សូមកុំយល់ច្រលំ មិនមែនស្កុតធម្មតាសំរាប់បិទក្រដាសទេ! មធ្យោបាយពន្យារកំណើតថ្មីដោយមកប្រើត្រឹមតែស្កុតពន្យារកំណើត ការប្រើថ្នាំគ្រាប់សំរាប់ពន្យារកំណើតជាវិធីល្អមួយក្នុងចំណោមវិធីពន្យារកំណើតដទៃដែលគេនិយមប្រើ ប៉ុន្តែការលេបថ្នាំគ្រាប់រាល់ថ្ងៃពេលខ្លះហាក់ដូចជាធ្វើអោយភាគីម្ខាងនៃដៃគូយល់ថាជាការបង្ខំ។ គេមានវិធីពន្យារកំណើតថ្មីមួយទៀតដែលមានប្រសិទ្ធភាពដូចការលេបថ្នាំដែរ ហើយមិនធ្វើអោយមានការថ្នាំងថ្នាក់ដល់អ្នកប្រើប្រាស់ទៀតផង នោះគឺការបិទស្កុតពន្យារកំណើត ដែលវាបញ្ជ្រាបអ័រម៉ូនចូលទៅក្នុងស្បែកនៅគ្រប់ពេលដែលអ្នកបិទវា។ ស្កុតពន្យារកំណើតជាដំណោះស្រាយសំរាប់ស្ត្រីទាំងឡាយដែលតែងតែភ្លេចភ្លាំងក្នុងការលេបថ្នាំ។ ដំណើរការរបស់វាឈរលើគោលការណ៍ដូចគ្នានឹងការប្រើថ្នាំគ្រាប់ដែរ។ ស្កុតពន្យារកំណើតមានរាងការ៉េមានពណ៌សាច់ដែលមានប្រវែង៤.៥សង់ទីម៉ែត្រ។ វាបញ្ចេញអ័រម៉ូន២ប្រភេទគឺប្រូហ្សេស្តេរ៉ូននិងអឺត្រូហ្ស៊ែន រយៈពេលពេញ១សប្តាហ៍។ អ្នកប្រើប្រាស់ត្រូវប្តូរវាក្នុង១សប្តាហ៍ម្តងក្នុងរយៈពេល៣សប្តាហ៍ ហើយជានិច្ចកាលត្រូវប្តូរនៅថ្ងៃដដែល បន្ទាប់មកយើងបកវាចេញរយៈពេល១សប្តាហ៍មុនពេលមានរដូវ។ ប៉ុន្តែអ្នកអាចបិទវាជាប្រចាំបានសំរាប់អ្នកដែលមានរដូវមិនទៀងទាត់។ អ្នកអាចបិទវានៅលើត្រកៀក ពោះ ដើមដៃ ឫនៅលើដងខ្លួន លើកលែងតែលើសុដន់។ កន្លែងដែលបិទជាកន្លែងដែលស្បែកស្ងួត មិនធ្វើអោយរំខាន កន្លែងដែលគ្មានស្នាមរលាត់ និងគ្មានជាតិផលិតផលរក្សាសម្ផស្ស។ សូមអ្នកចង់ចាំថាស្កុតពន្យារកំណើតនេះមិនរបកងាយៗទេ ទោះបីជាអ្នកត្រូវហែលទឹក ឫធ្វើសូណាជាប្រចាំក៏ដោយ។ ក្នុងករណីដែលវារបូតអ្នកត្រូវបិទវិញក្នុងពេល២៤ម៉ោង ឫយ៉ាងយូរបំផុតក្នុង៤៨ម៉ោង។ គុណវិបត្តិ គុណវិបត្តិរបស់វាប្រហែលនឹងការប្រើថ្នាំគ្រាប់លើកដំបូងដែរ គឺអាចបង្កអោយស្ត្រីដែលប្រើប្រាស់វាទៅជា៖ ឈឺក្បាល កើតមុន ធុញថប់ គឺមានអាការៈធុញថប់នឹងកន្លែងដែលបិទវា មានការឈឺចាប់នៅពេលមានរដូវ ឈឺសុដន់បន្តិចបន្តួច ប៉ុន្តែអាការៈទាំងអស់នេះនឹងបាត់ទៅវិញនៅសប្តាហ៍ទី៣នៃការប្រើប្រាស់។ បំរាមប្រើប្រាស់ មធ្យោបាយពន្យារកំណើតនេះត្រូវបានហាមឃាត់ចំពោះស្ត្រីដែលមាន៖ ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ប្រវត្តិកើតជំងឺដែលទាក់ទងនឹងសរសៃ និងជំងឺឈាមក្រកក៕
(ដកស្រង់ពីគេហទំព័រ Khmerlibrary.asia)