Friday, December 14, 2012

ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​:អ្វីដែលបុរសគ្រប់រូបត្រូវដឹង

តើ​អ្វី​ជា​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​?
    ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ គឺ​មានការ​វិវត្តន៍​នៅ​ក្នុង​ក្រពេញ​ប្រូ​ស្តា​តរបស់​បុរស​ ដែល​ជា​ក្រពេញ​មួយ​មាន​ទំហំ​ប៉ុន​គ្រាប់​វ៉ាល់​ណាត់​ និង​ ស្ថិត​នៅ​ខាងក្រោម​ប្លោក​នោម​ដែល​វា​មាន​នាទី​ផលិត​សារធាតុ​រាវ​   មួយ​ចំនួន​នៅ​ក្នុង​ទឹក​កាម​។​ វា​គឺជា​ជំងឺមហារីក​មួយ​ដែល​តែងតែ​កើត​មាន​ចំពោះ​បុរស​ បន្ទាប់​ពី​ជំងឺមហារីក​ស្បែក​។​ មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ជា​រឿយៗ​ មានការ​វិវត្តន៍​យ៉ាង​យឺត​ និង​ មិន​បណ្តាល​អោយ​មាន​មហន្តរាយ​គួរ​អោយ​កត់សំគាល់​នោះ​ទេ​។​ប៉ុន្តែ​ មាន​ប្រភេទ​មួយ​ចំនួន​ គឺ​មាន​សភាព​កាច​សាហាវ​ជាង​ និង​ អាច​រីក​រាលដាល​យ៉ាង​លឿន​ ដោយ​មិន​មានការ​
ព្យាបាល​បាន​ ។​
រោគ​សញ្ញា​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត
    នៅ​ក្នុង​ដំណាក់កាល​ដំបូង​ បុរស​អាច​នឹង​មិន​មាន​រោគ​សញ្ញា​អ្វី​នោះ​ទេ​។​ ក្រោយមក​ទៀត​ រោគ​សញ្ញា​អាច​ រួម​មាន​ដូច​ជា​ ៖
•​    ​បត់ជើងតូច​ញឹកញាប់​ ជា​ពិសេស​នៅ​ពេល​យប់​ ។​
•​    ​មាន​ភាព​ពិបាក​ក្នុង​ការ​ចាប់ផ្តើម​ ឬ​ បញ្ឈប់​ការ​បត់ជើងតូច​។​
•​    ​ទឹកនោម​ចេញ​តិចៗ​ ឬ​ ដាច់ៗ​ ។​
•​    ​ មាន​អារម្មណ៍​ថា​ឈឺចាប់​ ឬ​ ផ្សា​ក្នុង​ពេល​បត់ជើងតូច​ ឬ​ ពេល​បាញ់​ប​ញេ្ច​ញ​ទឹកកាម​។​
•​    ​មាន​ឈាម​នៅ​ក្នុង​ទឹកនោម​ ឬ​ នៅ​ក្នុង​ទឹកកាម​។​
មហារីក​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​ អាច​បណ្តាល​អោយ​មានការ​ឈឺចាប់​ខ្លាំង​ នៅ​ចង្កេះ​ផ្នែក​ខាងក្រោម​,​ ត្រគាក​
ឬ​ កំ​ភ្លៅ​ផ្នែក​ខាងលើ​ ។​

តើ​វា​ជា​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​ ឬ​ ជា​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ ?
   ក្រពេញ​ប្រូ​ស្តា​ត​អាច​រីក​ធំ​ជាង​មុន​ ទៅ​តាម​អាយុ​របស់​មនុស្ស​ប្រុស​ ពេល​ខ្លះ​វា​អាច​សង្កត់​ទៅ​លើ​ប្លោក​នោម​ ឬ​បំពង់​បង្ហូរ​នោម​ រួច​វា​អាច​បណ្តាល​អោយ​មាន​រោគ​សញ្ញា​ ស្រ​ដៀង​គ្នា​ទៅ​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ផង​ដែរ​។​វា​ត្រូវ​បាន​គេ​ហៅ​ថា​ ដុំ​សាច់​ក្រពេញ​ប្រូ​ស្តា​ត​ដែល​មិនមែន​ជា​មហារីក​ (benign​ prostatic​ hyperplasia)​  (BPH)​។​វា​មិនមែន​ជា​ជំងឺមហារីក​នោះ​ទេ​ និង​ អាច​ធ្វើការ​ព្យាបាល​បាន​ ប្រសិនបើ​រោគ​សញ្ញា​ក្លាយជា​ផល​រំខាន​ ។​ បញ្ហា​ទី​បី​ដែល​អាច​បណ្តាល​អោយ​មាន​រោគ​សញ្ញា​នៃ​ប្រព័ន្ធ​ម៉ូ​ត្រ​សា​ស្ត​នេះ​ដែរ​ នោះ​គឺ​ការ​រលាក​ក្រពេញ​ប្រូ​សា្ត​ត​។​ ការ​រលាក​ ឬ​ ការ​ចំលងរោគ​នេះ​ អាច​បណ្តាល​អោយ​មាន​គ្រុនក្តៅ​ផង​ដែរ​ និង​ នៅ​ក្នុង​ករណី​ជា​ច្រើន​ទៀត​ គឺ​ត្រូវ​ ព្យាបាល​បាន​ដោយ​ការ​ប្រើប្រាស់​ឱសថ​ ។​

