ទីភ្នាក់ងារសារធាតុគីមីស៊ុយអែត (KEMI) បានធ្វើការវិភាគសម្លៀកបំពាក់ដែលពាក់ជាប់ផ្ទាល់នឹងស្បែក ។ គោលបំណងនៃការវិភាគនេះគឺស្វែងរកសារធាតុគីមីមួយចំនួនដែលបានប្រើ នៅក្នុងសម្លៀកបំពាក់ទាំងនោះ ។ គម្រោងនេះជាផ្នែកមួយនៃការងាររបស់យើងដើម្បីទទួលបានបរិស្ថានមួយ ដែលគ្មានសារធាតុពុលជារៀងរាល់ថ្ងៃ ។
សម្លៀកបំពាក់ចំនួន ១១០ ប្រមូលមកពី ២៩ហាងនៅក្នុងប្រទេសស៊ុយអែត ត្រូវបានធ្វើវិភាគ ។ សម្លៀកបំពាក់ទាំងនោះមាន ក្រមាបង់ក ខោអាវហែលទឹក (ភាគច្រើនសម្រាប់កុមារ) ខោអាវទ្រនាប់ អាវយឺតដៃខ្លី (T-shirt) អាវយឺតដៃវែង (Sweater) និង អាវសម្រុងលើចង្កេះ (Top) ។ សារធាតុដែលត្រូវបានធ្វើវិភាគគឺ ថ្នាំជ្រលក់អេសូ (Azo) ប្រភេទសារធាតុសាឡេត (Phthalates) មួយចំនួន ណូនីលហ្វេណុល (Nonylphenol) និង ណូនីលហ្វេណុលអេសូស៊ីឡេត (Nonylphenol ethoxylate) ។
លទ្ធផល
សារធាតុណូនីលហ្វេណុលអេសូស៊ីឡេតត្រូវបានរកឃើញនៅក្នុងសម្លៀកបំពាក់ចំនួន ៤៨ ។ ក្នុងនោះ សម្លៀកបំពាក់មួយចំនួនមានកំហាប់ណូនីលហ្វេណុលអេសូស៊ីឡេតខ្ពស់ ហើយសម្លៀកបំពាក់ចំនួន១៣ មានកំហាប់ណូនីលហ្វេណុលអេសូស៊ីឡេតទាបបំផុត នេះប្រហែលមកពីការប្រឡាក់ឆ្លងពីប្រភពដទៃទៀតនៅអំឡុងពេលផលិត ឬដឹកជញ្ជូន ។ សម្លៀកបំពាក់ភាគច្រើនដែលមានសារធាតុណូនីលហ្វេណុលអេសូស៊ីឡេត គឺខោអាវទ្រនាប់ ។អ្នកស្រី Camilla Westlund នៃទីភ្នាក់ងារសារធាតុគីមីស៊ុយអែត មានប្រសាសន៍ថា «នៅពេលដែលសម្លៀកបំពាក់ចំនួន ៣២% ផ្ទុកសារធាតុណូនីលហ្វេណុលអេសូស៊ីឡេត វាបង្ហាញឲ្យយើងឃើញច្បាស់ថា ណូនីលហ្វេណុលអេសូស៊ីឡេត កើតមានជាទូទៅនៅក្នុងសម្លៀកបំពាក់នាំចូល» ។
ការធ្វើតេស្តសម្លៀកបំពាក់បានពីសង្វាក់ផ្គត់ផ្គង់ដល់ហាង សម្លៀកបំពាក់ធំៗនៅលើទីផ្សារស៊ុយអែត ពុំឃើញមានផ្ទុកសារធាតុណូនីលហ្វេណុលអេសូស៊ីឡេតទេ ។
សារធាតុណូនីលហ្វេណុលអេសូស៊ីឡេត ត្រូវបានប្រើនៅក្នុងសាប៊ូ និងថ្នាំលាប ។ វាគឺជាសារធាតុពុលចំពោះសព៌ាង្គកាយរស់នៅក្នុងទឹក ។
ខោអាវហែលទឹក
ខោអាវហែលទឹកចំនួន១២ ដែលបានធ្វើតេស្តគឺជាខោអាវហែលទឹករបស់កុមារ ។ ខោអាវចំនួន៥ មានផ្ទុកសារធាតុណូនីលហ្វេណុលអេសូស៊ីឡេត ដែលក្នុងនោះមានខោអាវមួយមានកំហាប់ណូនីលហ្វេណុលអេសូស៊ីឡេតតិចតួច បំផុត ។ ខោអាវមួយនៃខោអាវទាំង៥ មានកំហាប់ណូនីលហ្វេណុលអេសូស៊ីឡេតខ្ពស់ ។ រូបភាពបោះពុម្ពនៅលើខោអាវមួយនៃខោអាវទាំងនោះ មានផ្ទុកសារធាតុសាឡេត DEHP ក្នុងកំហាប់ទាប ។សារធាតុសាឡេត