​មិន​ត្រូវការ​ប្រើប្រាស់ ដូច្នេះហើយ​ទើប បានជា​វា​មិនសូវ​មាន​ភាព​ពុល ជាង​វីតាមីន A ដែល វា​អាច​នឹង​កើតមានឡើង ។​


​ទាំងនេះ​គឺជា អត្ថប្រយោជន៍​នៃ​ការប្រើ​វីតាមីន A ៖


•​    ​វា​ត្រូវ​បាន​គេ ប្រើ​សម្រាប់​ការព្យាបាល​ការ​ចំលងរោគ​ស្រួចស្រាវ​។​
•​    ​ធ្វើអោយ​ការមើលឃើញ នៅក្នុង​ពេល​យប់​មាន​ភាពប្រសើរ​ឡើង​ជាង​មុន​។​
•​    ​ការពារ​រាងកាយ ពី​ឥទ្ធិពល​រំខាន របស់​កោសិកា ដែល​មាន​មកពី​សារធាតុ​គីមី​ជាច្រើន ដែល​មាន​ជាតិពុល​។ ការសិក្សា​ស្រាវជ្រាវ បានបង្ហាញ​ថា បេតា​ការ៉ូ​តែន គឺ​មាន​សកម្មភាព​ប្រឆាំង​ប្រតិកម្ម​អុកស៊ីត​បាន​យ៉ាង ខ្លាំងក្លា និង វា​អាច​ជួយ​ការពារ​អ្នក ពី​ការវិវត្តន៍​មាននូវ​ជំងឺមហារីក​មួយចំនួន ជាពិសេស​នោះ គឺ​ជំងឺ មហារីក​សួត និង ជំងឺមហារីក​ស្បែក​។​


​ប្រសិនបើ​អ្នក​ធ្វើ​ការជក់បារី ឬ មានការ​ប្រឈម​ទៅ​នឹង​ពន្លឺព្រះអាទិត្យ វីតាមីន​A ឬ បេ​ការ៉ូ​តែន គឺជា​សារធាតុ បន្ថែម​ដ៏​ល្អ​ប្រសើរ​បំផុត ក្នុង​ការបញ្ចូល​ទៅ​ក្នុង​កម្មវិធី នៃ​ការទទួល​នូវ​សារធាតុ​បន្ថែម​ជា​ប្រចាំថ្ងៃ​របស់​អ្នក​។​


​វីតាមីន A ត្រូវបាន​គេ​ឃើញ​មាន​ជា​លក្ខណៈ​ធម្មជាតិ នៅក្នុង​ផ្លែក្រូច និង ផ្លែឈើ និង បន្លែ​ដែល​មាន​ពណ៌ លឿង មានដូចជា ស្ពីណា​ច ក៏ដូចជា បេតា​ការ៉ូ​តែន ដែល​មាន​នៅក្នុង ខ្លាញ់​សត្វ ដូចជា ស្នូល​ពណ៌​លឿង​របស់ ស៊ុត ដែល​នោះ​គឺ​ពិតជា ប្រភព​ពិត​នៃ​វីតាមីន A​។ វា​ក៏​ត្រូវបាន​គេ​ហៅ​ម្យ៉ាង​ទៀត​ផង​ដែរ​ថា រ៉េ​ទី​ណុល (retinol) ដោយសារ​តែ​អត្ថប្រយោជន៍ ដ៏​មាន​ប្រសិទ្ធភាព​របស់​វា​ចំពោះ​ការមើលឃើញ​។​
​ការ​ទទួលទាន​នូវ​សារជាតិ​វីតាមីន A ជា​ប្រចាំ​ថ្ងៃ​ត្រូវ​បាន​គេ​ណែនាំ អោយ​នៅ​ចន្លោះ​ពី ៣០០០ ទៅ ១០.០០០ IU គឺ​វា​អាស្រ័យទៅលើ អាយុ និង ស្ថានភាព​សុខភាព​របស់​អ្នក ខណៈពេលដែល​ការ​ទទួលទាន​នូវ បេ​ការ៉ូ​តែន ក្នុង​កម្រិត​សុវត្ថិភាព​នោះ​គឺ ពី ១០.០០០ ទៅ ៥០.០០០ IU ។​