កត្តា​ប្រឈម​នឹង​គ្រោះថ្នាក់​ ដែល​អ្នក​មិន​អាច​ធ្វើការ​គ្រប់គ្រង​បាន
   កាលបើ​អ្នក​កាន់តែ​ចាស់​ នោះ​វា​ជា​កត្តា​   ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់​បំផុត​    នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ជា​ពិសេស​បន្ទាប់​ពី​អ្នកមាន​អាយុ​ ៥០​ឆ្នាំ​។​ បន្ទាប់​ពី​អាយុ​ ៧០​ឆ្នាំ​ ការ​សិក្សា​បង្ហាញ​ថា​ បុរស​ភាគច្រើន​មាន​ទំរង់​ខ្លះ​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ ទោះបីជា​វា​អាច​នឹង​មិន​មាន​រោគ​សញ្ញា​អ្វី​ បង្ហាញ​ចេញ​មក​ក្រៅ​ក៏​ដោយ​។​ ប្រវត្តិ​នៃ​ក្រុម​គ្រួសារ​ អាច​នឹង​បង្កើន​គ្រោះថ្នាក់​ចំពោះ​បុរស​ ដូច​ជា​ ការ​មាន​ឪពុក​ ឬ​ បងប្អូន​ប្រុស​កើត​មាន​ជំងឺមហារីក​នេះ​គឺ​អាច​បង្កើន​ការ​ប្រឈម​គ្រោះថ្នាក់​ចំពោះ​អ្នក​ពីរ​ដង​ ។​ ជនជាតិ​អា​ហ្រិ្វ​ក​អា​មេ​រិ​ក​កាំ​ង​ គឺ​មានការ​ប្រឈម​នឹង​គ្រោះ​ថ្នាក់ខ្ពស់​ និង​ មាន​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ក្នុង​កំរិត​ខ្ពស់​បំផុត​ នៅ​លើ​ពិភពលោក​។​

កត្តា​ប្រឈម​នឹង​គ្រោះថ្នាក់​ដែល​អ្នក​អាច​ធ្វើការ​គ្រប់គ្រង​បាន
    របប​អាហារ​ហាក់ដូចជា​ ដើរតួ​យ៉ាង​សំខាន់​ នៅ​ក្នុង​ការ​វិវត្តន៍​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​នេះ​ ដែល​វា​តែង​មាន​ជា​ទូទៅ​នៅ​ក្នុង​ប្រទេស​ដែល​ពេញ​និយម​នឹង​ការ​បរិភោគ​ សាច់​ និង​ គ្រឿង​បរិភោគ​ដែល​ផលិត​ពី​ទឹកដោះគោ​ដែល​ឮមាន​កំរិត​ជាតិ​ខ្លាញ់​ខ្ពស់​ ។​ មូលហេតុ​នៃ​ទំនាក់ទំនង​នេះ​ គឺ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នោះ​ទេ​។​ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ ជា​ពិសេស​ខ្លាញ់​សត្វ​    ដែល​មាន​ប្រភព​មក​ពី​សាច់​ពណ៌​ក្រហម​   គឺ​អាច​នឹង​បង្កើន​នូវ​កំរិត​អរ​ម៉ូ​ន​របស់​បុរស​។​ ហើយ​កត្តា​នេះ​អាច​ ផ្តល់​ថាមពល​ដល់​ការ​រីក​លូតលាស់​របស់​កោសិកា​មហារីក​នៃ​ក្រពេញ​ប្រូ​ស្តា​ត​។​ ការ​បរិភោគ​ផ្លែ​ឈើ​ និង​ បន្លែ​ក្នុង​កំរិត​ទាប​ពេក​ ក៏​អាច​ជះ​ឥទ្ធិពល​ដល់​វា​ផង​ដែរ​ ។​

ភាព​យល់​ខុស​ពី​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត
   ទាំងនេះ​គឺជា​រឿង​មួយ​ចំនួន​ ដែល​នឹង​មិន​បណ្តាល​អោយ​អ្នកមាន​ជំងឺ​ មហារីក​ក្រពេញ​ប្រូ​ស្តា​ត​នោះ​ទេ​ ៖ការ​រួម​ភេទ​ញឹកញាប់​ពេក​ ,​ ការ​វះកាត់​ចង​បំពង់​បង្ហូរ​ទឹកកាម​ និង​ ការ​សេពកាម​គុណ​ដោយ​ប្រើ​ដៃ​ ។​ ប្រសិនបើ​អ្នក​មាន​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​ នោះ​វា​មិន​មាន​ន័យ​ថា​ អ្នក​មានការ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់​នៃ​ការ​វិវត្តន៍​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ទេ​។​ អ្នក​ស្រាវជ្រាវ​ គឺ​នៅ​តែ​កំពុង​សិក្សា​ថា​តើ​ការ​ផឹកសុរា​ ,​ ជំងឺឆ្លង​តាម​ការ​រួម​ភេទ​ ឬ​ ការ​រលាក​ក្រ​ពេញ​ប្រូ​ស្តា​ត​ ដើរតួ​នៅ​ក្នុង​ការ​វិវត្តន៍​នៃ​ជំ​ង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​នេះ​ ឬទេ​ ?

តើ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ អាច​ត្រូវ​បាន​រក​ឃើញ​ឆាប់រហ័ស​ ឬទេ​ ?
    សមាគម​ន៍​នៃ​ជំងឺមហារីក​របស់​សហរដ្ឋអាមេរិក​ ធ្វើការ​ណែនាំ​អោយ​បុរស​ ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​អំពី​គុណ​សម្បត្តិ​ និង​ គុណវិបត្តិ​ នៃ​កា​ធ្វើតេស្ត​ពិនិត្យ​ឆ្លុះ​ ក្នុង​ដំណាក់កាល​ដំបូង​ នៅ​ពេល​៖
•​    ​អាយុ​ ៥០​ឆ្នាំ​ សំរាប់​បុរស​ដែល​មានការ​ប្រឈម​នឹង​ គ្រោះថ្នាក់​ក្នុង​កំរិត​មធ្យម​ ដែល​នឹង​សង្ឃឹមថា​នៅ​រស់​
យ៉ាង​ហោច​ណាស់​បាន​ ១០​ឆ្នាំ​ទៀត​ ។​
•​    ​អាយុ​ ៤៥​ឆ្នាំ​ សំរាប់​បុរស​ដែល​មានការ​ប្រឈម​នឹង​ គ្រោះថ្នាក់​ក្នុង​កំរិត​ខ្ពស់​។​ វា​រួម​មាន​ បុរស​ជនជាតិ​
អា​ហ្រិ្វ​ក​ អា​មេ​រិ​ក​កាំ​ង​ ។​
•​    ​អាយុ​ ៤០​ឆ្នាំ​ចំពោះ​បុរស​ដែល​ មាន​ប្រវត្តិ​ក្រុម​គ្រួសារ​កើត​ជំងឺ​នេះ​ ។​
សមាគម​ន៍​ផ្នែក​ម៉ូ​ត្រ​សាស្ត្រ​របស់​សហរដ្ឋអាមេរិក​ ណែនាំ​អោយ​អ្នក​ធ្វើតេស្ត​ឈាម​រក​ អង់​ទី​ហ្សែ​ន​ពិសេស​នៅ​ក្នុង​ក្រពេញ​ប្រូ​ស្តា​ត​ជា​លើក​ដំបូង​ នៅ​អាយុ​ ៤០​ឆ្នាំ​ និង​ តាមដាន​ជា​បន្ត​ទៀត​ទៅ​តាម​ វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ ។​វា​ជា​ការ​សំខាន់​ ក្នុង​ការ​សំគាល់ថា​ ការ​ធ្វើតេស្ត​ពិនិត្យ​អាច​នឹង​ រក​ឃើញ​ដឹង​មុន​ពី​ជំងឺមហារីក​ ដែល​មានការ​វិវត្តន៍​យ៉ាង​យឺត​ ហើយ​ការ​ព្យាបាល​គឺ​នឹង​មិន​ផ្តល់​អត្ថប្រយោជន៍​អ្វី​នោះ​ទេ​ ។​ ការ​ព្យាបាល​ទាំងនោះ​ អាច​នឹង​មាន​ផល​វិ​បាក​ធ្ងន់ធ្ងរ​ ។​

