Wednesday, February 27, 2013

ហាត់ប្រាណពេលណាល្អបំផុតចំពោះសុខភាព

លោកអ្នក​ដែល​បានធ្វើការ​ហាត់ប្រាណ មិន​ថា​ហាត់​ទៅតាម​របៀប​ណាមួយ​នោះទេ ក៏​អាចជួយ​បង្កើន​សុខភាព​របស់លោក​អ្នក​ឱ្យ​កាន់តែ​ប្រសើរ និង​ធ្វើឱ្យ​រាងកាយ​របស់លោក​អ្នក​កាន់តែ​រឹងមាំ​។ ការហាត់​ប្រាណ​នឹង​ជួយ​ឱ្យ​លោកអ្នក​មាន​សុខ​ភាពល្អ ធ្វើឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​កាន់តែ​ខ្លាំងក្លា និង​អាចជួយ​ឱ្យ​លោកអ្នក​ចៀស​ផុតពី​ជំងឺ​ផ្សេងៗ​ទៀតផង​។​

•​    ​ការហាត់​ប្រាណ​នៅពេល​ព្រឹក ៖ ការហាត់​ប្រាណ​នៅពេល​ព្រឹក​គឺជា​វេលា​មួយ​ដែល​លោកអ្នក​មិនទាន់​ស្រស់ស្រូប អាហារ​ពេលព្រឹក​។ ដូចនេះ​នៅពេលដែល​លោកអ្នក​បាន​បញ្ចេញ​នូវ​ថាមពល​ចេញពី​រាងកាយ​ធ្វើឱ្យ​បែកញើស បញ្ចេញ​ជាតិពុល​ពី​ក្នុង​រាងកាយ រីឯ​កម្លាំង​ក្នុង​រាងកាយ​កាន់​តែមាន​ភាពប្រសើរ​ជាជាង​មុន​។ សូម​ចងចាំ​ផងដែរ​ថា មុននឹង​ធ្វើការ​ហាត់ប្រាណ​នៅពេល​ព្រឹក លោកអ្នក​គប្បី​ទទួលទាន​ទឹក​មុនពេល​ហាត់​ដោយ​បរិមាណ​២​ទៅ​៣​កែវ​រួច​សម្រាក មួយសន្ទុះ​សឹម​ហាត់​។ អំឡុងពេល​ហាត់​ក៏​គួរ​ឆ្លៀតពេល​ទទួលទាន​ទឹក​១​ទៅ​២​កែវ​ផងដែរ ដើម្បី​បំពេញ​នូវ​ជាតិ​ទឹក​ដែល​បាន​បាត់បង់​ខណៈពេល​ហាត់ប្រាណ​និង​ការពារ មិនឱ្យ​រាងកាយ​ស្ថិតនៅក្នុង​ភាព​ខ្សោះ ឬ​ខ្វះ​ជាតិ​ទឹក ដែល​អាច​បង្ក​ផល​លំបាក​កើតមាន​ក្នុងពេល​ហាត់ ដូចជា​បណ្ដាលឱ្យ​ស្ងួត​បំពង់ក រមួល​ក្រពះ ក្អួត ឈឺក្បាល វិលមុខ ឬ​អស់កម្លាំង​ជាដើម​។ សម្រាប់​ការហាត់​ប្រាណ​នាពេល​ព្រឹក លោកអ្នក​អាច​ជ្រើសរើស​វិធី​ជាច្រើន​ក្នុង​ការហាត់ ដូចជា​ការដើរ រត់ រាំ និង​ការធ្វើ​កីឡា​កាយ​វប្បកម្ម​ជាដើម​។​

•​    ​ការហាត់​ប្រាណ​នៅពេល​ល្ងាច ៖ សម្រាប់​ការហាត់​ប្រាណ​ពេល​ល្ងាច​ក៏មាន​សារៈប្រយោជន៍​មិន​ខុសពី​ពេលព្រឹក​នោះដែរ គឺ​នឹង​ធ្វើឱ្យ​លោកអ្នក​មាន​សុខ​ភាពល្អ​។ ករណី​ការហាត់​ប្រាណ​ពេល​ល្ងាច លោកអ្នក​អាច​ជ្រើសរើស​ពេលវេលា​សមស្រប​ណាមួយ​ចាប់ពី​ម៉ោង​៥​ល្ងាច​រហូតដល់​ម៉ោង​៧​យប់​។ សម្រាប់​ពេល​ល្ងាច​លោកអ្នក​អាច​ហាត់ប្រាណ​ដោយ​ការ​រាំ រត់ ឬក៏​លើក​សាច់ដុំ​ជាដើម​។ បើ​និយាយ​ពី​ការហាត់​ប្រាណ​ដោយ​ការលើក​សាច់ដុំ​នៅពេល​ល្ងាច​គឺមាន​ភាពប្រសើរ ជាង​នៅ​ពល​ព្រឹក ព្រោះ​ពេល​ល្ងាច​លោក​អ្នកមាន​កម្លាំង​ខ្លាំង​ជាង​ពេលព្រឹក​។ ប៉ុន្ដែ​លោកអ្នក​ក៏​អាច​ហាត់​នៅពេល​ព្រឹក​ផងដែរ​គឺ​នៅ​ម៉ោង​ប្រហែលជា​៩​ព្រឹក​ក្រោយពេល​ទទួលទាន អាហារ​ពេលព្រឹក​រួចរាល់​។ ដើម្បី​ការពារ​បញ្ហាលំបាក​ដែល​អាច​កើតមាន​នៅពេល​ហាត់ លោកអ្នក​គប្បី​ទទួលទាន​ទឹកជា​ប្រចាំ ប៉ុន្ដែ​ក៏​មិន​គប្បី​ទទួលទាន​ក្នុង​កម្រិត​ច្រើន​នោះទេ ហើយ​ត្រូវ​សម្រាក​បន្ដិច​រាល់​ពេលដែល​ទទួលទាន​ទឹក​រួច ព្រោះ​អាច​បណ្ដាលឱ្យមាន​អាការ​មិន​ស្រួល​កើតមានឡើង​ទៅវិញ​ទេ​។​


(ប្រភព៖ផប់ហ្សូនអេហ្សៀ)