Sunday, January 20, 2013

បាក់តេរី​បង្ក​ជំងឺ​៧​ប្រភេទ "​ជ្រក​ពួន​" ក្នុង​ចំណីអាហារ​

ក្នុង​១​ឆ្នាំៗ​មាន​មនុស្ស​រាប់លាន​នាក់​ឆ្លង​ជំងឺ​ដោយសារ​ចំណីអាហារ​មិន​ធានា​អនាម័យ ។ ខាងក្រោម​នេះ​ជា​បាក់តេរី​សំខាន់ៗ​៧​ប្រភេទ​ឆ្លងតាម​ចំណីអាហារ និង​វី​ធី​បង្ការ ។​

  1. E.Coli : ជា​បាក់តេរី​រស់នៅក្នុង​ពោះវៀន​ដូចជា​គោ ចៀម ពពែ ។ ពួកវា​ច្រើន​ត្រូវបាន​រកឃើញ​នៅក្នុង​អាហារ​ដូចជា​សាច់គោ​ពុំទាន់​ចម្អិន​ឆ្អិន ទឹកដោះគោ​ស្រស់​ពុំទាន់​សម្លាប់​មេរោគ ប្រភពទឹក​កខ្វក់ ។ E.coli បង្ក​ការឆ្លង​តាមផ្លូវ​ពោះវៀន រោគសញ្ញា​ទាំងឡាយ​រួមមាន : រាករូស​ធ្ងន់ ឈឺពោះ ក្អួតចង្អោរ​អូសបន្លាយ ។ ដើម្បី​បញ្ចៀស​ត្រូវ​ឆ្លង​បាក់តេរី E.coli ចូរ​"​ទទួលទាន​ឆ្អិន ផឹកទឹក​ពុះ​" លាង​ផ្លែឈើ និង​បន្លែ​មុនពេល​ទទួលទាន ឬ​ចម្អិន ។ មិន​ទទួលទាន​ផ្លែឈើ ឬ​ទឹកដោះគោ​ពុំ​ទា់​បានសម្លាប់​មេរោគ ។​
  2.  Compylobacterjejuni : ជា​បាក់តេរី​រាងគូទខ្យង រីកចម្រើន​សំខាន់​នៅ​សត្វ​មាន់ និង​គោ ។ សឹងតែ​ទាំង​អស់នៃ​អ្នក​ឆ្លង​បាក់តេរី​នេះ​ច្រើន​មាន​រោគសញ្ញា​រាគរូស រមួលក្រពើ ឈឺក្រពះ និង​គ្រុនក្តៅ​ពី​២-៥​ថ្ងៃ ។​ ​ដើម្បី​ទប់ស្កាត់​បាក់តេរី​ប្រភេទ​នេះ អង្គការ​សុខភាព​ពិភពលោក​(WHO) ទូន្មាន​ថា សាច់​ត្រូវ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ លាងដៃ​ក្រោយពេល​ប៉ះពាល់​អាហារ​ឆៅ និង​សំអាត​ឧបករណ៍​ផ្ទះបាយ​ទាំងអស់​ក្រោយពេល​ប្រើប្រាស់ ទទួលទាន​តែ​ទឹកដោះគោ​បានសម្លាប់​មេរោគ ។​
  3.  Listeria monocgtogenes : ជា​បាក់តេរី​ត្រូវបាន​រកឃើញ​ក្នុង​ដី និង​ទឹក ហើយ​វា​ក៏មាន​វត្តមាន​ក្នុង​អាហារ​ស្រស់​ឆៅ​ក៏​ដូច​ក្នុង​អាហារ​បាន​កែច្នៃ និង​ទឹកដោះគោ​ពុំទាន់​បានសម្លាប់​មេរោគ ។ មិន​ដូចជា​ពពួក​បាក់តេរី​ផ្សេងៗ Listeria អាច​រីកចម្រើន និង​រាលដាល​សូម្បីតែ​ក្នុង​សីតុណ្ហភាព​ត្រជាក់​មធ្យម​របស់​ទូទឹកកក ។ រោគសញ្ញា​របស់​ការឆ្លង Listeria រួមមាន គ្រុនក្តៅ និង​រងា ឈឺក្បាល ឈឺពោះ និង​ក្អួតចង្អោរ ។ ចំពោះ​មនុស្ស​មួយចំនួន ជំងឺ​អាច​ប្រែជា​ធ្ងន់ធ្ងរ​ជាង ហើយ​ថែមទាំង​អាច​បណ្តាល​ឲ្យ​បាត់បង់​ជីវិត ។​ ​ដើម្បី​បង្ការ​ជំងឺ​ចាំបាច់​ត្រូវអនុវត្ត​វិធានការ​ទាំងឡាយ​ដូចជា ធានា​អនាម័យ​សុវត្ថិភាព​អាហារ​នៅ​បណ្តា​ផ្នែក កែច្នៃ ដឹកជញ្ជូន បែងចែក ប្រើប្រាស់​សាច់​ស្រស់ ទឹកដោះគោ​ស្រស់ និង​ផលិតផល​ទឹកដោះគោ ស៊ុត ពពួក​បន្លែ​ផ្លែឈើ​ស្រស់ ។ ទទួលទាន​អាហារ​ឆ្អិន ទឹក​ឆ្អិន លាងដៃ​ស្អាត​មុននឹង​ក្រោយពេល​បន្ទោ​របង់ ។ រក្សា​អនាម័យ​ឧបករណ៍​កែច្នៃ ដាក់​និង​ទូរ​ទឹកកក ដាក់​ដោយឡែក​អាហារ​ឆៅ និង​ឆ្អិន អាហារ​ចាស់ និង​ថ្មី ថែទាំ​អាហារ​នៅ​សីតុណ្ហភាព​សុវត្ថិភាព ។​
  4. Vibrio Parahae moly licus : ជា​បាក់តេរី​រស់នៅក្នុង​ទឹកប្រៃ ច្រើន​ត្រូវបាន​រកឃើញ​នៅក្នុង​គ្រឿង​សមុទ្រ​ឆៅ ។ ពួក​អ្នក​ទទួលទាន​ងាវ ខ្យង​ឆៅ ឬ​ចម្អិន​ពុំទាន់​ឆ្អិន តែង​ត្រូវ​ឆ្លង​បាក់តេរី​នេះ ក្នុង​រង្វង់​២៤​ម៉ោង បង្ក​ជា​រោគសញ្ញា​ដូចជា រាករូស ជាមួយនឹង​ការ​កន្ត្រាក់​ក្រពះ ចង់​ក្អួតចង្អោរ និង​ស្រៀវស្រាញ ។​ ​អាច​ទប់ស្កាត់​ដាច់ខាត​ជំងឺឆ្លង​បាក់តេរី​នេះ ដោយ​វិធី​ចម្អិន​ឆ្អិន​ត្រឹមត្រូវ​ពពួក​អាហារ​សមុទ្រ ។​
  5. អតិសុខុមប្រាណ Toxoplasma gondii : ពុំ​ត្រឹមតែ​ជ្រក​ពួន​នៅលើ​សត្វ​ឆ្មា​ប៉ុណ្ណោះ​ទេ តែ​វា​នៅ​អាច​រស់​នៅលើ​ពពួកសត្វ​ឈាម​ក្តៅ​គ្រប់​ប្រភេទ ។ មនុស្ស​អាច​ត្រូវ​ឆ្លងកាត់​អតិសុខុមប្រាណ T gondii ពេល​ប៉ះពាល់​លាមក​ឆ្មា ឬ​ទទួលទាន​សាច់​ចម្អិន​ពុំទាន់​ឆ្អិន​ល្អ បន្លែ​ពុះ​ទាន់​លាង ។ ការស្រាវជ្រាវ​មួយចំនួន​បង្ហាញថា