ការ​ពិនិត្យ​ ដោយ​ការ​លូក​ម្រាមដៃ​ចូល​ក្នុង​ទ្វារ​លាមក​ និង​ រក​ពី​អង់​ទី​ហ្សែ​ន​ពិសេស​នៅ​ក្នុង​ក្រពេញ​ប្រូ​ស្តា​ត
    ជាដំបូង​គ្រូពេទ្យ​អាច​នឹង​ធ្វើការ​ពិនិត្យ​ ដោយ​ការ​ប្រើ​ម្រាមដៃ​លូក​ចូល​ក្នុង​ទ្វារ​លាមក​ ដើម្បី​អោយ​ដឹង​ពី​ដុំ​ពក​ ឬ​ចំណុច​រឹង​នៅ​លើ​ក្រពេញ​ប្រូ​ស្តា​ត​។​ ការ​ធ្វើតេស្ត​ពិនិត្យ​ឈាម​ នឹង​អាច​កំណត់​បាន​ពី​ អង់​ទី​ហ្សែ​ន​ជា​ពិសេស​នៅ​ក្នុង​ក្រពេញ​ប្រូ​ស្តា​ត​ វា​ជា​ប្រូតេអ៊ីន​ដែល​ត្រូវ​បាន​ផលិត​ ដោយ​កោសិកា​របស់​ក្រពេញ​នេះ​ ។​ ការ​កើនឡើង​ក្នុង​កំរិត​ខ្ពស់​ អាច​ចង្អុលបង្ហាញ​ថា​ អ្នក​នឹង​មានឱកាស​ខ្ពស់​នឹង​កើត​មាន​ជំងឺមហារីក​ ប៉ុន្តែ​អ្នក​អាច​នឹង​មាន​កំរិត​ខ្ពស់​ នឹង​មាន​ភាព​មិន​មាន​មហារីក​នេះ​ផង​ដែរ​។​  វា​ក៏​អាច​ទៅ​រួច​ផង​ដែរ​ ដែល​អ្នក​អាច​មាន​កំរិត​អង់​ទី​ហ្សែ​ន​ជា​ពិសេស​នៅ​
ក្នុង​ប្រូ​ស្តា​ត​ក្នុង​សភាព​ធម្មតា​ រួច​អ្នក​អាច​នឹង​មាន​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្ត្រា​ត​ ។​

លទ្ធផល​តេស្ត​នៃ​ការ​ពិនិត្យ​ រក​អង់​ទី​ហ្សែ​ន​ពិសេស​នៅ​ក្នុង​ក្រពេញ​ប្រូ​ស្តា​ត
    កំរិត​ធម្មតា​នៃ​អង់​ទី​ហ្សែ​ន​ពិសេស​នៅ​ក្នុង​ក្រពេញ​ប្រូ​ស្តា​ត​ ត្រូវ​បាន​កំណត់​នៅ​ក្រោម​ ៤​ម៉ា​ណូ​ក្រាម​នៅ​ក្នុង​ឈាម​១​មី​លី​លី​ត្រ​ ខណៈ​ពេល​ដែល​ កំរិត​អង់​ទី​ហ្សែ​ន​នេះ​ស្ថិត​ក្នុង​ កំរិត​១០​ម៉ា​ណូ​ក្រាម​ នោះ​អ្នក​អាច​នឹង​មាន​ ការ​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ជំងឺមហារីក​ក្នុង​កំរិត​ខ្ពស់​។​ ប៉ុន្តែ​វា​ក៏​អាច​មាន​ ករណី​លើកលែង​ជា​ច្រើន​ផង​ដែរ​ ៖
•​    ​បុរស​ក៏​អាច​មាន​ ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ជាមួយនឹង​កំរិត​អង់​ទី​ហ្សែ​ន​ពិសេស​នៅ​ក្នុង​ក្រពេញ​ប្រូ​ស្តា​ត​តិច​ជាង​ ៤​ម៉ា​ណូ​ក្រាម​ ក្នុង​ឈាម​១​មី​លី​លី​ត្រ​ ។​
•​    ​ក្រពេញ​ប្រូ​ស្ត្រា​ត​ដែល​មានការ​រលាក​ ឬ​ រីក​ធំ​ ក៏​អាច​បង្កើន​នូវ​កំរិត​អង់​ទី​ហ្សែ​ន​នេះ​ដែរ​ ប៉ុន្តែ​ការ​ធ្វើតេស្ត​បន្ថែម​ទៀត​អាច​នឹង​មិន​បង្ហាញ​ ភស្តុ​តាង​អ្វី​ពី​ជំងឺមហារីក​ទេ​។​
•​    ​ឱសថ​មួយ​ចំនួន​សំរាប់​ការ​រីក​ធំ​នៃ​ក្រពេញ​ប្រូ​ស្តា​ត​ អាច​កាត់​បន្ថយ​កំរិត​អង់​ទី​ហ្សែ​ន​ពិសេស​នៅ​ក្នុង​ក្រពេញ​ប្រូ​ស្រា្ត​ត​ ថ្វីបើ​មាន​វត្តមាន​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ក៏​ដោយ​ ដែល​នេះ​ចាត់​ទុក​ថា​ជាល​ទ្ឋ​ផល​ខុស​។​
      ប្រសិនបើ​អ្នកមាន​ ករណី​មួយ​ណា​នៃ​ កំរិត​អង់​ទី​ហ្សែ​ន​ជា​ពិសេស​នៅ​ក្នុង​ក្រពេញ​ប្រូ​ស្តា​ត​ ឬ​ ការ​ធ្វើតេស្ត​លូក​ម្រាមដៃ​ចូល​ក្នុង​ទ្វារ​លាមក​មាន​សភាព​មិនធម្មតា​ វេជ្ជបណ្ឌិត​នឹង​ផ្តល់​វេជ្ជបញ្ជា​អោយ​អ្នក​ធ្វើតេស្ត​ផ្សេង​ទៀត​ ។​

