Wednesday, October 1, 2014

ហេតុ​អ្វី​ឈាម​ច្រមុះ​ ?​ តើ​ជា​ជំងឺ​ ? ធ្ងន់ធ្ងរ​ឬ​ទេ ?

ជា​អាការៈ​សញ្ញា​ស្រាល ប៉ុន្តែ​មាន​កើត​ជា​ញឹក​ញាប់​ណាស់ មិន​ថា​ចំពោះ​កុមារ មនុស្ស​ពេញ​វ័យ​ ឬ​មនុស្ស​ចាស់​ទេ ! នោះ​គឺ​ការ​ឈាម​ច្រមុះ។ ហេតុ​អ្វី​ បានជា​មនុស្សយើង​ងាយ​នឹង​ឈាម​ច្រមុះ​ម្ល៉េះ ? ពេលណា​ដែល​គួរ​ព្រួយ​បារម្ភ គួរ​នាំ​ទៅពេទ្យ ? តើ​ត្រូវ​ធ្វើ​ដូចម្តេច​​ដើម្បី​ទប់​ស្កាត់​ការ​ឈាម​ច្រមុះ​នេះ?



ឈាម​ច្រមុះ​ជា​ទូទៅ មិន​មែន​ជា​អាការៈ​ធ្ងន់ធ្ងរ​ទេ ! ហាម​ហូរ​ចេញ​មក​ពេល​ខ្លះ​ តែ​ពីរ​បី​សង់ទីលីត្រ តែ​មើល​ទៅ​ហាក់​ដូច​ជា​ច្រើន​សន្ធឹក​ណាស់ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ខ្លាច​ឈាម ឬ​អ្នកមាន​អារម្មណ៍​ឆាប់​ភ័យ អាច​ជួប​អាការៈ​វិល​មុខ​ភ្លាម​មួយ​រំពេច។ ប៉ុន្តែ​សូម​កុំ​ព្រួយ​បារម្ភ !

ការ​ឈាម​ច្រមុះ​មិន​បង្ក​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ឡើយ ហើយ​អាច​បញ្ចៀស​និង​បញ្ឈប់​បាន​ដោយ​កាយ​វិការ​សាមញ្ញៗ។ ដើម្បី​ឱ្យ​កាន់​តែ​ប្រាកដ​ និង​បំបាត់​ការ​ព្រួយ​បារម្ភ​ក្នុង​ខ្លួន​យើង សូម​អញ្ជើញ​ស្តាប់​ការ​បក​ស្រាយ​តាម​បែប​កាយ​វិភាគសាស្ត្រ (Anatomie)។ ច្រមុះ​យើង​មាន​រន្ធពីរខណ្ឌ​ចែក​ដោយ​រនាំង​ជា​ឆ្អឹង​ខ្ចី។ នៅ​ចុង​ឆ្អឹង​ខ្ចី ជាប់​ស្បែក​ចុង​ច្រមុះ​ដែល​សើមជា​និច្ច​នោះ ជា​កន្លែង​ជួប​គ្នា​នៃ​ពពួក​សរសៃឈាម​តូចៗ​ឆ្មារៗដែល​ងាយ​នឹង​ដាច់​ចេញ​ឈាម​ណាស់ និង​ក៏​ងាយ​សះ​ជា​បិទ​ជាប់​វិញ​ដែរ។ ទាំង​ខ្ចី ទាំង​ទន់ ចំណុច​ប្រសព្វ​ចុង​ច្រមុះ​និង​ចុង​ឆ្អឹង​ខ្ចី ងាយ​រង​ការ​ប៉ះ​ទង្គិច និង​ងាយ​ធ្លាយ​ចេញ​ឈាម​ណាស់ ! គ្រាន់​តែ​មាន​ការ​តឹង​សរសៃ​ឈាម​ គ្រាន់​លូក​កូន​ដៃ​កេះ​ខូង​ច្រមុះ​ធ្ងន់​ដៃ​បន្តិច ក៏​តាំង​ចេញ​ឈាម​ភ្លាម។ នៅ​ពេល​​​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ មុខ​យើង​ឡើង​ក្រហម ​សរសៃ​ឈាមចាប់​​រីក​នៅ​ពេល​មាន​កម្តៅ បូក​ផ្សំ​នឹង​អាកាសធាតុ​ស្ងួត​ កណ្តាស់​តែ​មួយ​ឆែត អាច​ធ្លាយ​សរសៃ​ឈាម កើត​អាការៈ​ចេញ​ឈាម​តាម​ច្រមុះ​ភ្លាម។

