ជាអាការៈសញ្ញាស្រាល ប៉ុន្តែមានកើតជាញឹកញាប់ណាស់ មិនថាចំពោះកុមារ មនុស្សពេញវ័យ ឬមនុស្សចាស់ទេ ! នោះគឺការឈាមច្រមុះ។ ហេតុអ្វី បានជាមនុស្សយើងងាយនឹងឈាមច្រមុះម្ល៉េះ ? ពេលណាដែលគួរព្រួយបារម្ភ គួរនាំទៅពេទ្យ ? តើត្រូវធ្វើដូចម្តេចដើម្បីទប់ស្កាត់ការឈាមច្រមុះនេះ?
ឈាមច្រមុះជាទូទៅ មិនមែនជាអាការៈធ្ងន់ធ្ងរទេ ! ហាមហូរចេញមកពេលខ្លះ តែពីរបីសង់ទីលីត្រ តែមើលទៅហាក់ដូចជាច្រើនសន្ធឹកណាស់ ជាហេតុធ្វើឱ្យអ្នកខ្លាចឈាម ឬអ្នកមានអារម្មណ៍ឆាប់ភ័យ អាចជួបអាការៈវិលមុខភ្លាមមួយរំពេច។ ប៉ុន្តែសូមកុំព្រួយបារម្ភ !
ការឈាមច្រមុះមិនបង្កឱ្យមានជំងឺធ្ងន់ធ្ងរឡើយ ហើយអាចបញ្ចៀសនិងបញ្ឈប់បានដោយកាយវិការសាមញ្ញៗ។ ដើម្បីឱ្យកាន់តែប្រាកដ និងបំបាត់ការព្រួយបារម្ភក្នុងខ្លួនយើង សូមអញ្ជើញស្តាប់ការបកស្រាយតាមបែបកាយវិភាគសាស្ត្រ (Anatomie)។ ច្រមុះយើងមានរន្ធពីរខណ្ឌចែកដោយរនាំងជាឆ្អឹងខ្ចី។ នៅចុងឆ្អឹងខ្ចី ជាប់ស្បែកចុងច្រមុះដែលសើមជានិច្ចនោះ ជាកន្លែងជួបគ្នានៃពពួកសរសៃឈាមតូចៗឆ្មារៗដែលងាយនឹងដាច់ចេញឈាមណាស់ និងក៏ងាយសះជាបិទជាប់វិញដែរ។ ទាំងខ្ចី ទាំងទន់ ចំណុចប្រសព្វចុងច្រមុះនិងចុងឆ្អឹងខ្ចី ងាយរងការប៉ះទង្គិច និងងាយធ្លាយចេញឈាមណាស់ ! គ្រាន់តែមានការតឹងសរសៃឈាម គ្រាន់លូកកូនដៃកេះខូងច្រមុះធ្ងន់ដៃបន្តិច ក៏តាំងចេញឈាមភ្លាម។ នៅពេលមានអាកាសធាតុក្តៅខ្លាំង មុខយើងឡើងក្រហម សរសៃឈាមចាប់រីកនៅពេលមានកម្តៅ បូកផ្សំនឹងអាកាសធាតុស្ងួត កណ្តាស់តែមួយឆែត អាចធ្លាយសរសៃឈាម កើតអាការៈចេញឈាមតាមច្រមុះភ្លាម។
ឈាមច្រមុះនេះ ជួនចេញទាំងពីររន្ធ ជួនចេញតែរន្ធម្ខាង។ នៅពេលខ្លះទៀត ឈាមច្រមុះហូរធ្លាក់ចូលក្នុងខ្លួន តាមបំពង់ក ដែលយើងអាចលេបចូលដោយមិនដឹងខ្លួន ឬអាចខ្ជាក់មកក្រៅបាន (ក្នុងករណីសូមកុំព្រួយបារម្ភអី ព្រោះមិនមែនជាការក្អកចេញឈាមឡើយ)។ ការឈាមច្រមុះមិនបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរទៅថ្ងៃក្រោយទេ ប៉ុន្តែប្រសិនបើការហូរឈាមអស់ច្រើន និងអូសបន្លាយពេលយូរ ការបាត់បង់ឈាមអាចនឹងអស់ច្រើន។
លោកវេជ្ជបណ្ឌិតGerald Keirzek ឯកទេសផ្នែកសង្គ្រោះបន្ទាន់ ៖