 កង្វះ​សារជាតិ​វីតាមីន A នឹង​ផ្តល់​ផល​អាក្រក់​ដល់ សុខភាព​ស្បែក​, មុខងារ​របស់​ប្រព័ន្ធ​ភាព​សុំា និង ចក្ខុវិស័យ​។ ឥទ្ធិពល​នូវ​ការពុល​នៃ វីតាមីន A នឹង​កើតមាន​នៅពេល​ដែល​អ្នក​បាន​លេប​វា ក្នុង​បរិមាណ​ច្រើន ជ្រុល​ក្នុង​រយៈ​កាលកំណត់​ណាមួយ​។ រីឯ​ផល​រំខាន​របស់ បេតា​ការ៉ូ​តែន គឺមាន​តែ​ការធ្វើអោយ​ស្បែក​របស់​អ្នក មាន​ពណ៌​លឿង ឬ ពណ៌​ទឹកក្រូច​តែប៉ុណ្ណោះ ៕


អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួន សេរ័ត្ន​

យល់ដឹង​អំពី​ការប្រើ​ថ្នាំ​Tetracycline

សម្រាប់​ការព្យាបាល នូវ​ប្រភេទ​ជាទូទៅ​បំផុត នៃ​ការបង្ក​រោគ​ដែល​បណ្តាល​មកពី ពពួក​បាក់តេរី នោះ​កម្រិត​ដូស​នៃ​ថ្នាំ តេត្រា​ស៊ីគ្លី​ន ដែល​ត្រូវបាន​ណែនាំ​គឺ ២៥០​មី​លី​ក្រាម ឬ ៥០០​មី​លី​ក្រាម ៤​ដង ជា​រៀងរាល់ថ្ងៃ ក្នុង​រយៈពេល​ពី ៧ ទៅ ១៤​ថ្ងៃ ។ កម្រិត​ដូស នៃ​ថ្នាំ​តេត្រា​ស៊ីគ្លី​ន ដែល​ត្រូវបាន​ណែនាំ ចំពោះ ការព្យាបាល ជំងឺ​មុន​ដែល​មាន​សភាព​ពី មធ្យម ដល់ ធ្ងន់ធ្ងរ​គឺ ចាប់ពី ១២៥​មី​លី​ក្រាម ទៅ ៥០០ មី​លី​ក្រាម ២​ដង​ជា​រៀងរាល់ថ្ងៃ ។ សម្រាប់​ការសម្លាប់​នូវ​មេរោគ ពពួក Helicobacter pylori កម្រិត​ដូស នៃ​ថ្នាំ តេត្រា​ស៊ីគ្លី​ន គឺ ៥០០​មី​លី​ក្រាម​២ ទៅ​៤​ដង ជា​រៀងរាល់ថ្ងៃ គឺ​អាស្រ័យ​ទៅតាម រយៈពេល ដែល ត្រូវបាន​ប្រើប្រាស់​។ កត្តា​អាយុ និង ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ​ផ្សេងទៀត របស់​អ្នកជំងឺ អាច​នឹង​ជះ ឥទ្ធិពល​ទៅដល់ កម្រិត​ដូស​នៃ​ថ្នាំ​តេ​ត្រា​ស៊ីគ្លី​ន ដែល​ពួកគេ​ត្រូវ​ប្រើ ។​ ​វេជ្ជបញ្ជា​នឹងត្រូវ​ចេញ ទៅកាន់​អ្នកជំងឺ​ខុសៗ​គ្នា ដោយ​អាស្រ័យ​ទៅតាម​កត្តា​មួយចំនួន ដូចខាងក្រោម នេះ ៖ · ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ ដែល​អ្នក​កំពុងតែ​ត្រូវបាន​ទទួល នូវ​ការព្យាបាល​។​ · អាយុ​របស់​អ្នក​។​ · តើ​អ្នក​មាន​មុខងារ​តម្រង​នោម​ថយចុះ​ដែរឬទេ​? · ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ​ផ្សេងទៀត ដែល​អ្នក​អាច​មាន​។​ · ប្រភេទ​ឱសថ​ផ្សេងទៀត ដែល​អ្នក​អាច​នឹង​កំពុងតែ​បន្ត​ប្រើប្រាស់​។​ ​អ្នក​ត្រូវ​តែ​ធ្វើ​តាម​ការណែនាំ​របស់​គ្រូពេទ្យ ឬ ឱសថ​ការី អំពី​ការប្រើប្រាស់​ថ្នាំ ហើយ​អ្នក​មិន​ត្រូវ​ធ្វើការ កែប្រែ​កម្រិត​វា នោះទេ ដរាបណា អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​បាន​ណែនាំ​អ្នក អោយ​ធ្វើ​ដូច​នោះ ។​ ​កម្រិត​ដូស​តេត្រា​ស៊ីគ្លី​ន សម្រាប់​ព្យាបាល​ការបង្ក​រោគ​ដោយសារ​ពពួក​បាក់តេរី​ កម្រិត​ដូស​នៃ​ថ្នាំ​តេ​ត្រា​ស៊ីគ្លី​ន ដែល​ត្រូវបាន​ណែនាំ សម្រាប់​ការបង្ក​រោគ​ជាទូទៅ ដែល​បង្កោ​ដោយ ពពួក​បាក់តេរី គឺ តេត្រា​ស៊ីគ្លី​ន ២៥០​មី​លី​ក្រាម ឬ ៥០០​មី​លី​ក្រាម លេប ៤​ដង ជា​រៀងរាល់ថ្ងៃ ប្រើ ក្នុង រយៈពេល​ពី ៧ ទៅ ១៤​ថ្ងៃ ។ សម្រាប់​ការបង្ក​រោគ ដេល​មាន​សភាព​រុំាំរ៉ៃ ឬ ធ្ងន់ធ្ងរ​ជាង​នេះ នោះ​អ្នក​ផ្តល់ សេវា​ថែទាំ​សុខភាព​របស់​អ្នក នឹង​អាច​បន្ត​នូវ​រយៈពេល​នៃ​ការព្យាបាល​នេះ បន្ថែមទៀត​។​ សម្រាប់​កុមារ ដែល​មាន​អាយុ ៨​ឆ្នាំ ឬ ច្រើន​ជាង​នេះ កម្រិត​ដូស​នៃ​ថ្នាំ​នេះ អាច​មាន​កម្រិត​ចាប់ពី ( គឺ​អាស្រ័យ​ទៅតាម ទម្ងន់​រាងកាយ​) ២៥ ទៅ ៥០​មី​លី​ក្រាម ក្នុង​ទម្ងន់​រាងកាយ ១​គីឡូក្រាម ( មី​លី​ក្រាម / គីឡូក្រាម​/ ថ្ងៃ ) ហើយ​វា​ត្រូវបាន​បែងចែក​ជា ៤​ដង ប្រចាំថ្ងៃ និង ប្រើ​សម្រាប់​រយៈពេល​ពី ៧ ទៅ ១៤​ថ្ងៃ ។​ ​កម្រិត​ដូស​នៃ​ថ្នាំ​តេ​ត្រា​ស៊ីគ្លី​ន សម្រាប់​ព្យាបាល​ជំងឺ​មុន​ កម្រិត​ដូស​នៃ​ការណែនាំ នៃ​ការប្រើ​ថ្នាំ​តេត្រា​ស៊ីគ្លី​ន សម្រាប់​ព្យាបាល​ជំងឺ​មុន ដែល​មាន​សភាព​ចាប់ពី មធ្យម រហូតដល់ សភាព​ធ្ងន់ធ្ងរ គឺ ១២៥​មី​លី​ក្រាម ទៅ ៥០០​មី​លី​ក្រាម ប្រើ​វា ២​ដង ជា​រៀងរាល់ថ្ងៃ ។ សម្រាប់​ការព្យាបាល​ជំងឺ​មុន រយៈពេល​នៃ​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​នេះ គួរ​ត្រូវ​បាន​បន្ត អោយបាន​យ៉ាង ហោច​ណាស់ ១២​សប្តាហ៍ ដើម្បី​ទទួលបាន​លទ្ធផល​ពេញលេញ ៕​ អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួន សេរ័ត្ន