ការ​ច្រឹប​សាច់​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត
    ប្រសិនបើ​ការ​ពិនិត្យ​រូបរាង​កាយ​ ឬ​ ធ្វើតេស្ត​ពិនិត្យ​ពី​កំរិត​អង់​ទី​ហ្សែ​ន​ពិសេស​នៅ​ក្នុង​ក្រពេញ​ប្រូ​ស្តា​ត​ បង្ហាញ​ថា​អ្នកមាន​បញ្ហា​ នោះ​វេជ្ជបណ្ឌិត​នឹង​អោយ​អ្នកធ្វើការ​ច្រឹប​សាច់​ពិនិត្យ​រក​ជំងឺមហារីក​។​ ម្ជុល​ត្រូវ​បាន​ចាក់​បញ្ចូល​ទៅ​ក្នុង​ផ្នែក​ណាមួយ​ នៃ​ជញ្ជាំង​ទ្វារ​លាក​ ឬ​ ស្បែក​ដែល​នៅ​ចន្លោះ​ទ្វារ​លាមក​ និង​ ស្រោមពង​ស្វាស​។​ គំរូ​ជាលិកា​តូចៗ​ជា​ច្រើន​ ត្រូវ​បាន​យក​ចេញ​ និង​ ពិនិត្យ​នៅ​ក្រោម​អតិសុខុមទស្សន៍​។​ ការ​ច្រឹប​សាច់​គឺជា​វិធី​ដ៏​ល្អ​បំផុត​ ក្នុង​ការ​ពិនិត្យ​តាមដាន​រក​ជំងឺមហារីក​ និង​ ទស្សន៍​ទាយ​ថា​តើ​វា​ជា​មហារីក​ដែល​មានការ​លូតលាស់​យឺត​ ឬ​ក៏​ជា​មហារីក​ដែល​កាច​សាហាវ​នោះ​ ?

ការ​ច្រឹប​សាច់​ និង​ ការ​ដាក់​ពិន្ទុ​នៃ​កោសិកា​មហារីក​តាម​វិធី​ គ្លី​សាន់​ (​ Gleason)
     រោគ​វិទូ​ ធ្វើការ​ស្វែងរក​កោសិកា​ដែល​មាន​ភាព​មិន​ប្រក្រតី​ និង​ ដាក់​ចំណាត់ថ្នាក់​នៃ​គំរូ​ ជាលិកា​ទាំងនោះ​ ពី​ ១ដល់​ ៥​។​ ផលបូក​នៃ​ ២​នៃ​ ចំណាត់ថ្នាក់​ Gleason​ គឺជា​ពិន្ទុ​របស់​ Gleason​ ។​ ពិន្ទុ​ទាំងនេះ​ នឹង​ជួយ​កំណត់​ពី​ ឱកាស​នៃ​ការ​រីក​រាលដាល​របស់​ជំងឺមហារីក​។​  ពួក​វា​មាន​ មាន​ចន្លោះ​ពី​ ២​ គឺ​មិនសូវ​មាន​ភាព​កាច​សាហាវ​ ទៅ​ដល់​ពិន្ទុ​១០គឺជា​មហារីក​ ដែល​មាន​សភាព​កាច​សាហាវ​បំផុត​។​ ពិន្ទុ​ Gleason​ អាច​ជួយ​ប្រាប់​ពី​ ប្រភេទ​នៃ​ការ​ព្យាបាល​ ដែល​វេជ្ជបណ្ឌិត​របស់​អ្នក​ នឹង​ធ្វើការ​ណែនាំ​ដល់​អ្នក​ ។​

ការ​ពិនិត្យ​ពី​រូបរាង​នៃ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត
    មាន​បុរស​ខ្លះ​ អាច​នឹង​ត្រូវការ​ ការ​ធ្វើតេស្ត​បន្ថែម​ទៀត​ដើម្បី​ពិនិត្យរ​កថា​ តើ​មហារីក​នេះ​ មានការ​រីក​រាលដាល​ផុត​ពី​ក្រពេញ​ប្រូ​ស្តា​ត​ឬ​នៅ​?​ តេស្ត​ទាំងនោះ​រួម​មាន​ដូច​ជា​ ការ​ធ្វើ​អេកូ​សាស្ត្រ​,​ ការ​ធ្វើ​ស៊ី​ធី​ស្កេ​ន​ ឬ​ ការ​ស្កេ​ន​ អ៊ឹម​អរ​អាយ​ ។​ ការ​ស្កេ​ន​សារធាតុ​បញ្ចេញ​កាំរស្មី​នៅ​ក្នុង​ឆ្អឹង​ នឹង​ដិត​តាម​ស្នាម​នៃ​ការ​ចាក់​បញ្ចូល​សារធាតុ​កាំរស្មី​វិទ្យុ​សកម្ម​ក្នុង​កំរិត​ទាប​ ដែល​វា​អាច​ជួយ​អោយ​យើង​រក​ឃើញ​ជំងឺមហារីក​ ដែល​មានការ​រីក​រាលដាល​ទៅ​ដល់​ឆ្អឹង​ ។