ឈាម​ច្រមុះ​នេះ ជួន​ចេញ​ទាំង​ពីរ​រន្ធ ជួន​ចេញ​តែ​រន្ធ​ម្ខាង។ នៅ​ពេលខ្លះ​ទៀត ឈាម​ច្រមុះ​ហូរ​ធ្លាក់​ចូល​ក្នុង​ខ្លួន តាម​បំពង់​ក ដែល​យើង​អាច​លេប​ចូល​ដោយ​មិនដឹង​ខ្លួន ឬ​អាច​ខ្ជាក់​មក​ក្រៅ​បាន (​ក្នុង​ករណី​សូម​កុំ​ព្រួយ​បារម្ភ​អី ព្រោះ​មិន​មែន​ជា​ការ​ក្អក​ចេញ​ឈាម​ឡើយ)។ ការ​ឈាម​ច្រមុះ​មិន​បង្ក​ឱ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ​ទេ ប៉ុន្តែ​ប្រសិន​បើ​ការ​ហូរ​ឈាម​អស់​ច្រើន និង​អូស​បន្លាយ​ពេល​យូរ​ ការ​បាត់​បង់​ឈាម​អាច​នឹង​អស់​ច្រើន។

លោក​វេជ្ជបណ្ឌិតGerald Keirzek ឯកទេស​ផ្នែក​សង្គ្រោះ​បន្ទាន់​ ៖
“ឈាម​ច្រមុះ​ឬ​ហៅ​តាម​ពាក្យ​បច្ចេកទេស​ជា​ភាសា​បារាំង épistaxis ឬ​rhinorrhagie គឺ​ជា​ការ​ចេញ​ឈាម​នៅ​ច្រមុះ។ នៅពេល​មាន​ចេញ​ឈាម មាន​ន័យ​ថា​សរសៃ​ឈាម​ដាច់​ សរសៃ​ឈាម​រង​ការ​ប៉ះ ទង្គិច​ មាន​ស្នាម​ ដោយ​គ្រាន់​តែ​យក​ម្រាម​ដៃ​លូក​​ខួង​ច្រមុះ​ខ្លាំង​ពេក​។ ដូច​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា ​សរសៃ​ឈាម​តូចៗ​ឆ្មារៗ បាន​ហូរ​មក​ជួប​គ្នា​នៅ​ចុង​ច្រមុះ ចុង​ឆ្អឹង​ខ្ចី ដែល​ជា​កន្លែង​មិន​សូវ​មាន​អ្វីការពារ​ទេ។ ដូច្នេះ​ប៉ះ​តែ​បន្តិច​ចេញ​ឈាម ប៉ុន្តែ​ក៏​គ្មានអ្វី​ជា​ធ្ងន់ធ្ងរ ! ត្រូវ​ត្រជាក់​តែ​បន្តិច​ក៏​បាន​បាត់​ទៅ​វិញ។

ករណី​ឈាម​ច្រមុះ​ភាគ​ច្រើន (ច្រើន​មែន​ទែន) គ្មាន​គ្រោះ​ថ្នាក់​ និង​គ្មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់​ទេ ! កាយវិការ​សាមញ្ញៗ បិទ​ច្រមុះ​ សំងំអង្គុយ​បន្តិច​នឹង​បាន​ស្រាក​ស្រាន្ត​ហើយ។ អ្វី​ដែល​គួរ​ត្រូវ​ប្រុង​ប្រយ័ត្ន គឺ​នៅ​ពេល​មាន​ការ​ហូរ​ឈាម​ច្រើន​ពេក។ ពាក្យ​ថា​ហូរ​ឈាម​ច្រើន មិន​មែន​ត្រឹម​តែ​ឈាម​សើម​ជោគ​កន្សែង​មួយ​ទេ ! បើ​ឈាម​ហូរ​មិន​ឈប់​ដល់​សឹង​ថា​ពេញ​មួយ​កូន​កែវ​ជ័រ​ ទើប​ត្រូវ​រិះ​គិត​ដល់​ផល​វិបាក​ផ្សេងៗ។ ព្រោះ​បើ​ចេញ​ឈាម​អស់ច្រើន​ពេក នោះ​បេះ​ដូង​អាច​នឹង​ពិបាក​សម្រប​ខ្លួន​ ជាពិសេស​ចំពោះ​អ្នក ជំងឺ​បេះ​ដូង​​-ឆាប់​នឿយ​ហាត់ ​អ្នក​មាន​លេប​ថ្នាំ​ព្យាបាល​ជំងឺ​ជាប់​នឹង​ខ្លួន។ ក្នុង​ករណី​នេះ ការ​ហូរ​ឈាម​ចេញ​តាម​ច្រមុះ​ អាច​ជា​មូលហេតុ​សមស្រប​ គួរ​គិត​គូរ​ហៅ​រក​ ឬ​ទៅ​មន្ទីរ​ពេទ្យសង្គ្រោះ​បន្ទាន់។ គ្រោះ​ថ្នាក់​ទីពីរ គឺ​ចំពោះ​អ្នក​មាន​ប្រវត្តិ​ជំងឺ​ចាស់​ មាន​ជំងឺ​ថ្លើម និង​ការ​ព្យាបាល​ជំងឺ​ដោយ​ប្រើ​ឆ្នាំ​ ពង្រាវ​ឈាម ថ្នាំ​ពពួក​ប្រឆាំង​នឹង​ឈាម​ឆាប់​កក ថ្នាំ​ប្រឆាំង​នឹង​វីតាមីនកា ឬ​ថ្នាំ​Aspirine ដែល​កម្មវត្ថុ​នៃ​ការ​ព្យាបាល​គឺ​ ជួយ​ធ្វើ​ឱ្យ​ឈាម​រាវ ងាយ​ហូរ។ ក្នុង​ករណី​នេះ ការ​ឈាម​ច្រមុះមិន​ងាយ​នឹង​ឈប់​បាន​ឡើយ ព្រោះ​មាន​ថ្នាំ​ពង្រាវ​ឈាម​អាច​បំពេញ​តួនាទី​បាន​យ៉ាង​ប្រសើរ ! ដូច្នេះ​ត្រូវ​តែ​បញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ។

