នៅប្រទេសកម្ពុជា
គឺជាការពេញនិយមខ្លាំងណាស់ចំពោះការប្រើប្រាស់ឱសថដោយខ្លួនឯង។
តាមការប៉ាន់ប្រមាណ ប្រជាពលរដ្ឋញខ្មែរមិនតិចជាង៧០%ទេ
ដែលប្រើប្រាស់ឱសថដោយខ្លួនឯង។ ករណីនេះ
កំពុងបង្កគ្រោះថ្នាក់យ៉ាងធំដល់សុខភាព
និងសុខុមាលភាពប្រជាពលរដ្ឋយ៉ាងចម្រូងចម្រាស់បំផុត។
ដើម្បីជួយបង្ហាញផ្លូវដល់ប្រជាពលរដ្ឋខ្មែរ យើងខ្ញុំសូមណែនាំជូនអំពីរបៀបប្រើប្រាស់ឱសថត្រឹមត្រូវដោយខ្លួនឯង
និងដោយវេជ្ជបញ្ជា នៅលើទំព័ររបស់ខ្លួនចាប់ពីពេលនេះតទៅ។
ជារៀងរាល់ថ្ងៃ មនុស្សម្នាក់ៗតែងតែមានជម្ងឺ និងឈឺថ្កាត់បន្ដិចបន្ដួចមិនអាចចៀសផុតឡើយ។ ជម្ងឺខ្លះធ្ងន់ ជម្ងឺខ្លះទៀតស្រាល។ លោកអ្នកអាចសម្រេចប្រើប្រាស់ឱសថ ឬថ្នាំសង្កូវដោយខ្លួនឯង ឬតាមរយៈវេជ្ជបញ្ជា ប៉ុន្ដែគ្រូពេទ្យខ្លះក៏ទូន្មានដល់អ្នកជម្ងឺឱ្យប្រើប្រាស់បន្ថែម ឬបន្ដក្នុងករណីមិនទាន់ជាដាច់ ឬលាប់ឡើងវិញជាដើម ពោលទៅតាមករណីនីមួយៗ។ ដើម្បីធានាបានការអនុវត្ដត្រឹមត្រូវ និងប្រកបទៅដោយសុវត្ថិភាព ការប្រើប្រាស់ឱសថដោយខ្លួនឯង អាចធ្វើទៅបានតែត្រូវគោរពគោលការណ៍មួយចំនួន។
1 . សូមសួរយោបល់ឱសថការី ដែលប្រចាំការនៅឱសថស្ថាន
ទោះបីជាឱសថភាគច្រើនត្រូវបានគិតគូរពីសុវត្ថិភាព និងប្រសិទ្ធភាពបែបណាក្ដី ប៉ុន្ដែមុននឹងសម្រេចទិញឬប្រើឱសថណាមួយដែលគ្មានវេជ្ជបញ្ជា គួរតែត្រូវទទួលព័ត៌មានគ្រប់គ្រាន់ជាមុនសិន។ ឱសថការីគឺជាអ្នកវិជ្ជាជីវៈមួយដែលទទួលការបណ្ដុះបណ្ដាល យ៉ាងតិចបំផុត៥ឆ្នាំ ដើម្បីឈរឈ្មោះជាអ្នកបើកឱសថស្ថាន និងផ្ដល់ដំបូន្មានដល់អតិថិជនអំពីឱសថ និងការប្រើប្រាស់របស់វា។ ឱសថការីជាអ្នកទទួលបន្ទុកផ្ដល់ដំបូន្មានអំពីឱសថ ដែលអាចប្រើឱសថបាន និងកាលៈទេសៈប្រើប្រាស់។ សូមកុំច្រឡំអ្នកលក់ឱសថ និងឱសថការី។ ជាក្រឹត្យក្រម នៅឱសថស្ថានមួយត្រូវមានឱសថការីប្រចាំការ។
2 . សូមពិគ្រោះគ្រូពេទ្យរបស់លោកអ្នកក្នុងករណីសង្ស័យ ករណីមានផ្ទៃពោះ បំបៅដោះកូន ឬសម្រាប់ទារកប្រើប្រាស់
មុនពេលព្យាបាល តោងដឹងអំពីបញ្ហាសុខភាព ដែលចោទជាបញ្ហា និងត្រូវព្យាបាល។ មានតែជម្ងឺឬអាការរោគដែលស្គាល់ច្បាស់ទេ ទើបនាំឱ្យមានការសម្រេចចិត្ដថាប្រើប្រាស់ឱសថដោយខ្លួនឯងប្រកបទៅដោយ ហេតុផល។ ករណីរោគសញ្ញាជម្ងឺនៅសង្ស័យមិនទាន់ច្បាស់ ឈឺគំហុក និងកើតមានមិនឈប់ លោកអ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានការពិនិត្យសុខភាព ស៊ីជម្រៅ។ អាចជាករណីផងដែរ បើសិនជាការប្រើប្រាស់ឱសថនោះនៅតែមិនមានការប្រសើរឡើង។ ចំពោះករណីស្ដ្រីមានផ្ទៃពោះ ស្ដ្រីដែលបំបៅដោះកូន និងទារក ពួកគេមិនត្រូវទទួលទានឱសថណាមួយដោយគ្មានដំបូន្មានគ្រូពេទ្យនោះទេ។
