Sunday, December 30, 2012

ស្វែង​យល់​ពី​​​ជំងឺ​ទឹក​ដក់​ក្នុង​​ភ្នែកនិង​វិធី​ព្យា​បាល​


ជួប​ជា​មួយ​លោក​វេជ្ជ​បណ្ឌិ​ត​ងី ម៉េង ប្រធាន​កម្ម​វិធី​ជាតិ​សុខ​ភាព​​ភ្នែក​ បាន​មាន​ប្រសាសន៍​​ឱ្យ​ដឹង​ថា ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​គឺ​ជា​​ជំងឺ​ដែល​បំផ្លាញ​សរសៃ​ប្រសាទ​​ភ្នែក​ បង្ក​ឡើង​ពី​មូល​ហេតុ​ច្រើន ហើយ​សម្ពាធ​ទឹក​ក្នុង​ភ្នែក​ឡើង​ខ្ពស់​ គឺ​ជា​មូល​ហេតុ​សំខាន់​ម្យ៉ាង​ទៀត​ដែល​ធ្វើ​ឱ្យ​ធ្លា​ខ្សែ​ភ្នែក​ខូច​ ឬ​រួម​តូច​បន្តិច​ម្តង​ៗ​ ។ ជំងឺ​ភាគ​ច្រើន​កើត​ចំពោះ​អ្នក​​ដែល​មាន​អាយុ​លើស​ពី​៤០​ឆ្នាំ​ឡើង​ទៅ តែ​ក៏​មាន​ជួប​លើ​​អ្នក​ដែល​មាន​អាយុ​ទាប​ជាង​នេះ​ដែរ ឬ​កើត​មក​តាំងពី​កំណើត​​ក៏​មាន​ដោយ​​រមែង​កើត​​លើ​ភ្នែក​ទាំង​សង​ខាង ។
មនុស្ស​យើង​មាន​ទឹក​នៅ​ផ្នែក​ក្នុង​គ្រាប់​ភ្នែក​ ស្រាប់​ ទឹក​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គ្រាប់​ភ្នែក​ ហើយ​ល្បាយ​ចេញ​មក​​ផ្នែក​ខាង​ក្រៅ​គ្រាប់​ភ្នែក​ ។ ការ​បង្កើត​ និង​ការ​ល្បាយ​ចេញ​មក​នេះ​ត្រូវ​តែ​សមា​មាត្រ​គ្នា​ ទើប​ជា​សំពាធ​ទឹក​​ក្នុង​ភ្នែក​ដែល​ធម្ម​តា ។ បើ​វា​មិន​សមា​មាត្រ​គ្នា​ដូច​ជា​ការ​បង្កើត​ទឹក​ច្រើន​ជាង​ធម្ម​តា​ ឬ​ការ​ល្បាយ​ចេញ​មក​តិច​ជាង​ធម្ម​តា​នឹង​ធ្វើឱ្យ​សំពាធ​ទឹក​ក្នុង​ភ្នែក​ឡើង ​ខ្ពស់ ។ មូល​េហតុ​ភាគ​ច្រើន​កើត​ពី​ការ​ហូរ​ចេញ​​របស់​ទឹក​ភ្នែក​តិច​ជា​ងធម្ម​តា និង​​បណ្តាល​ឱ្យ​​កក​ស្ទះ​ទឹក​នៅ​ផ្នែក​ខាង​ក្នុង​គ្រាប់​ភ្នែក ហើយ​ភ្នែក​នឹង​រឹង​ដូច​ថ្ម​ដែល​គេ​ហៅ​ថា «ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​» ។
