Wednesday, May 10, 2017

តើជំងឺបូសថ្លើមបណ្តាលមកពីអ្វី?


បូសថ្លើម ជាការរលាកថ្លើម ដែលបណ្ដាលមកពីមេរោគឡើងតាមទឹកប្រម៉ាត់។ បូសថ្លើមច្រើនកើតលើមនុស្រដែលមានអាយុ ៥០-៦០ឆ្នាំ ហើយគេសង្កេតឃើញថាមនុស្សប្រុសអាចកើតមានច្រើនជាងមនុស្រី។



ក) ការចម្លងរោគតាម៖
- ផ្លូវទឹកប្រម៉ាត់(៣០%-៧០%)
- សរសៃវ៉ែន Porte(១០%-២០%)
- សរសៃឈាមក្រហម(១០%-១៥%)
- ការរលាកនៅជិតខាងថ្លើម(១%-៥%)
- ការប៉ះទង្គិចលើថ្លើម(១%-៣%)
- Abcès cryptogénétique(១០%-៤០%)

ខ) មេរោគបង្ករហេតុ៖
- អាអេរ៉ូប៊ីក្រាម អវិជ្ជមាន (Aérobie à gram négatif): ៤0%-៦0%
- អាអេរ៉ូប៊ីក្រាម វិជ្ជមាន (Aérobie à gram positif): ១0%-២0%
- អាណាអេរ៉ូប៊ីក្រាម (Anaérobie): ៣៥%-៤៥%
- ប៉ូលីមីក្រូបប៊ីស (Polymicrobisme): ២០%-៦០%
- ពពួកមេរោគពិសេស (១%)
គ) រោគវិនិច្ឆ័យ៖

- គ្លីនិច៖
• គ្រុនក្តៅរហូតដល់ញាក់
• ឈីចុកចាប់នៅក្រោមឆ្អឹងជំនីខាងស្ដាំ
• សភាពទូទៅអ្នកជំងឺស្រុតចុះយ៉ាងខ្លាំង
• ថ្លើមរីកធំ ធ្លាក់ចុះក្រោមឆ្អឹងជំនីចាងស្ដាំ
• លឿងគ្រាប់ភ្នែក ស្បែក ២០%-៥០%
• ទឹកស្រោមសូតខាងស្តាំ ហត់ ក្អក

- ពិនិត្យឈាម៖
• គ្រាប់ឈាមសកើនឡើង
• CRP កើនឡើង
• Phosphatase alcalin កើនឡើង
• Taux prothrombine អូសបន្លាយ

- រូបភាពវេជ្ជសាស្ត្រ៖
•X ray សូត : មានទឹកក្រោមសូតខាងស្តាំ និង សន្ទះទ្រូងផ្នែកស្ដាំឡើងខ្ពស់
• Echographie & CT Scan  : គេដឹងពីចំនួន ទំហំ ទីតាំងនៃបូសថ្លើម
Echographie 

CT Scan

ឃ) ការព្យាបាល ៖ 

- ការប្រើឱសថ
- ការចោះបង្ហូរខ្ទុះ (Ponction percutanée) ជាវិធីមួយកំពុងពេញនិមយនៅមន្ទីរពេទ្យកាល់ម៉ែត ដោយសហការជាមួយផ្នែករូបភាពវេជ្ជសាស្រ្ត
- ការវះកាត់បង្ហូរបូសថ្លើម (Laparotomie)

"សូមមេត្តាមកពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យនិងធ្វើការវះកាត់ឲ្យទាន់ពេលវេលា និងជៀសវាងការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។"

ប្រភព៖ ទំព័រហ្វេសប៊ុក នៃមន្ទីរពេទ្យកាល់ម៉ែត

Tuesday, May 9, 2017

ជំងឹហឺតនៅកុមារ - Asthma in Children.

ជំងឺហឺត គឺចាការរលាករុាំរ៉ៃ ជាមួយនឹងការស្ទះផ្លូវខ្យល់ដែលអាចត្រឡប់មកស្ថានភាពធម្មតាវិញបាន។ គេអាចសម្គាល់​វាបានកោយការលាប់ឡើងវិញនៃសំឡេងដង្ហើមតឹង (Wheezing) ហើយជាញឹកញាប់គឺរួមជាមួយការក្អកដែលឆ្លើយ​តប​ទៅនឹងការព្យាបាលដោយឱសថពង្រីកទងសួត និងឱសថប្រឆាំងការរលាក។ គួរផ្តល់​ឱសថ​អង់ទីប៊ីយ៉ូទិក តែក្នុងករណីមានសញ្ញានៃជំងឺរលាកសួតប៉ុណ្ណោះ។



