ថ្នាំគ្រាប់ ត្រូវតែធ្វើការបឺតស្រូបចូល ទៅក្នុង ខ្លួនប្រាណរបស់ពួកយើង ដើម្បីអោយវាមានប្រសិទ្ធភាព ។ ការបឺតស្រូបរបស់ សារជាតិថ្នាំគ្រាប់នេះ ដែលត្រូវលេបមុនពេល ទទួលទានអាហារ អាចនឹងត្រូវមាន ផលរំខាន ប្រសិនបើមានអាហារណាមួយ នៅក្នុងក្រពះអ្នកនោះ។ ថ្នាំប្រភេទនេះ គួរតែត្រូវបានលេប កន្លះម៉ោង ឬ មួយម៉ោងមុនពេល ធ្វើការទទួលទានអាហារ។ វិធីនេះ អាចជួយអោយជាតិថ្នាំ ត្រូវបានបឺត ស្រូបចូល មុនពេលអាហារណាមួយត្រូវបានរំលាយ និង អាចធ្វើអោយឥទ្ធិពលរបស់ថ្នាំ កាន់តែមាន ប្រសិទ្ធភាព ។
ម្យ៉ាងវិញទៀត ថ្នាំគ្រាប់ទាំងឡាយណា ដែលហាក់នឹងធ្វើអោយមាន ភាពមិនផាសុកដល់ក្រពះអ្នក នោះពួកវា គួរតែត្រូវបានលេប ជាមួយ ឬ ក្រោយពេលទទួលទានអាហារ។ ការទទួលទានថ្នាំជាមួយ ឬ ក្រោយពេលទទួលទានអាហាររួច គឺអាចជួយកាត់បន្ថយ នូវការកើតមាននូវផលរំខានរបស់ថ្នាំ ចំពោះ ក្រពះ។ ហើយមានប្រភេទថ្នាំខ្លះទៀត ត្រូវបានបឺតស្រូបបានយ៉ាងប្រសើរ និង កាន់តែមានប្រសិទ្ធភាព នៅពេលដែលពួកវា ត្រូវបានលេបបន្ទាប់ពីការទទួលទានអាហាររួច។
នៅពេលណា ដែលអ្នកត្រូវធ្វើការលេបថ្នាំ សូមធ្វើតាមការណែនាំរបស់គ្រូពេទ្យ ឬ ឱសថការី ដោយ យកចិត្តទុកដាក់ ដើម្បីរក្សាបាននូវ ប្រសិទ្ធភាពពេញលេញរបស់ថ្នាំ ជាមួយនឹងការប្រឈមនឹងគ្រោះថ្នាក់ ក្នុងកម្រិតទាបបំផុត ។