គឺជាឈ្មោះរួមនៃក្រុមសារធាតុគីមីដែលផ្សំឡើងពីអាស៊ីត សាលីក(Phthalic acid) ។ គេប្រើវាជាភ្នាក់ងារបន្ទន់នៅក្នុងប្លាស្ទិក និងអាចឃើញមាននៅក្នុងថ្នាំបោះពុម្ពជាតិប្លាស្ទិកនៅលើ សម្លៀកបំពាក់ ។ សារធាតុសាឡេតចំនួនបីប្រភេទគឺ សាឡេត (DEHP) ឌីប៊ុយទីលសាឡេត (DBP) និង បិនស៊ីលប៊ុយទីលសាឡេត (BBP) ត្រូវបានចាត់ចំណាត់ថ្នាក់ដោយសហភាពអឺរ៉ុបថាមានគ្រោះថ្នាក់ចំពោះការបន្តពូជ ។
អាវយឺតដៃខ្លី
ក្រមារុំកចំនួន២ និងអាវយឺតដៃខ្លី១ មានផ្ទុកកំហាប់ហាមឃាត់នៃថ្នាំជ្រលក់អេសូ ។ ក្រុមហ៊ុនដែលលក់ផលិតផលទាំងនេះត្រូវបានទាក់ទង ហើយពួកគេក៏បានបញ្ឈប់ការលក់ដូរផលិតផលទាំងនោះ ។ថ្នាំជ្រលក់អេសូត្រូវបានប្រើដើម្បីជ្រលក់ពណ៌សំពត់តម្បាញ និងស្បែកសត្វ ។ ប្រភេទថ្នាំជ្រលក់អេសូខ្លះអាចបំបែកជាអារីលអាមីន (Aryl amines) ដែលត្រូវបានចាត់ថ្នាក់ថាជាសារធាតុដែលបណ្ដាលឲ្យកើតជំងឺមហារីក ។
អាវយឺតដៃខ្លីសម្រាប់កុមារមួយចំនួនមានផ្ទុកធាតុសាឡេត ដែលមិនអនុញ្ញាតឲ្យប្រើនៅក្នុងឧបករណ៍ក្មេងលេង និងផលិតផលថែទាំកុមារ ។ សារធាតុសាឡេតមិនត្រូវហាមឃាត់មិនឲ្យប្រើសម្រាប់សម្លៀកបំពាក់ទេ ប៉ុន្តែកុមារតូចៗអាចបៀមសម្លៀកបំពាក់ទាំងនេះ ហើយអាចស្រូបចូលក្នុងខ្លួន ។ ថ្នាំបោះពុម្ពនៅលើអាវយឺតដៃខ្លីមួយមានកម្រិតសាឡេតមួយប្រភេទដែល ត្រូវបានហាមឃាត់នៅក្នុងផ្នែកទន់នៃឧបករណ៍ក្មេងលេង និងសម្ភារៈថែទាំកុមារ ហើយថ្នាំបោះពុម្ពនៅលើអាវយឺតដៃខ្លីមួយប្រភេទទៀតមានសារធាតុសាឡេត មួយប្រភេទដែលត្រូវបានដាក់កម្រិតការប្រើប្រាស់នៅក្នុងឧបករណ៍ ក្មេងលេង និងសម្ភារៈថែទាំក្មេង ដោយសារក្មេងអាចដាក់វាចូលក្នុងមាត់ ។
ក្រុមហ៊ុនពាក់ព័ន្ធត្រូវបានជូនដំណឹងពីការវិភាគ និងលទ្ធផលទាំងនេះ ។ ពួកគេក៏បានទទួលព័ត៌មានអំពីច្បាប់បទដ្ឋានពាក់ព័ន្ធនានាផងដែរ ។ ការដាក់លក់លើទីផ្សារនូវសម្លៀកបំពាក់មានផ្ទុកសារធាតុហាមឃាត់ដែល បានវិភាគឃើញត្រូវបានបញ្ឈប់ ។
ប្រវត្តិ
ទីភ្នាក់ងារសារធាតុគីមីស៊ុយអែត ជាញឹកញាប់ទទួលព័ត៌មានពីសាធារណជនពាក់ព័ន្ធនឹងសម្លៀកបំពាក់ និងព័ត៌មានដែលចូលរួមចំណែកនៅក្នុងការសម្រេចជ្រើសរើសប្រភេទ សម្លៀកបំពាក់នៅក្នុងគម្រោងវិភាគនេះ ។ទីភ្នាក់ងារសារធាតុគីមីស៊ុយអែតអនុវត្តការងារតាមផែនការសកម្មភាព បរិស្ថានមួយដែលគ្មានសារធាតុពុលជារៀងរាល់ថ្ងៃ ។ នៅក្នុងផែនការសកម្មភាពនេះ សម្លៀកបំពាក់ត្រូវបានកំណត់យកថាជាក្រុមផលិតផលសំខាន់មួយដែល ព័ត៌មាន និងការអនុវត្តច្បាប់អាចត្រូវបានពង្រឹង ។
