ប្រព័ន្ធ Wi-Fi ឬ Wifi ឬ WiFi គឺជាបច្ចេកវិទ្យាតំណភ្ជាប់ម្យ៉ាងដែលប្រើ Wireless ជំនួសការប្រើខ្សែ សម្រាប់បញ្ជូន/ទទួល ទិន្នន័យ (data) ទៅមក រវាងអ្នកភ្ជាប់នៅក្នុងបណ្ដាញតែមួយ ឬសម្រាប់ចែកចាយអ៊ីនធឺណិតប្រើប្រាស់នៅក្នុងតំបន់មួយដែលបានកំណត់។ ស្តង់ដាររលកប្រេកង់របស់ Wi-Fi ពេលនោះត្រូវបានគេកំណត់ប្រើក្នុងកម្រិត 2.4GHz UHF និង 5GHz SHF (radio wave)។
ឧបករណ៍ដែលអាចប្រើប្រព័ន្ធតំណភ្ជាប់ឥតខ្សែនេះបាន គឺត្រូវមានស្តង់ដារតំណភ្ជាប់ Institute of Electrical and Electronic Engineers (IEEE) 802.11 ដែលបច្ចុប្បន្នមាននៅលើឧបករណ៍ដូចជា Personal Computer (PC), ឧបករណ៍ហ្គេម (video-game console), ស្មាតហ្វូន, ថេប្លេត, ថេប្លេតកុំព្យូទ័រ (tablet computer), កាមេរ៉ាឌីជីថល, និងឧបករណ៍ស្ដាប់តន្ត្រីឌីជីថលជាច្រើនទៀត។
ប្រភពតំណភ្ជាប់ដែលឧបករណ៍ទាំងនេះ អាចភ្ជាប់បានមានដូចជា Wireless Network Access Point ដែលត្រូវបានចែករំលែកសេវាអ៊ីនធឺណិតទៅកាន់អ្នកប្រើក្នុងរយៈចម្ងាយជាមធ្យមប្រហែល ២០ម៉ែត្រ ឬលើសពីនេះអាស្រ័យលើឧបករណ៍។ យ៉ាងណា Wi-Fi នៅមានកម្សោយផ្នែកសុវត្ថិភាពជាងតំណភ្ជាប់ដោយប្រើខ្សែ (Ethernet)។
ខាងក្រោមនេះ គឺជាផលប៉ះពាល់ទាំង៩ ចេញពីប្រព័ន្ធ Wi-Fi ផ្អែកតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញចុះផ្សាយនៅលើគេហទំព័រអន្តរជាតិ ដែលលោកអ្នកគួរប្រុងប្រយ័ត្ន៖
១) ធ្វើឱ្យអ្នកគេងមិនលក់៖
អ្នកប្រើអ៊ីនធឺណិត Wi-Fi តែងមានអារម្មណ៍ស្វាងពីភាពងងុយរាល់ពេលអង្គុយពីមុខកុំព្យូទ័រ។ តើមែនទេ? របាយការណ៍សិក្សាក្នុងឆ្នាំ២០០៧ ឱ្យដឹងថា ការប្រើប្រាស់ទូរស័ព្ទទោះបីមានកម្រិតប្រេកង់ទាប ក៏នឹងធ្វើឱ្យប៉ះពាល់ដល់ការគេងដែរ។ ការគេងនៅជិតទូរស័ព្ទ ឬនៅក្នុងផ្ទះដែលមានសញ្ញា Wi-Fi ខ្លាំង គឺអាចធ្វើឱ្យមនុស្សគេងមិនងាយលក់។ ការគេងមិនគ្រប់គ្រាន់ នឹងជះឥទ្ធិពលមិនល្អចំពោះសុខភាព ធ្វើឱ្យកើតជាជំងឺធ្លាក់ទឹកចិត្ត និងជំងឺលើសឈាមជាដើម។
២) ប៉ះពាល់ដល់ការលូតលាស់ក្នុងវ័យកុមារភាព៖