“ឈាមច្រមុះឬហៅតាមពាក្យបច្ចេកទេសជាភាសាបារាំង épistaxis ឬrhinorrhagie គឺជាការចេញឈាមនៅច្រមុះ។ នៅពេលមានចេញឈាម មានន័យថាសរសៃឈាមដាច់ សរសៃឈាមរងការប៉ះ ទង្គិច មានស្នាម ដោយគ្រាន់តែយកម្រាមដៃលូកខួងច្រមុះខ្លាំងពេក។ ដូចគ្រប់គ្នាបានដឹងហើយថា សរសៃឈាមតូចៗឆ្មារៗ បានហូរមកជួបគ្នានៅចុងច្រមុះ ចុងឆ្អឹងខ្ចី ដែលជាកន្លែងមិនសូវមានអ្វីការពារទេ។ ដូច្នេះប៉ះតែបន្តិចចេញឈាម ប៉ុន្តែក៏គ្មានអ្វីជាធ្ងន់ធ្ងរ ! ត្រូវត្រជាក់តែបន្តិចក៏បានបាត់ទៅវិញ។
ករណីឈាមច្រមុះភាគច្រើន (ច្រើនមែនទែន) គ្មានគ្រោះថ្នាក់ និងគ្មានអ្វីគួរឱ្យព្រួយបារម្ភត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ទេ ! កាយវិការសាមញ្ញៗ បិទច្រមុះ សំងំអង្គុយបន្តិចនឹងបានស្រាកស្រាន្តហើយ។ អ្វីដែលគួរត្រូវប្រុងប្រយ័ត្ន គឺនៅពេលមានការហូរឈាមច្រើនពេក។ ពាក្យថាហូរឈាមច្រើន មិនមែនត្រឹមតែឈាមសើមជោគកន្សែងមួយទេ ! បើឈាមហូរមិនឈប់ដល់សឹងថាពេញមួយកូនកែវជ័រ ទើបត្រូវរិះគិតដល់ផលវិបាកផ្សេងៗ។ ព្រោះបើចេញឈាមអស់ច្រើនពេក នោះបេះដូងអាចនឹងពិបាកសម្របខ្លួន ជាពិសេសចំពោះអ្នក ជំងឺបេះដូង-ឆាប់នឿយហាត់ អ្នកមានលេបថ្នាំព្យាបាលជំងឺជាប់នឹងខ្លួន។ ក្នុងករណីនេះ ការហូរឈាមចេញតាមច្រមុះ អាចជាមូលហេតុសមស្រប គួរគិតគូរហៅរក ឬទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ គ្រោះថ្នាក់ទីពីរ គឺចំពោះអ្នកមានប្រវត្តិជំងឺចាស់ មានជំងឺថ្លើម និងការព្យាបាលជំងឺដោយប្រើឆ្នាំ ពង្រាវឈាម ថ្នាំពពួកប្រឆាំងនឹងឈាមឆាប់កក ថ្នាំប្រឆាំងនឹងវីតាមីនកា ឬថ្នាំAspirine ដែលកម្មវត្ថុនៃការព្យាបាលគឺ ជួយធ្វើឱ្យឈាមរាវ ងាយហូរ។ ក្នុងករណីនេះ ការឈាមច្រមុះមិនងាយនឹងឈប់បានឡើយ ព្រោះមានថ្នាំពង្រាវឈាមអាចបំពេញតួនាទីបានយ៉ាងប្រសើរ ! ដូច្នេះត្រូវតែបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ។
គ្រោះថ្នាក់ធំទីបី គឺឈាមច្រមុះជារោគសញ្ញា សម្គាល់ជំងឺផ្សេងទៀត ដែលទាមទារការធ្វើរោគវិនិច្ឆ័យ ស៊ីជម្រៅ មានជាអាទិ៍ជំងឺសម្ពាធឈាម។ សម្ពាធឈាមឡើងខ្លាំង ឡើងប៉ោងសរសៃឈាម ដូចបានទៅបុកទម្លាយឱ្យចេញឈាមតាមច្រមុះ។ ការឈាមច្រមុះនេះ មានតម្លៃជាសញ្ញារោគនៃជំងឺឡើងឈាម និងមួយទៀត ប្រសិនបើលោកអ្នកមិនដែលធ្លាប់មានកើតរោគឈាមច្រមុះសោះពីមុនមក ស្រាប់តែស្ងៀមៗ ភ្លាមៗ មានអាការៈឈាមច្រមុះយ៉ាងជោគជាំ ហូរឈាមខ្លាំង ម្តងហើយម្តងទៀត