តើ​វា​ប៉ះពាល់​ទេ​ប្រសិនបើ​យើង​ប្រើ​វីតាមីន C ច្រើនពេក​?


​វីតាមីន C គឺជា​សារធាតុចិញ្ចឹម​សំខាន់​។ វីតាមីន C គឺជា​វីតាមីន​ដែល​រលាយ​ក្នុង​ទឹក​ដែល​គាំទ្រ​ដល់​ការលូតលាស់ និង​ការរីកចម្រើន​ធម្មតា​។ វីតាមីន C ក៏​ជួយ​ខ្លួន​របស់​អ្នក​អោយ​ស្រូប​ជាតិ​ដែក​ផងដែរ​។ ដោយសារតែ​ខ្លួន​របស់​អ្នក​មិន​ផលិត ឬ​ស្តុក​វីតាមីន C, ដូចនេះ​វា​ជា​រឿង​សំខាន់​ដើម្បី​រាប់បញ្ចូល​វីតាមីន C នៅ​ក្នុង​អាហារ​របស់​អ្នក​។ ចំពោះ​មនុស្ស​ភាគច្រើន​, ផ្លែក្រូច​ធំ​មួយ​ផ្លែ​ក៏​ផ្តល់​នូវ​វីតាមីន C បាន​គ្រប់គ្រាន់​ផងដែរ​ក្នុង​មួយថ្ងៃ​។ វីតាមីន C នៅសល់​នឹង​ត្រូវ​បាន​បញ្ចេញ​ពី​ខ្លួន​តាម​ទឹកនោម​របស់​អ្នក​។
​ចំពោះ​មនុស្ស​ពេញវ័យ​, ការណែនាំ​ខាង​ចំណីអាហារ​បានបង្ហាញ​ថា សូម​ទទួលទាន​វីតាមីន C ពី​៦៥ ទៅ​៩០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ហើយ​កម្រិត​ខ្ពស់​បំផុត​គឺ​២.០០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ បើទោះជា​អ្នកធ្វើការ​ទទួលទាន​ជាតិ​វីតាមីន C ច្រើន​ពេក​ក៏​ដោយ​ប៉ុន្តែ​វា​ហាក់ដូចជា​មិន​ធ្វើអោយ​ប៉ះពាល់​នោះឡើយ​។ កម្រិត​ខ្ពស់​នៃ​វីតាមីន C អាច​បណ្តាលអោយ៖
-          រាគ
-           ចង្អោ​រ
-           ក្អួត
-           ក្រហាយ​ទ្រូង
-           ហើម​ពោះ និងរ​មួល​ពោះ
-           ឈឺក្បាល
-           គេង​មិន​លក់
-           គ្រួស​ក្នុង​តម្រង​នោម
​សូម​ចាំ​ថា​, ចំពោះ​មនុស្ស​ភាគច្រើន​, ចំណី​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​គឺជា​ការ​មាន​កម្រិត​វីតាមីន C បាន​គ្រប់គ្រាន់​៕


អត្ថបទត្រួតពិនិត្យដោយវេជ្ជ.ងួន​ សេរ័ត្ន