វិទ្យុសកម្មចេញពី Wi-Fi និងទូរស័ព្ទ (cellular phone) អាចរំខានដល់ដំណើរអភិវឌ្ឍជាធម្មតារបស់កោសិកាបាន ហើយប៉ះពាល់ខ្លាំងទៅលើទារកនៅក្នុងផ្ទៃ។ ការសិក្សាមួយក្នុងឆ្នាំ២០០៤ ទៅលើផលប៉ះពាល់វិទ្យុសកម្មនេះចំពោះសត្វ បង្ហាញថា គឺអាចប៉ះពាល់ដល់ការលូតលាស់របស់ក្រលៀនពិតមែន។ ក្រោយមកទៀត ការសិក្សារបស់ប្រទេសអូទ្រីសក្នុងឆ្នាំ២០០៩ ក៏បានគាំទ្រទៅនឹងផលអវិជ្ជមាននេះដែរ។
ជាការពិតណាស់ ការរំខាននៃការសំយោគប្រូតេអ៊ីននេះ ត្រូវបានចាត់ចូលក្នុងកម្រិតធ្ងន់ធ្ងរមួយ “លក្ខណៈសម្បត្តិពិសេសនៃកោសិកានេះ គឺសម្រាប់ជួយដល់ការលូតលាស់ដល់ជាលិកា ដែលមានទាំងនៅលើក្មេងៗ និងមនុស្សធំ”។ និយាយរួមប្រព័ន្ធ Wi-Fi អាចធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ពិសេសក្នុងវ័យកុមារភាព។
៣) ប៉ះពាល់ដល់ការលូតលាស់របស់កោសិកា៖
ក្រុមនិស្សិតដាណឺម៉ាកថ្នាក់ទី៩ បានស្រង់យកបទពិសោធន៍ចេញពីការធ្វើតេស្តអំពីផលប៉ះពាល់ដល់ការលូតលាស់នៃភាវរស់ បណ្ដាលមកពី Wi-Fi។ ពួកគេបាន ពិសោធដោយធ្វើការភ្ជាប់សេវា Wi-Fi នៅជិតសួនបន្លែក្រិស្សុង (cress) បំផុត ដើម្បីប្រៀបធៀបការលូតលាស់បន្លែទៅនឹងសួនដទៃ។ ជាលទ្ធផល សួនបន្លែដែលនៅក្បែរសេវា Wi-Fi មិនសូវលូតលាស់នោះទេ។
៤) មុខងាររបស់ខួរក្បាលចុះខ្សោយ៖
សិស្សវិទ្យាល័យដាណឺម៉ាកមួយក្រុម បានកត់សម្គាល់អំពីបញ្ហាសុខភាពខួរក្បាល ដោយសារបច្ចេកវិទ្យាប្រព័ន្ធបណ្ដាញកំពុងត្រូវបានអភិវឌ្ឍកាន់តែទំនើប ជាក់ស្ដែងបណ្ដាញ 4G សព្វថ្ងៃ ដែលអាចធ្វើឱ្យមុខងាររបស់ខួរក្បាលចុះខ្សោយបាន។
ដោយប្រើបច្ចេកវិទ្យា Magnetic resonance imaging (MRI) អ្នកស្រាវជ្រាវ កាលពីឆ្នាំ២០១៣ បានរកឃើញផលប៉ះពាល់ដែលបណ្ដាលមកពីវិទ្យុសកម្ម 4G អាចធ្វើឱ្យសកម្មភាពខួរក្បាលចុះអន់ថយបាន។
៥) កាត់បន្ថយសកម្មភាពខួរក្បាល (ខួរក្បាលស្ពឹក) ចំពោះមនុស្សស្រី៖
ក្រុមអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អចំនួន ៣០នាក់ ប្រុស ១៥នាក់ ស្រី ១៥នាក់ ត្រូវបានគេធ្វើតេស្តលើសមត្ថភាពចងចាំរបស់ខួរក្បាល។ ដំបូងក្រុមអ្នកស្ម័គ្រចិត្តត្រូវបានគេធ្វើតេស្តដោយមិនឱ្យមានការប៉ះទៅនឹងវិទ្យុសកម្ម ជាលទ្ធផលគឺមិនមានបញ្ហាចំពោះសមត្ថភាពខួរក្បាលនោះទេ (ក្នុងលក្ខខណ្ឌធម្មតា)។
