មនុស្សជាច្រើនស្គាល់ហើយថាអ្វីជា ធ្មេញថ្គាមទាល់។ ថ្គាមទាល់នេះ ច្រើនដុះចេញមកនៅចន្លោះអាយុពី ១២ ទៅ ២៥ ឆ្នាំ ព្រមទាំងបង្កជាការឈឺចាប់ និងអារម្មណ៍មិនស្រួលខ្លួនថែមទៀត។ ទន្ទឹមនឹងនោះដែរក៏មានទន្តពេទ្យជាច្រើន បានធ្វើការណែនាំ ឲ្យដកថ្គាមទាល់នោះចេញផងដែរ។ តើវាចាំបាច់ត្រូវតែទុក ឬត្រូវតែដកចោល?
ខាងក្រោមនេះ ជាអ្វីដែលអ្នកត្រូវតែដឹង មុននឹងសម្រេចចិត្តទុក ឬដក ថ្គាមទាល់របស់អ្នក៖
១. អ្នកមិនចាំបាច់ដកថ្គាមទាល់ចោលទេ ប្រសិនបើ ៖
- ថ្គាមទាល់នោះ មានសុខភាពល្អ (មិនពុក និងអញ្ចាញជុំវិញ មិនរលាក)
- ថ្គាមទាល់នោះ ដុះចេញមកពេញលេញស្អាត
- ថ្គាមទាល់នោះ ដុះចេញមកត្រង់ទីតាំងត្រឹមត្រូវ មិនទើស មិនជ្រៀត ជាមួយធ្មេញដទៃជិតខាង
- ថ្គាមទាល់នោះ ងាយសម្អាត បានជារៀងរាល់ថ្ងៃ។
២. អ្នកត្រូវតែដកថ្គាមទាល់ចោល ប្រសិនបើ ៖
- ថ្គាមទាល់នោះ ដុះមិនចេញ ជាប់នៅក្រោមសាច់ ពីព្រោះវាអាចបង្កជាគីស បំផ្លាញឫសធ្មេញជិតខាង
- ថ្គាមទាល់នោះ ដុះចេញមិនអស់ បណ្តាលឲ្យពិបាកសម្អាត និងធ្វើឲ្យបាត់តេរីប្រមូលផ្តុំគ្នា រួមបង្កជាជំងឺមាត់ធ្មេញ
- គ្មានកន្លែងទំនេរ សម្រាប់ថ្គាមទាល់ (ដុះចេញមកចង្អៀត ឬទើសខ្លាំង) ដែលអាចបំផ្លាញធ្មេញជិតខាងបាន
- មានការឈឺចាប់ខ្លាំងត្រង់ កន្លែងដុះថ្គាមទាល់
- ជាលិកាទន់ ជាប់នឹងធ្មេញទាល់ ដែលអាចបណ្តាលឲ្យងាយឆ្លងមេរោគ
- ដុះដុំសាច់ ជាប់ធ្មេញទាល់
- រលាកអញ្ចាញធ្មេញ
- មានធ្មេញពុក នៅជិតថ្គាមទាល់។