Monday, June 10, 2013

ជាតិ​គីមី​ដែល​កំពុង​ប្រើប្រាស់​នៅ​កម្ពុជា​ប៉ះ​ពាល់​ដល់​សុខភាព

ការ​បរិភោគ​ចំណី​អាហារ​ដែល​មាន​សារធាតុ​គីមី​ច្រើន​ហួស​កម្រិត​អតិ​បរិមា ដែល​ផ្នែក​ស្ដង់​ដារ​ចំណី​អាហារ​នៃ​ក្រសួង​សុខាភិបាល​បាន​អនុញ្ញាត អាច​ធ្វើ​ឱ្យ​រាង​កាយ​អ្នក​បរិភោគ​ទន់​ខ្សោយ ជួប​វិបត្ដិ​រាក​រូស ខ្សោយ​សរសៃ​ប្រសាទ ឈឺ​ក្រពះ និង​បង្ក​ឱ្យ​មាន​រោគ ផ្សេង​ៗ​គ្រប់​បែប​យ៉ាង​។
សារ​ធាតុ​គីមី​ដែល​អ្នក​ផលិត​ច្រើន​ប្រើ​ដាក់​ក្នុង​ចំណី​អាហារ​មាន​ដូច​ ជា​សារ​ធាតុ បូរ៉ាក់​(ទឹកអន្សា) ពណ៌​សំយោគ ឬ​សាំង​តេ​ទិច​អាស៊ីដ​សាលី​ស៊ី​លីក​សូដ្យូម​អ៊ីដ្រូសូហ្វីត (ឬម្សៅស) សារ​ធាតុ​ហ្វ័រ​ម៉ុល​ជា​ដើម​។

១. សារធាតុបូរ៉ាក់ ឬទឹកអន្សា
ជា​សារ​ធាតុ​ដែល​ហាម​ឃាត់​ក្នុង​ច្បាប់​ចំណី​អាហារ​។ ទោះ​បី​ជា​យ៉ាង​ណា ក៏​អ្នក​ផលិត​នៅ តែ​ឆ្លៀត​ដាក់​ដើម្បី​ឱ្យ​ចំណី​អាហារ​របស់​ខ្លួន​មើល​ទៅ​ឃើញ​ល្អ​។ ជាតិ​ទឹក​អន្សា​នេះ គេ​ច្រើន​ដាក់​លើ​ប្រហិត​សាច់​គោ សាច់​ប៉ាត់​តេ ប្រហិត​ត្រី ប្រហិត​សាច់​មាន់ នំលត នំចាំង នំច័ក្កចាន់ គុយទាវ មី​ជា​ដើម ដើម្បី​ឱ្យ​ស្វិត​ល្អ។ សារ​ធាតុ​បូរ៉ាក់​អាច​ធ្វើ​ឱ្យ​អ្នក​បរិភោគ​មាន អាការ​ពុល ខ្សោយ​តម្រង​នោម ខួរ​ក្បាល រលាក​ប្រព័ន្ធ​រំលាយ​អាហារ រលាក​ក្រពះ​ពោះ​វៀន​ជាដើម​។ ហើយ​បើ​ស្រូប​យក​សារ​ធាតុ នេះ​កម្រិត​១៥ ក្រាម​ចំពោះ​មនុស្ស​ចាស់ និង​៥​ក្រាម​ចំពោះ​កូន​ក្មេង អាច​បណ្ដាល​ឱ្យ​ក្អួត​ឈាម​ស្លាប់​បាន​។
ជាតិគីមីដែលកំពុងប្រើប្រាស់នៅកម្ពុជាប៉ះពាល់ដល់សុខភាព

២. ពណ៌សាំងតេទិច ឬពណ៌សំយោគ
គេ​ដាក់​ពណ៌​សាំង​តេ​ទិច​លើ​ចំណី​អាហារ​ក្នុង​គោល​បំណង​ឱ្យ​ចំណី​អាហារ​ ទាំង​នោះ មាន​ពណ៌​ល្អ​ស្អាត​ទាក់​ទាញ ឬ​ប្រើ​ដាក់​បន្ថែម​ពី​លើ​ពណ៌​ធម្មជាតិ​ដែល​មាន​ពណ៌​ស្លែត​មិន​ស្អាត​ក្នុង​ រយៈ​ពេល ផលិត។ ជា​ពិសេស គេ ប្រទះ​ឃើញ​ការ​ដាក់​ពណ៌​សាំង​តេទិច​នេះទៅ​លើ​នំ​ច័ក្ក​ចាន់ នំកូរ សាច់ក្រក ទឹកក្រូច ដំណាប់​កន្ទួត​ជា​ដើម​ផង​ដែរ។ ម្យ៉ាង​ទៀត ពណ៌ សាំង​តេ​ទិច​នេះ​ប្រើ​លើ​ចំណី​អាហារ​មួយ​ចំនួន ដូច​ជា​បង្គា​ក្រៀម សាច់​គោ​ងៀត ត្រី​ងៀត​ជា​ដើម។ គេ​ឃើញ​មាន​ប្រើ​លើ​ចំណី​អាហារ មួយ​ចំនួន​ទៀត ដើម្បី​លើក​កម្ពស់​ការ​ផលិត ដូច​ជា​មី កំពឹស​បំពង​ជា​ដើម​។ ការ​បរិភោគ​ចំណី​អាហារ​ដែល​ដាក់​ពណ៌​សាំង​តេទិច​ជា​រៀង រាល់ថ្ងៃ ធ្វើឱ្យ​ពណ៌​សាំង​តេ​ទិច​នេះ​ជ្រាប​ចូល​តាម​ស្បែក ក្រពះ និង​ប្រដាប់​រំលាយ​អាហារ​ផ្សេង​ទៀត ធ្វើ​ឱ្យ​ស្ទះការ​បញ្ចេញ​អង់​ស៊ីម សម្រាប់​រំលាយ​អាហារ ធ្វើ​ឱ្យ​មិន​ឃ្លាន និង​កាត់​បន្ថយ​ការ​លូត​លាស់​។
ជាតិគីមីដែលកំពុងប្រើប្រាស់នៅកម្ពុជាប៉ះពាល់ដល់សុខភាព

