មនុស្សម្នាក់ ៗ សុទ្ធតែត្រូវការដេក ប៉ុន្តែរយៈពេលដែលត្រូវដេកមិនដូចគ្នាទេ ។
មនុស្សធម្មតា ត្រូវការដេក ៨ ម៉ោងក្នុងមួយថ្ងៃ កូនក្មេងត្រូវដេកពី ១០ ទៅ ១២ ម៉ោង ចំណែកមនុស្សចាស់ ត្រូវការដេក ពី ៥ ទៅ ៦ ម៉ោងក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ ។
ចូរពិនិត្យមើលទារក ដែលទើបនឹងកើតមកថ្មី ៗ វាដេកទាំងយប់ទាំងថ្ងៃ លើកលែងតែរយះពេលមួយភ្លេត ដែលវាត្រូវស្រែកយំឃ្លានប៉ុណ្ណោះ ក្រៅពីនោះ សុទ្ធតែជារយះពេលដេកយ៉ាងស្កប់ស្កល់ ។ តាមការពិនិត្យ ឃើញថា ទារកម្នាក់ ៗ ត្រូវដេក ២០ ម៉ោងយ៉ាងតិច ក្នុងរយះ ពេល ១ ថ្ងៃ ១ យប់ ។
បញ្ហាដេកនេះ មានសារៈសំខាន់នាស់ ចំពោះមនុស្សពិសេស ចំពោះទារក និង កូនក្មេងដែលកំពុងរីកចំរើន ។ បើក្មេងម្នាក់ ៗ អាចដេកឲ្យបានស្កប់ស្កល់ និង ឲ្យបានច្រើនពេលវេលា នោះសុខភាពរបស់វា នឹង បានបរិបូណ៌មិនខាន ។
ចំពោះយុវជនវិញ បញ្ហាដេកក៏មានសារៈសំខាន់ដែរ ព្រោះកាល់បើដេកស្កប់ស្កល់ពេញមួយយប់ហើយ សភាពហត់នឿយទាំងឡាយ ដែលបណ្ដាលមកពីការសិក្សា និង ការងារផ្សេង ៗ ត្រូវបានកំចាត់កំចាយអស់ ខួរក្បាលក៏ត្រូវស្ថិតក្នុងសភាពស្ពឹកដោយបានសម្រាក ។ ដូច្នេះ ព្រឹកថ្ងៃបន្ទាប់ គេនឹងមានកម្លាំងកំហែង ថ្លាខួរក្បាល អាចប្រកបការងារតទៅទៀត បានយ៉ាងធូរស្រួល ។
បើយ៉ាងដូច្នេះ ហេតុម្ដេចបានជាក្មេង ដេកច្រើនជាងយុវជន ហើយយុវជនដេកច្រើនជាងមនុស្សចាស់ ?
តាមការស្រាវជ្រាវបានឲ្យដឹងថា សម្ព័ន្ធនៃសរសៃវិញ្ញាណ របស់កូនក្មេង មានភាពមិននឹងនរ គឺវាងាយនឹងរំជួយ ងាយនឹងស្ពឹក កូនក្មេងឆាប់អស់កម្លាំង ហត់នឿយ ហើយក៏ឆាប់រំភើប ដូចនេះ កូនក្មេងត្រូវការដេកច្រើនណាស់ ។
ចំណែកយុវជន ធម្មតាដេកតែ ៨ ម៉ោងក៏ឃើញថាគ្រប់គ្រាន់ហើយ ។ ព្រោះការប្រើកម្លាំងកាយ និង កម្លាំងប្រាជ្ញាដ៏ច្រើនមហិមា បានធ្វើឲ្យយុវជនហត់នឿយ អស់កម្លាំង តែការសម្រាក ៨ ម៉ោងនេះ ក៏ល្មមនឹងធ្វើឲ្យយុវជន កំចាត់ការហត់នឿយបាន ព្រមទាំងអាចការពារ គោលិកាវិញ្ញាណក្នុងស្រទាប់ខួរក្បាល មិនឲ្យខូចខាតផង ។
តែចំពោះមនុស្សចាស់វិញ ដោយសារពលកម្មមិនសូវមានច្រើន ហើយគោលិកាវិញ្ញាណទាំងឡាយ ក៏មិនសូវរំជើបរំជួលខ្លាំង ដូចយុវជន អាស្រ័យហេតុនេះ បានជាមនុស្សចាស់ មិនសូវត្រូវការដេកសម្រាកច្រើនម៉ោងពេក ។