ជនជាតិចិន1300000 ស្លាប់ព្រោះស្រូបខ្យល់បរិយាកាសកខ្វក់ ក្នុងមួយឆ្នាំៗ
(reuters)
|
ខ្យល់កខ្វក់ Pollution d’Air កំពុងក្លាយជាចំណោទសម្រាប់មនុស្សជាតិ កាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ កាលពីសប្តាហ៍មុន “ខ្យល់បរិយាកាលប្រកបដោយសារធាតុពុល” បានក្លាយជាប្រធាននៃការតស៊ូមតិយ៉ាងផុសផុលបំផុតនៅប្រទេសចិន ព្រោះក្រុងប៉េកាំង ទាំងមូល ព្រមទាំងក្រុងធំៗរបស់ចិនជាង១០ផ្សេងទៀត គ្របដណ្តប់ស្ទើរតែទាំងស្រុងដោយភាពអាប់អួរ ផ្សែង អ័ព្ទ រកស្ទើរដកដង្ហើមមិនកើត មើលគ្នាស្ទើរមិនស្គាល់។ អាជ្ញាធរប៉េកាំងពេលនេះ កំពុងរៀបចំចាត់វិធានការមួយ ដោយសង្ឃឹមថានឹងអាចជួយទ្រទ្រង់កុំឱ្យខ្យល់អាកាសមានសារធាតុពុល ច្រើនពេក។ វិធានការទាំងនោះ គ្មានអ្វីក្រៅពីចំណាត់ការដែលធ្លាប់ធ្វើម្តងកាលពីមុនមកទេ និង នៅពេលដែលកំរិតពុលក្នុងបរិយាកាសនោះ ឡើងជ្រុលហួសហេតុ នោះគឺការបិទរោងចក្រឧស្សាហកម្ម ដែលដើរដោយធ្យូងថ្ម ដើម្បីកាត់បន្ថយការបញ្ចេញផ្សែងពុល ហាមឃាត់មិនឱ្យរថយន្តមួយចំនួនបើកបរកាត់ក្រុង ។ល។ និង ។ល។
កំរិតសារធាតុពុលក្នុងខ្យល់ កាន់តែខ្ពស់ សុខភាពរបស់ប្រជាពលរដ្ឋដែលត្រូវការដកដង្ហើមនឹងខ្យល់ពុលនេះជារៀង រាល់ថ្ងៃ ក៏ត្រូវរងគ្រោះទៅតាមនោះដែរ។ ដូច្នេះគ្មានអ្វីដែលភ្ញាក់ផ្អើលឡើយ នៅពេលឃើញរបាយការណ៍ទាក់ទងនឹងសុខភាពរបស់បណ្តាជនចិននោះ។ កាលពីឆ្នាំ២០១១ សារព័ត៌មានរដ្ឋ China Daily បានបោះផ្សាយតួលេខបញ្ជាក់ពីចំនួនអ្នកកើតមហារីកសួត កើនឡើងដល់ទៅ៦០% ក្នុងរយៈពេល១០ឆ្នាំនៅប្រទេសចិន ខណៈដែលមានចំនួនអ្នកជក់បារីស្ថិតនៅថេរសោះ។
នៅពេលនិយាយថា ខ្យល់ពុល គឺមកពីខ្យល់កខ្វក់ មានលម្អងតូចៗឆ្មារៗ ខ្លាំងមើលមិនឃើញនឹងភ្នែក រសាត់ពីអាកាស ហើយលម្អង ឬ ធាតុតូចល្អិតនេះ ចូលក្នុងខ្លួនមនុស្សតាមផ្លូវដកដង្ហើម ទៅរុំសួត និងបង្កជាជំងឺផ្លូវដង្ហើមផ្សេងៗ ជាច្រើន។ បើតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក ដើម្បីរក្សាសុខភាពពីគ្រោះថ្នាក់បង្កឡើងខ្យល់អាកាស ត្រូវកំរិតមានធាតុល្អិតឆ្មាៗបំផុត (២,៥មីក្រូម៉ែត្រ = ២,៥/១លានម៉ែត្រ) កុំឱ្យលើសពី២០មីក្រូក្រាម ក្នុងមួយម៉ែត្រគូបខ្យល់ (មួយមីក្រូក្រាម = ០,០០០០០១ក្រាម)។ បើដល់៣០០នោះនឹងមានគ្រោះថ្នាក់ហើយសំរាប់សុខភាព។ ឯនៅប្រទេសចិន កាលពីសប្តាហ៍មុននោះកំរិតពុលក្នុងខ្យល់បានឡើងដល់ជាង៧៥៥។
ប្រសិនបើក្រុងណាមួយចេះកាត់បន្ថយកំរិតសារធាតុពុលក្នុងខ្យល់បាន ដូចការណែនាំរបស់អង្គការសុខភាពពិភពលោក នោះអាយុកាលមធ្យមសង្ឃឹមរស់បានរបស់មនុស្ស អាចកើនបានដល់ទៅពីរឆ្នាំ។ ជាឧទាហរណ៍ នៅក្រុងប៉ារីស ប្រទេសបារាំង ប្រសិនបើបារាំងអាចបញ្ចុះកំរិតសារធាតុល្អិតៗឱ្យមកត្រឹមតែ១៦,៥µg/m3 នោះបណ្តាជនដែលបច្ចុប្បន្នមានវ័យ៣០ឆ្នាំ អាចចំណេញអាយុបាន៦ខែ។