ជាប់គ្នាតែម្តង នោះគឺអាចជារោគសញ្ញានៃជំងឺនៅច្រមុះ ពោលគឺមានដុំពកដុះនៅត្រង់ច្រមុះ។ ប្រសិនបើមានគ្រោះថ្នាក់ធ្លាក់ បុក ប៉ះច្រមុះហូរ រួចមានឈាមចេញតាមច្រមុះនោះគឺជាការធម្មតាទេ ឬបាក់ខ្ទង់ច្រមុះទៅពេទ្យលេបថ្នាំផ្សះបន្តិចជាហើយ ! ប៉ុន្តែបើមានការប៉ះទង្គិចនៅក្បាល គ្មានប៉ះពាល់ត្រូវផ្នែកច្រមុះសោះ តែបែរជាបន្តិចក្រោយមកមានឈាមហូរចេញតាមរន្ធច្រមុះ ឬជាវត្ថុរាវជាសភាពថ្លាៗ ជាងឈាមធម្មតា ត្រូវតែរួសរាន់បញ្ជូនទៅពេទ្យជាបន្ទាន់ ព្រោះជាគ្រោះថ្នាក់ក្បាលដ៏ធ្ងន់ធ្ងរ។”
លោកអ្នកបានស្គាល់អំពី គ្រោះថ្នាក់ដែលអាចបង្កឡើងការឈាមច្រមុះហើយ ឥលូវដល់វេលាដែលយើងត្រូវគិតគូរ អំពីវិធីបញ្ឈប់ឈាមកុំឱ្យបន្តហូរចេញទៀតបាន។
ប៉ុន្តែដំបូងបង្អស់ អ្វីដែលគួរចងចាំ និងគួរចៀសវាងឱ្យបាន គឺមិនត្រូវងើយក្បាលទៅក្រោយឡើយ ព្រោះពេលងើយយើងមើលមិនឃើញថាតើឈាមនៅតែបន្តហូរចេញមកទៀតឬអត់។ មិនតែប៉ុណ្ណោះ ប្រសិនបើក្នុងករណីមានចេញឈាមច្រើន យើងអាចមានគ្រោះឈាមហូរចូលខុសផ្លូវ (ផ្លូវដង្ហើម ឬផ្លូវអាហារ) ដែលអាចផ្តល់ផលវិបាកអាក្រក់ខ្លាំង ក្នុងករណីឈាមហូរទៅធ្លាក់ចូលក្នុងសួត មិនចូលក្នុងក្រពះ។
កាយវិការសាមញ្ញដែលត្រូវធ្វើសុទ្ធតែងាយៗ ៖
- ត្រូវរក្សាភាពស្ងប់ស្ងាត់ (ដើម្បីបញ្ចុះសម្ពាធឈាម ឬចៀសវាងកុំឱ្យមានសម្ពាធឈាមឡើង)។ មានការឈាមច្រមុះខ្លាំង គួរតែគិតគូរវាស់ឈាម ព្រោះបើសម្ពាធឈាមឡើង ត្រូវបញ្ចុះឈាមសិន ទើបអាចបញ្ឈប់ការចេញឈាមច្រមុះបាន។
- អង្គុយ ឬរក្សាជំហរពាក់កណ្តាលអង្គុយ និងដាក់ក្បាលអោនមកមុខ
- ញើសសម្បោរ ដើម្បីជម្លៀសកំណកដុំឈាមតូចៗ ឱ្យឆាប់ឈប់ហូរឈាម
- ច្របាច់ច្រមុះ បិទរន្ធទាំងពីរឱ្យបានយ៉ាងហោច១០នាទី ដើម្បីបំបិទរន្ធសរសៃឈាម។
ដោយគោរពតាមអនុសាសន៍ខាងលើនេះ គេអាចបញ្ឈប់ករណីឈាមច្រមុះធម្មតា បានយ៉ាងមានប្រសិទ្ធិភាព។ បើពុំនោះគេអាចប្រើសំលីពិសេសដែលមានដាក់លក់នៅតាមគ្រប់ឱសថស្ថានសម្រាប់ទប់ទល់នឹងការឈាមច្រមុះនេះ។ មានតែករណី បុគ្គលមានប្រវត្តិជំងឺជាប់ខ្លួន ដូចជា ឈាមក្រកក មានទទួលថ្នាំព្យាបាលប្រឆាំងនឹងឈាមក្រកក មានជំងឺលើសឈាម ដូចបានរៀបរាប់ពីខាងដើមទេ ដែលគួរប្រុងប្រយ័ត្នខ្លាំង និងគិតគូរនាំទៅជួបគ្រូពេទ្យ នៅពេលមានឈាមច្រមុះជោគជាំច្រើន៕
ដោយ អៀង សុខម៉ិញ ( RFI Khmer )