រោគវិនិច្ឆ័យ
ប្រវត្តិនៃការលាប់សំឡេងដង្ហើមតឹង (wheezing), ជាញឹកញាប់រួមជាមួយការក្អក, ពិបាកដកដង្ហើម និងតឹងទ្រូវ, ជាពិសេសប្រសិនបើេវាកើតឡើងញឹកញាប់និងលាប់ឡើងវិញ ឬធ្ងន់ធ្ងរពេលយប់និងពេលព្រលឹម។ ការរកឃើញនៅពេលពិនិត្យអាចរួមមាន​ ៖


·                     ចង្វាក់ដង្ហើមញាប់
·                     ទ្រូងឡើងប៉ោងខ្លាំង
·                     កង្វះអុកស៊ីសែន (កំហាប់<=៩០%)
·                     ប្រអប់ទ្រូងខាងក្រោមផតចូល
·                     ការប្រើសាច់ដុំជំនួយសម្រាប់ដកដង្ហើម (ល្អបំផុតគួរសំគាល់ដោយការស្ទាបសាច់ដុំក)
·                     ដកដង្ហើមចេញយូរ រួមជាមួយសំឡេងដង្ហើមតឹងដែលអាចស្ដាប់ឮ
·                     គ្មានខ្យល់ចូលសួត ឬមានចូលតិចនៅពេលដែលការស្ទះដង្ហើមនោះជាការគំរាមកំហែងដល់ជីវិត
·                     គ្មានគ្រុនក្ដៅ
·                     ឆ្លើយតបល្អទៅនឹងឱសថពង្រីកទងសួត។

បើរោគវិនិច្ឆ័យគ្មានភាពច្បាស់លាស់ទេ គួរផ្ដល់ឱសថពង្រីកទងសួតដែលមានសកម្មភាពរហ័សមួយដង (Salbutamol)។ ជាញឹកញាប់ កុមារដែលមានជំងឺហឺតនឹងមានស្ថានភាពប្រសើរយ៉ាងឆាប់រហ័ស នៅពេលផ្តល់ឱសថនេះដោយបង្ហាញអោយឃើញថាចង្វាក់ដង្ហើមថយចុះ, ប្រអប់ទ្រូងមិនសូវផតចូល និងមិនសូវមានបញ្ហាពិបាកដកដង្ហើម។ កុមារដែលមានជំងឺហឺតធ្ងន់ធ្ងរ អាចត្រូវការច្រើនកំរិតថ្នាំច្រើនដង ក្នុងពេលបន្តបន្ទាប់គ្នា ទើបឃើញមានការឆ្លើយតប។

ការព្យាបាល
- ជាទូទៅ កុមារដែលទើបតែមានសំឡេងដង្ហើមតឹងលើកទី១ និងគ្មានបញ្ហាពិបាកដកដង្ហើមទេ អាចព្យាបាលនៅផ្ទះបាន រួមជាមួយការថែទាំគាំទ្រ។ ឱសថពង្រីកទងសួតមិនចាំបាច់ទេ។
- បើកុមារមានបញ្ហាពិបាកដកដង្ហើម (ជំងឺហឺតធ្ងន់ធ្ងរស្រួចស្រាល់) ឬសំឡេងដង្ហើមតឹងកើតមានញឹកញាប់ ត្រូវផ្ដល់ឱសថ Sabultamol តាម Metered dose inhaler និងបំពង់សំរាប់ហិតស្រូប (spacer device), ឬបើគ្មានទេ គួរប្រើម៉ាស៊ីនឆ្ពុង (Neubulizer) ។ បើគ្មាន Salbutamol ទេ គួរផ្ដល់ឱសថ Adrenaline ដោយចាក់ក្រោមស្បែក។
- វាយតម្លៃកុមារឡើងវិញបន្ទាប់ពី ១៥នាទី ដើម្បីកំណត់ការព្យាបាលបន្តបន្ទាប់ទៀត ៖

·                     បើលែងមានបញ្ហាពិបាកដង្ហើម ហើយកុមារមិនមានដង្ហើមញាប់ទេ នោះគួរផ្ដល់ដំបូន្មានដល់ម្ដាយអំពីការថែទាំនៅផ្ទះ រួមទាំរបៀបផ្ដល់ឱសថ Salbutamol តាម Metered dose inhaler នឹងបំពង់ស្រូប (ដែលអាចធ្វើបានដោយខ្លួនឯង ដោយប្រើដបប្លាស្ទិក)។
·                     បើនៅតែមានបញ្ហាពិបាកដកដង្ហើម ត្រូវអោយកុមារសំរាកពេទ្យ រួចព្យាបាលដោយអុកសីុសែន, ឱសថពង្រីកទងសួតដែលមានសកម្មភាពរហ័ស និងឱសថដ៏ទៃទៀត ដូចមានរៀបរាប់ខាងក្រោម។

