Saturday, July 13, 2013

ហេតុ​អ្វី​បាន​ជា​តំណក់​ភ្លៀង​មិន​អាច​សម្លាប់​មូស ?

នៅ ​ពេល​តំណក់​ភ្លៀង​ធ្លាក់​ចំ​មូស​មួយ ទាំង​មូស​និង​តំណក់​ភ្លៀង​ចូលរួម​គ្នា ហើយ​មូស​នោះ​ជិះ​ពី​លើ​តំណក់​ទឹក​ប្រហែល​១​ភាគ​១០០០​វិនាទី​ មុន​ពេល​ស្លាប​របស់​វា​ដែល​ដើរ​តួ​ដូច​ជា​ខ្លែង​ទាញ​វា​ចេញ​ពី​តំណក់​ទឹក

ចូរ​ស្រមៃ​មើល​ថា តើ​ជីវិត​លំបាក​យ៉ាង​ណា​ប្រសិនបើ​តំណក់​ភ្លៀង​ទម្ងន់​៣​តោន​ខណៈ​ដែល​វា​កំពុង​ធ្លាក់​ចុះ​ពី​លើ​មេឃ​ក្នុង​ល្បឿន ២០​ម៉ៃ​ក្នុង​១​ម៉ោង ។ នេះ​ជា​តំណក់​ភ្លៀង​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​មូស ហើយ​តំណក់​ភ្លៀង​មួយ​មាន​ទម្ងន់​៥០​ដង​ធ្ងន់​ជាង​កម្លាំង​មនុស្ស​ទះ​មូស​ទៅ​ទៀត ប៉ុន្តែ​វា​នៅ​តែ​អាច​រស់​បាន ។

តើ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី ?