បន្ទាប់មក ពួកគេត្រូវបានធ្វើតេស្តដាក់ឱ្យនៅក្នុងតំបន់មានបណ្ដាញ Wi-Fi កម្រិត 2.4GHz ពី Wireless Access Point រយៈពេលប្រហែល ៤៥នាទី។ បន្ទាប់ពីនោះ គេកត់សម្គាល់ឃើញថា កម្រិតសកម្មភាព និងកម្រិតថាមពលនៃខួរក្បាលរបស់ពួកគេ មានការផ្លាស់ប្ដូរ អន់ខ្សោយជាងមុន។
៦) មេជីវិតឈ្មោលចុះខ្សោយ៖
យើងបានដឹងជាយូរមកហើយថា កម្ដៅចេញពីកុំព្យូទ័រយួរដៃ (Laptop) អាចសម្លាប់មេជីវិតបាន។ វាជារឿងពិតមែន ហើយឥឡូវនេះ កម្ដៅមិនត្រឹមតែគំរាមកំហែងដល់សមត្ថភាពបង្កើតកូនរបស់បុរសប៉ុណ្ណោះទេ បើតាមការស្រាវជ្រាវរកឃើញថា ប្រេកង់របស់ Wi-Fi អាចកាត់បន្ថយចលនាមេជីវិតឈ្មោល និងបណ្ដាមានការបំបែកឌីអិនអេ (DNA) បាន។ ការធ្វើតេស្តទៅលើមនុស្ស និងសត្វ គឺសុទ្ធតែទទួលលទ្ធផលដូចគ្នា ពោលគឺ Wi-Fi អាចប៉ះពាល់ដល់មេជីវិតឈ្មោល។
៧) អាចអត់កូន៖
មិនត្រឹមតែប៉ះពាល់ដល់មេជីវិតឈ្មោះប៉ុណ្ណោះទេ បើតាមលទ្ធផលស្រាវជ្រាវទៅលើសត្វ បង្ហាញឱ្យឃើញថា ប្រេកង់នៃតំណភ្ជាប់ឥតខ្សែ (Wireless Frequencies) អាចប៉ះពាល់ដល់ការផ្សាំស៊ុត។ ការសិក្សានេះ គឺគេបានចាប់សត្វកណ្ដុរទៅដាក់ក្នុងទីកន្លែងមានប្រព័ន្ធ Wi-Fi ដែលប្រើពេល ២ម៉ោង ក្នុងមួយថ្ងៃ រយៈពេល ៤៥ថ្ងៃ។ ជាលទ្ធផលបង្ហាញឱ្យឃើញថា កម្រិតភាពតានតឹង (ស្ត្រេស) អុកស៊ីតកម្មមានការកើនឡើងខ្ពស់។ ផលខូចខាត និងប៉ះពាល់កោសិកាលើរចនាសម្ព័ន្ធ DNA ដោយសារប្រព័ន្ធ Wi-Fi គឺអាចធ្វើឱ្យលទ្ធភាពនៃការមានផ្ទៃពោះ មានលក្ខណៈមិនប្រក្រតី ឬបរាជ័យលើការបង្កកំណើតចេញពីស៊ុត។
៨) ដាស់អារម្មណ៍ស្ត្រេស ធ្វើឱ្យមានឥទ្ធិពលដល់បេះដូង៖
តាមការសិក្សាស្រាវជ្រាវបង្ហាញថា មនុស្សអាចមានអារម្មណ៍ស្ត្រេសដោយសារប្រេកង់អេឡិចត្រូនិក។ ស្ថិតក្រោមសភាពតានតឹង (stress) នេះគឺអាចធ្វើឱ្យចង្វាក់បេះដូងផ្លាស់ប្ដូរ ប្រែជាលោតញាប់។
៩) អាចកើតជំងឺមហារីក?
ការសិក្សាបង្ហាញថា ជាតិវិទ្យុសកម្មអេឡិចត្រូនិក អាចបង្កហានិភ័យធ្វើឱ្យមានការអភិវឌ្ឍដុំសាច់នៅលើសរីរាង្គកាយបាន។ ជាក់ស្ដែងករណី ពាក់ព័ន្ធនឹងស្ត្រីវ័យក្មេងម្នាក់ដែលមានអាយុ២១ឆ្នាំ ដែលនាងបានកើតជំងឺមហារីកសុដន់ខាងស្ដាំ ដោយសាររងផលប៉ះពាល់ពីវិទ្យុសកម្មពីទូរស័ព្ទដែលនាងដាក់ក្នុងអាវទ្រនាប់៕
ប្រភព៖ The Business News