ឪពុកម្តាយគួរបង្រៀនកូនឲ្យចេះចាត់ចែងកិច្ចការប្រចាំថ្ងៃរបស់ ខ្លួនតាមពេលវេលាទៀតទាត់ឲ្យកើតជាទម្លាប់ដូចជា ការទទួលទាន ការគេង ឬការសិក្សារៀនសូត្រ ដើម្បីស្វែងយល់ពីវិន័យការទទួលខុសត្រូវបែបងាយ។ ប៉ុន្តែអ្វីដែលសំខាន់និងកើតចេញជាលទ្ធផលល្អគួរចាប់ផ្តើម បង្ហាត់បង្ហាញជាសន្សឹមៗតាំងពីកូននៅតូច។
១-ដុសធ្មេញៈ នាំកូនទៅជ្រើសរើសទិញច្រាស ថ្នាំដុសធ្មេញដែលកូនចូលចិត្ត គ្រាន់តែអ្នកជាជំនួយការ ដែលចាំប្រាប់ពីរឿងសុខ ភាពអនាម័យមាត់-ធ្មេញ ដូចជា មុនចូលគេង អាចបបួលកូនទៅដុសធ្មេញ ដែលត្រឹមត្រូវដល់កូនផង។
២-កក់សក់ៈ ចំពោះក្មេងតូចៗ ការកក់សក់អាចជារបស់លេងពិតជាទាក់ទាញចិត្តរបស់គេ។ ប៉ុន្តែក្មេងធំបន្តិច អ្នកអាចបន្ថែមតិចនិកពេលងូតទឹកដល់កូនដោយបង្រៀនកូនកក់សក់ ដូចជាចាក់សាប៊ូដាក់បាតដៃ ម្តងបន្តិចៗ កក់ពីរដង រួចលាងជម្រះដោយទឹកស្អាតរហូតអស់ពពុះពីក្បាល។
៣-ងូតទឹកៈ បើរឿងនិទានដែលពាក់ព័ន្ធនឹងការសម្អាតរាងកាយ ថែខ្លួន មកបង្រៀនកូនទើបកូនបានទាំងចំណេះដឹង និងការសប្បាយពីការស្តាប់រឿងនិទាន។
៤-ស្លៀកពាក់ៈ ច្រៀងចម្រៀងបបួលកូនរៀនពីការស្លៀកពាក់ ដូចជា លើកដៃឡើង រួចបង្វិលពាក់អាវ ស៊កដៃចូលម្តងមួយ ហើយត្រូវបិទឡេវអាវ ត្រួតពិនិត្យភាពរាបរយថា បិទឡេវឬនៅ? រូតខ្សែរូតហើយឬនៅ? ...ជាដើម។
៥-ពាក់ស្រោមជើង-ស្បែកជើងៈ លេងល្បែងប្រណាំងពាក់ស្បែកជើង ដោយកំណត់ពេលរវាងឪពុក និងកូន នរណាពាក់ស្បែកជើងបានរួចរាល់មុនព្រមទាំងទះដៃផ្តល់ជាកម្លាំងចិត្ត និងបង្រៀនកូនចងខ្សែស្បែកជើងត្រឹមត្រូវ បើកូនចងខុស។
៦-បោកខោអាវៈ បបួលកូនធ្វើកិច្ចការរួមគ្នាដូចជា ឲ្យកូនប្អូនជួយដួសទឹកដាក់ផើងបោកខោអាវ។ រីឯកូនបងមានកម្លាំងខ្លាំងជាងអាចជួយអ្នកម្តាយបោកខោអាវ។ អាចចាប់ផ្តើមពីបោកក្រណាត់ជូតមុខបោកស្រោមជើងខ្លួនឯង ជាមុនសិនរួចសឹមបោកខោអាវតាមក្រោយ។
៧-ថែទាំកន្លែងគេងៈ ឲ្យកូនជួយការងារតូចតាចរបស់ខ្លួន និងរបស់ឪពុកម្តាយ ដូចជាប្រមូលរៀបចំ និងសម្អាតកន្លែងគេងរបស់ខ្លួនឯងពេលក្រោកពីគេង ឬលាងចាន ពេលទទួលទានអាហាររួច។
អ្វីដែលសំខាន់បំផុតមិនអាចខ្វះបាន គឺកម្លាំងចិត្តពាក្យសរសើរ ដែលវាមានតម្លៃបំផុតសម្រាប់អារម្មណ៍កូន។ ដូច្នេះឪពុកម្តាយ គួរសរសើរកូនរាល់ពេលដែលពួកគេអាចធ្វើអ្វីបាន៕
(ប្រភព៖វាយោFM)