និយមន័យ
- ជំងឺពងបែកដៃ ជើង និងក្នុងមាត់ គឺជាជំងឺឆ្លងមួយកើតឡើងញឹកញាប់ចំពោះទារក និងកុមារ។
- វាបង្ករអោយមានរោគសញ្ញា គ្រុនក្ដៅ មានដំបៅឈឺក្នុងមាត់់ និងមានពងកន្តួលលើបាតដៃ បាតជើង និងកំប៉េះគូដ។ វាកើតឡើងមាននៅក្នុងប្រទេសជាច្រើនពេញទូទាំងពិភពលោក។
អត្រាកើតជំងឺ
- ករណីនីមួយៗ និងការផ្ទុះនៃជំងឺពងបែកដៃ ជើង និងក្នុងមាត់កើតឡើងទូទាំងពីភពលោក។
- ក្នុងប្រទេសដែលមានលក្ខណៈស្រដៀងប្រទេសកម្ពុជា ការផ្ទុះជំងឺកើតឡើងពេញមួយឆ្នាំ។
- ការផ្ទុះនៃជំងឺពងបែកដៃ ជើង និងក្នុងមាត់កើតឡើងរៀងរាល់ពីរបីឆ្នាំម្ដង ក្នុងតំបន់ផ្សេងៗគ្នាលើពិភពលោក ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗនេះ ការផ្ទុះជំងឺបានកើតឡើងភាគច្រើននៅទ្វីបអាសីុ។
- ប្រទេសទាំងឡាយដែលមានចំនួនជំងឺនេះកើនឡើងច្រើនក្នុងពេលថ្មីៗនេះក្នុងទ្វីបអាសីុរួមមានៈ ប្រទេសចិន ជប៉ុន ហុងកុង កូរ៉េខាងត្បូង ម៉ាឡេសីុ សឹង្ហបុរី ថៃ តៃវ៉ាន់ និងវៀតណាម។
ភ្នាក់ងារបង្ករោគ
- មេរោគវីរុសដែលស្ថិតនៅក្នុងក្រុម Enterovirus និង Coxsackivirus ជាអ្នកបង្កជំងឺពងបែកដៃ ជើង និងក្នុងមាត់
- ភាគច្រើនបង្កឡើងដោយ Coxsackivirus តែក៏អាចបង្ករដោយមេរោគ Enterovirus 71(EV71) ផងដែរ។
កំរិតនៃជំងឺ
- ភាគច្រើនជាជំងឹស្រាលហើយអ្នកជំងឺស្ទើរតែទាំងអស់ជាសះស្បើយក្នុងរយៈពេលពី៧ទៅ១០ថ្ងៃ ដោយពុំបាច់មានការព្យាបាល ហើយកំរមានផលវិបាកណាស់។
- ជាកំរ ជំងឺអាចបង្ករអោយមានផលវិបាកធ្ងន់ធ្ងរមួយចំនួន រួមមានៈ
- រោគសញ្ញាប្រព័ន្ធប្រសាទ (សន្លឹម ប្រកាច់ ឬកន្ត្រាក់ដៃជើង)
- និងរោគសញ្ញាផ្លូវដង្ហើម (ហត់)។
អ្នកជំងឺដែលមានផលវិបាកធ្ងន់ធ្ងរ
ត្រូវប្រញាប់ទៅមន្ទីពេទ្យដែលនៅជិតបំផុត។
កត្តាប្រឈមនៃការឆ្លង
- កុមារដែលមាន អាយុក្រោម១០ឆ្នាំមានការប្រឈមខ្ពស់។
- តែជាញឹកញាប់គឺនៅកុមារដែលមាន អាយុតិចជាង៥ឆ្នាំ។
- កុមារតូចៗងាយនឹងមានរោគសញ្ញាធ្ងន់ធ្ងរ។
- មនុស្យពេញវ័យក៏អាចឈឺផងដែរ តែកម្រ។
របៀបឆ្លង រយៈពេលបង្ករោគ ការចំលង
- ជំងឺពងបែកដៃ ជើង និងក្នុងមាត់អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយការប៉ះពាល់ ផ្ទាល់ជាមួយនឹងវត្ថុវាវនៃផ្លូវដង្ហើម (ទឹកមាត់ កំហាក និងសំបោរ) ទឹករងៃដែលចេញពីពងបែក លាមកនៃអ្នកជំងឺ។
- អ្នកជំងឺអាចចំលងខ្លាំងបំផុតក្នុងសប្ដាហ៍ទីមួយ។
- ជំងឺពងបែកដៃ ជើង និងក្នុងមាត់មិនឆ្លងទៅ ឬពីសត្វឡើយ។
- រយៈពេលរោគសញ្ញាកើតឡើងគិតចាប់ពីថ្ងៃឆ្លងជំងឺដល់ថ្ងៃចេញរោគសញ្ញាដំបូងជាទូទៅ ៣-៧ថ្ងៃ។
- រោគសញ្ញាដំបូងនៃជំងឺពងបែកដៃ ជើង និងក្នុងមាត់ភាគច្រើនគឺក្ដៅខ្លួន និងជាទូទៅមានរយៈពេលពី២៤ម៉ោងទៅ៤៨ម៉ោង។
