ក្រៅពីឧស្សាហកម្មស្ករអំពៅ
ប្រទេសគុយបាត្រូវបានពិភពលោកទទួលស្កាល់ពីការអភិវឌ្ឍន៍លើផ្នែក
វេជ្ជសាស្ត្រ ។ វាពុំមែនជាការចៃដន្យទេ ដែលប្រធានាធិបតីប្រទេសអ្នកមាន
វេណេហ្ស៊ុយអេឡា (លោកឆាវ៉េ)
បានជ្រើសយកជាកន្លែងព្យាបាលរោគមហារីករបស់ខ្លួន ។
ថ្មីៗនេះ ពួកអ្នកវិទ្យាសាស្ត្រនៃប្រទេសគុយបាបានប្រកាសក្នុងសន្និសីទឯកទេស ដែលមានប្រធានបទ "Serving life" ថាពួកគេទទួលបានជោគជ័យក្នុងផលិតប្រភេទឱសថ Vidatox CH ពីពិសរបស់សត្វខ្ទួយ (ខ្យាដំរី -Scorpion) ខៀវនៅតំបន់ប៉ែកខាងលិចប្រទេសនេះ ។ ឱសថនេះអាចព្យាបាលរោគមហារីកថ្លើម សុដន់ ខួរក្បាល ក្រពេញប្រូស្តាត និងមហារីកសួត ។
ឱសថ Vidatox ត្រូវបានផលិតដោយសម្ព័ន្ធក្រុមហ៊ុន ឱសថ Labiofam គុយបាដែលវាអាចបង្កើនអត្រារួចផុតពីការស្លាប់នៃអ្នកជំងឺមហារីក ទប់ស្កាត់ការរាលដាលនៃកោសិកាមហារីក និងកែសម្រួលសុខភាពរបស់អ្នកជំងឺ ។
មហារីកជាជំងឺសម្លាប់មនុស្ស លំដាប់ទី២នៅប្រទេសនេះ ដែលក្នុង១ឆ្នាំៗ មានពលរដ្ឋគុយបាប្រមាណ ១៨.០០០នាក់ បានស្លាប់ដោយសារវា ។
អាស្រ័យហេតុនេះ គុយបា បានបញ្ចេញលក់ប្រភេទវ៉ាក់សាំង៤ ដែលក្រសួងសុខាភិបាលខ្លួនបានអនុម័តទៅកាន់ទីផ្សារនៃប្រទេសចំនួន២៦ នៅទ្វីបអាមេរិកឡាទីន ទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក ។ នោះជាប្រភេទវ៉ាក់សាំង(ពុំមែនឱសថ Vidatox ទេ) កំដៅកាត់បន្ថយគ្រោះថ្នាក់ នៃការប្រើកាំរស្មី វិទ្យុសកម្ម និងសារធាតុគីមីដើម្បីព្យាបាលមហារីក ហើយវាក៏ជា "ឱសថពិសេស" ក្នុងការប្រឆាំងតបតនឹងដុំពកមហារីក ៕