ជំងឺហឺតធ្ងន់ធ្ងរដែលគំរាមកំហែងដល់ជីវិត
- បើកុមារមានជំងឺហឺតស្រួចស្រាល់គំរាមកំហែងដល់ជីវិត មានបញ្ហាពិបាកដកដង្ហើមធ្ងន់ធ្ងរ ដោយមានសម្បុរពណ័ស្វាយ ឬអស់កម្លាំងខ្លាំងនិងវង្វេង ត្រូវអោយកុមារសំរាកពេទ្យ ហើយព្យាបាលដោយអុកសីុសែន, ឱសថពង្រីកទងសួតដែលមានសកម្មភាពរហ័ស និងឱសថដ៏ទៃទៀត ដូចរៀបរាប់ខាងក្រោម។
- ចំពោះកុមារដែលសំរាកពេទ្យ ត្រូវផ្ដល់អុកសីុហ្សែនជាបន្ទាន់, ផ្ដល់ឱសថពង្រីកទងសួតដែលមានសកម្មភាពរហ័ស និងឱសថ Steroids លើកទីមួយ។


ការព្យាបាលដោយអុកសីុហ្សែន
- ផ្ដល់អុកសីុសែនដើម្បីរក្សាកំហាប់អុកសីុសែនអោយនៅ >៩៥% ចំពោះកុមារទាំងឡាយដែលមានជំងឺហឺត និងមានសម្បុរពណ័ស្វាយ (កំហាប់អុកសីុសែន <=៩០%) ឬពិបាកដកដង្ហើមដែលប៉ះពាល់ដល់ការនិយាយ បរិភោគ ឬបៅដោះ។

ឱសថពង្រីកទងសួតដែលមានសកម្មភាពរហ័ស
- ផ្ដល់ឱសថពង្រីកទងសួតដែលមានសកម្មភាពរហ័សដល់កុមារ ដូចជា Salbutamol តាមម៉ាសីុនឆ្ពុង ឬ Salbutamol តាម Metered-dose inhaler និងបំពង់ហិតស្រូប។ បើគ្មាន salbutamol ទេគួរផ្ដល់ឱសថ Adrenalin ដោយចាក់ក្រោមស្បៃក ដូចរៀបរាប់ខាងក្រោម។

ឱសថ Salbutamol តាមម៉ាសីុនឆ្ពុង


- ចាក់សូលុយស្យុងឱសថពង្រីកទងសួត ចូលក្នុងថតរបស់ម៉ាសីុនឆ្ពុង បន្ថែមសែរ៉ូមប្រៃ ២-៤ml រួចឆ្ពុងច្រមុះកុមាររហូតទឹកថ្នាំជិតអស់។ ដូសរបស់ Salbutamol គឺ ២.៥mg (ពោលគឺ ០.៥ml នៃសូលុយស្យុងឆ្ពុង ៥mg/ml)
-
ប្រសិនបើកុមារមិនឆ្លើយតបនឹងការព្យាបាលបានល្អទេ គួរផ្ដល់ Salbutamol អោយកាន់តៃញឹកញាប់ថែមទៀត។
- ក្នុងករណីជំងឺហឺតធ្ងន់ធ្ងរ ឬគំរាមកំហែងដល់ជិវិត នៅពេលកុមារមិនអាចនិយាយបាន, ខ្វះអុកសីុសែន ឬអស់កំលាំង នេងកំរិតស្មារតីចុះខ្សោយ, នោះគួរផ្ដល់ឱសថឆ្ពុង ជាបន្តបន្ទាប់ឥតដាច់ រហូតកុមារបានប្រសើរឡើង, ខណៈដែលរៀបចំសេរ៉ូមដើម្បីអោយមានផ្លូវតាមសរសៃឈាម។ នៅពេលជំងឺហឺតបានប្រសើរ នោះអាចផ្ដល់ឱសថឆ្ពុង រៀងរាល់៤ម៉ោង, បន្ទាប់មករៀងរាល់៦-៨ម៉ោង។

