ពងបែកក្នុងមាត់ គឺជាស្ថានភាពមួយ ដែលនៅក្នុងមាត់ ឬ តាមបបូរមាត់ផ្នែកខាងក្នុង មានចេញពងទឹកសៗ និងធ្វើអោយអ្នកមានភាពមិនសុខស្រួល ហើយឈឺចាប់។ ពួកវា អាចមានពីរប្រភេទជាទូទៅគឺ ប្រភេទពងបែក ធម្មតា និង ប្រភេទពងបែកដែលមានលក្ខណៈស្មុគស្មាញ ។ ប្រភេទធម្មតា គឺកើតមាន ក្នុងរយៈពេល ប្រហែលតែមួយសប្តាហ៍ ហើយជាទូទៅ តែងកើតមានចំពោះមនុស្សរាល់គ្នា ដែលមាន អាយុចន្លោះពី ១០ ទៅ ២០ឆ្នាំ ។ ការឈឺចាប់នេះ អាចនឹងកើតមាន ពី ៣ ទៅ ៤ដង ក្នុងមួយឆ្នាំ។ រីឯ ពងបែក ដែលមានលក្ខណៈស៊ាំញ៉ាំ ឬ ស្មុគស្មាញ ភាគច្រើនតែងកើតមាន ចំពោះអ្នកដែលធ្លាប់ កើតមាន វាម្តង ពីមុនមក។
រោគសញ្ញារបស់ជំងឺពងបែកក្នុងមាត់
ជាធម្មតា វាកើតមានជាមួយនឹងសញ្ញា នៃការឡើងក្រហម នៅជុំវិញដំបៅ ដែលមានលក្ខណៈជាពងទឹក។ ពួកវាជាធម្មតា កើតមាននៅក្រោមអណ្តាត ,នៅផ្នែកខាងក្នុងនៃថ្ពាល់ និង នៅលើអញ្ចាញផងដែរ។ អ្នកនឹង អាចដឹងថា វានឹងកើតមានបាន នៅពេលដែលអ្នកចាប់មានអារម្មណ៍ថាឈឺចាក់ស្កៀបៗ ដែលនឹងកើតមាន ពី ២ ទៅ ៣ថ្ងៃ មុននឹងវាលេចឡើង ។ រោគសញ្ញាទូទៅ របស់វាមានដូចជា៖
- មានសភាពជាដំបៅ ដែលមានរាងមូល ឬ ពងក្រពើ នៅជុំវិញមានសភាពក្រហម និង មានចំណុពណ៌សៗ ឬ លឿងនៅចំកណ្តាល។
- មានគ្រុនក្តៅ
- ហើមក្រពេញកូនកណ្តុរ
- មានអារម្មណ៍ថាស្ពឹកៗ នៅក្នុងមាត់។
មូលហេតុដែលធ្វើអោយអ្នកមានពងបែកនៅក្នុងមាត់
- ការមានប្រតិកម្ម អាលែហ្សីទៅនឹងអាហារជាក់លាក់ណាមួយ
- ប្រតិកម្មអាឡែហ្សី ទៅនឹងបាក់តេរីដែលមានវត្តមាន នៅក្នុងក្រអូមមាត់
- ការមានរបួសតិចតួច នៅក្នុងមាត់ ដោយសារតែការប៉ះទង្គិចនឹងធ្មេញ, ការពត់ធ្មេញ, ការដុសធ្មេញខ្លាំងៗពេក,ការខាំមាត់ដោយចៃដន្យ និង ការបរិភោគអាហារ ដែលមានជាតិអាស៊ីតខ្ពស់។
- ភាពមិនទទួលយក នូវអាហារជាក់លាក់មួយចំនួនដូចជា ៖ ហ្វ្រូម៉ាស់,ស៊ុត,សណ្តែក និង ផ្លែឈើដែលមានជាតិអាស៊ីតខ្ពស់។
- កង្វះសារធាតុស័ង្កសី,ជាតិដែក, ហ្វូលិកអាស៊ីត និង វីតាមីន B-12។
- ការចម្លងរោគ ដោយសារតែប្រភេទបាក់តេរីជាក់លាក់ណាមួយ ៕