3 . សូមប្រើប្រាស់ឱសថដោយខ្លួនឯង តែក្នុងរយៈពេលមួយសមស្របតែប៉ុណ្ណោះ
ករណីស្ថានភាពសុខភាពទូទៅរឹតតែធ្ងន់ធ្ងរនៅពេលកំពុងព្យាបាល លេបថ្នាំដោយខ្លួនឯង ឬមិនមានការប្រសើរឡើងទាល់តែសោះ ការពិគ្រោះជម្ងឺ ឬការពិគ្រោះវេជ្ជសាស្ដ្រមួយត្រូវធ្វើឡើងជាដាច់ខាត មិនត្រូវបណ្ដែតបណ្ដោយនោះឡើយ។ គ្រប់ករណីទាំង អស់ លោកអ្នកត្រូវមើលកាលបរិច្ឆេទប្រើប្រាស់ មិនត្រូវប្រើប្រាស់ឱសថដែលហួសកាលកំណត់ដែលបានសរសេរនៅលើប្រអប់នោះ ទេ។
4 . សូមកុំអនុវត្ដការប្រើប្រាស់ឱសថដោយខ្លួនឯងបែបលាក់លៀម
ប្រសិនបើលោកអ្នកពិគ្រោះជាមួយគ្រូពេទ្យបន្ទាប់ពីនិន្នាការនៃការ ប្រើប្រាស់ឱសថដោយខ្លួនឯងមិនមានប្រសិទ្ធភាព សូមកុំលាក់លៀមការព្យាបាល ឬលេបថ្នាំដែលលោកអ្នកបានធ្វើដោយខ្លួនឯង ឬលោកអ្នកកំពុងបន្ដធ្វើនៅឡើយ។ គ្រូពេទ្យធ្លាប់ដឹងរួចមកហើយថា អ្នកជម្ងឺរបស់ខ្លួនធ្លាប់សាកល្បងព្យាបាលដោយខ្លួនឯងរួចមកហើយ មុននឹងគេឱ្យខ្លួនព្យាបាល ជាពិសេសករណីឈឺបន្ដិចបន្ដួច។ គ្រូពេទ្យល្អពិតជាមិនរិះគន់ និងថ្កោលទោសអ្នកជម្ងឺរបស់ខ្លួននោះឡើយ។
5 . សូមអានព័ត៌មានឱសថ និងមើលសម្បកប្រអប់
សម្បកប្រអប់ឱសថមិនមែនប្រើសម្រាប់តែវេចខ្ចប់ឱសថប៉ុណ្ណោះទេ ប៉ុន្ដែក៏មានប្រាប់អំពីរបៀបប្រើប្រាស់ និងព័ត៌មាន អំពីឱសថនានា ដូចជាឈ្មោះថ្នាំ អ្នកផលិត ធាតុផ្សំសកម្ម ថ្ងៃខែឆ្នាំកំណត់ប្រើប្រាស់ជាដើម។ ហេតុនេះគួរថែរក្សាសម្បកប្រអប់ និងព័ត៌មានឱសថទាំងនោះទុកនៅកន្លែងសុវត្ថិភាពមួយ។
សូមអានប័ណ្ណព័ត៌មានឱសថដោយប្រុងប្រយ័ត្ន។ ប័ណ្ណនេះប្រាប់លោកអ្នកអំពីរបៀបប្រើប្រាស់ ជម្ងឺដែលត្រូវប្រើធាតុផ្សំ ទម្រង់សណ្ឋាន កម្រិតប្រើប្រាស់ទៅតាមអាយុ ឬទម្ងន់ រយៈពេលប្រើប្រាស់ព្យាបាលមុននឹងទៅជួបគ្រូពេទ្យ ប្រការប្រុងប្រយ័ត្ន ឥទ្ធិពលអាក្រក់ដែលអាចកើតមាន និងរបៀបថែរក្សាទុកដាក់ឱសថ។
6 . សូមចៀសវាងការប្រើប្រាស់ឱសថច្រើនមុខ