ការផ្ដល់ឱសថ Salbutamol តាម Metered-dose inhaler និងបំពង់ហិតស្រូប


បំពង់ហិតស្រូបចំណុះ ៧៥០ml មានដាក់លក់តាមទីផ្សារ។
- ច្របាច់ថ្នាំ២ដង (២ឈីត) (២០០mcg) ទៅក្នុងបំពង់ហិតស្រូប។ បន្ទាប់មកដាក់មាត់កុមារអោយស្រូប ដោយការដកដង្ហើមធម្មតា ៣-៥ដង្ហើម។ អាចធ្វើបែបនេះឡើងវិញរហូតច្របាច់បញ្ចេញឱសថ បាន៦ដង(៦ឈីត) សម្រាប់កុមារអាយុក្រោម៥ឆ្នាំ, ១២ដង សំរាប់កុមារអាយុលើស៥ឆ្នាំ។ បន្ទាប់ពីច្របាច់ចំនួន៦ ឬ១២ដងរួចមក ចូរវាយតម្លៃការឆ្លើយតបរបស់កុមារ ហើយច្របាច់បន្ថែមទៀតជាប្រចាំ រហូតស្ថានភាពកុមារបានប្រសើរឡើង។ ក្នុងករណីធ្ងន់ធ្ងរ អាចច្រប៉ាច់៦ ឬ១២ដង ជាច្រើសាររយៈពេល១ម៉ោង។
ទារក និងកុមារខ្លះ អាចស្រូបចំហាយឱសថបានល្អ ដោយប្រើម៉ាស់ភ្ជាប់នឹងបពង់ហិតស្រូប ជាជាងការស្រូបដោយផ្ទាល់ពីបំពង់ដែលស្រូបតាមមាត់។

ការចាក់ឱសថ Adrenalin ក្រោមស្បែក
ប្រសិនបើគ្មានមធ្យោបាយទាំង២ ខាងលើសំរាប់ផ្ដល់ Salbutamol ទេ, នោះគួរផ្ដលឱសថ Adrenalin ដោយចាក់ក្រោមស្បែក ចំនួន ០.០១ml/kg នៃសូលុយស្យុង ១ៈ១០០០ (អាចរហូតដល់បរិមាណអតិបរមា ០.០៣ml), ប្រើសឺរុាំង ១-ml វាស់បានត្រឹមត្រូវ។ បើគ្មានភាពប្រសើរឡើងបន្ទាប់ពី១៥នាទីទេ ចូរផ្ដល់មួយដងទៀត។

ឱសថ Steroids
ប្រសិនបើកុមារមានវិបត្តិជំងឺហឺតធ្ងន់ធ្ងរឬគំរាមកំហែងដល់ជីវិត, ត្រូវផ្ដល់ឱសថ Prednisolone តាមមាត់ចំនួន ១mg/kg រយៈពេល៣-៥ថ្ងៃ (អតិបរិមា ៦០mg) ឬ២០mg សំរាប់កុមារ២-៥ឆ្នាំ។ បើកុមារនៅតែឈឺធ្ងន់ គួរបន្តការព្យាបាលរហូតទាល់តែប្រសើរឡើង។
  ផ្តល់ Prednisolone ឡើងវិញ១ដងទៀតចំពោះកុមារដែលក្អួត រួចពិបារណាពីការចាក់ឱសថ Steroids តាមសសៃ បើកុមារមិនអាចទទួលឱសថតាមមាត់ទេ។ ជាធម្មតាការព្យាបាលក្នុងអំឡុង៣ថ្ងៃ គឺគ្រប់គ្រាន់ ប៉ុន្តែគួរលៃលកទៅតាមស្ថានភាពជាក់ស្ដែងរហូតកុមារបានធូរស្រាល។ ការកាត់បន្ថយកំរិតឱសថ Steroids បន្តិចម្ដងៗ (៧-១៤ថ្ងៃ) គឺមិនចាំបាច់ទេ។

ឱសថ Magnesium sulfate
ការផ្ដល់ឱសថ Magnesium sulfate តាមសរសៃ អាចផ្ដល់ប្រយោជន៍បន្ថែមចំពោះកុមារដែលមានជំងឺហឺតធ្ងន់ធ្ងរហើយត្រូវបានព្យាបាលដោយឱសថពង្រីកទងសួត និង​ Corticosteroids។ ឱសថ Magnesium sulfate មានសុវត្តិភាពជាងឱសថ Aminophylline ក្នុងការគ្រប់គ្រងជំងឺហឺតធ្ងន់ធ្ងរស្រួចស្រាល់។ ដោយសារឱសថនេះងាយស្រួលរក គេអាចប្រើវាចំពោះកុមារដែលមិនឆ្លើយតបនឹងការព្យាបាលដែលបានរៀបរាប់ខាងលើបាន។
- ផ្ដល់ Magnesium sulfate ៥០% ជា bolus ចំនួន ០.១ml/kg (៥០mg/kg) តាមសរសៃរយៈពេល២០នាទី។