គ្រោះថ្នាក់​ធំ​ទី​បី គឺ​ឈាម​ច្រមុះ​ជា​រោគ​សញ្ញា សម្គាល់​ជំងឺ​ផ្សេងទៀត ដែល​ទាមទារ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ ស៊ីជម្រៅ មាន​ជាអាទិ៍​ជំងឺសម្ពាធ​ឈាម។ សម្ពាធ​ឈាម​ឡើង​ខ្លាំង ឡើង​ប៉ោង​សរសៃ​ឈាម​ ដូច​បាន​ទៅ​​បុក​ទម្លាយ​ឱ្យ​ចេញ​ឈាម​តាម​ច្រមុះ។​ ការ​ឈាម​ច្រមុះ​នេះ មាន​តម្លៃ​ជា​សញ្ញា​រោគ​នៃ​ជំងឺ​ឡើង​ឈាម និង​មួយ​ទៀត ប្រសិន​បើ​លោក​អ្នក​មិន​ដែល​ធ្លាប់​មាន​កើត​រោគ​ឈាម​ច្រមុះ​សោះ​ពី​មុន​មក ស្រាប់​តែ​ស្ងៀមៗ​ ភ្លាម​ៗ មាន​អាការៈ​ឈាម​ច្រមុះ​យ៉ាង​ជោគជាំ ហូរ​ឈាម​ខ្លាំង ម្តង​ហើយ​ម្តង​ទៀត​ ជាប់​គ្នា​តែ​ម្តង នោះ​គឺ​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺនៅ​ច្រមុះ​ ពោល​គឺ​មាន​ដុំ​ពក​ដុះ​នៅត្រង់​ច្រមុះ​។ ប្រសិន​បើ​មាន​គ្រោះ​ថ្នាក់​ធ្លាក់ បុក​ ប៉ះ​ច្រមុះ​ហូរ រួច​មាន​ឈាម​ចេញ​តាម​ច្រមុះ​នោះ​គឺ​ជា​ការ​ធម្មតា​ទេ ឬ​បាក់​ខ្ទង់​ច្រមុះ​ទៅ​ពេទ្យ​លេប​ថ្នាំ​ផ្សះ​បន្តិច​ជា​ហើយ ! ប៉ុន្តែ​បើ​មាន​ការ​ប៉ះ​ទង្គិច​នៅក្បាល​ គ្មាន​ប៉ះពាល់​ត្រូវ​ផ្នែក​ច្រមុះ​សោះ តែ​បែរ​ជា​បន្តិច​ក្រោយ​មក​មាន​ឈាម​ហូរ​ចេញ​តាម​រន្ធ​ច្រមុះ ឬ​ជា​វត្ថុ​រាវ​ជា​សភាព​ថ្លាៗ​ ជាង​ឈាម​ធម្មតា ត្រូវ​តែ​រួស​រាន់​បញ្ជូន​ទៅ​ពេទ្យ​ជា​បន្ទាន់​ ព្រោះជា​គ្រោះ​ថ្នាក់​ក្បាល​ដ៏​ធ្ងន់ធ្ងរ។”