សំពាធ​ទឹក​ក្នុង​ភ្នែក​ធម្ម​តា​នៅ​ចន្លោះ​៩ទៅ​២១​mmHg ចំណែក​សំពាធ​ទឹក​ខុស​ធម្ម​តា​នឹង​ទៅ​សង្កត់​សរ​សៃ​ប្រសាទ​ភ្នែក​ដែល​នៅ​ ផ្នែក​ក្រោម​របស់​គ្រាប់​ភ្នែក​ ធ្វើ​ឱ្យ​សរ​សៃ​ប្រសាទ​ភ្នែក​អន់​ថយ ហើយ​ទៅ​មុខ​វា​នឹង​ធ្វើ​ឱ្យ​ភ្នែក​ស្រវាំង​ ​​បើ​ទុក​ចោល​មិន​បាន​ទទួល​ការ​ព្យា​បាល​ភ្នែក​នឹង​ពិការ​នៅ​ទី​បញ្ចប់ ។ ទោះ​បី​​អ្នក​ជំងឺ​បាន​ទទួល​ការ​ព្យា​បាល​រហូត​សម្ពាធ​ទឹក​ភ្នែក​ថយ​ចុះ​មក​ ដូច​​ធម្ម​តា​ តែ​ខ្សែ​ភ្នែក​ដែល​ខូច​ទៅ​ហើយ​ដោយ​ជំងឺ​ទឹក​ដក់​នេះ​ក៏​មិន​​អាច​ត្រឡប់​មក​ ល្អ​ដូច​ដើម​បាន​ទេ ហេតុ​នេះ​ហើយ​ទើប​គេ​ចាត់​ទុក​ជំងឺ​ទឹក​ដក់​ជា​​ជំងឺ​មួយ​ប្រភេទ​​ធ្ងន់​​ ណាស់ ។
​ជំងឺ​ទឹក​ដក់​មាន​បី​ប្រភេទ​គឺ៖
១-​ជំងឺ​ទឹក​ដក់​ប្រភេទ​បន្ទាន់​ធ្ងន់​AACG ៈ
កើត ​មក​ពី​សម្ពាធ​ទឹក​ក្នុង​ភ្នែក​ដែល​ឡើង​ខ្ពស់​មួយ​រំពេចធ្វើ​ឱ្យ​​អ្នក​ជំងឺ ​មានអាការឈឺ​ភ្នែក​ខ្លាំង ឈឺ​ក្បាល​ ភ្នែក​ស្រវាំង​យ៉ាង​លឿន​បំផុត​អាច​មាន​អាការ​ចង់​ក្អួត​ចង្អោ​រ​រួម​ផង​ដែរ ។ ប្រសិនមិន​ទទួល​​ការ​ព្យា​បាល​អាការ​នេះ​នឹង​កើន​ខ្លាំង​ឡើង​ជា​​លំដាប់ ។ ភាគ​ច្រើន​កើត​ចំពោះ​ក្រុម​មនុស្ស​មាន​​អាយុ​ចាប់​ពី​៤៥​ឆ្នាំ​ឡើង​ទៅ ។
២-ជំងឺ​ទឹក​ដក់​ប្រភេទ​មុំ​បិទ CACG ៈ
ជំងឺ ​ទឹក​ដក់​ប្រភេទ​នេះ​មិន​មាន​​អាការ​អ្វី​ទេ​ តែ​​ជំងឺ​វិវឌ្ឍ​​ទៅ​ម្តង​​បន្តិច​ៗ​ ហើយ​មុំ​ប្រស្រី​ភ្នែក​បិទ សម្ពាធ​ទឹក​ក្នុង​ភ្នែក​នឹង​ឡើង​ខ​្ពស់​ទៅ​ៗ​ បើ​គេ​ពិនិត្យ​ទៅ​លើទង​សរសៃ​​ប្រសាទ​​ភ្នែក​នឹង​ឃើញ​ថា ​ ទង​សរសៃ​ប្រសាទ​ភ្នែក​ខូង​បណ្តាល​មក​​​ពី​ជំងឺ​ទឹក​ដក់​ ហើយ​ទី​ធ្លា​ភ្នែក​រួម​តូច ។
៣-​ជំងឺ​ទឹកដក់​ប្រភេទ​មុំ​បើក POAG ៈ
ជំងឺ ​នឹង​វិវឌ្ឍ​​យឺតៗ​ សម្ពាធ​ក្នុង​​ទឹក​ភ្នែក​ឡើង​បន្តិច​ម្តងៗ​ ទើប​មិន​មាន​អាការ​ឈឺ​ចាប់​រមែង​កើត​ចំពោះ​ភ្នែក​ទាំង​សង​ខាង​ ។ រយៈ​ពេល​ដំបូង​មិន​មាន​អាការ​ខុស​ធម្ម​តា​ទេ​ ដល់ពេល​ជំងឺ​វិវឌ្ឍ​ខ្លាំង​​ទៅ​សរសៃ​ប្រសាទ​ ភ្នែក​ត្រូវ​បំផ្លាញ​ជា​រឿយៗ​ ធ្វើ​ឱ្យ​គំហើញ​កាន់​រួមតូច​ ពេល​នោះ​ទើប​អ្នក​ជំងឺ​ចាប់​ផ្តើម​ដឹង​ បើ​សិន​ទៅ​​ជួប​គ្រូ​ពេទ្យ​យឺត​ពេល​​ភ្នែក​អាច​ពិការ​បាន ។