៣. អាស៊ីតសាលីស៊ីលិក
ការ​បរិភោគ​ចំណី​អាហារ​ដែល​ដាក់​អាស៊ីត​សាលីស៊ីលិក​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ ដល់​សុខ​ភាព យ៉ាង​ខ្លាំង​។ សារ​ធាតុ​ត្រូវ​បាន​ហាម​ដាច់​ខាត​មិន​ឱ្យ​ប្រើ​ប្រាស់​លើ​គ្រឿង​បរិភោគ​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក៏​គេ​នៅ​តែ​ឃើញ​អាស៊ីត​សាលីស៊ីលិក​នេះ នៅ​លើ​ចំណី​អាហារ​មួយ​ចំនួន ដូច​ជា​ជ្រក់​បន្លែ ជ្រក់​ផ្លែ​ឈើ​ជា​ដើម ដើម្បី​កុំ​ឱ្យ​ដុះ​ផ្សិត។ ការ​បរិភោគ​ចំណី​អាហារ​ដែល​មាន​ដាក់​អាស៊ីត សាលីស៊ីលិក​ក្នុង​កំហាប់​ខ្ពស់​ពី​២៥​ទៅ​៣០​មីលីក្រាម​ក្នុង​ឈាម​១០០​ មីលីលីត្រ ធ្វើ​ឱ្យ​ក្អួត វិល​មុខ ក្ដៅខ្លួន និងស្លាប់​បាន​។
ជាតិគីមីដែលកំពុងប្រើប្រាស់នៅកម្ពុជាប៉ះពាល់ដល់សុខភាព

៤. សូដ្យូមអ៊ីដ្រូសូហ្វីត ឬម្សៅស
អ្នក​ផលិត និង​អ្នក​លក់ ច្រើន​ប្រើ​ដាក់​ក្នុង​ស្ករ ដូង ត្រញំង​ជ្រក់ ម្សៅ​ធូរេន ខ្ញី​ហាន់ ស្លឹក​គ្រៃ​ហាន់ ស្ករ​ត្នោត សណ្ដែក​បណ្ដុះ ទឹក​ត្រាំ​បន្លែ​ត្នោត​ជា​ដើម ដើម្បី​ឱ្យ​បាន​ពណ៌​ស​ល្អ​។ ចំណី​អាហារ​ដែល​មាន​ម្សៅ​ស​នេះ​នាំ​ឱ្យ​អ្នក បរិភោគ​មាន​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ខ្លាំង ឈឺ​ក្រពះ ក្អួត រាក​ចំពោះ​អ្នក​ងាយ​រង​ប្រតិកម្ម​ជា​ដើម​។ ហើយ​បើ​អ្នក​បរិភោគ​មាន​ជម្ងឺ​ហឺត អាច​ធ្វើ​ឱ្យ​ស្ទះ​ដង្ហើម សន្លប់ ជួន​កាលអាច​បាត់​បង់​ជីវិត​តែ​ម្ដង។
ជាតិគីមីដែលកំពុងប្រើប្រាស់នៅកម្ពុជាប៉ះពាល់ដល់សុខភាព

៥. សារធាតុហ្វ័រម៉ុល
សារ​ធាតុ ហ្វ័រម៉ុល ជា​សារ​ធាតុ​រាវ​ម្យ៉ាង​ដែល​ប្រើ​សម្រាប់​ចាក់​រក្សា​សាក​សព​ទុក​ឱ្យ​បាន​ យូរ។ សព្វ ថ្ងៃ​នេះ អ្នក​ផលិត និង​អ្នក​លក់​ប្រើ​សារ​ធាតុ​ហ្វ័រម៉ុល​ដើម្បី​ត្រាំ​បន្លែ​ស្រស់ ត្រាំបង្គា​ស្រស់ មឹក​ស្រស់ និង​សាច់​ស្រស់​នានា។ សារ​ធាតុ​ហ្វ័រម៉ុល​អាច​ធ្វើ​ឱ្យ​អ្នក​បរិភោគ​ឈឺ​ក្រពះ ក្អួត រាក បាត់​បង់​ស្មារតី ​បើ​ធ្ងន់ធ្ងរ​អាចបណ្ដាល​ឱ្យ​ស្លាប់​បាន។
ជាតិគីមីដែលកំពុងប្រើប្រាស់នៅកម្ពុជាប៉ះពាល់ដល់សុខភាព
(ខ្លឹម​សារ​នៅ​ក្នុង​អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​សារ​ជាតិ​គីមី បង្ក​ជាតិ​ពុល និង​មេរោគ​បង្ក​ជម្ងឺ​ក្នុង​ចំណី​អាហារ​រៀប​រាង​និង​ចេញ​ផ្សាយ​ដោយ​មន្ទីរ​ ពិសោធន៍​ជាតិ​ត្រួត​ពិនិត្យ​គុណ​ភាព​ឱសថ និង​ចំណី​អាហារ នៃ​ក្រសួង​សុខាភិបាល​ប្រទេស​កម្ពុជា។)