- ជំងឺពងបែកដៃ ជើង និងក្នុងមាត់អាចឆ្លងលើសមួយដង ពីព្រោះ ជំងឺពងបែកដៃ ជើង និងក្នុងមាត់បង្កឡើងដោយមេរោគផ្សេងៗគ្នា។ ការឈឺជំងឺនេះម្ដងអាចបង្កអោយមាន ប្រព័ន្ធការពារខ្លួនទៅនឹងមេរោគតែមួយប្រភេទតែប៉ុណ្ណោះ។
រោគសញ្ញា
- ជាទូទៅចាប់ផ្ដើមឡើងដោយមាន ក្ដៅខ្លួន ការហូបចុកថយចុះ អស់កំលាំង
និងជាញឹកញាប់ឈឺបំពង់ក។
- មួយឬពីរថ្ងៃដំបូងបន្ទាប់ពីក្ដៅខ្លួន អ្នកជំងឺចាប់ផ្ដើមមាន
ចំនុចពណ៌ក្រហមតូចៗ ឬចេញជាពង នៅលើបាតដៃ បាតជើង កំប៉េះគូទ និងដំបៅក្នុងមាត់។
- អ្នកជំងឺមួយចំនួនដែលឆ្លងជំងឺស្រាល អាចមិនមានចេញជារោគសញ្ញាអ្វីទាំងអស់។
- អ្នកជំងឺមួយចំនួនតូចដែលឆ្លងជំងឺធ្ងន់ ជាពិសេសបង្ករដោយមេរោគ EV71 អាចមានរោគសញ្ញាប្រព័ន្ធប្រសាទ និងផ្លូវដង្ហើម
ដែលវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។
ឪពុកម្ដាយ
ឬអាណាព្យាបាលត្រូវនាំកុមារទៅមន្ទីពេទ្យជាបន្ទាន់បើពួកគេមានសញ្ញាគ្រោះថ្នាក់ ដូចជា៖
- ក្អួតច្រើនដង
- សញ្ញាប្រសាទដូចជា សន្លឹម ប្រកាច់
- កន្ត្រាក់រឹងដៃជើង ឬ ទន់ដៃទន់ជើង
- សញ្ញាផ្លូវដង្ហើមដូចជាពីបាកដកដង្ហើម ឬដកដង្ហើមញាប់ ជាដើម។
ការព្យាបាល
ពេលបច្ចុប្បន្ននេះ មិនមានការព្យាបាលជាក់លាក់ណាមួយសំរាប់ជំងឺពងបែកដៃ
ជើង និងក្នុងមាត់ឡើយ។
ការព្យាបាលរួមមាន៖
- បរិភោគទឹកអោយបានច្រើន
- ថ្នាំបញ្ចុះកំដៅពេលកុមារក្ដៅខ្លួន Paracetamol 10-15mg/kg។ មិនត្រូវប្រើថ្នាំអាស្ពីរីន (aspirin) ដើម្បីបញ្ចុះកំដៅឡើយ។
- ថ្នាំបំបាត់ការឈឺចាប់ដែលបណ្ដាលមកពីពងបែកក្នុងមាត់ ex. Zytee Gel ឬ Kamistad gel N លាបមាត់មុនពេលញាុំ៣០នាទី។
- វីតាមីន។
ការការពារ និងវិធានការទប់ស្កាត់
- ជំងឺពងបែកដៃ ជើង និងក្នុងមាត់អាចការពាបានដោយការអនុវត្តន៍អនាម័យល្អ និងការយកកូនទៅពេទ្យទាន់ពេល ប្រសិនបើមានរោគសញ្ញាធ្ងន់ធ្ងរ។
- ប៉ុន្តែមិនមានថ្នាំការពារ ឬថ្នាំព្យាបាលសំរាប់វីរុសបង្ករជំងឺពងបែកដៃ ជើង និងក្នុងមាត់ឡើយ។
- ត្រូវលាងដៃអោយបានញឹកញាប់ជាមួយទឹកនិងសាប៊ូ ឬជាមួយទឹកអាល់កុល ជាពិសេសក្រោយប៉ះពងបែក ឬដំបៅ មុនពេលរៀបចំអាហារ មុនពេលបរិភោគ មុនបញ្ចុកចំនីដល់ទារក ឬកុមារ ក្រោយប្រើប្រាស់បង្គន់អនាម័យនិងក្រោយប្ដូរទ្រនាប់គូទទារក ឬជូតសំអាតរាងកាយកុមារ។
- លាងសំអាតផ្ទះ និងរបស់ប្រលាក់ដោយទឹកនិងសាប៊ូ។
- ជៀសវាងការប៉ះពាល់ស្និតស្នាល (ថើប អោប ប្រើប្រាស់សំភារៈសំរាប់ការហូបចុក រួមគ្នា) ជាមួយកុមារដែលមានជំងឺពងបែកដៃ ជើង និងក្នុងមាត់ អាចកាត់បន្ថយការឆ្លងផងដែរ។
- ផ្ដល់អាហារដែលមានជីវជាតិច្រើន និងទឹកស្អាត់ដល់កុមារ៕
- ប្រើស្លាប់ព្រា និងចានដាច់ដោយឡែកសំរាប់កុមារនិមួយៗ។
- អ្នកមើលថែកុមារតូចៗត្រូវមានអនាម័យផ្ទាល់ខ្លួន។
( ដកស្រង់ពី
នាយកដ្ងានប្រយុទ្ធនឹងជំងឺឆ្លង CDC )