Wednesday, January 2, 2013

ហាត់​ប្រាណ​ក្នុង​បរិស្ថាន​មិន​ស្អាត អាច​ប៉ះ​ពាល់​ដល់​សុខភាព​?

ដើម្បី​សុខុមាលភាព​និង​សុភមង្គល​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ​ទាមទារ​ ត្រូវ​តែ​មាន​សុខភាព​ល្អ​ជា​មូលដ្ឋាន​គ្រឹះ​។​ដូច្នេះ​ការ​ហាត់​ប្រាណ​បាន​ ក្លាយ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​សុខភាព​ដោយ​សារ​តែ​វា​មាន​ភាព​ងាយ​ស្រួល​ ក្នុង​ការ​អនុវត្ត​និង​មិន​រើស​ទីតាំង​ឬ​ពេល​វេលា​អ្វី​នោះ​ទេ​។
ជាទូទៅ ​យើង​ហាត់​ប្រាណ​ក្នុង​គោល​បំណង​ទទួល​បាន​នូវ​សុខភាព​ល្អ​កម្លាំង​មាំមួន​ ការពារ​ជំងឺ​ឬ​ព្យាបាល​ជំងឺ​ជាដើម​។​ប៉ុន្ដែ​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ បាន​និង​កំពុង​ចាប់​អារម្មណ៍​ថា​ការ​ធ្វើ​លំហាត់​ប្រាណ​របស់​ខ្លួន​ត្រូវ​ បាន​ធ្វើ​ឡើង​ដោយ​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ​?​តើ​ការ​ហាត់​ប្រាណ​ក្នុង​កន្លែង​ មួយ​ដែល​មិន​មាន​បរិស្ថាន​ល្អ​ពិត​ជា​ជម្រើស​ដ៏​សមរម្យ​មែន​ឬទេ?
លោក​ ប៉ែន​សុផល​ជា​មន្រ្តី​រាជការ​និង​ជា​អ្នក​ហាត់​កីឡា​ប្រចាំ​នៅ​ម្តុំ​សួន​ ច្បារ​ក្តាន់​ពីរ​បាន​ឲ្យ​ដឹង​ថា​៖ «​ជា​ទូ​ទៅ​ខ្ញុំ​ហាត់​ប្រាណ​មួយ​ថ្ងៃ​ពីរ​ដង​ពេល​ព្រឹក​និង​ពេល​ល្ងាច​ ប៉ុន្ដែ​ពេល​ព្រឹក​ខ្ញុំ​ទៅ​មិន​ទៀង​ទាត់​ទេ​»។​លោក​បាន​លើក​ឡើង​ថា ការ​ហាត់​ប្រាណ​នៅ​ទី​នោះ មិន​ចាំ​បាច់​ចំណាយ​ប្រាក់​និង​មាន​សេរីភាព​គ្រប់​គ្រាន់​។ យ៉ាង​ណា​មិញ លោក​ទទួល​ស្គាល់​ថា ពេល​ខ្លះ​ក្រោយ​ពី​ហាត់​ប្រាណ​លោក​ក៏​ក្អក​មិន​សូវ​ស្រួល​ក្នុង​ខ្លួន​ហើយ​ ពេល​ខ្លះ​ទៀត លោក​ចង់​គ្រុន​ស្រៀវ​ស្រាញ​ដែល​លោក​គិត​ថា វា​អាច​បណ្ដាល​មក​ពី​ហាត់​ប្រាណ​ជ្រុល​ហួស​កម្លាំង​ឬ​មិន​ត្រឹម​ត្រូវ​តាម​ ក្បួន​ខ្នាត​។
