ជំងឺពុកធេ្មញ ត្រូវបានគេស្គាល់និងនិយាយថា ជំងឺដង្កូវស៊ីធ្មេញ ហើយវាជាបញ្ហាសុខភាពជាទូទៅធំបំផុតនៅក្នុងពិភពលោក។ជាពិសេស វាកើតមានច្រើនលើកុមារ ហើយនិងមនុស្សវ័យជំទង់ ហើយអត្រាអ្នកកើតជំងឺពុកធ្មេញក្នុងវ័យទាំងពីរនេះកាន់តែកើនឡើងដោយ សារជាតិស្ករសំបូរជាងមុននៅក្នុងរបបអាហារ ហើយនិងការធ្វើអនាម័យ
ធ្មេញមិនបានស្អាតល្អ។
រាល់កាកសំណល់អាហារស្អិតៗត្រូវបានគេស្គាល់ថាផ្លាក ដែលប្រមូលផ្តុំគ្នាជាពិសេសតាមខ្សែអញ្ចាញជើងធ្មេញ ហើយនិងផ្ទៃលើស្នាមធ្មេញនេះដែលបណ្តាលឱ្យធ្មេញពុក។ ផ្លាកកើតឡើងពីបំណែកអាហារ ទឹកមាត់ និងបាក់តេរី ដែលជាទូទៅមាននៅក្នុងមាត់ ហើយបានបំលែងអាហារទាំងនោះទៅជាអាស៊ីតវិញ។ ប្រសិនបើផ្លាកនេះប្រមូល
ផ្តុំគ្នា កាន់តែច្រើនទៅៗវានឹងក្លាយជាសារធាតុរឹងមួយហៅថាក្រមរធ្មេញ។ ទាំងក្រមរធ្មេញ និងផ្លាកមានផ្ទុកអាស៊ីតដែលក្នុងរយៈពេលមួយអាចបំផ្លាញស្រទាប់ការពារ ដ៏រឹងរបស់ធ្មេញ ហើយបង្កើតជាប្រហោង ឬរន្ធតូចៗ។ ហើយរន្ធទាំងនោះកើតឡើងក្នុងរយៈពេលរាប់ខែ ឬរាប់ឆ្នាំ។ រន្ធទាំងនោះពុំបណ្តាល ឱ្យយើងឈឺចាប់នោះទេ ប៉ុន្តែវាអាចរីកកាន់តែធំឡើងៗ ហើយបំផ្លាញប្រព័ន្ធទន់ៗខាងក្នុងធ្មេញ ដូចជាសាច់ធ្មេញ និងបណ្តូលធ្មេញដែលមាននៅក្នុងផ្នែកកណ្តាលនៃធ្មេញ។
ប្រសិនបើរន្ធទាំងនោះមិនទទួលការព្យាបាល ពួកវាអាចកម្ទេចសរសៃឈាម និងសរសៃប្រសាទធ្មេញ ហើយចុងក្រោយគឺតួធ្មេញតែម្តង។
រោគសញ្ញានៃជំងឺពុកធ្មេញភាគច្រើនគឺកើតមានការឈឺធ្មេញជាពិសេស បន្ទាប់ពីញ៉ាំអាហារ ឬភេសជ្ជៈក្តៅ ឬក៏
ត្រជាក់ ។ ទោះបីជាយ៉ាងណាក៏ដោយ ការឈឺចាប់នេះ នឹងមិនកើតឡើងទេ រហូតដល់ពេលដែលការពុកធ្មេញឈានដល់កំរិតធ្ងន់ធ្ងរ។ស្នាមខូងឬប្រហោង ពេលខ្លះមិនអាចមើលឃើញក្នុងធ្មេញផងដែរ។ហើយជំងឺពុកធ្មេញភាគច្រើន អាចត្រូវរកឃើញក្នុងដំណាក់កាលដំបូង ក្នុងអំឡុងពេលត្រួតពិនិត្យជាប្រចាំនោះ។ជំងឺពុកធ្មេញធ្ងន់ធ្ងរអាច បង្កឱ្យមានការករខ្ទុះក្នុងធ្មេញ ដែលការកើតមានខ្ទុះក្នុងធ្មេញនេះបណ្តាលមកពីការរីករាលដាលបាក់តេរី នៅស្នូលកណ្តាល
របស់ធ្មេញ ។ការរីករាលដាលនេះ ប្រហែលជាកើនឡើងចាប់តាំងពីឬសធ្មេញ ទៅដល់ឆ្អឹងទ្រទ្រង់ធ្មេញ។ផ្លាក និងក្រមរធ្មេញអាចធ្វើ ឱ្យអញ្ចាញធ្មេញរលាកផងដែរ ហើយអាចនឹងបណ្តាលឱ្យកើតជំងឺអញ្ចាញធ្មេញដែលហៅថា ជំងឺរាក់ស៊ីធ្មេញ។
