Monday, December 17, 2012

រោគ​សញ្ញា​​នៃ​ជំងឺ​​ពុក​ឆ្អឹង​​និង​​ផលវិបាក​​នៃជំងឺ ​​ពុក​ឆ្អឹង​

ជំងឺ​ពុក​ឆ្អឹង (osteoporosis) កើតឡើង​នៅ​ពេល​ដែល​កំហាប់ និង កម្លាំង​របស់​ឆ្អឹង​ចុះ​អន់​ខ្សោយ​ដែល​ជាហេតុ​ធ្វើអោយ​ឆ្អឹង​លែង​រឹងមាំ ឬ ពុកផុយ។ ជំងឺ​នេះ​ធ្វើអោយ​ឆ្អឹង​ឡើង​ស្ពោត​ខុសធម្មតា។
ភាពខុស​ធម្មតា​នេះ​ធ្វើអោយ​ឆ្អឹង​មាន សភាព​ខ្សោយ និង ងាយស្រួល​បាក់​នៅពេល​ទ​ទួល​រង​ការប៉ះទង្គិច​ណាមួយ។ ជំងឺ​ឆ្អឹង​ស្តើង (osteopenia) គឺជា​លក្ខណៈ​របស់​ឆ្អឹង​ដែល​មាន​កំហាប់​តិចជាង​ធម្មតា ប៉ុន្តែ វា​មិន​ឈាន​ដល់​កំរិត​មួយ​ដូច​នៅ​ក្នុង​ជំងឺ​ពុក​ឆ្អឹង​នោះទេ ។
ឆ្អឹង​ធម្មតា​ផ្សំ​ឡើង​ដោយ​ជាតិ​ប្រូតេអ៊ីន កូឡា​សែន និង កាល់ស្យូម​ដែល​ជា​កត្តា​ធ្វើអោយ​ឆ្អឹង​រឹងមាំ​។ ឆ្អឹង​ដែល​ពុកផុយ​ងាយស្រួល​នឹង​បាក់បែក​ទោះ​បី​ជា​​ទទួល​រង​ការប៉ះទង្គិច​ បន្តិច​បន្តួច​ក៏ដោយ (​ឆ្អឹង​ធម្មតា​មិន​បណ្តាលអោយ​បាក់​នោះទេ​)​។
ការបាក់​អាច​ស្ថិត​ក្នុង​ទម្រង់​ជា បំណែកៗ (​ដូចជា​ការបាក់​ត្រគាក​) ឬ ការបាក់​រលំ (​ដូច​ជា​ការ​បាក់​សង្កត់​ទៅលើ​ឆ្អឹងខ្នង​)។ ឆ្អឹងខ្នង​ត្រគាក​ឆ្អឹងជំនី និង កដៃ​ជា​កន្លែង​ដែល​ងាយស្រួល​បាក់​ដោយសារ​ជំងឺ​ពុក​ឆ្អឹង ។
រោគសញ្ញា និង​សញ្ញា​នៃ​ជំងឺ​ពុក​ឆ្អឹង​ក្នុង​ករណី​ជា​ច្រើន​ជំងឺ​ពុក​ឆ្អឹង​មិនមាន​ លេចចេញ​ជា រោគសញ្ញា​អ្វី​គួរ​អោយ​កត់​សំគាល់​​ទេ​ដរាបណា​ឆ្អឹង​នោះ​មិន​ទាន់​បាក់។ បន្ថែម​ពីលើ​នេះ​ការ​បាក់ឆ្អឹង​ដោយសារ​ជំងឺ​នេះ​អាច​នឹង មិន​ត្រូវបាន​គេ​ដឹង​ជា​ច្រើន​ឆ្នាំ​នៅ​ពេល​ដែល វា​គ្មាន​រោគសញ្ញា​អ្វី​ទាំងអស់។
ដូច្នេះហើយ​ទើបបាន​ជា​មនុស្ស​ភាគច្រើន​មិនបាន ដឹង​ថា​ខ្លួនឯង​មាន​ជំងឺ​ពុក​ឆ្អឹង រហូត​ដល់​ពួកគេ​ចាប់ផ្តើម​ឈឺ ចាប់​ដោយសារ​ការ​បាក់ឆ្អឹង​។ រោគសញ្ញា​ដែល​ទាក់ទង​ទៅនឹង​ការ​បាក់ឆ្អឹង​ដោយសារ​ជំងឺ​ពុក​ឆ្អឹង ជាធម្មតា​គឺ ការឈឺចាប់​(​តំបន់​ដែល​ឈឺ គឺ​នៅ​កន្លែង​បាក់​)។
យ៉ាងណាមិញ​រោគសញ្ញា​នៃ​ជំងឺ​ពុក​ឆ្អឹង​ចំពោះ​បុរស​ប្រហាក់ប្រហែល​គ្នា​ទៅ ​នឹង​ស្ត្រី​ដែរ​។​ ការ​បាក់ឆ្អឹង​កង​ខ្នង (vertebra) អាច​បណ្តាលអោយ​ឈឺចាប់​ដូច​ការ​កាច់​បត់​អ្វីមួយ  និង អាច​រាល ដាល​ពី​ខ្នង​ទៅ​ផ្នែក​សងខាង​នៃ​ដងខ្លួន។
កន្លង​ទៅ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ប្រសិនបើ​មាន ការ​បាក់​ឆ្អឹងខ្នង​ម្តងទៀត​កើតឡើង​នោះ​វា​នឹង​អាច​បណ្តាល​អោយ​អ្នកជំងឺ មាន​ការឈឺ​ខ្នង​ផ្នែក ខាងក្រោម​រ៉ាំរ៉ៃ (chronic lower back pain)​ព្រមទាំង ធ្លាក់​កំពស់ ឬ ឡើង​កោង​ខ្នង​ដោយសារ តែ​ការបាក់​ស្រុត​ឆ្អឹងខ្នង​នោះ ។