ការ​ហាត់​ប្រាណ​ផ្តល់​ជា​អត្ថ​ប្រយោជន៍​ឬ​ក៏​ហានិភ័យ​ អ្វី​ខ្លះ​ដល់​អ្នក​អនុវត្តន៍ ជា​ពិសេស​ស្ថិត​នៅ​ក្នុង​កន្លែង​ដែល​មាន​បរិស្ថាន​មិន​ល្អ? អ្នកស្រី ហ៊ាង សាវី ជា​អ្នក​ពិធីការ​នៅ​សាលា​ខណ្ឌ​ទួលគោក​និង​ជា​គ្រូ​បង្រៀន​រាំ​អារ៉ូប៊ីត​នៅ​ កែង​ផ្លូវ​ស្ពាន​អាកាស​៧​មករា​បាន​រៀបរាប់​ថា​ការ​ហាត់​រាំ​ជា​រៀង​រាល់​ ថ្ងៃ​បែប​នេះ​បាន​ជួយ​អ្នកស្រី​ឲ្យ​មាន​កាយវិការ​រហ័ស​រហួន​ស្វាហាប់​ធ្វើ​ ឲ្យ​ឈាម​រត់​ស្រួល​និង​មិន​ឡើង​ទម្ងន់​ទៀត​ផង​។
អ្នក​កីឡា​ដែល​មាន​បទ ​ពិសោធ​ជាង​១០​រូប​នេះ​ក៏​បាន​បង្ហាញ​ពី​កង្វល់​ចំពោះ​សុវត្ថិភាព​ថា៖ «​ដោយ​សារ​តែ​ពួក​យើង​ហាត់​នៅ​កែង​ផ្លូវ​ដូចនេះ​ទើប​យើង​បារម្ភ​ពី​ សុវត្ថិភាព​នៅ​ពេល​ម៉ូតូ​ឡាន​អាច​ជ្រុល​ចង្កូត​»។​អ្នកស្រី មិន​ច្បាស់​ថា ទី​កន្លែង​របស់​អ្នក​ស្រី​ហាត់​ប្រាណ​នោះ វា​អំណោយ​ផល​ចំពោះ​សុខភាព​ឬ​យ៉ាង​ណា​នោះ​ទេ​។
ក្រៅ​ពី​សុវត្ថិភាព​រាង​កាយ​វា​គឺជា​បញ្ហា​ចោទ​មួយ ប៉ុន្ដែ​ចំពោះ​សុវត្ថិភាព​សុខភាព ក៏​ជា​ក្ដី​កង្វល់​មួយ​ផង​ដែរ​។ ជាក់​ស្ដែង ការ​ហាត់​ប្រាណ​នៅ​កន្លែង​ដែល​មាន​ធ្វើ​ចរាចរ​ពោរពេញ​ទៅ​ដោយ​ផ្សែង​ពុល​អាច​ ប៉ះពាល់​អ្វី​ខ្លះ​?
កញ្ញា លី គីមអេង ជា​និស្សិត​ឆ្នាំ​ទី២​ផ្នែក​អក្សរ​សាស្រ្ត​ខ្មែរ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ ​ភ្នំពេញ​បាន​បង្ហាញ​ពី​ទស្សនៈ​ថា​៖​«​ខ្ញុំ​មិន​ទៅ​ហាត់​ប្រាណ​នៅ​ទី​តាម​ ដង​ផ្លូវ​ទេ​ព្រោះ​ខ្ញុំ​បារម្ភ​ពី​សុវត្ថិភាព​ចរាចរណ៍​ណា​មួយ​ខ្លាច​មាន​ ឧប្បត្ដិហេតុ​អ្វី​កើត​ឡើង​ហើយ​ណា​មួយ​ទៀត​ខ្ញុំ​ខ្មាស​គេ​ផង។ សំខាន់​ខ្ញុំ​គិត​ថា​វា​ប្រហែល​អាច​ប៉ះពាល់​សុខភាព​ព្រោះ​តែ​នៅ​តាម​ផ្លូវ​ មិន​សូវ​ជា​មាន​អនាម័យ​និង​ផ្សែង​ឡាន​ម៉ូតូ​យ៉ាង​ខ្លាំង​»​។
ឆ្លើយ​តប ​នឹង​កង្វល់​នេះ​លោកស្រី​ប្រាក់ ពិសិដ្ឋ​រង្សី ប្រធាន​នាយកដ្ឋាន​ការពារ​សុខភាព​នៃ​ក្រសួង​សុខាភិបាល​បាន​អះអាង​ថា​ជា​ការ​ ពិត​ការ​ដែល​ស្រូប​យក​ផ្សែង​ពុល​ពិត​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រាកដ ​មែន​បើ​ទោះ​ជា​បុគ្គល​នោះ​កំពុង​តែ​ធ្វើ​លំហាត់​ប្រាណ​បញ្ចេញ​ជាតិ​ពុល​ក៏​ ដោយ​។
