គេងថ្ងៃ មិនមែនសម្រាប់តែកុមារ ឬ មនុស្សចាស់ ឬដើម្បីគេចពីអាកាសធាតុក្តៅខ្លាំងពេលថ្ងៃត្រង់នោះទេ។ មនុស្សពេញវ័យ ពេញកម្លាំងធ្វើការ ជាបុរស និងស្ត្រីអ្នកជំនួញ តែងតែឆ្លៀតសម្រាកថ្ងៃត្រង់បន្តិច ដើម្បី កាត់បន្ថយស្ត្រេស បង្កើនប្រសិទ្ធិភាព និងលទ្ធផលនៃសមត្ថភាពធ្វើការងារ។ ព្រោះបើតាមការសិក្សារបស់ NASA គេងថ្ងៃប្រមាណតែ ២០នាទី អាចបង្កើនការផ្ចង់អារម្មណ៍បាន៣៤% និងបង្កើនសមត្ថភាពធ្វើការបាន២៥%។ អៀង សុខម៉ិញ បានអានសៀវភៅមួយ មានចំណងជើង l'Eloge de la sieste របស់អ្នកនិពន្ធ Bruno Comby ដែលនិយាយអំពីផលប្រយោជន៍នៃការគេងថ្ងៃនេះ។
(បើតាមការសិក្សារបស់ NASA, សម្រាកថ្ងៃ ២០នាទី អាចបង្កើនការផ្ចង់អារម្មណ៍បាន៣៤% និងសមត្ថភាពធ្វើការបាន២៥%.) |
បើតាមការសិក្សាថ្មីបំផុតមួយរបស់វិទ្យាស្ថានជាតិការពារ និងអប់រំសុខភាពរបស់បារាំង បានបង្ហាញថា បណ្តាជនបារាំង ៤៥% ដែលបានចោទសួរ ទទួលដំណេកមិនគ្រប់គ្រាន់ទេ ហើយ៦២% សារភាពថាមានវិបត្តិដំណេក ពិបាកគេង គេងមិនលក់ ។ល។ និង។ល។ ដំណេកមិនបាន ជះផលប៉ះពាល់ និងផ្តល់ឥទ្ធិពលមិនល្អឡើយសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ៖ ៤៨% បានអះអាងថាពេលគេងមិនលក់ គេងមិនឆ្អែត ជាកត្តាអវិជ្ជមានចំពោះអាក្បកិរិយា- ៤៥%លើជំនោរចិត្ត ឬ សមត្ថភាពផ្ទង់អារម្មណ៍ធ្វើការ - ៣២% រំខានដល់សកម្មភាពការងារប្រចាំថ្ងៃ និង ៣០% យល់ថាមានការប៉ះពាល់ដល់ទំនាក់ទំនងជាមួយអ្នកដទៃ។! ដើម្បីចូលរួមចំណែកលុបបំបាត់ឥទ្ធិពលអាក្រក់ទាំងអម្បាលម៉ាននេះ ដំណោះស្រាយមានតែមួយ គឺសម្រាកថ្ងៃ។
ពាក្យថា « ដេកថ្ងៃ » បើនិយាយជាភាសាបារាំង គឺ « Sieste » ពាក្យថាSieste នេះ មានដើមកំណើតពីភាសាឡាតាំង ថា Sixta ដែលមានន័យថា ម៉ោងទី ៦ រាប់ពីពេលព្រឹកមក ពោលគឺត្រូវនឹងម៉ោង ១២ថ្ងៃត្រង់ សម្រាប់ពួករ៉ូម៉ាំង។ ដូច្នេះ ពាក្យថា Sieste គឺសម្រាក ក្រោយពេលបរិភោគបាយថ្ងៃត្រង់ហើយ (ទោះលក់ក្តី ឬមិនលក់ក្តី)។ នេះជាការពន្យល់បញ្ជាក់របស់អ្នកនិពន្ធសៀវភៅនិយាយអំពី ការគេងថ្ងៃ។ បើនិយាយជាភាសាខ្មែរវិញ រិតតែស្រួលយល់ទៀត។ ភាសាខ្មែរប្រើថា