ឱសថ Aminophylline
ឱសថ Aminophylline គឺមិនត្រូវបានណែនាំសម្រាប់កុមារដែលមានជំងឺហឺតស្រួចស្រាល់កំរិតស្រាលទៅមធ្យមទេ។ វាត្រូវបានបំរុងទុកសំរាប់ប្រើនៅពេលដែលកុមារមិនមានភាពធូស្រាលបន្ទាប់ពីប្រើឱសថពង្រីកទងសួតដែលមានសកម្មភាពរហ័សជាច្រើនដងក្នុងរយៈពេលខ្លី រួមទាំងឱសថ Prednisolone តាមមា៉ត់រួចមក។ បើមានស្ថានភាពបែបនេះ៖
- អោយកុមារសំរាកអគារថែទាំកំរិតខ្ពស់ឬផ្នែកជំងឺធ្ងន់ (ICU) បើមាន, ដើម្បីធ្វើការតាមដានជាប់ជានិច្ច។
- ថ្លឹងកុមារដោយប្រុងប្រយ័ត្ន បន្ទាប់មកផ្ដល់ឱសថ Aminophylline តាមសរសៃក្នុងកំរិតថ្នាំដំបូង ៥-៦mg/kg (អាចរហូតដល់កំរិតអតិបរមា ៣០០mg) រយៈពេលយ៉ាងហោចណាស់២០នាទី ប៉ុន្តែល្អបំផុត១ម៉ោង, បន្តដោយកំរិតថ្នាំរក្សាលំនឹងចំនួន ៥mg/kg រៀងរាល់៦ម៉ោង។
ការផ្ដល់ឱសថ Aminophylline តាមសរសៃ អាចមានគ្រោះថ្នាក់នៅពេលលើសកំរិតថ្នាំ ឬនៅពេលបាញ់ថ្នាំលឿនពេក។

·                     រំលងកំរិតថ្នាំដំបូងចោល ប្រសិនបើកុមារបានទទួលឱសថ Aminophylline Caffeine រួចហើយក្នុងអំឡុង២៤ម៉ោងមុន។
·                     បញ្ឍប់ឱសត Aminophylline ភ្លាម បើកុមារចាប់ផ្ដើមក្អួត, មានចង្វាក់បេះដូង >១៨០/នាទី, ឈឺក្បាល ឬប្រកាច់។
ឱសថពង្រីកទងសួតដែលផ្ដល់តាមមាត់
ការប្រើប្រាស់ឱសថ Salbutamol តាមមាត់ (សីុវ៉ូ ឬថ្នាំគ្រាប់) ៖
កំរិតថ្នាំ៖
- អាយុ១ខែ-២ឆ្នាំ ៖ ១០០mcg/kg (អតិបរមា ២mg) អាចរហូតដល់៤ដងក្នុងមួយថ្ងៃ
- អាយុ២-៦ឆ្នាំ ៖ ១-២mg អាចរហូតដល់៤ដងក្នុងមួយថ្ងៃ

ឱសថ Antibiotics
មិនគួរប្រើឱសថ Antibiotics ជាប្រចំាសំរាប់ជំងឺហឺត ឬមិនគួរប្រើចំពោះកុមារហឺតដែលមានដង្ហើមញាប់ និងគ្មានគ្រុនក្ដៅនោះទេ។ ប៉ុន្តែ អាចផ្ដល់ការព្យាបាលប្រឆាំងមីក្រុប នៅពេលដែលមានគ្រុនក្ដៅអូសបន្លាយ និងសញ្ញាដ៏ទៃទៀតនៃជំងឺរលាកសួង។

ការថែទាំគាំទ្រ
-
ធានាថាកុមារ ទទួលបានជាតិទឹកសមស្របតាមអាយុរបស់គាត់ បំុន្តែត្រូវជៀសវាងការលើសជាតិទឹក។
-
លើកទឹកចិត្តម្ដាយអោយបំបៅកូនដោយទឹកដោះ និងផ្តល់ជាតិទឹកតាមមាត់។
-
លើកទឹកចិត្តអោយកុមារបរិភោគ នៅពេលដែលអាចបរិភោគអាហារបាន។