ដំណាក់កាល​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត
    ការ​កំណត់​ជា​ដំណាក់កាល​ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បកស្រាយ​ថា​តើ​ ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​នេះ​មានការ​រីក​លូតលាស់​ដល់​កំរិត​ណា​ និង​ ជួយ​កំណត់​ពី​វិធី​ព្យាបាល​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ ។​
•​    ​ដំណាក់កាល​ទី​១​ មហារីក​មាន​សភាព​តូច​ និង​ ស្ថិត​នៅ​តែ​ជាមួយ​ក្រពេញ​ប្រូ​ស្តា​ត​។​
•​    ​ដំណាក់កាល​ទី​២​ មហារីក​គឺ​ស្ថិត​នៅ​ក្នុង​សភាព​រីក​លូតលាស់​លឿន​ទៅ​មុខ​ ប៉ុន្តែ​វា​នៅ​តែ​ស្ថិត​ នៅ​ក្នុង​ក្រពេញ​ប្រូ​ស្តា​ត​នៅឡើយ​ ។​
•​    ​ដំណាក់កាល​ទី​៣​ មហារីក​មានការ​រីក​រាលដាល​ ទៅ​ដល់​ផ្នែក​ខាងក្រៅ​នៃ​ក្រពេញ​ប្រូ​ស្តា​ត​ និង​ ស្ថិត​នៅ​ជិត​ថង់ទឹកកាម​ ។​
•​    ​ដំណាក់កាល​ទី​៤​ មហារីក​មានការ​រីក​រាលដាល​ដល់​ កូនកណ្តុរ​ ដែល​ស្ថិត​នៅ​ជិត​សិរី​រៈ​ ឬ​ ជាលិកា​ដូច​ជា​
ប្លោក​នោម​ ឬ​ ទ្វារ​លាមក​ ឬ​ សរីរៈ​ដែល​ស្ថិត​នៅ​ឆ្ងាយ​ទៀត​ មាន​ដូច​ជា​ឆ្អឹង​ ឬ​ សួត​។​

អត្រា​កំរិត​នៃ​ការ​រស់រាន​មានជីវិត​ ចំពោះ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត
    ដំណឹង​ល្អ​អំពី​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ គឺ​វា​ជា​ធម្មតា​ មានការ​រីក​លូតលាស់​យ៉ាង​យឺត​ ។​ ហើយ​ ៩​ករណី​ក្នុង​ចំណោម​១០​ករណី​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ដំណាក់កាល​ដំបូង​។​ សរុប​មក​ អត្រា​កំរិត​នៃ​ការ​រស់​មានជីវិត​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ គឺ​មាន​ ១០០​ភាគរយ​ចំពោះ​បុរស​ ដែល​មាន​ជំងឺ​នេះ​ស្ថិត​នៅ​ក្នុង​ក្រពេញ​ប្រូ​ស្តា​ត​ ឬ​ ជាលិកា​ជិត​នោះ​ និង​មាន​បុរស​ជា​ច្រើន​ទៀត​ អាច​នឹង​រស់នៅ​បាន​យូរ​ជាង​នេះ​ ។​ នៅ​ពេល​ដែល​ជំងឺ​នេះ​ មានការ​រីក​រាល​ដល់​តំបន់​ឆ្ងាយ​ពី​នេះ​ទៀត​ តួលេខ​នេះ​មានការ​ធ្លាក់​ចុះ​ ទៅ​ដល់​ ៣១​ភាគរយ​។​ ប៉ុន្តែ​តួលេខ​ទាំងនេះ​ គឺ​អាស្រ័យ​ទៅ​លើ​ការ​ធ្វើ​រោគ​
វិនិច្ឆ័យ​របស់​បុរស​ យ៉ាង​ហោច​ណាស់​កាលពី​៥​ឆ្នាំ​មុន​ ។​ ការ​ប្រមើល​មើល​ពី​អនាគត​ អាច​នឹង​មាន​ភាព​ប្រសើរ​ជាង​មុន​ សំរាប់​បុរស​ដែល​បាន​ធ្វើ​រោគវិនិច្ឆ័យ​ និង​ ធ្វើការ​ព្យាបាល​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ ។​

ការ​ព្យាបាល​ ដោយ​ការ​ឃ្លាំមើល​ និង​ ការ​រង់ចាំ
    ជាមួយនឹង​មហារីក​ក្នុង​កំរិត​ទាប​ ជំរើស​មួយ​នោះ​ គឺ​ការ​ឃ្លាំមើល​វា​ និង​ រង់ចាំ​។​ វា​ត្រូវ​បាន​កំណត់​ដោយ​ការ​ច្រឹប​សាច់​ពិនិត្យ​រក​មហារីក​របស់​អ្នក​,​ ការ​ធ្វើតេស្ត​រក​អង់​ទី​ហ្សែ​ន​ពិសេស​នៅ​ក្នុង​ក្រពេញ​ប្រូ​ស្តា​ត​ និង​ ការ​ដាក់​ពិន្ទុ​Gleason​ ។​ វេជ្ជបណ្ឌិត​របស់​អ្នក​ នឹង​ធ្វើការ​បញ្ជា​អោយ​អ្នក​ធ្វើតេស្ត​ ដោយ​មិន​កំណត់ពេល​។​   ការ​ព្យាបាល​ផ្សេង​ទៀត​ ជាមួយនឹង​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ការ​រួម​ភេទ​ ឬ​ ក៏​បញ្ហា​នឹង​ការ​បត់ជើងតូច​ អាច​នឹង​មិន​មាន​ភាព​ចាំ​បាច់​ ។​ បុរស​មួយ​ចំនួន​ដែល​មាន​វ័យ​ចំណាស់​  ឬ​ មាន​ស្ថានភាព​សុខភាព​នឹងនរ​ អាច​នឹង​មិន​ចាំបាច់​ ត្រូវការ​ ការ​
ព្យាបាល​នោះ​ទេ​។​ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ការ​ព្យាបាល​ដោយ​ខ្លាំងក្លា​ ជា​ធម្មតា​ត្រូវ​បាន​ណែនាំ​ សំរាប់​មនុស្ស​ដែល​មាន​វ័យក្មេង​ជាង​ ឬ​ បុរស​ដែល​មាន​ជំងឺ​នេះ​ក្នុង​សភាព​កាច​សាហាវ​ ។​