ការបាក់​ស្រុត​នេះ​អាច​បណ្តាល​អោយ​អ្នកជំងឺ​ឡើង​គម​ខ្នង ឬ កោង​ខ្នង​ដែល​ច្រើន​លេច ឡើង​នៅ​ខ្នង​ផ្នែក​ខាងលើ (​គេ​និយម​ហៅថា "​ជំងឺ​ស្ត្រី​គម​ខ្នង ឬ Dowager Hump" ដោយសារ​តែ​គេ​សង្កេត​ឃើញ​ច្រើន​កើត​លើ​មនុស្ស​ស្រី​មាន​វ័យ​ចំណាស់ បន្តិច​) ។
ការបាក់​ឆ្អឹងត្រគាក​ភាគច្រើន​បណ្តាល​មកពី​ការធ្លាក់​មកពី​កន្លែង​ខ្ពស់​ ណាមួយ​។ ប៉ុន្តែជាមួយ​នឹង​ជំងឺ​ពុក​ឆ្អឹង​គ្រាន់​តែ​គ្រោះ​ថ្នាក់​បន្តិចបន្តួច​ក៏​ អាច​ធ្វើ​អោយ​​មាន​​ការបាក់​ឆ្អឹង​ត្រគាក​បានផងដែរ។
បន្ទាប់​ពី​ការវះកាត់​ព្យាបាល​ការបាក់​ឆ្អឹងត្រគាក​ទា​ម​ទារ​ពេលវេលា​យូរ ​ដើម្បី​ជា​ធូរ​ស្រាល​វិញ​ពីព្រោះ​តែ​ការ​ដុះ និង ការ​ជា​ស្បើយ​របស់​ឆ្អឹង​មាន​ភាព​យឹត​យ៉ាវ ឬ មិន​សូវ​ល្អ។
គុណវិបត្តិ ឬ ផលវិបាក​របស់​ជំងឺ​ពុក​ឆ្អឹង​​ការ​បាក់ឆ្អឹង​ដោយសារ​ជំងឺ​ពុក​ឆ្អឹង​អាច​បណ្តាលអោយ ៖
•    ការឈឺចាប់​ធ្ងន់ធ្ងរ​-​យូរអង្វែង​
•    ឆាកជីវិត​ចាប់ផ្តើម​មាន​បញ្ហា​
•    បាត់បង់​ពេលវេលា​ធ្វើ​ការងារ​
•    និង អាចឈាន​ទៅ​ដល់​ពិការភាព​ថែមទៀត​ផង ។
អ្នកជំងឺ​ដែល​បាក់​ឆ្អឹងត្រគាក​ប្រហែលជា ៣០ភាគរយ ទាមទារ​ការថែទាំ​នៅផ្ទះ​ក្នុង​រយៈពេល​យូរអង្វែង។ អ្នកជំងឺ​ដែល​មាន​វ័យ​ចំណាស់​អាច​វិវត្តិ​ទៅរក​ជំងឺ​រលាក​សួត (pneumonia) និង មាន​កំណក​ឈាម​នៅ​សរសៃឈាម​ជើង (leg veins) ដែល​វា​អាច​ធ្វើ​ដំណើរ​រត់​ទៅ​កាន់​សួត​, ហើយ​នាំ​អោយ​មាន pulmonary ​embolism (​កំណក​ឈាម​ស្ទះ​សរសៃឈាម​សួត​)​។
បញ្ហា​ខាងលើ​នេះ​អាច​កើតឡើង​នៅពេលដែល​អ្នកជំងឺ​សំរាក​នៅ​នឹង​គ្រែ​យូរ​ ខ្លាំង​ពេល បន្ទាប់​ពី​ការបាក់​ត្រគាក។ ជំងឺ​ពុក​ឆ្អឹង​អាច​បង្កើន​ការ​ប្រឈមមុខ​ទៅ​​នឹង​​ការស្លាប់។ ស្ត្រី​ប្រហែលជា ​២០ភាគរយ ដែល​បាក់​ឆ្អឹងត្រគាក​នឹង​អាច​ស្លាប់​នៅ​ឆ្នាំ​បន្ទាប់​ដោយ​ផលវិបាក​ប្រយោល​ នៃ​ការបាក់នោះ​។
បន្ថែម​ពីលើ​នេះ​ទៅទៀត នៅ​ពេល​ដែល​​មាន​នរណា​ម្នាក់​ធ្លាប់​បាក់​ឆ្អឹងខ្នង​ដោយសារ​ជំងឺ​ពុក​ឆ្អឹង​ រូប​គេ​ម្នាក់​នោះ​នឹង​ប្រឈម​មុខ​ខ្ពស់​ទៅនឹង​ការ​រង​គ្រោះ​ថ្នាក់​​ដោយ​សារ ​ការ​បាក់ឆ្អឹង​ដទៃ​ផ្សេង​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត(​ពីរ ​បី​ឆ្នាំ​)។ ស្ត្រី​អស់​រដូវ​ប្រហែលជា ២០ភាគរយ ដែល​បាន​បាក់​ឆ្អឹងខ្នង​អាច​នឹង​បាក់ឆ្អឹង​នោះ​ម្តងទៀត​នៅ​​ឆ្នាំ​​បន្ទាប់៕