ដេកថ្ងៃ- គឺពន្យល់បញ្ជាក់ដោយត្រង់ៗ ចំៗ អំពី សកម្មភាព សម្រាក - សម្រាន្តពេលថ្ងៃត្រង់ ក្រោយពេលបាយរួច។ ប៉ុន្តែផ្ទុយពីគំនិតធ្លាប់គិត និងយល់ពីមុនមក ទម្លាប់ទម្រេតខ្លួន មួយភ្លែត ដើម្បីកាត់ថ្ងៃជាពីរ ដែលត្រូវបានគេចាត់ទុកថាជាការគេងថ្ងៃ គឺជាកាយវិការជួលជុល ឬបំពេញកង្វះដំណេក កាលពីពេលយប់។
ដំណេកគ្រប់គ្រាន់ និងត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ ពីគេងពី ៧ ទៅ ៨ ម៉ោង ជាមធ្យម ក្នុងមួយថ្ងៃ។ គេងក្រោម៦ម៉ោង ចាត់ទុកថា “មិនគ្រប់គ្រាន់” ដូច្នេះដើម្បីអាចបំពេញកង្វះខាតនេះបានខ្លះ ដំណោះស្រាយតែមួយគឺការ គេងថ្ងៃ។ ដូចលោកអ្នកនាងបានជ្រាបក្នុងកម្មវិធីសុខភាពមុនៗ ដែលបានលើកឡើងអំពីផលប៉ះពាល់នៃការទទួលទានដំណេកមិនគ្រប់គ្រាន់ រួចមកហើយថា មានការសិក្សាណាស់ដែលរកឃើញថា ការទទួលទានដំណេកខ្លីពេក ផ្តល់ផលអាក្រក់ខ្លាំងណាស់ដល់សុខភាព ៖ បង្កើនគ្រោះកើតជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ធាត់ជ្រុលចុកខ្លាញ់ ប្រព័ន្ធការពារខ្លួនចុះខ្សោយ ការចងចាំ និងភាពប្រុងប្រយ័ត្នធ្លាក់ចុះ កើតរោគព្រួយ និងកើតជំងឺធ្លាក់ទឹកចិត្ត ។ល។ និង។ល។ ដោយមិនភ្លេចឡើយគ្រោះថ្នាក់ចរាចរណ៍ដែលងាយកើតឡើងបានពេលអ្នកបើកបរនឿយហត់ គេងមិនឆ្អែត អត់ងងុយ ឬងងុយគេង។
ងងុយគេងក្រោយពេលបាយ ? មិនមែនព្រោះតែដោយសារក្រពះធ្វើការរំលាយអាហារ នាំឱ្យយើងទន់ភ្នែកទេឬ ?! ប៉ុន្តែវាទំនងដូចជាចង្វាក់ធម្មជាតិរបស់សរីរាង្គកាយមនុស្សជាង ! សេចក្តីសន្និដ្ឋានបែបនេះអាចធ្វើទៅកើត ដោយសំអាងថា ប្រសិនបើការងងុយគេងពេលថ្ងៃ មានជាប់ទាក់ទងនឹងការរំលាយអាហារមែន នោះប្រាកដជាគេត្រូវសង្កេតឃើញមានករណីងុយគេង ក្រោយពេលទទួលទានអាហារពេលព្រឹក ឬក្រោយទទួលទានអាហារពេលល្ងាច ហើយគេមិនត្រូវរកឃើញមានករណីអ្នកងុយដេកថ្ងៃឡើយ សម្រាប់អ្នកមិនបានបរិភោគអាហារថ្ងៃត្រង់នោះ។ ប៉ុន្តែវាមិនដូច្នេះសោះ អ្នកមិនបានបាយថ្ងៃ ក៏ចេះងុយគេងពេលថ្ងៃត្រង់ ត្រូវការសម្រាកពេលថ្ងៃដូចគ្នា។ សរុបមក ការគេងថ្ងៃ ទំនងជាកម្មវិធី ដែលដាក់ចេញមកពីកំណើត ពីធម្មជាតិមនុស្ស។
