Wednesday, April 19, 2017

តើ “ថ្គាមទាល់” គួរតែទុក ឬដកចោល ទើបជាការប្រសើរ?

មនុស្សជាច្រើនស្គាល់ហើយថាអ្វីជា ធ្មេញថ្គាមទាល់។ ថ្គាមទាល់នេះ ច្រើនដុះចេញមកនៅចន្លោះអាយុពី ១២ ទៅ ២៥ ឆ្នាំ ព្រមទាំងបង្កជាការឈឺចាប់ និងអារម្មណ៍មិនស្រួលខ្លួនថែមទៀត។  ទន្ទឹមនឹងនោះដែរក៏មានទន្តពេទ្យជាច្រើន បានធ្វើការណែនាំ ឲ្យដកថ្គាមទាល់នោះចេញផងដែរ។ តើវាចាំបាច់ត្រូវតែទុក ឬត្រូវតែដកចោល?
ខាងក្រោមនេះ ជាអ្វីដែលអ្នកត្រូវតែដឹង មុននឹងសម្រេចចិត្តទុក ឬដក ថ្គាមទាល់របស់អ្នក៖



១. អ្នកមិនចាំបាច់ដកថ្គាមទាល់ចោលទេ ប្រសិនបើ ៖
  •  ថ្គាមទាល់នោះ មានសុខភាពល្អ (មិនពុក និងអញ្ចាញជុំវិញ មិនរលាក)
  •  ថ្គាមទាល់នោះ ដុះចេញមកពេញលេញស្អាត
  •  ថ្គាមទាល់នោះ ដុះចេញមកត្រង់ទីតាំងត្រឹមត្រូវ មិនទើស មិនជ្រៀត ជាមួយធ្មេញដទៃជិតខាង
  •  ថ្គាមទាល់នោះ ងាយសម្អាត បានជារៀងរាល់ថ្ងៃ។

២. អ្នកត្រូវតែដកថ្គាមទាល់ចោល ប្រសិនបើ ៖
  •  ថ្គាមទាល់នោះ ដុះមិនចេញ ជាប់នៅក្រោមសាច់ ពីព្រោះវាអាចបង្កជាគីស បំផ្លាញឫសធ្មេញជិតខាង
  •  ថ្គាមទាល់នោះ ដុះចេញមិនអស់ បណ្តាលឲ្យពិបាកសម្អាត និងធ្វើឲ្យបាត់តេរីប្រមូលផ្តុំគ្នា រួមបង្កជាជំងឺមាត់ធ្មេញ
  •  គ្មានកន្លែងទំនេរ សម្រាប់ថ្គាមទាល់ (ដុះចេញមកចង្អៀត ឬទើសខ្លាំង) ដែលអាចបំផ្លាញធ្មេញជិតខាងបាន
  •  មានការឈឺចាប់ខ្លាំងត្រង់ កន្លែងដុះថ្គាមទាល់
  • ជាលិកាទន់ ជាប់នឹងធ្មេញទាល់ ដែលអាចបណ្តាលឲ្យងាយឆ្លងមេរោគ
  •  ដុះដុំសាច់ ជាប់ធ្មេញទាល់
  •  រលាកអញ្ចាញធ្មេញ
  •  មានធ្មេញពុក នៅជិតថ្គាមទាល់។ 



សរុបមក ថ្គាមទាល់មិនបង្កជាបញ្ហាអ្វីទេ ប្រសិនបើអ្នកថែទាំ និងទៅពិនិត្យ នៅឯពេទ្យធ្មេញបានជាប្រចាំ។ ជាពិសេស អ្នកអាចដឹងពីភាពមិនប្រក្រតីនៃធ្មេញបានទាន់ពេលវេលាថែមទៀត ពីព្រោះ ប្រសិនបើអ្នកឈានចូលអាយុលើសពី ២៥ឆ្នាំ ហើយមានបញ្ហាទាក់ទងនឹងថ្គាមទាល់នេះ វាអាចពិបាកនឹងដកចេញ និងមិនងាយជាសះស្បើយ៕