អតិសុខុមប្រាណ​នេះ​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​យ៉ាងច្រើន​ដូចជា​ជំងឺសរសៃប្រសាទ និង​មហារីក​ខួរក្បាល ។​ ​ដើម្បី​ទប់ស្កាត់ CDC ទូន្មាន ត្រូវ​ចំអិន​អាហារ​នៅ​សីតុណ្ហភាព​សុ​វត្តិភាព លាងដៃ​ពេល​ប៉ះពាល់​អាហារ ចៀសវាង​ទទួលទាន​អាហារ​មិន​ធានា​អនាម័យ ហើយ​ពិសេស​ស្ត្រី​មានគភ៌​ត្រូវ​ចៀសវាង​ឲ្យ​ឆ្ងាយ​ពីស​ត្វ​ឆ្មា ។
  6. Salmonella : ជា​ក្រុម​បាក់តេរី​មួយ​ច្រើន​ត្រូវបាន​រកឃើញ​ក្នុង​សាច់​បសុសត្វ​ឆៅ ស៊ុត សាច់គោ និង​លើ​ផ្លែឈើ និង​បន្លែ​ពុំទាន់​បាន​លាង​សំអាត ។ បាក់តេរី Salmonella បង្ក​ជា​រោគសញ្ញា​ដូចជា​គ្រុនក្តៅ ឈឺពោះ រាករូស ឈឺក្រពះ និង​ឈឺក្បាល​អូសបន្លាយ​ពី​៤-៧​ថ្ងៃ ។ ប្រសិន​មិនបាន​ព្យាបាល​ត្រឹម​ត្រុ​វ វា​អាច​ឆ្លង​រាលដាល​តាមរយៈ​ឈាម​ទៅដល់​បណ្តា​ផ្នែក​ផ្សេងៗ និង​ថែមទាំង​អាច​បណ្តាល​ឲ្យ​បាត់បង់​ជីវិត ។​ ​ដើម្បី​ទប់ស្កាត់​ឆ្លង​បាក់តេរី មិនត្រូវ​ទទួលទាន​ស៊ុត​ឆៅ ឬ​សាច់​ចម្អិន​ពុំទាន់​ឆ្អិន ។ ពពួក​សាច់​ឆៅ​ត្រូវ​ថែទាំ​ដោយឡែក ។ ឧបករណ៍​ផ្ទះបាយ​ត្រូវ​លាង​ឲ្យ​ស្អាតបាត​ក្រោយពេល​កែច្នៃ​អាហារ​ឆៅ ។​
  7. Norovirus : ជា​ឈ្មោះ​របស់​ក្រុម​វីរុស​មួយ ច្រើន​បង្ក​ជំងឺ​រលាក​ផ្លូវ​ពោះវៀន ដោយសារ​វីរុស​(​ផ្តាសាយ​ក្រពះ​) ។ បាក់តេរី​នេះ​តែ​ត្រូវបាន​រកឃើញ​នៅក្នុង​អាហារ ឬ​ភេសជ្ជៈ​កខ្វក់ ។ រោគសញ្ញា​ឆ្លង​វីរុស​រួមមាន​ចង់​ក្អួត ឈឺពោះ ក្អួតចង្អោរ រាករូស ឈឺក្បាល គ្រុនក្តៅ និង​អស់កម្លាំង និង​មាន​និន្នាការ​អូសបន្លាយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ ។​ ​ដើម្បី​ទប់ស្កាត់ norovirus ត្រូវ​លាងដៃ​ដោយ​សាប៊ូ និង​ទឹកជា​ប្រចាំ ទទួលទាន​អាហារ​ស្អាត សុវត្ថិភាព សម្លាប់​មេរោគ​ឧបករណ៍​ផ្ទះបាយ និង​បន្ទប់ទឹក​រាល់ថ្ងៃ ៕​
(ប្រភព៖Ksn-News.com)