ការ​ព្យាបាល​ដោយ​ប្រើ​កាំរស្មី
     ការ​បាញ់​បញ្ចាំង​កាំរស្មី​ពី​ខាងក្រៅ​ ដើម្បី​សំលាប់​កោសិកា​មហារីក​ អាច​ត្រូវ​បាន​ប្រើប្រាស់​ជា​វិធី​ព្យាបាល​ដំបូង​ឬ​ បន្ទាប់​ពី​ធ្វើការ​វះកាត់​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ ។​ វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​ នៅ​ក្នុង​ឆ្អឹង​ ពី​ការ​រីក​រាលដាល​នៃ​ជំងឺមហារីក​នេះ​ ។​ នៅ​ក្នុង​ការ​ព្យាបាល​ដោយ​កាំរស្មី​ ដុំ​គ្រាប់​តូច​    នៃ​សារធាតុ​បញ្ចេញ​ពណ៌​ដែល​ មាន​ ទំហំ​ប្រហែល​គ្នា​នឹង​គ្រាប់ស្រូវ​ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ ក្រពេញ​ប្រូ​ស្តា​ត​។​   
   វិធី​ទាំង​ពីរ​នេះ​ អាច​ធ្វើ​អោយ​ មុខងារ​ របស់​ លិង្គ​ អន់​ខ្សោយ​បាន​ ។​ សភាព​អស់កំលាំង​,​ បញ្ហា​ក្នុង​ការ​បត់ជើងតូច​ និង​ ការ​រាគ​រូស​អាច​ជា​ផលវិបាក​ដែល​អាច​នឹង​កើត​មាន​ ។​    

ការ​ព្យាបាល​ដោយ​ធ្វើការ​វះកាត់
    ការ​យក​ក្រពេញ​ប្រូ​ស្តា​ត​ចេញ​ ឬ​ radical​ prostatectomy​ គឺ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​លុប​បំបាត់​នូវ​ជំងឺមហារីក​នៅ​ពេល​ដែល​វា​ស្ថិត​នៅ​ក្នុង​ក្រពេញ​ប្រូ​ស្តា​ត​នៅឡើយ​ ។​ បច្ចេកវិទ្យា​ថ្មី​មួយ​ចំនួន​ នឹង​ធ្វើការ​វះកាត់​ក្នុង​ទំហំ​តូច​ និង​ដើម្បី​ស្វែងរក​ដើម្បី​ចៀសវាង​ពី​ ផល​ខូចខាត​ដល់​ស​សៃ​ប្រសាទ​ដែល​ស្ថិត​នៅ​ជិត​នោះ​ ។​ ប្រសិនបើ​កូនកណ្តុរ​ ក៏​មាន​ជំងឺមហារីក​ផង​ដែរ​ ការ​វះកាត់​យក​ក្រពេញ​ប្រូ​ស្តា​ត​ចេញ​ គឺ​មិនមែន​ជា​ជំរើស​ដ៏​ល្អ​នោះ​ទេ​។​ ការ​វះកាត់​អាច​នឹង​ធ្វើ​អោយ​មុខងារ​របស់​ការ​បញ្ចេញ​ទឹកនោម​ និង​ ការ​រួម​ភេទ​អន់​ខ្សោយ​ ប៉ុន្តែ​វា​ទាំង​ពីរ​នេះ​ អាច​នឹង​មាន​ភាព​ប្រសើរ​
ឡើង​វិញ​ នៅ​ពេល​ក្រោយមក​ទៀត​ ។​

ការ​ព្យាបាល​ដោយ​ប្រើ​អរ​ម៉ូ​ន
     ការ​ព្យាបាល​ដោយ​ប្រើ​អរ​ម៉ូ​ន​ អាច​នឹង​ធ្វើ​អោយ​ដុំ​មហារីក​រួម​តូច​ ឬ​ ពន្យារ​ការ​រីក​លូតលាស់​នៃ​ជំងឺមហារីក​របស់​អ្នក​ ប៉ុន្តែ​លុះត្រាតែ​ វា​ត្រូវ​បាន​ប្រើប្រាស់​នឹង​ការ​ព្យាបាល​ផ្សេង​ទៀត​ ទើប​វា​នឹង​អាច​កំចាត់​ចោល​នូវ​ជំងឺមហារីក​នេះ​បាន​។​ ការ​ប្រើប្រាស់​ឱសថ​ និង​ ការ​ចាក់​អរ​ម៉ូ​ន​រារាំង​ខ្ទប់​ ឬ​ ការ​បញ្ឈប់​នូវ​ផលិតផល​នៃ​ អរ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ និង​ អរ​ម៉ូ​ន​ភេទ​ប្រុស​ដទៃ​ទៀត​ ដែល​ត្រូវ​បាន​ហៅ​ថា​ អង់​ដ្រូ​សែន​ ។​ ផល​រំខាន​អាច​រួម​មាន​ដូច​ជា​ ការ​ឡើង​ក្រហម​នៅ​លើ​មុខ​ ,​ ការ​រីក​ធំ​របស់​ជាលិកា​នៃ​ដើមទ្រូង​,​ ការ​កើន​ទំងន់​ និង​ អ​សម្ថ​ភាព​ផ្លូវភេទ​ ។​