លោកស្រី​វេជ្ជ​បណ្ឌិត​បាន​ពន្យល់​ថា​៖​«​នៅ​ក្នុង​ផ្សែង​ឡាន​ ម៉ូតូ​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​ពុល​ជាច្រើន​ដូច្នេះ​នៅ​ពេល​ស្រូប​ចូល​ទៅ​វា​ អាច​ប៉ះ​ពាល់​ដល់​ផ្លូវ​ដង្ហើម​ហើយ​បើ​ធ្ងន់​ធ្ងរ​វា​ប៉ះពាល់​ដល់​សួត​ទៀត​ ផង​»​។
ជាង​នេះ​ទៅ​ទៀត​លោក​វេជ្ជ​បណ្ឌិត​ម្នាក់​នៅ​មន្ទីរ​ពេទ្យ​ព្រះ ​អង្គឌួង​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ថ្វី​ដ្បិត​តែ​គ្មាន​ការ ​ស្រាវជ្រាវ​មួយ​ណា​បញ្ជាក់​ក៏​ដោយ​ក៏​យោង​តាម​ចំណេះ​ដឹង​និង​បទ​ពិសោធ​របស់ ​លោក​បាន​បង្ហាញ​ថា​ការ​ស្រូប​ផ្សែង​ពុល​ពិត​ជា​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ សុខភាព​។​នៅ​រយៈ​ពេល​ខ្លី​យើង​អាច​សម្គាល់​បាន​ចំពោះ​អ្នក​ខ្លះ​អាច​កើត​មាន ​ជំងឺ​អា​លាក់ស៊ី​ដូចជា​ហៀរ​សំបោរ​ក្អក​កណ្តាស់​ជាដើម​។​រីឯ​គ្រោះថ្នាក់​ រយៈ​ពេល​យូរ​គឺ​ពាក់​ព័ន្ធ​នឹង​សួត​និង​ផ្លូវ​ដង្ហើម​។
ដោយ​សារ​តែ​ សុខភាព​គឺជា​បញ្ហា​ចម្បង​ហើយ​ការ​ហាត់​ប្រាណ​ជា​យាន​នាំ​ទៅ​រក​សុខភាព​ល្អ​ លោក​ស្រី​វេជ្ជបណ្ឌិត​ពិសិដ្ឋ​រង្សី​បាន​ផ្តាំ​ផ្ញើ​ថា​ប្រជាជន​យើង​គួរ​តែ​ ហាត់​ប្រាណ​នៅ​កន្លែង​ដែល​មិន​សូវ​មាន​ផ្សែង​ពុល​ព្រោះ​វា​មិន​ត្រឹម​ជួយ​ សុខភាព​របស់​អ្នក​ហាត់​ប៉ុណ្ណោះ​ទេ​ប៉ុន្ដែ​វា​ថែម​ទាំង​ការពារ​សុវត្ថិភាព​ ដល់​អ្នក​ហាត់​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​យថាហេតុ​ទៀត​ផង​។
បើ​មិន​ អាច​ចៀស​រួច​លោកស្រី​ណែនាំ​ឲ្យ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ព្រលឹម​ព្រោះ​ពេល​ ព្រឹក​ចរាចរណ៍​មិន​សូវ​មមា​ញឹក​ខ្លាំង​។ ដូច្នេះ​កម្រិត​នៃ​ផ្សែង​ពុល​ក៏​មិន​សូវ​មាន​ច្រើន​ដែល​វា​ខុស​ពី​ពេល​ល្ងាច ​។
កញ្ញា គីមអេង សំណូម​ពរ​ថា​បរិស្ថាន​និង​សុខភាព​គឺជា​រឿង​ពីរ​ដែល​មាន​ទំនាក់​ទំនង​គ្នា​ ដូច្នេះ​អ្នក​ហាត់​គួរ​តែ​គិត​គូរ​ពី​ទី​កន្លែង​ដែល​ខ្លួន​កំពុង​តែ​ហាត់​។ វា​ផ្ដល់​ទាំង​សុខភាព និង​សុវត្ថិភាព​ផង​ដែរ​៕​