ការសម្រាកថ្ងៃ មានផលប្រយោជន៍ច្រើន ៖ គេងថ្ងៃអាចកាត់បន្ថយ Stress អាចជួយឱ្យមាននិងរក្សាបានការចងចាំល្អ និងអាចផ្ទង់អារម្មណ៍បាននឹង ក្នុងការបញ្ចេញសកម្មភាពការងារ ឬគំនិតផ្តួចផ្តើមល្អ និងធ្វើឱ្យមុខងារប្រព័ន្ធប្រសាទមានលំនឹងល្អឡើងវិញ។ ដូចគ្នានេះដែរ សម្រាកតែពីរឬបីនាទី ប៉ុណ្ណោះ អាចនឹងធ្វើឱ្យយើងស្ថិតនៅជាមនុស្សមានសភាពរហ័សរហួនជានិច្ច ព្រោះតែបានសម្រាកសូ្របយកថាមពលមកបំពេញសេចក្តីត្រូវការរបស់សរីរាង្គកាយឡើងវិញបាន។ អ្នកដែលមានកាលវិភាគការងារមមាញឹក ជាប់រដឹកដល់យប់ជ្រៅ ការសម្រាកពេលថ្ងៃបន្តិចបន្តួចសោះ អាចនឹងជួយបំពេញដំណេកពេលយប់បានពីមួយម៉ោង ទៅពីរម៉ោង ក្នុងមួយថ្ងៃ។
គ្មានទេក្បួនខ្នាត ឬវេជ្ជបញ្ជាពិសេស ប្រាប់ពី រយៈពេលនៃការគេងថ្ងៃ ! រយៈពេលដ៏ប្រពៃ គឺអាស្រ័យទៅតាមពេលវេលារបស់បុគ្គលម្នាក់ៗ។ ប៉ុន្តែដើម្បីជាគោល សម្រាប់ជួយលោកអ្នក ការគេងថ្ងៃកំរិតស្តង់ដារ គឺ ២០នាទី។ ប៉ុន្តែជាថ្មីម្តង ចំនួន និងរយៈពេល គេងថ្ងៃ អាស្រ័យទាំងស្រុងទៅលើបុគ្គលម្នាក់ៗ ជួនទៅតាមកាលវិភាគការងារ ជួនទៅតាមការចូលចិត្ត។
និយាយអំពីរៀបគេងថ្ងៃវិញ ដំបូន្មានដ៏សំខាន់បំផុត គឺត្រូវធ្វើដោយសម្រួល។ ប្រសិនបើមិនអាចទម្រេតគេង ដោយដាក់ខ្នងផ្ទាល់នឹងកន្ទេលឬគ្រែបានទេ គេងអង្គុយក៏បាន តែខ្នងត្រូវត្រង់ បើអាចត្រូវយកអ្វីមកទល់កល់ខ្នង ដាក់ក្បាលសង្កត់កើយទៅក្រោយក៏បាន ផ្កាប់មុខក៏បាន។ ដៃនិងជើង ត្រូវលាឱ្យត្រង់ កុំក្រព័ទ្ធ ឬគងខ្វែងគ្នា ហើយធ្មេចឬបិទភ្នែកសម្រាកចុះ។
អ្នកនិពន្ធសៀវភៅនិយាយអំពីផលប្រយោជន៍នៃការគេងថ្ងៃ បានថែមទាំងណែនាំ អំពីរបៀបដកដង្ហើមទៀតផង ៖ បន្ថយល្បឿនស្រូបនិងដកដង្ហើមបន្តិចម្តងៗ ទៅតាមល្បឿននៃការគិត និងលាសាច់ដុំ ទាំងអម្បាលបានរបស់សរីរាង្គកាយ។
នៅក្នុងយន្តហោះ ក៏ដូចជានៅក្នុងរថយន្ត ឬរថភ្លើង ឬនៅកន្លែងធ្វើការ ការគេងថ្ងៃអាចធ្វើបានគ្រប់ពេល និងគ្រប់ទីកន្លែងទាំងអស់ សល់តែមួយគឺធ្វើយ៉ាងណាបញ្ចុះបញ្ចូលឱ្យថៅកែ ឬប្រធានទទួលស្គាល់និងយល់ព្រមថា គេងថ្ងៃច្រើន ធ្វើការបានច្រើន និងមានប្រសិទ្ធិភាព ជាការស្រេចហើយ !
(ប្រភព៖ វិទ្យុបារាំងអន្តរជាតិ )