ការ​ព្យាបាល​ដោយ​ប្រើ​គីមី
     ការ​ព្យាបាល​ដោយ​ប្រើ​គីមី​ អាច​សំលាប់​កោសិកា​មហារីក​ នៅ​ក្នុង​រាង​កាយ​    រួម​មាន​ទាំង​ផ្នែក​ខាងក្រៅ​នៃ​ក្រពេញ​ប្រូ​ស្តា​ត​ ដូច្នេះ​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ព្យាបាល​ មហារីក​ដែល​មានការ​វិវត្តន៍​លឿន​ទៅ​មុខ​ និង​មហារីក​ដែល​មិន​មានការ​ឆ្លើយ​តប​នឹង​ការ​ព្យាបាល​ដោយ​ ការ​ប្រើ​អរ​ម៉ូ​ន​។​ ការ​ព្យាបាល​នេះ​ជា​ធម្មតា​ ត្រូវ​បាន​ចាក់​បញ្ចូល​តាម​ស​សៃ​វ៉ែន​ និង​ ត្រូវ​បាន​ផ្តល់​អោយ​ ជាវ​ដ្ត​ មាន​រយៈពេល​ពី​ ៣​ ទៅ​ ៦​ខែ​។​    ដោយសារ​តែ​ការ​ព្យាបាល​ដោយ​ប្រើ​គីមី​ អាច​សំលាប់​កោសិកា​ដែល​រីក​លូតលាស់​លឿន​ផ្សេង​ទៀត​នៅ​ក្នុង​រាង​កាយ​ អ្នក​អាច​នឹង​មានការ​ជ្រុះ​សក់​ និង​ ឈឺចាប់​នៅ​ក្នុង​មាត់​។​ ផលវិបាក​រំខាន​ផ្សេង​ទៀត​រួម​មាន​ដូច​ជា​ ៖​ ចង្អោរ​,​ ក្អួត​ និង​ អស់កំលាំង​ល្ហិតល្ហៃ​។​

ការ​ព្យាបាល​ដោយ​ប្រើ​ភាព​ត្រជាក់
    ការ​ព្យាបាល​ដោយ​ប្រើ​ភាព​ត្រជាក់​ កក​ នឹង​អាច​សំលាប់​កោសិកា​មហារីក​ដែល​មាននៅ​នឹង​ក្រពេញ​ប្រូ​ស្តា​ត​ ។​វា​គឺ​មិនសូវ​បាន​គេ​ ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នោះ​ទេ​ ដោយសារ​តែ​ ប្រសិទ្ធភាព​របស់​វា​មាន​រយៈពេល​យូរ​និង​ត្រូវ​បាន​គេ​ដឹង​បាន​ តិចតួច​បំផុត​។​ វា​មិនសូវ​មាន​ផលវិបាក​ ដូច​ការ​វះកាត់​ទេ​ និង​ មានការ​ជា​សះស្បើយ​វិញ​ក្នុង​រយៈពេល​ខ្លី​។​ ដោយសារ​តែ​ភាព​កក​ អាច​ផ្តល់​ផល​ប៉ះពាល់​ដល់​ ស​សៃ​ប្រសាទ​ ក្នុង​អត្រា​ ៨០​ភាគរយ​ នៃ​ចំនួន​បុរស​ជា​ច្រើន​ ក្លាយជា​អ​សម្ថ​ភាព​ផ្លូវភេទ​ បន្ទាប់​ពី​ធ្វើការ​ព្យាបាល​ដោយ​ប្រើ​ភាព​ត្រជាក់​នេះ​រួច​ ។​វា​អាច​នឹង​មានការ​ឈឺចាប់​ជា​បណ្តោះអាសន្ន​ និង​ មាន​អារម្មណ៍​ថា​រលាក​នៅ​ក្នុង​ប្លោក​នោម​ និង​ ពោះវៀន​ ។​

ការ​ព្យាបាល​ដោយ​ ការ​ចាក់​វ៉ាក់សាំង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត
    វ៉ាក់សាំង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ ដើម្បី​ព្យាបាល​ គឺ​មិនមែន​សំរាប់​ការ​ ការពារ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​នោះ​ទេ​ ដោយ​ការ​ជម្រុញ​ប្រព័ន្ធ​ភាព​សុំា​នៃ​រាង​កាយ​របស់​អ្នក​ ដើម្បី​អោយ​វា​ប្រឆាំង​នឹង​ កោសិកា​មហារីក​នៃ​ក្រពេញ​ប្រូ​ស្តា​ត​នេះ​ ។​ កោសិកា​ភាព​សុំា​ ត្រូវ​បាន​យក​ចេញពី​ឈាម​របស់​អ្នក​ នឹង​ធ្វើ​អោយ​វា​មាន​ភាព​សកម្ម​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺមហារីក​ និង​ បញ្ចូល​វា​ទៅ​ក្នុង​ឈាម​របស់​អ្នក​វិញ​។​ វដ្ត​ទាំង​បី​ នឹង​កើត​មាន​ឡើង​នៅ​ក្នុង​រយៈពេល​១​ខែ​ ។​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ សំរាប់​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ដែល​មានការ​វិវត្តន៍​លឿន​ និង​ មិន​មានការ​ឆ្លើយ​តប​នឹង​
ការ​ព្យាបាល​ដោយ​ការ​ប្រើ​អរ​ម៉ូ​ន​ ។​ ផល​រំខាន​តិចតួច​ អាច​កើត​មាន​ដូច​ជា​ការ​ អស់កំលាំង​ ,​ចង្អោរ​ និង​ គ្រុនក្តៅ​ ។​

សេចក្តី​សង្ឃឹម​ចំពោះ​ជំងឺមហារីក​ដែល​មានការ​វិវត្តន៍​លឿន
    វេជ្ជបណ្ឌិត​នឹង​បន្ត​ធ្វើការ​តាមដាន​ កំរិត​នៃ​អង់​ទី​ហ្សែ​ន​ពិសេស​នៅ​ក្នុង​ក្រពេញ​ប្រូ​ស្តា​តរបស់​អ្នក​ និង​ ធ្វើតេស្ត​ផ្សេងៗ​ជា​ច្រើន​ទៀត​ បន្ទាប់​ពី​អ្នក​បាន​ទទួល​ការ​ព្យាបាល​សំរាប់​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​នេះ​ ។​ ប្រសិនបើ​វា​កើត​មាន​ឡើង​វិញ​ ឬ​ រីក​រាលដាល​ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​   ការ​ព្យាបាល​បន្ថែម​ទៀត​ នឹង​អាច​ធ្វើការ​ណែនាំ​។​ ជំរើស​នៃ​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ​ ក៏​អាច​ជា​បញ្ហា​ចោទ​ផង​ដែរ​។​ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ អ្នក​ដែល​រស់រាន​ពី​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​    ដែល​ធ្លាប់​មានការ​ហាត់ប្រាណ​បាន​ទៀត​ទាត់​ នឹង​មាន​  ការ​ប្រឈម​នឹង​
គ្រោះថ្នាក់​នៃ​ការ​ស្លាប់​ ក្នុង​កំរិត​ទាប​ ។​

