នាពេលបច្ចុប្បន្ន ជំងឺដែលស្ត្រីភាគច្រើនជួបប្រទះ និងមានការខ្លាចរអា គឺជំងឺមហារីកសុដន់ ដែលស្ត្រីខ្លះ មិនបានដឹងមុនទេ ក៏ស្រាប់តែចេញអាការធ្ងន់ធ្ងរតែម្តង។ ដូចនេះ ដើម្បីឱ្យប្រាកដក្នុងចិត្ត និងយល់ច្បាស់ពីជំងឺមហារីក អ្នកគួរស្វែងយល់ពីលក្ខណៈជំងឺពាក់ព័ន្ធនឹងសុដន់ ដូចខាងក្រោមនេះ...។
-អាការឈឺសុដន់ អាចផ្សេងពីគ្នា ៖
ប្រសិនបើអ្នកមានអារម្មណ៍ថាឈឺ ឬតឹងសុដន់ នៅមុនពេលមករដូវ អ្នកមិនចាំបាច់ភ័យ ខ្លាំងពេកនោះឡើយ បន្ទាប់ពីនោះមក ការឈឺចាប់ នឹងថយចុះ។ ក្រៅពីនេះ វាអាច បណ្តាលមកពីអារម្មណ៍តានតឹង ដែលជះឥទ្ធិពលដល់អ័រម៉ូន។
-ឈឺសុដន់ តែមិនពាក់ព័ន្ធនឹងរដូវ ៖
អាចកើតលើស្ត្រីវ័យអស់រដូវ និងវ័យបន្តពូជ ដោយលក្ខណៈរបស់វា គឺឈឺផ្នែកណាមួយ នៅលើសុដន់ ឬមានអារម្មណ៍ឈឺសុដន់ទាំងសងខាង។ ស្ត្រីខ្លះ មានអាការឈឺបែបនេះ យូរជាង២ឆ្នាំ ក្រោយមក អាការនេះ នឹងបាត់ទៅដោយ ខ្លួនឯង។ អ្នកខ្លះឈឺដោយសារតែសុដន់ ទទួលរងការប៉ះទង្គិច ប៉ុន្តែ ពេលខ្លះឈឺ ដោយគ្មានមូលហេតុ។ ទោះបីជាការឈឺបែបនេះ មិនមែនជាអាការរបស់ជំងឺ មហារីកសុដន់ ប៉ុន្តែ ប្រការល្អបំផុត អ្នកគួរទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យឱ្យបាន ល្អិតល្អន់។
-ឈឺកណ្តាលសុដន់ ៖
ពេលខ្លះ គេអាចហៅថា ជំងឺរលាកឆ្អឹងជំនីរ ដែលអ្នកអាចសង្កេតបាន ព្រោះ ការឈឺបែបនេះ មិនពាក់ព័ន្ធនឹងវដ្តរដូវឡើយ។
-បន្ថយការឈឺចាប់សុដន់ ដោយអាហារ ៖
អាហារខាងក្រោមនេះ មានគុណប្រយោជន៍អាចបំបាត់អាការឈឺសុដន់ បាន ៖
-បន្ថយអាហារដែលសម្បូរកាហ្វេអ៊ីន ដូចជា កាហ្វេ តែ ទឹកក្រូចហ្គាស់ និង សូកូឡា។
-បន្ថយជាតិខ្លាញ់ដែលមាននៅក្នុងអាហារ ដូចជា នំប៉័ងផ្អែម សាច់សត្វ ខ្លាញ់សត្វ ដោយទទួលទានបន្លែ ផ្លែឈើ និងធញ្ញជាតិ ឱ្យបានច្រើនជាងមុន។
-បន្ថយការទទួលទានអំបិល។
-ទទួលទានវីតាមីនបន្ថែម ដោយធ្វើការពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញផ្នែកអាហារ ជាមុនសិន។ គួរទទួលទានវីតាមីនE វីតាមីន B6 និងប្រេងEvening Prime Olls ៕
(ប្រភព៖អង្គរ ធំ)