ទិន្នន័យពិត
ថ្នាំជ្រលក់អេសូ
ថ្នាំជ្រលក់អេសូត្រូវបានប្រើជ្រលក់ពណ៌សំពត់តម្បាញ និងស្បែកសត្វ ។ ថ្នាំជ្រលក់អេសូខ្លះអាចបំបែកបានជាអារីលអាមីនពុល ។ អារីលអាមីនត្រូវបានចាត់ជាសារធាតុដែលអាចបណ្ដាលឲ្យកើតជំងឺមហារីក ប៉ុន្តែប្រភេទអារីលអាមីនខ្លះអាចបណ្ដាលឲ្យមានរោគសញ្ញាអេឡែរហ្ស៊ី ឬពុលតាមផ្លូវដង្ហើម ។ អារីលអាមីនប្រភេទជាច្រើនទៀតក៏ត្រូវបានចាត់ចំណាត់ថ្នាក់ថាមាន គ្រោះថ្នាក់ ដោយសារវាមានសមត្ថភាពបំពុលសព៌ាង្គកាយរស់ក្នុងទឹក និងវារីបរិស្ថាន ។ ថ្នាំជ្រលក់អេសូអាចបំបែកបានជាអារីលអាមីនបណ្ដាលឲ្យកើតជំងឺមហារីក ត្រូវបានហាមឃាត់នៅសហភាពអឺរ៉ុប ។សារធាតុណូនីលហ្វេណុលអេសូស៊ីឡេត និង ណូនីលហ្វេណុល
ណូនីលហ្វេណុលអេសូស៊ីឡេតអាចត្រូវបានប្រើនៅក្នុងសាប៊ូ និងថ្នាំលាប ។ នៅក្នុងបរិស្ថាន វាបំបែកទៅជាណូនីលហ្វេណុល ។ ណូនីលហ្វេណុលត្រូវបានបំបែកយឺតៗ ហើយប្រមូលផ្ដុំនៅក្នុងបរិស្ថាន ។ វាពុលខ្លាំងចំពោះសព៌ាង្គកាយរស់ក្នុងទឹក និងអាចបណ្ដាលឲ្យមានផលប៉ះពាល់រយៈពេលវែងចំពោះវារីបរិស្ថាន ។ គេក៏សង្ស័យថាវាធ្វើឲ្យរាំងស្ទះដល់ដំណើរការរបស់ក្រពេញនានាផង ដែរ ។ ការប្រើប្រាស់ណូនីលហ្វេណុលអេសូស៊ីឡេត និងណូនីលហ្វេណុល នៅក្នុងសហភាពអឺរ៉ុបត្រូវបានហាមឃាត់ ដោយមានករណីលើកលែងតិចតួចប៉ុណ្ណោះ ។ ប្រទេសស៊ុយអែតបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការរៀបចំ ឯកសារបញ្ជូនទៅទីភ្នាក់ងារសារធាតុគីមីសហភាពអឺរ៉ុបដើម្បីហាមឃាត់ សារធាតុទាំងពីរនេះមិនឲ្យប្រើនៅក្នុងសំពត់តម្បាញនាំចូលទៅកាន់ សហភាពអឺរ៉ុប ។សារធាតុសាឡេត
សាឡេត គឺជាឈ្មោះរួមនៃសារធាតុគីមីមួយក្រុមដែលផ្សំឡើងពីអាស៊ីតសាលីក ។ ជួនកាលសារធាតុ ទាំងនេះត្រូវបានប្រើជាភ្នាក់ងារបន្ទន់នៅក្នុងប្លាស្ទិក និងអាចឃើញមាននៅក្នុងថ្នាំបោះពុម្ពជាតិប្លាស្ទិកនៅលើ សម្លៀកបំពាក់ ។ សារធាតុសាឡេតខ្លះមានឥទ្ធិពលរំខានដល់ដំណើរការរបស់ក្រពេញ ។ សារធាតុសាឡេត ដូចជា DEHP, DBP និង BBP ត្រូវបានចាត់ចំណាត់ថ្នាក់ដោយសហភាពអឺរ៉ុបថាមានគ្រោះថ្នាក់ (ប៉ះពាល់ដល់ការបន្តពូជ ប្រភេទទី២) ។សារធាតុ DEHP, DBP និង BBP លើសពី ០,១% ត្រូវបានហាមឃាត់នៅក្នុងឧបករណ៍ក្មេងលេង និងសម្ភារៈថែទាំកុមារ ដែលអាចដាក់ចូលក្នុងមាត់ ៕
(ប្រែសម្រួលពីព្រឹត្តិបត្រទីភ្នាក់ងារសារធាតុគីមីស៊ុយអែត (KEMI) ខែមិថុនា ឆ្នាំ២០១៣
ដោយឈូកខ្មែរ)