ការតាមដាន
គិលានុបដ្ឋាកគួរវាយតំលៃកុមារដែលបានសំរាកពេទ្យរៀងរាល់៣ម៉ោង ឬរៀងរាល់៦ម៉ោង ក្នុងពេលកុមារបង្ហាញសញ្ញាធូរស្រាល (ពោលគឺ ចង្វាក់ដង្ហើមយឺតជាងមុន ប្រអប់ទ្រូងខាងក្រោមមិនសូវផតចូល និងមិនសូវមានបញ្ហាពិបាកដកដង្ហើម) ហើយវេជ្ជបណ្ឌិតគួរវាយតំលៃកុមារយ៉ាងហោចមួយថ្ងៃម្ដង។ កត់ត្រាចង្វាក់ដង្ហើម ហើយសង្កេតមើលសញ្ញាខ្សោយដង្ហើម ដូចជាកង្វះអុកសីុសែនកាន់តែខ្លាំង និងបញ្ហាពិបាកដកដង្ហើមដែលធ្វើអោយកុមារឈប់ដកដង្ហើម។ តាមដានការព្យាបាលដោយអុកសីុសែន។

ផលវិបាក
ប្រសិនបើកុមារមិនឆ្លើយតបនឹងការព្យាបាលខាងលើទេ ឬស្ថានភាពរបស់កុមារចុះដុនដាបយ៉ាងឆាប់រហ័ស ត្រូវថតទ្រូងដោយកាំរស្មី X ដើម្បីរកមើលភស្តុតាងនៃខ្យល់ក្នុងស្រោមសួត។ ត្រូវប្រុងប្រយ័ត្នក្នុងការធ្វើរោគវិនិច្ឆ័យនេះព្រោះការប៉ោងទ្រូងនៅក្នុងជំងឺហឺត ស្រដៀតគ្នានឹងខ្យល់ក្នុងស្រោមសួតដែរនៅពេលថតកាំរស្មី X

ការថែទាំបន្ត


ជំងឺហឺត គឺជាស្ថានភាពរុាំរ៉ៃ និងកើតមានឡើងវិញញឹកញាប់។
- នៅពេលកុមារបានធូរស្រាលគ្រប់គ្រាន់ ដែលអាចចេញពីមន្ទីពេទ្យបានហើយគួរចេញវេជ្ជបញ្ជាអោយម្ដាយទិញ salbutamol ទំរង់ metered-dose inhaler រួមជាមួយបំពង់ហិតស្រូបសមរម្យមួយសំរាប់អាយុកុមារ ហើយបង្រៀនគាត់ពីររបៀបប្រើប្រាស់។
- គួរធ្វើផែនការព្យាបាលយូរអង្វែង ដោយផ្អែកលើមូលដ្ឋាននៃភាពញឹកញាប់ និងភាពធ្ងន់ធ្ងររបស់រោគសញ្ញា ។ ផែនការ​ទាំងនេះអាចរួមមាន ការព្យាបាលលស់ពេល ឬជាប្រចាំដោយប្រើឱសថពង្រីកទងសួត ការព្យាបាលជាប្រចាំដោយប្រើឱសថ Steroids ទំរង់ហិតស្រូប ឬការព្យាបាលតាមវគ្គដោយប្រើឱសថ Steroids តាមមាត់។


(
ដក​ស្រង់​ពី​  Pocket book of Hospital for children​ 2013- WHO)

Thursday, May 4, 2017

ជំងឺពងបែកដៃ ជើង មាត់ - Hand Foot and Mouth Disease.

និយមន័យ
  • ជំងឺពងបែកដៃ ជើង និងក្នុងមាត់ គឺជាជំងឺឆ្លងមួយកើតឡើងញឹកញាប់ចំពោះទារក និងកុមារ។
  •  វាបង្ករអោយមានរោគសញ្ញា គ្រុនក្ដៅ មានដំបៅឈឺក្នុងមាត់់ និង​មានពងកន្តួលលើបាតដៃ បាតជើង និងកំប៉េះគូដ។ វាកើតឡើងមាននៅក្នុងប្រទេសជាច្រើនពេញទូទាំងពិភពលោក។

អត្រាកើតជំងឺ
  • ករណីនីមួយៗ​ និងការផ្ទុះនៃជំងឺពងបែកដៃ ជើង និងក្នុងមាត់កើតឡើងទូទាំងពីភពលោក។
  • ក្នុងប្រទេសដែលមានលក្ខណៈស្រដៀងប្រទេសកម្ពុជា ការផ្ទុះជំងឺកើតឡើងពេញមួយឆ្នាំ។
  •  ការផ្ទុះនៃជំងឺពងបែកដៃ ជើង និងក្នុងមាត់កើតឡើងរៀងរាល់ពីរបីឆ្នាំម្ដង ក្នុងតំបន់ផ្សេងៗគ្នាលើពិភពលោក ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗនេះ ការផ្ទុះជំងឺបានកើតឡើងភាគច្រើននៅទ្វីបអាសីុ។
  •  ប្រទេសទាំងឡាយដែលមានចំនួនជំងឺនេះកើនឡើងច្រើនក្នុងពេលថ្មីៗនេះក្នុងទ្វីបអាសីុរួមមានៈ ប្រទេសចិន ជប៉ុន ហុងកុង កូរ៉េខាងត្បូង ម៉ាឡេសីុ សឹង្ហបុរី ថៃ តៃវ៉ាន់ និងវៀតណាម។