ការបរិភោគ អាហារពិតប្រាកដណាស់ អាហារដែលសំបូរជាតិស្ករ និងជាតិម្សៅច្រើន ក៏បង្កើននូវជាតិអាស៊ីតជាច្រើនដងដែលអាចប៉ះពាល់ធ្មេញ។ ហើយការមិនសំអាតមាត់ធ្មេញឱ្យបានត្រឹមត្រូវនោះ វានឹងផ្តើមនូវភាពខូចខាត។ ជាតិអាស៊ីតដែលកើតចេញពីការបំបែកអាហារនៅក្នុងមាត់នឹងវាយប្រហារ លើស្រទាប់ការពារធ្មេញក្នុងរយៈពេល២០នាទីនៃការញ៉ាំអាហារ។
វិធីដ៏ល្អបំផុតសម្រាប់ថែរក្សាធ្មេញឱ្យមានសុខភាពល្អនោះ គឺត្រូវប្រាកដថាអ្នកបានសម្អាតវាជាប្រចាំ ដើម្បីចៀសវាងការកកើតផ្លាកនៅតាមធ្មេញ។គ្រូពេទ្យធ្មេញភាគច្រើន បានផ្តល់យោបល់ថា អ្នកសំអាតធ្មេញរបស់អ្នកយ៉ាងហោចណាស់ក៏ពីរដងដែរក្នុងមួយថ្ងៃ។ ការប្រើប្រាស់ថ្នាំដុសធ្មេញដែលមានជាតិភ្លូអរ៉ាយវា បានផ្តល់នូវការការពារបន្ថែមទៀតដល់ធ្មេញពីភាពប៉ះពាល់នៃអាស៊ីត។
ការប្រើសរសៃអំបោះសំអាតចន្លោះធ្មេញក៏ជាវិធីល្អមួយដែរដោយសារវាអាចលាង សម្អាតមាត់របស់អ្នកបន្ទាប់ពីញ៉ាំអាហារមានជាតិស្អិតរួចមក។វាក៏មានសារ សំខាន់ណា់ស់ក្នុងការត្រួតពិនិត្យជាមួយនឹងទន្តពេទ្យដែលគួរធ្វើ៦ខែម្តង។
នៅពេលដែល រចនាសម្ព័ន្ធធ្មេញមួយត្រូវបានបំផ្លាញនោះ គ្មានវិធីណាមួយនឹងប៉ះប៉ូវបានទេ។ក៏ប៉ុន្តែ ប្រសិនបើជំងឺពុកធ្មេញត្រូវបាន រកឃើញនៅក្នុងដំណាក់កាលដំបូង នោះការវិវឌ្ឍន៍ទៅមុខរបស់វា នឹងអាចត្រូវបញ្ឈប់បាន។
ផ្នែកដែល ពុកនេះ អាចត្រូវជំនួសដោយគ្រឿងបំពេញឡើងវិញដូចជា សំលោហៈប្រាក់ ឬក៏ប្លាស្ទិកដែលគ្រឿងទាំងនេះត្រូវបានគេស្គាល់ថា ជាគ្រឿងបំពេញ។ប្រសិនបើការពុកធ្មេញនេះរីករាលដាលធំឡើងនោះ ជំរើសមួយទៀតគឺការស្រោប។ កន្លែងពុក និងកន្លែងខ្សោយទាំងនោះ នឹងត្រូវដកចេញ និងព្យាបាល ការស្រោបធ្មេញនឹងត្រូវដាក់បញ្ចូលលើធ្មេញដែលសេសសល់ហើយប្រសិនបើ ប្រព័ន្ធសរសៃប្រសាទក្នុងធ្មេញងាប់អស់ដោយសារការពុកធ្មេញ ឬការខូចខាតធ្មេញ បន្ទាប់មកទៀតទន្តពេទ្យនឹងពិចារណាការព្យាបាលឬសធ្មេញ។វិធីនេះមានដូចជា ការដកបណ្តូលធ្មេញ ដោយរួមមានជាលិកាសរសៃប្រសាទ និងសរសៃឈាម។បន្ទាប់មកទៀត ឬសនេះនឹងត្រូវបានបំពេញដោយគ្រឿងការពារ ហើយដំណើរការនេះត្រូវបានបញ្ចប់ដោយការបំពេញ ឬការស្រោបដែលអាចទៅរួចនោះ៕
(សុខភាពថ្ងៃនេះ)