ដូច្នេះ​​អ្នក​ដែល​មានអាយុ​លើស​ពី​៤០​ឆ្នាំ​ឡើង​ទៅ​ គួរ​តែ​ទទួល​ការ​ពិនិត្យ​ភ្នែក​ និង​វាស់​សម្ពាធ​ទឹក​ក្នុង​ភ្នែក​ពី​គ្រូ​ពេទ្យ​ដើម្បី​នឹង​អាច​ដឹង​មុន​ពី​ ជំងឺ​នេះ​មុន​ពេល​វា​ធ្ងន់​ ។ ជា​ពិសេស​អ្នក​ជា​​សាច់​ញាតិ​គ្រួសារ​អ្នក​ជំងឺ​ទឹក​ដក់​នឹង​មាន​ឱកាស​កើត​ ជំងឺ​នេះ​ច្រើន​ជាង​មនុស្ស​ទូទៅ ព្រោះ​វាមាន​ចំណែក​ទាក់​ទង​ផ្នែក​ជំងឺ​តពូជ​ផង​ដែរ ។ ជំងឺ​ទឹក​ដក់​ភាគ​ច្រើន​កើត​ឡើង​ឯក​ឯង​ តែ​មាន​​ជំងឺ​ដក់​ខ្លះ​កើត​មក​ពី​អ្នក​ជំងឺ​ទិញ​ថ្នាំ​ភ្នែក​ប្រភេទ​ខ្លះ​មក ​ប្រើ​ប្រាស់​ដោយ​ខ្លួន​ឯង​ដូច​ជា​ថ្នាំ​ដាក់​ភ្នែក​ដែល​មាន​ Corticosteroid រួម​ផ្ស​ំ​ប្រើ​ក្នុង​ការ​ព្យា​បាល​ការ​រលាក​បាន​ល្អ​ តែ​វា​មានផល​វិបាក​ធ្វើ​ឱ្យ​កើត​ជំងឺ​ផ្សេង​ទៀត​ គឺ​ជំងឺ​ទឹក​ដក់​នេះ​បាន​ប្រសិន​បើ​ដាក់​ថ្នាំ​នេះ​ជាប់​គ្នា​ជា​ច្រើន​ដប ។
ដូច្នេះ ​ដើម្បី​ជៀសវាង​ការ​កើត​ជំងឺ​នេះ​ យើង​មិន​គួរ​ទិញ​ថ្នាំ​ដាក់​ភ្នែក​ប្រើ​ដោយ​ខ្លួន​ឯង​ទេ គួរ​ប្រើ​ថ្នាំ​ណា​ដែល​គ្រូ​ពេទ្យ​បញ្ជា​ឱ្យ​ប្រើ​តែ​
ប៉ុណ្ណោះ ។
លោក​វេជ្ជ​បណ្ឌិត​ងី ម៉េង ប្រធាន​កម្ម​វិធី​ជាតិ​សុខ​ភាព​ភ្នែក​ បាន​មាន​​ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ការ​ព្យា​បាល​ជំងឺ​​ទឹក​ដក់​​ក្នុង​ភ្នែក​មាន​ច្រើន​វិធី​ គឺសការ​ប្រើ​ថ្នាំ​ ការ​បាញ់​កាំ​រស្មី​ និង​ការ​វះ​កាត់​ជា​ដើម ។ ការ​ជ្រើស​រើស​វិធី​ព្យា​បាល​ណា​មួយ​នោះ​អាស្រ័យ​ទៅ​នឹង​ប្រភេទ​ និង​សភាព​ធ្ងន់​​នៃ​ជំងឺ​ ដោយ​គ្រូ​ពេទ្យ​ភ្នែក​ជា​អ្នក​ត្រួត​ពិនិត្យ​ថា តើ​គួរ​ប្រើ​វិធី​ណា​ទើប​អាច​បាន​ផលល្អ​​បំផុត​សម្រាប់​អ្នក​ជំងឺ ។ នៅ​ពេល​ភ្នែក​ម្ខាង​ដែល​មានជំងឺ​ទឹក​ដក់​បាន​ទទួល​ការ​ព្យា​បាល​រួច​ហើយ​ គ្រូ​ពេទ្យ​នឹង​ធ្វើ​ការ​ណែ​នាំ​ឱ្យ​អ្នក​ជំងឺ ធ្វើ​ការ​​កា​រ​ពារ​​ភ្នែក​ម្ខាង​ទៀត​កុំ​ឱ្យ​កើត​មានជំងឺ​នេះ​ដែរ ។ ដោយ​សារ​តែ​ជំងឺ​ទឹក​ដក់​រមែង​កើត​លើ​ភ្នែក​ទាំង​សង​ខាង​ ការ​ការ​ពារ​អាច​ធ្វើ​តាម​រយៈ​ការ​បន្ត​ក់​ថ្នាំ​ ការ​បាញ់​កាំរស្មី ឬ​ការ​វះ​កាត់​​ ព្រោះ​ប្រសិន​ជា​ទុក​ចោល​រហូត​កើត​ជា​ជំងឺ​ទឹក​ដក់​ហើយ ទើប​ទៅ​​ព្យា​បាល​ភ្នែក​ដែល​ខូច​ហើយ​នោះ​​មិន​អាច​ត្រឡប់​ដូច​ដើម​ទេ ។
ការ​ព្យា​បាល​គ្រាន់​តែ​អាច​គ្រប់​គ្រង​សម្ពាធទឹក​ ក្នុង​ភ្នែក​ឱ្យ​នៅ​ធម្ម​តា និង​ជួយ​ធ្វើ​ឱ្យ​ភ្នែក​មិន​បន្ត​ខូច​ត​ទៅ​ទៀត​បាន​​ ។ ការ​ប្រើ​ថ្នាំ​ភ្នែក​ក្នុង​ការ​ព្យា​បាល​ជំងឺ​ទឹក​ដក់​ជា​វិធី​ដែល​បាន​ផល ​និង​និយម​ខ្លាំង​ជា​ទី​បំផុត ។បច្ចុប្បន្ន​នេះ​មាន​ថ្នាំ​បន្តក់​ភ្នែក​ព្យា​បាល​ជំងឺ​ទឹក​ដក់​ជា​ច្រើន​​ ប្រភេទ​ដែល​ប្រើ​បាន​ផល​ល្អ​ក្នុង​ការ​បញ្ចុះ​សម្ពាធ​ទឹក​ក្នុង​ភ្នែក​ គឺ​ក្រុម​​ Prostaglandine ដែល​ថ្នាំ​ក្រុម​នេះ​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ជំងឺ​ខ្លាំង​ណាស់ ​ភាគ​ច្រើន​ត្រូវ​ដាក់​ម្តង​១​តំណក់​​ ហើយ​មួយ​ថ្ងៃ​ដាក់​​តែ​ម្តង​​ប៉ុណ្ណោះ នៅ​ពេល​ល្ងាច​ ឬ​មុន​ពេល​ចូល​គេង ។ ផល​ប៉ះ​ពាល់​ដែល​អាច​កើត​មាន​ គឺ​អាច​មាន​អាការ​ភ្នែក​ក្រហម​ក្នុង​ពេល​នេះ​ តែ​អាច​បាត់​ទៅ​ឯក​ឯង​ ឬ​ក្រោយ​ពេល​ប្រើ​ថ្នាំ​ប្រហែល​១​ម៉ោង​ អាការ​ភ្នែក​​ក្រហម​នឹង​ថយ​ចុះ ។
ថ្នាំ​បញ្ចុះ​សម្ពាធ​ទឹក​ភ្នែក​ក្រុម Prostaglandine​ ប្រភេទ​ Travatan ខ្លះ​រឹត​តែ​ផ្តល់​ភាព​ងាយ​ស្រួល​ដល់់អ្នក​ជំងឺ​ថែម​ទៀត​ ព្រោះ មាន​ប្រសិទ្ធ​ភាព​ខ្ពស់​អាច​រក្សា​ក្នុង​សី​តុណ្ហ​ភាព​ធម្ម​​តា​ក្នុង​ បន្ទប់​មិន​​ចាំ​បាច់​ក្លាសេ​្សទឹកកក​ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​ជំងឺ​គួរ​អាន​ក្រដាស​ថ្នាំ​ជា​មុន​ ដើម្បី​ដឹង​ថាលោក​អ្នក​ប្រើ​​ថ្នាំ​បែប​ណា​ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍ខ្ពស់​បំផុត​ពី​ការ​ព្យា​បាល​ន​ិង​រក្សា​ជំងឺ​ នេះ ៕