ភ្នាក់ងារបង្ករោគ

  • មេរោគវីរុសដែលស្ថិតនៅក្នុងក្រុម Enterovirus និង Coxsackivirus ជាអ្នកបង្កជំងឺពងបែកដៃ ជើង និងក្នុងមាត់
  •  ភាគច្រើនបង្កឡើងដោយ Coxsackivirus តែក៏អាចបង្ករដោយមេរោគ Enterovirus 71(EV71) ផងដែរ។

កំរិតនៃជំងឺ
  •  ភាគច្រើនជាជំងឹស្រាលហើយអ្នកជំងឺស្ទើរតែទាំងអស់ជាសះស្បើយក្នុងរយៈពេលពី៧ទៅ១០ថ្ងៃ ដោយពុំបាច់មានការព្យាបាល ហើយកំរមានផលវិបាកណាស់។
  • ជាកំរ ជំងឺអាចបង្ករអោយមានផលវិបាកធ្ងន់ធ្ងរមួយចំនួន រួមមានៈ
  1.   រោគសញ្ញាប្រព័ន្ធប្រសាទ (សន្លឹម ប្រកាច់ ឬកន្ត្រាក់ដៃជើង)
  2.    និងរោគសញ្ញាផ្លូវដង្ហើម (ហត់)។

អ្នកជំងឺដែលមានផលវិបាកធ្ងន់ធ្ងរ ត្រូវប្រញាប់ទៅមន្ទីពេទ្យដែលនៅជិតបំផុត។

កត្តាប្រឈមនៃការឆ្លង
  • កុមារដែលមាន អាយុក្រោម១០ឆ្នាំមានការប្រឈមខ្ពស់។
  • តែជាញឹកញាប់គឺនៅកុមារដែលមាន អាយុតិចជាង៥ឆ្នាំ។
  • កុមារតូចៗងាយនឹងមានរោគសញ្ញាធ្ងន់ធ្ងរ។
  •  មនុស្យពេញវ័យក៏អាចឈឺផងដែរ តែកម្រ។

របៀបឆ្លង រយៈពេលបង្ករោគ ការចំលង
  • ជំងឺពងបែកដៃ ជើង និងក្នុងមាត់អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយការប៉ះពាល់ ផ្ទាល់ជាមួយនឹងវត្ថុវាវនៃផ្លូវដង្ហើម (ទឹកមាត់ កំហាក និងសំបោរ) ទឹករងៃដែលចេញពីពងបែក លាមកនៃអ្នកជំងឺ។
  •  អ្នកជំងឺអាចចំលងខ្លាំងបំផុតក្នុងសប្ដាហ៍ទីមួយ។ 
  •  ជំងឺពងបែកដៃ ជើង និងក្នុងមាត់មិនឆ្លងទៅ ឬពីសត្វឡើយ។
  •  រយៈពេលរោគសញ្ញាកើតឡើងគិតចាប់ពីថ្ងៃឆ្លងជំងឺដល់ថ្ងៃចេញរោគសញ្ញាដំបូងជាទូទៅ ៣-៧ថ្ងៃ។
  • រោគសញ្ញាដំបូងនៃជំងឺពងបែកដៃ ជើង និងក្នុងមាត់ភាគច្រើនគឺក្ដៅខ្លួន និងជាទូទៅមានរយៈពេលពី២៤ម៉ោងទៅ៤៨ម៉ោង។
  • ជំងឺពងបែកដៃ ជើង និងក្នុងមាត់អាចឆ្លងលើសមួយដង ពីព្រោះ ជំងឺពងបែកដៃ ជើង និងក្នុងមាត់បង្កឡើងដោយមេរោគផ្សេងៗគ្នា។ ការឈឺជំងឺនេះម្ដងអាចបង្កអោយមាន ប្រព័ន្ធការពារខ្លួនទៅនឹងមេរោគតែមួយប្រភេទតែប៉ុណ្ណោះ។

