Wednesday, December 19, 2012

កង្វះ​ដំណេក​អាច​បង្កើន​អត្រា​គាំង​បេះដូង

ក្រុង​តៃប៉ិ : មនុស្ស​ទាំង​ឡាយ​ណា​ដែល​មាន​អាការ​ដេក​មិន​លក់​អាច​មាន​ឱកាស​ប្រឈម​មុខ​ ច្រើន​ជា​មួយ​នឹង​ជំងឺ​គាំង​បេះ​ដូង ​ឬដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ចិន​តៃវ៉ាន់​បាន​ ឲ្យ​ដឹង។
ការ​សិក្សា​ជាច្រើន​អះអាង​ថា ការ​គេង​មិន​លក់​គឺជា​ដើម​ចម​នាំ​ជំងឺ។ បញ្ហា​ដំណេក​ក៏​អាច​នាំ​ឲ្យ​មាន​កត្តា​ប៉ះ​ពាល់​ទាំង​ផ្លូវ​កាយ ​និង​ផ្លូវ​ចិត្ត​ដូច​ជា ​ការ​ធាត់​ដុះ​ក្បាល​ពោះ ធាត់​ញ៉ុក​ខ្លាញ់​ការ​កើត​ទុក្ខ​ក្រៀម​ក្រំ លើស​ឈាម ​និង​ចុះ​ខ្សោយ​ការ​ចង​ចាំ។
វេជ្ជ​បណ្ឌិត​ឈៀន យី ស៊ូ ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​មក​ពី​មន្ទីរ​ពេទ្យ​ក្រុង​តៃប៉ិ​ និង​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ប្រើ​ទិន្នន័យ​សុខភាព​ជាតិ​នៃ​ពលរដ្ឋ​ សរុប​២​លាន​នាក់។ បន្ទាប់ពី​ការ​តាម​ដាន​រយៈ​ពេល​បួន​ឆ្នាំ​ក្រោយ​មក​គេ​ឃើញ​ថា ​អត្រា​១,៦​ភាគ​រយ​នៃ​មនុស្ស​ដែល​មាន​អាការ​​គេង​មិន​លក់​ ប្រឈម​នឹង​ជំងឺ​គាំង​បេះដូង ខណៈ​អ្នក​ដែល​គេង​លក់​ស្កប់​ស្កល់់​វិញ​ប្រឈម​នឹង​រោគ​ទាំង​នេះ​តិចតួច ត្រឹម​តែ​០,៧៦​ភាគ​រយ​ប៉ុណ្ណោះ។
ចំណែក​អត្រា​១១,២​ភាគរយ​នៃ​អ្នក​គេង​ មិន​លក់​អាច​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​ខណៈ​អត្រា​អ្នក​គេង​លក់​ធម្មតា​វិញ​មាន​៦,៥​ភាគ​រយ​ដែល​ប្រឈម​នឹង​ជំងឺ​ នេះ។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​អះអាង​ថា ការ​គេង​មិន​លក់​ពិត​ជា​ពាក់ព័ន្ធ​ទៅ​នឹង​សរសៃ​ឈាម​បេះដូង ព្រម​ទាំង​ខួរ​ក្បាល​មែន៕ (អត្ថបទដកស្រង់)