Saturday, December 29, 2012

តើ Facebook អាច​ធ្វើអោយ​អ្នក​ធាត់​ឬ​?

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ការបើអ្នកចំណាយ​ពេល​ច្រើន​ប៉ុណ្ណា​ទៅលើ Facebook, Twitter ឬ​គេហទំព័រ​ដទៃទៀត​​, នោះការ​មិនសូវ​មាន​សកម្មភាព​គឺ​កាន់តែកើតមាន​ច្រើន​ចំពោះអ្នក និង​កម្រិត​នៃ​ការឡើង​ទម្ងន់​គឺនឹងកើនឡើងបានតាមនោះ​ដែរ​។​


​ អ្នកស្រាវជ្រាវ​ដែល​មកពី​សាកលវិទ្យាល័យ Ulster ក្នុង​ប្រទេស​អៀឡង់​ខាងជើង​បាន​ធ្វើ​ការស្ទង់មតិ​ទៅលើ​និស្សិត​ចំនួន​៣៥០​នាក់​។ និស្សិត​បាន​ឆ្លើយ​សំណួរ​អំពី​កម្រិត​នៃ​ការប្រើប្រាស់​គេហទំព័រ និង​ការធ្វើ​លំ​ហាត់ប្រាណ​។​


​ដោយយោង​តាម​ការស្រាវជ្រាវ​នោះ​បាន​អោយដឹងថា និស្សិត​ភាគច្រើន​បាន​ប្រើប្រាស់​គេហទំព័រ​នានា​ជា​មធ្យម​គឺ​មួយ​ម៉ោង​ក្នុង​មួយថ្ងៃ​។ ប្រហែល​ជា​ពាក់កណ្តាល​នៃក្រុម​និស្សិត​ ទាំងនោះបាន​បង្ហាញថាខ្លួនបាន ធ្វើ​លំ​ហាត់ប្រាណក្នុង​កម្រិត​មធ្យម​, ១/៣​នៃ​អ្នក​ចូលរួមបាន​និយាយថា ពួកគេ​ធ្វើ​លំ​ហាត់ប្រាណបាន​ខ្លាំង ហើយ​ប្រហែល​១២,៧%​បាន​ប្រាប់ថា ពួកគេបានធ្វើ​លំ​ហាត់ប្រាណបាន​តិច​បំផុត​។ ចំពោះ​និស្សិត​ដែល​ត្រូវបាន​ទាក់ទង​ទៅនឹង​ការស្រាវជ្រាវ​, ២៥%​បាន​និយាយថា ពួកគេ​បាន​ចូលរួម​ក្នុង​ក្រុម​កីឡា​។​


​បន្ទាប់​ពី​ពិនិត្យ​លើ​ព័ត៌មាន​ដែល​ប្រមូលបាន​, អ្នកស្រាវជ្រាវ​បាន​រកឃើញថា ពួកនិស្សិត​បាន​ចំណាយពេល​ទៅលើ​ការប្រើ​គេហទំព័រ​ច្រើន​ដោយ​បាន​រាប់បញ្ចូល​ពេលដែល​ពួកគេ​ត្រូវ​ចំណាយ​លើ​ការធ្វើ​លំ​ហាត់ប្រាណ​។ ការស្រាវជ្រាវ​ក៏​បាន​រកឃើញថា អ្នក​ដែល​ចូលចិត្ត​ប្រើប្រាស់​គេហទំព័រ Facebook ហាក់ដូចជា​មិនសូវ​លេង​កីឡា​នោះទេ​។​


​ពេលវេលា​គឺ​មាន​ព្រំដែន ដូចនេះ​ពេលវេលា​ដែល​បាន​ចំណាយ​ទៅលើ​ការប្រើ​គេហទំព័រ ត្រូវ​បាន​គ្រប់​ដណ្តប់​ទៅលើ​ការធ្វើ​សកម្មភាព​ដទៃទៀត​ទៅវិញ​។ វេជ្ជបណ្ឌិត វេន​ឌី ខូ​ស៊ីន (Wendy Cousins) ជា​គ្រូពេទ្យ​ឯកទេស​ខាង​ជំងឺ​ចិត្តសាស្ត្រ​នៅឯ​សាកលវិទ្យាល័យ Ulster បាន​និយាយថា ការស្រាវជ្រាវ​របស់​យើង​បានបង្ហាញ​ថា ការធ្វើ​លំ​ហាត់ប្រាណ​អាច​ជា​សកម្មភាព​មួយ​នៃ​សកម្មភាព​ទាំងនោះ​។​


​គាត់​បាន​បន្ថែមថា ការស្រាវជ្រាវ​របស់​យើង​គឺជា​ការស្រាវជ្រាវ​មួយ​ដែល​គួរអោយ​ចាប់អារម្មណ៍ ប៉ុន្តែ​យើង​មិន​បាន​ចង្អុលបង្ហាញ​ជារួម​ថា បណ្តាញ​គេហទំព័រ​បណ្តាលអោយ​ថយ​ចុះ​កម្រិត​នៃ​ការធ្វើ​លំ​ហាត់ប្រាណ ឬ​សកម្មភាព​នានា​នោះ​ទេ​។ យើង​ត្រូវការ​ការស្រាវជ្រាវ​បន្ថែមទៀត​ដើម្បី​តាមដាន ​ថា​តើ​ការប្រើប្រាស់​គេហទំព័រ Facebook ងាយ​នឹង​ធ្វើអោយមនុស្ស​ធាត់​ជាង​ការប្រើប្រាស់​គេហទំព័រ Twitter ឬ​យ៉ាងណា​៕