រោគសញ្ញា
           - ជាទូទៅចាប់ផ្ដើមឡើងដោយមាន ក្ដៅខ្លួន ការហូបចុកថយចុះ អស់កំលាំង និងជាញឹកញាប់ឈឺបំពង់ក។
           - មួយឬពីរថ្ងៃដំបូងបន្ទាប់ពីក្ដៅខ្លួន អ្នកជំងឺចាប់ផ្ដើមមាន ចំនុចពណ៌ក្រហមតូចៗ ឬចេញជាពង នៅលើបាតដៃ បាតជើង កំប៉េះគូទ និងដំបៅក្នុងមាត់។
          អ្នកជំងឺមួយចំនួនដែលឆ្លងជំងឺស្រាល អាចមិនមានចេញជារោគសញ្ញាអ្វីទាំងអស់។
         អ្នកជំងឺមួយចំនួនតូចដែលឆ្លងជំងឺធ្ងន់ ជាពិសេសបង្ករដោយមេរោគ EV71 អាចមានរោគសញ្ញាប្រព័ន្ធប្រសាទ និងផ្លូវដង្ហើម ដែលវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។

        ឪពុកម្ដាយ ឬអាណាព្យាបាលត្រូវនាំកុមារទៅមន្ទីពេទ្យជាបន្ទាន់បើពួកគេមានសញ្ញាគ្រោះថ្នាក់ ដូចជា៖
  •  ក្អួតច្រើនដង
  • សញ្ញាប្រសាទដូចជា សន្លឹម ប្រកាច់ 
  • កន្ត្រាក់រឹងដៃជើង ឬ ទន់ដៃទន់ជើង 
  • សញ្ញាផ្លូវដង្ហើមដូចជាពីបាកដកដង្ហើម ឬដកដង្ហើមញាប់ ជាដើម។

ការព្យាបាល 
ពេលបច្ចុប្បន្ននេះ មិនមានការព្យាបាលជាក់លាក់ណាមួយសំរាប់ជំងឺពងបែកដៃ ជើង និងក្នុងមាត់ឡើយ។
ការព្យាបាលរួមមាន៖
  • បរិភោគទឹកអោយបានច្រើន
  •   ថ្នាំបញ្ចុះកំដៅពេលកុមារក្ដៅខ្លួន Paracetamol 10-15mg/kg។ មិនត្រូវប្រើថ្នាំអាស្ពីរីន (aspirin) ដើម្បីបញ្ចុះកំដៅឡើយ។
  • ថ្នាំបំបាត់ការឈឺចាប់ដែលបណ្ដាលមកពីពងបែកក្នុងមាត់ ex. Zytee Gel Kamistad gel N លាបមាត់មុនពេលញាុំ៣០នាទី។
  • វីតាមីន។

ការការពារ និងវិធានការទប់ស្កាត់
  • ជំងឺពងបែកដៃ ជើង និងក្នុងមាត់អាចការពាបានដោយការអនុវត្តន៍អនាម័យល្អ និងការយកកូនទៅពេទ្យទាន់ពេល ប្រសិនបើមានរោគសញ្ញាធ្ងន់ធ្ងរ។
  •  ប៉ុន្តែមិនមានថ្នាំការពារ ឬថ្នាំព្យាបាលសំរាប់វីរុសបង្ករជំងឺពងបែកដៃ ជើង និងក្នុងមាត់ឡើយ។
  • ត្រូវលាងដៃអោយបានញឹកញាប់ជាមួយទឹកនិងសាប៊ូ ឬជាមួយទឹកអាល់កុល ជាពិសេសក្រោយប៉ះពងបែក ឬដំបៅ មុនពេលរៀបចំអាហារ មុនពេលបរិភោគ មុនបញ្ចុកចំនីដល់ទារក ឬកុមារ ក្រោយប្រើប្រាស់បង្គន់អនាម័យនិងក្រោយប្ដូរទ្រនាប់គូទទារក ឬជូតសំអាតរាងកាយកុមារ។
  • លាងសំអាតផ្ទះ និងរបស់ប្រលាក់ដោយទឹកនិងសាប៊ូ។
  • ជៀសវាងការប៉ះពាល់ស្និតស្នាល (ថើប អោប ប្រើប្រាស់សំភារៈសំរាប់ការហូបចុក រួមគ្នា) ជាមួយកុមារដែលមានជំងឺពងបែកដៃ ជើង និងក្នុងមាត់ អាចកាត់បន្ថយការឆ្លងផងដែរ។
  • ផ្ដល់អាហារដែលមានជីវជាតិច្រើន និងទឹកស្អាត់ដល់កុមារ៕ 
  • ប្រើស្លាប់ព្រា និងចានដាច់ដោយឡែកសំរាប់កុមារនិមួយៗ។
  • អ្នកមើលថែកុមារតូចៗត្រូវមានអនាម័យផ្ទាល់ខ្លួន។

( ដកស្រង់ពី នាយកដ្ងានប្រយុទ្ធនឹងជំងឺឆ្លង CDC )