ប្រសិនបើ​លោកអ្នក​ជា​មូស ហើយ​ចេញ​ទៅ​ខាងក្រៅ​នៅ​ពេល​មេឃ​ភ្លៀង​ខ្លាំង​ ក្រោម​តំណក់​ភ្លៀង​យក្ស ។ លោក David Hu ជំនួយការ​សាស្ត្រាចារ្យ​វិស្វកម្ម​មេកានិច​នៅ​សាកលវិទ្យាល័យ Georgia Tech មាន​ប្រសាសន៍​ថា «តំណក់ ​ភ្លៀង​ទាំងនោះ​គឺ​ដូច​ជា​ផ្កាយ​ដុះ​កន្ទុយ​ធ្លាក់​មក​ជុំវិញ​ខ្លួន​អ្នក​ អញ្ចឹង ។ អ្នក​នឹង​គិត​ថា​មូស​នឹង​គ្មាន​ឱកាស​រស់​ទេ ។ យើង​សង្ឃឹម​លទ្ធផល​ដូច​គ្នា​នេះ​ដែរ​នៅ​ពេល​យើង​បើក​ឡាន​កាត់​ហ្វូង​សត្វ​ ល្អិត យើង​ឃើញ​សត្វ​ល្អិត​ទាំង​នោះ​ខ្ទាត​ខ្ចាយ» ។
ច្បាស់​ណាស់​មូស​ពិត​ជា​រស់​នៅ​ពេល​ប៉ះផ្ទាល់​ជាមួយ​តំណក់​ ភ្លៀង ។ ដូច្នេះ​ហើយ​ក្រុម​របស់​លោក David Hu បាន​រៀប​ចំ​ពិសោធន៍​ដោយ​ប្រើប្រាស់​ជំនាញ​របស់​ពួក​គេ​ជា​វិស្វករ​មេកានិច និង​ជីវវិទូ ។ លោក​និយាយ​ថា «ការ​ទះ​មូស​ដោយ​ តំណក់​ភ្លៀង​គឺ​ជា​ការ​ពិសោធន៍​ដ៏​លំបាក​មួយ ។ រឿង​ទី​មួយ​ដែល​យើង​បាន​ធ្វើ គឺ​ទម្លាក់​តំណក់​ទឹក​តូចៗ​ពី​ជាន់​ទី​បី​នៃ​អាគារ​របស់​យើង​ ចូល​មក​ក្នុង​ធុង​ដាក់​មូស ហើយ​អ្នក​អាច​ស្រមៃ​បាន​ថា​វា​មិន​អាច​ដំណើរ​ការ​បាន​ល្អ​ទេ ។ វា​ដូច​ជា​ល្បែង​គប់​ព្រួញ​ឲ្យ​ចំ​ចំណុច​កណ្ដាល​អញ្ចឹង» ។
ដូច្នេះ​ហើយ​បាន​ជា​ក្រុម​ស្រាវជ្រាវ​បែរ​មក​ធ្វើ​ការ​ ពិសោធន៍​នៅ​ខាង​ក្នុង​អាគារ​វិញ ។ ពួក​គេ​បាញ់​តំណក់​ទឹក​ទៅ​លើ​មូស និង​ថត​លទ្ធផល​ដោយ​ម៉ាស៊ីន​ថត​វីដេអូ​ល្បឿន​ខ្ពស់ ។ ពួកគេ​រក​ឃើញ​ថា តាម​ពិត​មូស​មិន​គេច​តំណក់​ភ្លៀង​ទេ គឺ​ពួកវា​តោងជិះ​តំណក់​ភ្លៀង​ទៅ​វិញ ។
លោក David Hu និយាយ​ថា «ខណៈ​ ដែល​តំណក់​ភ្លៀង​ធ្លាក់ ដោយ​មិន​ប្រឆាំង​នឹង​តំណក់​ទឹក​នោះ ពួកវា​បែរ​ជា​ចូលរួម​ជាមួយ​តំណក់​ភ្លៀង​ហាក់​ដូចជា​តោង​ជិះ​ផ្កាយ​ដុះ​ កន្ទុយ​ទៅ​វិញ ។ ដូច្នេះ​ជា​លទ្ធផល មូស​ទាំងនោះ​ទទួល​កម្លាំង​តិច​បំផុត» ។
សម្រាប់​មូស​ទាំងនោះ វា​ហាក់​ដូច​ជា​ត្រូវ​បាន​ទះ​ដោយ​រោម​សត្វ​ប៉ុណ្ណោះ ។ ពួកវា​ជិះ​តំណក់​ភ្លៀង​ប្រហែល​១​ភាគ​១០០០​វិនាទី​ រហូត​ដល់​ស្លាប​វា​បក់​ខ្យល់​ដូច​ជា​ខ្លែង ហើយ​ហែក​បំបែក​ខ្លួន​វា​ចេញ​ពី​តំណក់​ភ្លៀង ។ មូស​ហាក់​ដូច​ជា​មិន​មាន​ដាច់​រលាត់​អ្វី​ទេ ។
លោក David Hu បន្ត​ថា «យើង​មិន​អាច​សម្គាល់​ពី​ទឹក​មុខ​របស់​មូស​បាន​ថា​យ៉ាង​ណា​ទេ ប៉ុន្តែ​ពួកវា​ពិត​ជា​រស់ ហើយ​មូស​ភាគ​ច្រើន​មិន​ទាំង​ធ្លាក់​មក​ដី​ផង» ។
លទ្ធផល​នៃ​ការ​សិក្សា​នេះ​ត្រូវ​បាន​បោះផ្សាយ​នៅ​ក្នុង​កិច្ចប្រជុំ​បណ្ឌិតសភា​ជាតិ​វិទ្យាសាស្ត្រ ។
គ្រោះថ្នាក់​ពិត​ប្រាកដ​របស់​មូស​គឺ​នៅ​ពេល​វា​ហើរ​នៅ​ជិត​ដី​ពេក ។ ប្រសិនបើ​វា​មិន​អាច​ក្រឡាស់​ខ្លួន​ចេញ​ពី​តំណក់​ទឹក​ទាន់​ពេល​ទេ ពួកវា​ត្រូវ​ស្លាប់​ក្នុង​ស្ថានភាព​ដូច​ដុំ​ថ្ម​ប៉ះទង្គិច​ជាមួយ​ផ្ទៃ​រឹង ។
លោក David Hu និយាយ​ថា «ជា​ឧទាហរណ៍ ប្រសិនបើ​អ្នក​ឈរ​នៅ​លើ​ដី ហើយ​ព្យ៉ាណូ​មួយ​ធ្លាក់​មក​លើ​អ្នក អ្នក​នឹង​ត្រូវ​បែក​ខ្ទេច» ។ លោក​សង្ឃឹម​ថា​លទ្ធផល​ក៏​ដូច​គ្នា​ដែរ​ចំពោះ​មូស ។

ដូច្នេះ​តើ​អ្នក​ស្រាវជ្រាវ​បាន​យល់​ដឹង​អ្វី​ខ្លះ ?

សម្រាប់​អ្នក​ដែល​បង្កើត​យន្តហោះ​ (Flying robot) ទំហំ​តូច​ប៉ុន​សត្វ​ល្អិត ប្រសិនបើ​វា​តូច​គ្រប់គ្រាន់ ពួកគេ​មិន​ចាំបាច់​បារម្ភ​អំពី​ភ្លៀង​ទេ ។
សម្រាប់​ជីវវិទូ នេះ​ជា​ឧទាហរណ៍​ដ៏​ល្អ​ឆើត​មួយ​ទៀត​នៃ​ការ​វិវឌ្ឍ​របស់​ជីវិត​ ដើម្បី​រស់រាន​នៅ​លើ​ផែនដី​ដែល​ជន់​លិច​លង់​ដោយ​ទឹក ។ ហើយ​សម្រាប់​អ្នក​ដែល​ចង់​សម្លាប់​មូស​ដោយ​បាញ់​ទឹក​ទៅ​លើ​វា ត្រូវ​ដឹង​ថា មិន​អាច​សម្លាប់​វា​បាន​ទេ ៕
ដោយ Richard Harris
វិទ្យុ​ជាតិ​សាធារណៈ (NPR) ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០១២