បញ្ហាក្លិនមិនល្អនៅក្នុង បន្ទប់ទឹកគឺជារឿងមួយ យ៉ាងសំខាន់សម្រាប់លោកអ្នក ជាពិសេសសម្រាប់អ្នក ដែលរស់នៅក្នុងទីប្រជុំជន។ បញ្ហានេះធ្វើឱ្យមាន ផលប៉ះពាល់ដល់បញ្ហាបរិស្ថាន និងសុខភាពទៀតផង។
មូលហេតុបណ្ដាលឱ្យមានក្លិនមិនល្អ នៅក្នុងបន្ទប់ទឹក
មូលហេតុបណ្ដាលឱ្យមានក្លិនមិនល្អនៅក្នុងបន្ទប់ទឹក គឺមានដូចខាងក្រោម ៖
- ដោយសារមិនបានសម្អាតឱ្យបានត្រឹមត្រូវ
- ដោយសារមិនចុចទឹក ឬលាងសម្អាតជុំវិញបង្គន់ រាល់ពេលប្រើប្រាស់ហើយ
- ក្រដាសដែលប្រើប្រាស់ហើយ មិនបានយកចោលភ្លាមៗ
- ពុំមានខ្យល់គ្រប់គ្រាន់ ឬបំពង់បឺតក្លិនចេញ។
មធ្យោបាយការពារកុំឱ្យមានក្លិនមិនល្អនៅក្នុងបន្ទប់ទឹក
លោកអ្នកគួរតែសម្អាត ឬចុចទឹករាល់ការប្រើប្រាស់ហើយ។ ក្រដាសបង្គន់ដែលជូតហើយត្រូវយក ទៅចោលនៅក្នុងធុងអនាម័យ ឬប្រើធុងសំរាមដែលមានមាត់បិទបើក នៅពេលប្រើហើយរួចបោះចោល ក្នុងធុងនោះដោយបិទគ្របជិតតាមធម្មតា ក្រដាសបង្គន់នៅពេលជូតហើយ គឺយើងត្រូវបោះចោលទៅក្នុងចានបង្គន់។ ប៉ុន្ដែភាគច្រើនគេពុំយល់ពីបញ្ហានេះទេ ដោយគិតថា បើបោះចោលទៅក្នុងចានបង្គន់ អាចបង្កឱ្យមានការស្ទះបង្គន់។ បើតាមការស្រាវជ្រាវដិតដល់ទៅ ក្រដាសសម្រាប់ជូតក្នុងបង្គន់ គឺតម្រូវឱ្យបោះចោលទៅចានបង្គន់ មិនមែនដាក់ក្នុងកន្ដ្រកសំរាមទេ។ ព្រោះក្រដាសនេះមានលក្ខណៈទន់ ពេលត្រូវទឹកទៅវានឹងរលាយអស់ ដែលមិនធ្វើឱ្យបង្គន់លោកអ្នកស្ទះទេ។ លើកលែងតែក្រដាសរឹង ឬសំឡីអនាម័យ វានឹងស្ទះបង្គន់។
ដំបូន្មានអ្នកជំនាញ
បើលោកអ្នកចង់ឱ្យបង្គន់មានក្លិនល្អ លោកអ្នកកុំផ្ទុកក្រដាសដែលជូតហើយ ទៅក្នុងកន្ដ្រកសំរាម ឬលោកអ្នកប្រើប្រភេទធុងសំរាម ដែលបើកបិទកុំឱ្យមានក្លិនជះមកក្រៅ។ ព្រោះក្រដាសដែលជូតហើយ ចោលក្នុងធុងសំរាម វានឹងធ្វើឱ្យមានក្លិន ជះស្អុយមិនខានឡើយ៕