ការលេបថ្នាំច្រើនមុខដំណាលគ្នា អាចនាំឱ្យមានប្រសិទ្ធភាពខ្ពស់ ឬផ្ទុយទៅវិញអាចកាត់បន្ថយប្រសិទ្ធភាព ឬជួនពេលទៀតអាចបង្កើននូវឥទ្ធិពលគ្រោះថ្នាក់ដែលមិនចង់បាន (ឥទ្ធិពលទី២)។ ពេញមួយរយៈពេលព្យាបាលដោយវេជ្ជបញ្ជា លោកអ្នកត្រូវប្រាប់គ្រូពេទ្យឱ្យអស់នូវការប្រើប្រាស់ឱសថផ្សេងទៀតដោយ ខ្លួនឯង ដែលលោកអ្នកកំពុងធ្វើផងដែរ។
7 . សូមចៀសវាងទទួលទានស្រាពេលលេបថ្នាំ
ជាតិអាល់កុល ឬស្រា អាចធ្វើឱសថជាច្រើនប្រែប្រួលប្រសិទ្ធភាព និងបង្កើនគ្រោះថ្នាក់នៃឥទ្ធិពលអាក្រក់ ឬឥទ្ធិពលទី២។ ដូចគ្នាទៅនឹងឱសថមួយចំនួនដែរ ស្រាអាចកាត់បន្ថយលឿនប្រតិកម្មជាខ្លាំង ដែលជាការប្រុងប្រយ័ត្នយ៉ាងខ្លាំងក្លាសម្រាប់ការបើកបររថយន្ដ ឬការបញ្ជាម៉ាស៊ីនអ្វីមួយ។
8 . សូមរក្សាទុកដាក់ឱសថឱ្យបានត្រឹមត្រូវ
ក្រោមឥទ្ធិពលនៃពន្លឺ កម្ដៅ ឬសំណើម ឱសថអាចខូចគុណភាព។ ដើម្បីថែរក្សាទុកឱ្យបានត្រឹមត្រូវ សូមទុកវានៅម្លប់ ត្រជាក់ល្មម និងកន្លែងស្ងួត។ រឹតតែប្រសើរ លោកអ្នកអាចទិញទូសម្រាប់ថែរក្សាទុកដាក់ឱសថ។
9 . សូមទុកដាក់ថ្នាំឱ្យឆ្ងាយពីដៃក្មេង
ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាចាំបាច់លោកអ្នកត្រូវទុកដាក់រក្សាទុកឱសថ ឱ្យនៅឆ្ងាយពីដៃក្មេង នៅទីកន្លែងខ្ពស់ ឬក្នុងទូមួយបិទជិតដោយសោរ។ មិនគួរទុកដាក់ឱសថនៅក្នុងថតតុក្នុងបន្ទប់គេង ធ្នើរនៅក្នុងចង្ក្រានបាយ ឬក្នុងបន្ទប់ទឹកនោះទេ បើមិនមានសោរចាក់បិទជិតនោះទេ។ មានករណីលើកលែងខុសពីគោលការណ៍នេះ ថ្នាំបង្ការ(វ៉ាក់សាំង) និងថ្នាំសុលបូករួមទាំងថ្នាំ ម្សៅ ឬទឹកម្សៅ(ថ្នាំផ្សះ ឬអង់ទីប៊ីយូទិច)អាចទុកដាក់នៅក្នុងទូទឹកកកបាន។ ប៉ុន្ដែសូមទុកដាក់រុញវាទៅឱ្យជ្រៅជាន់លើគេ ប៉ុន្ដែមិន ត្រូវទុកដាក់រហូតភ្លេចយកមកប្រើនោះទេ។
10 . ត្រូវហ៊ានបោះបង់ចោលការប្រើប្រាស់ឱសថដោយខ្លួនឯង
ព្យាបាលដោយគ្មានការពិគ្រោះវេជ្ជសាស្ដ្រ អាចធ្វើទៅបានសម្រាប់តែករណីជម្ងឺដែលស្គាល់ច្បាស់ ឬវិនិច្ឆ័យរោគពិតប្រាកដតែប៉ុណ្ណោះ។ ករណីមានជម្ងឺរ៉ាំរ៉ៃមួយចំនួន ជាអាទិជម្ងឺទឹកនោមផ្អែម ជម្ងឺបេះដូង ជម្ងឺខ្សោយប្រព័ន្ធការពារ ជម្ងឺថ្លើម ឬជម្ងឺតម្រង់នោម លោកអ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុន មុនលេបថ្នាំអ្វីមួយ ទោះបីជាករណីជម្ងឺ ឬអាការរោគតិចតួចក្ដី។ ដូចគ្នាផងដែរ ករណីដែលមានអាការរោគ ឬជម្ងឺដែលមិនអាចពន្យល់បាន ក៏លោកអ្នកមិនគួរសម្រេចចិត្ដប្រើប្រាស់ឱសថដោយខ្លួនឯងនោះទេ។
(ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១)