ការ​តស៊ូ​យកឈ្នះ​ នឹង​ភាព​មិន​ដំណើរការ​នៃ​លិង្គ
     ភាព​មិន​ដំណើរការ​របស់​លិង្គ​ គឺជា​ឥទ្ធិពល​នៃ​ផលវិបាក​ដែល​តែងតែ​កើត​មាន​ នៃ​ការ​ព្យាបាល​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។​ ជា​ទូទៅ​ ភាព​ដំណើរការ​ឡើង​វិញ​របស់​លិង្គ​ នឹង​មាន​ភាព​ប្រសើរ​ឡើង​វិញ​ នៅ​ក្នុង​រយៈពេល​២ឆ្នាំ​បន្ទាប់​ពី​មានការ​វះកាត់​រួច​។​ ការ​ព្យាបាល​ផ្សេង​ទៀត​ ដូច​ជា​ ការ​ព្យាបាល​ដោយ​ការ​ចាក់​ថ្នាំ​ និង​ ឧបករណ៍​ vacuum​ អាច​នឹង​ជួយ​បាន​ផង​ដែរ​។​

អាហារ​សំរាប់​សុខភាព
     ការ​បរិភោគ​អាហារ​ដោយ​មាន​ស្មារតី​ប្រយ័ត្ន​នឹង​ជំងឺមហារីក​ អាច​ជា​ជំរើស​ដ៏​ល្អ​បំផុត​ សំរាប់​អ្នក​រស់រាន​មានជីវិត​ដែល​ចង់​ ពង្រឹង​សុខភាព​របស់​ពួក​គេ​ និង​ អ្នក​ទាំងឡាយ​ដែល​ចង់​កាត់​បន្ថយ​នូវ​កត្តា​ប្រឈម​នឹង​គ្រោះថ្នាក់​របស់​ពួក​គេ​។​ នោះ​មាន​ន័យ​ថា​ ៖
•​    ​បរិភោគ​ផ្លែ​ឈើ​ និង​ បន្លែ​អោយ​បាន​ប្រាំ​ដង​ ឬ​ ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ​។​
•​    ​បរិភោគ​គ្រាប់​ធញ្ញជាតិ​ ជំនួស​អោយ​ការ​បរិភោគ​ផ្សៅ​ពណ៌​ស​ ឬ​ អង្ករ​ពណ៌​ស​ ។​
•​    ​កំណត់​ការ​បរិភោគ​សាច់​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ ។​
•​    ​កំណត់​ ឬ​ បំបាត់​ចោល​នូវ​ជាតិ​សាច់​មួយ​ចំនួន​ ដូច​ជា​ ហត​ដក​,​ បន្ទះ​សាច់​កក​ និង​សាច់​ជ្រូក​បី​ជាន់​។​
•​    ​កំណត់​ជាតិ​សុរា​ ពី​ការ​ផឹក​ ១​ ទៅ​ ២​ដង​ក្នុង​មួយ​ថ្ងៃ​ ។​
អាហារ​ដែល​មាន​ជាតិ​ folate​ ខ្ពស់​ មាន​សកម្មភាព​ខ្លះ​ប្រឆាំង​នឹង​ មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ មាន​ដូច​ជា​ ស្ពី​ណា​ច​ទឹកក្រូច​ច្របាច់​ជាដើម​ ។​ ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ពី​លទ្ធផល​ នៃ​លី​កូ​ភេ​ន​ ដែល​ជា​សារធាតុ​ antioxidant​ ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ផ្លែ​ប៉េងប៉ោះ​ ។​

សារធាតុ​បន្ថែម​ដែល​អ្នកទិញ​ទាំងឡាយ​គួរ​ប្រុង​ប្រយ័ត្ន
    ចូរ​ប្រយ័ត្ន​នឹង​ សារធាតុ​បន្ថែម​ដែល​បាន​ធ្វើការ​ផ្សព្វផ្សាយ​ ថា​នឹង​ជួយ​ការពារ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ ។​សារធាតុ​ឱសថ​បុរាណ​មួយ​ចំនួន​ អាច​បង្អាក់​ដល់​កំរិត​នៃ​ អង់​ទី​ហ្សែ​ន​ពិសេស​នៅ​ក្នុង​ក្រពេញ​ប្រូ​ស្តា​ត​។​ ការ​សិក្សា​មួយ​ក្នុង​រយៈពេល​ ១០​ឆ្នាំ​ បាន​បង្ហាញ​ថា​ ពី​កើនឡើង​នៃ​កំរិត​ប្រឈម​នឹង​គ្រោះថ្នាក់​  នៃ​ជំងឺមហារីក​ចំពោះ​បុរស​ដែល​បាន​ទទួលទាន​គ្រាប់​ថ្នាំ​អាស៊ីត​ហ្វូ​លិ​ក​បន្ថែម​ ។​ ការ​សិក្សា​មួយទៀត​ ក្នុង​រយៈពេល​ ៥​ឆ្នាំ​ នៃ​ selenium​ និង​ វីតាមីន​ Eគឺ​មិន​បាន​បង្ហាញ​ពី​ ការ​កាត់​បន្ថយ​នៃ​កត្តា​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​នេះ​ទេ​ ។​ចូរ​ប្រាកដ​ ថា​ អ្នក​បាន​ប្រាប់​វេជ្ជបណ្ឌិត​របស់​អ្នក​ ប្រសិនបើ​អ្នក​កំពុង​ទទួលទាន​វីតាមីន​ ឬ​ សារជាតិ​បន្ថែម​ណាមួយ​ ៕