សារធាតុពុលក្នុងខ្យល់
“តាមការពិត យើងស្រូបដង្ហើមនាំយកធាតុពុល មិនមែនតែមួយមុខទេ ! គឺសារធាតុពុលលាយលំគ្នាយ៉ាងច្រើន ! ប៉ុន្តែធាតុពុលខ្លាំងជាងគេដែលឃើញមានច្រើននៅតាមទីក្រុងរបស់ អឺរ៉ុប គឺ អុកស៊ីតដាហ្សូត - ធាតុល្អិតបំផុតដែលមានអង្កត់ផ្ចិតប្រវែងតែ២,៥មីក្រុង ដែលហៅជាភាសាបារាំង PM2.5 ហើយនិងធាតុពុលអូហ្សូន ដែលមានច្រើនក្នុងរដូវក្តៅ ក្នុងពេលមានពន្លឺ Utraviolet -ពន្លឺព្រះអាទិត្យខ្លាំង។ សារធាតុពុល បង្កឡើងឧស្សាហកម្ម នៅប្រទេសខ្លះមានការធ្លាក់ចុះ ប៉ុន្តែជាសំណាងអាក្រក់ បច្ចុប្បន្ននេះផ្សែងឡានផ្សែងម៉ូតូបានមកជំនួសផ្សែងពុលឧស្សាហកម្ម ព្រោះចរាចរណ៍យានយន្ត ឡានម៉ូតូ កើនឡើងឥតឈប់ នៅតាមក្រុងធំៗ”។
រោគផ្សេងៗបង្កឡើងដោយខ្យល់កខ្វក់
ឈឺបេះដូង រលាកផ្លូវដង្ហើម មហារីកសួត សុទ្ធសឹងជាជំងឺធំៗ និងសំខាន់ៗ ដែលបង្កឡើងខ្យល់កខ្វក់ ព្រោះយើងដកដង្ហើមទៅស្រូបយកធាតុពុលចូលទៅក្នុងខ្លួន ធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់ប្រព័ន្ធផ្លូវដង្ហើម។ សារធាតុពុលដែលមាននៅក្នុងខ្យល់បរិយាកាស អាចបង្ករោគធ្ងន់ ឬស្រាល។ ជំងឺស្រាលៗ អោយរោគសញ្ញារំខានជាច្រើន ដូចជា ក្អក ពិបាកដកដង្ហើម រលាកច្រមុះ ។ល។ និង។ល។ ចំណែករោគធ្ងន់វិញ ដែលអាចធ្វើស្លាប់បាន មានជាអាទិ៍ជំងឺរលាកទងសួតរ៉ាំរ៉ៃ ជំងឺហឺត។ យើងបានដឹងបន្ថែមទៀត តាំងពីជាង១០ឆ្នាំមុន ថា ខ្យល់ពុលនេះ ក៏ប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធសរសៃឈាមបេះដូង។ ព្រោះធាតុល្អិតៗតូចៗ អាចជ្រៀតចូលកប់ទៅក្នុងប្រព័ន្ធផ្លូវដង្ហើមយ៉ាងជ្រៅ ហើយក៏អាចឆ្លងកាត់ដល់ប្រព័ន្ធដំណើរឈាម ធ្វើឱ្យរំខានដល់សរសែឈាម -បង្កជាជំងឺបេះដូងជាច្រើន រួមមានចុកទ្រូង ឬ ស្លោកសាច់ដុំបេះដូង។ និងធ្ងន់ធ្ងរជាងនេះទៅទៀត ការស្រូបខ្យល់ពុលនេះយូរៗទៅនឹងធ្វើឱ្យងាយកើតជំងឺមហារីកសួត"។
អ្នកណារងគ្រោះពីខ្យល់អាកាសមិនបរិសុទ្ធនេះខ្លាំងគេ ?
“អ្នកដែលងាយរងគ្រោះជាងគេ គឺមនុស្សចាស់ ស្ត្រីមានផ្ទៃពោះ កុមារ និងមនុស្សដែលមានប្រព័ន្ធការពារខ្លួនខ្សោយ។ ចំពោះស្ត្រីមានផ្ទៃពោះ និងទារកទើបនឹងកើត ដែលទន់ទ្រាយជាងគេ ការប្រឈមមុខស្រូបយកខ្យល់កខ្វក់ អាចនឹងធ្វើឱ្យសុខភាពទងសុកមិនល្អ ពេលកំពុងពរពោះ ដែលនេះនឹងងាយជំរុញឱ្យមានអាការៈលើសឈាមធ្ងន់ធ្ងរដល់ស្ត្រីមានគ៌ភ មានផលវិបាកផ្សេងៗពេលសំរាលកូន ទារកក្នុងផ្ទៃលូតលាស់យឺតយាវ ឬកើតមុនកាលកំណត់។ ភាពប្រឈមនឹងការស្រូបខ្យល់អាកាសកខ្វក់នេះ មានជាប់ពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់នៅប្រជាពលរដ្ឋ ពោលគឺអ្នករស់នៅជាប់ដងផ្លូវ ជិតអាកាសយានដ្ឋាន ជិតរោងចក្រឧស្សាហកម្ម និងរោងចក្រសំរាម រងគ្រោះខ្លាំងជាងគេ”។
(ប្រភព៖ វិទ្យុបារាំងអន្តរជាតិ )