លោក​អ្នក​បាន​ស្គាល់​អំពី គ្រោះ​ថ្នាក់​ដែល​អាចបង្ក​ឡើង​ការ​ឈាម​ច្រមុះ​ហើយ ឥលូវដល់​​វេលា​ដែល​​យើងត្រូវ​គិត​គូរ​ អំពីវិធី​បញ្ឈប់​ឈាម​កុំ​​ឱ្យ​បន្ត​ហូរ​ចេញ​ទៀត​បាន។ ​
ប៉ុន្តែ​ដំបូង​បង្អស់​ អ្វី​ដែល​គួរ​ចង​ចាំ និង​គួរ​ចៀសវាង​ឱ្យ​បាន គឺ​មិន​ត្រូវ​ងើយ​ក្បាល​​ទៅ​ក្រោយ​ឡើយ ព្រោះ​ពេល​ងើយ​យើង​មើល​មិន​ឃើញ​ថា​តើ​ឈាម​នៅ​តែ​បន្ត​ហូរ​ចេញមក​ទៀត​ឬ​អត់។ មិន​តែ​ប៉ុណ្ណោះ ប្រសិន​បើ​ក្នុង​ករណី​មាន​ចេញ​ឈាម​ច្រើន យើង​អាច​មាន​គ្រោះឈាម​ហូរ​ចូល​ខុស​ផ្លូវ​ (ផ្លូវ​ដង្ហើម ឬ​ផ្លូវ​អាហារ) ដែល​អាច​ផ្តល់ផលវិបាក​អាក្រក់​ខ្លាំង​ ក្នុង​ករណី​ឈាម​ហូរ​ទៅ​ធ្លាក់​ចូល​ក្នុង​សួត មិនចូល​ក្នុង​ក្រពះ។
កាយវិការសាមញ្ញដែល​ត្រូវ​ធ្វើ​សុទ្ធ​តែ​ងាយៗ ៖
-       ត្រូវ​រក្សា​ភាព​ស្ងប់​ស្ងាត់​ (ដើម្បី​បញ្ចុះ​​សម្ពាធ​ឈាម​ ឬ​ចៀស​វាង​កុំ​ឱ្យ​មាន​សម្ពាធ​ឈាម​ឡើង)។ មានការ​ឈាម​ច្រមុះ​ខ្លាំង គួរ​តែ​គិត​គូរ​វាស់​ឈាម​ ព្រោះបើ​សម្ពាធ​ឈាម​ឡើង​ ត្រូវ​បញ្ចុះ​ឈាម​សិន ទើប​អាច​បញ្ឈប់​ការ​ចេញ​ឈាម​ច្រមុះ​បាន។
-       អង្គុយ ឬ​រក្សា​ជំហរ​ពាក់​កណ្តាល​អង្គុយ និង​ដាក់​ក្បាល​អោន​មក​មុខ
-       ញើស​សម្បោរ​ ដើម្បី​ជម្លៀស​កំណក​ដុំ​ឈាម​តូចៗ ឱ្យ​ឆាប់​ឈប់​ហូរ​ឈាម
-       ច្របាច់​ច្រមុះ​ បិទ​រន្ធ​ទាំង​ពីរ​ឱ្យ​បាន​យ៉ាង​ហោច​១០​នាទី ដើម្បី​បំបិទ​រន្ធ​សរសៃ​ឈាម។

ដោយ​គោរព​តាម​អនុសាសន៍​ខាង​លើ​នេះ គេ​អាច​បញ្ឈប់​ករណី​ឈាម​ច្រមុះ​ធម្មតា បាន​យ៉ាង​មាន​ប្រសិទ្ធិភាព។ បើ​ពុំ​នោះ​គេ​អាច​ប្រើ​សំលីពិសេស​ដែល​មាន​ដាក់​លក់​នៅ​តាម​គ្រប់​ឱសថស្ថានសម្រាប់​ទប់​ទល់​នឹង​ការ​ឈាម​ច្រមុះ​នេះ។ មាន​តែ​ករណី​ បុគ្គល​មាន​ប្រវត្តិ​ជំងឺ​ជាប់​ខ្លួន ដូច​ជា ឈាម​ក្រ​កក​ មាន​ទទួល​ថ្នាំ​ព្យាបាល​ប្រឆាំង​នឹង​ឈាម​ក្រកក មានជំងឺ​លើស​ឈាម​ ដូច​បាន​រៀប​រាប់​ពី​ខាង​ដើម​ទេ ដែល​គួរ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ និង​គិត​គូរ​នាំ​ទៅ​ជួប​គ្រូពេទ្យ​ នៅ​ពេល​មាន​ឈាម​ច្រមុះ​ជោគជាំ​​ច្រើន៕

ដោយ អៀង សុខម៉ិញ ( RFI Khmer )