Tuesday, November 4, 2014

ផល​ប៉ះពាល់​អាក្រក់​ចំពោះ​សុខភាព​ចេញ​ពី Wi-Fi ទាំង ៩​យ៉ាង​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​



ផល​ប៉ះពាល់​អាក្រក់​ចំពោះ​សុខភាព​ចេញ​ពី Wi-Fi ទាំង ៩​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួន!ប្រភព៖​ nexusilluminatប្រព័ន្ធ Wi-Fi ទន្ទឹម​​នឹង​ការ​ផ្ដល់​សារប្រយោជន៍​ចំពោះ​វិស័យ​បច្ចេកវិទ្យា​ សម្រាប់​តំណភ្ជាប់​អ៊ីនធឺណិត​ឥត​ខ្សែ ក៏​ផ្ដល់​ផល​អវិជ្ជមាន​ចំពោះ​សុខភាព​មនុស្ស​ផង​ដែរ។ រហូត​មក​ដល់​ពេល​នេះ នៅ​តែ​មាន​ការ​សង្ស័យ និង​ភាព​ស្រពិចស្រពិល​ចំពោះ​ផល​ប៉ះពាល់​បណ្ដាល​មក​ពី Wi-Fi។ ប្រព័ន្ធ​បច្ចេកវិទ្យា​ឥត​ខ្សែ​នេះ កំពុង​ត្រូវ​បាន​គេ​បន្ត​អភិវឌ្ឍ និង​ពង្រីក​ដែន​សុពលភាព​កាន់​តែ​ធំ​ទូលាយ ពិសេស​នៅ​តាម​តំបន់​អភិវឌ្ឍ ដូច​ជា​ទីក្រុង និង​ទីប្រជុំជន​ជាដើម។ 


ប្រព័ន្ធ Wi-Fi ឬ​​ Wifi ឬ WiFi គឺ​ជា​បច្ចេកវិទ្យា​តំណភ្ជាប់​ម្យ៉ាង​ដែល​ប្រើ Wireless ជំនួស​ការ​ប្រើ​ខ្សែ សម្រាប់​បញ្ជូន/ទទួល ទិន្នន័យ (data) ទៅ​មក រវាង​អ្នក​ភ្ជាប់​នៅ​ក្នុង​បណ្ដាញ​តែ​មួយ ឬ​សម្រាប់​ចែកចាយ​អ៊ីនធឺណិត​ប្រើប្រាស់​នៅ​ក្នុង​តំបន់​មួយ​ដែល​បាន​កំណត់។ ស្តង់ដារ​រលក​ប្រេកង់​របស់ Wi-Fi ពេល​នោះ​ត្រូវ​បាន​គេ​កំណត់​ប្រើ​ក្នុង​កម្រិត 2.4GHz UHF និង 5GHz SHF (radio wave)។



ឧបករណ៍​ដែល​អាច​ប្រើ​ប្រព័ន្ធ​តំណភ្ជាប់​ឥត​ខ្សែ​នេះ​បាន គឺ​ត្រូវ​មាន​ស្តង់ដារ​តំណភ្ជាប់ Institute of Electrical and Electronic Engineers (IEEE) 802.11 ដែល​បច្ចុប្បន្ន​មាន​នៅ​លើ​ឧបករណ៍​ដូច​ជា Personal Computer (PC), ឧបករណ៍​ហ្គេម (video-game console), ស្មាតហ្វូន, ថេប្លេត, ថេប្លេត​កុំព្យូទ័រ (tablet computer), កាមេរ៉ា​ឌីជីថល, និង​ឧបករណ៍​ស្ដាប់​តន្ត្រី​ឌីជីថល​ជាច្រើន​ទៀត។

ប្រភព​តំណភ្ជាប់​ដែល​ឧបករណ៍​ទាំង​នេះ អាច​ភ្ជាប់​បាន​មាន​ដូច​ជា Wireless Network Access Point ដែល​ត្រូវ​បាន​ចែករំលែក​សេវា​អ៊ីនធឺណិត​ទៅ​កាន់​អ្នក​ប្រើ​ក្នុង​រយៈ​ចម្ងាយ​ជា​មធ្យម​ប្រហែល ២០ម៉ែត្រ ឬ​លើស​ពី​នេះ​អាស្រ័យ​លើ​ឧបករណ៍។ យ៉ាងណា Wi-Fi នៅ​មាន​កម្សោយ​ផ្នែក​សុវត្ថិភាព​ជាង​តំណភ្ជាប់​ដោយ​ប្រើ​ខ្សែ (Ethernet)។

ខាង​ក្រោម​នេះ គឺ​ជា​ផល​ប៉ះពាល់​ទាំង៩ ចេញ​ពី​ប្រព័ន្ធ Wi-Fi ​​ផ្អែក​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​អន្តរជាតិ ដែល​លោក​​អ្នក​គួរ​ប្រុងប្រយ័ត្ន៖

១) ធ្វើ​ឱ្យ​អ្នក​គេង​មិន​លក់៖
អ្នក​ប្រើ​អ៊ីនធឺណិត Wi-Fi តែង​មាន​អារម្មណ៍​ស្វាង​ពី​ភាព​ងងុយ​រាល់​ពេល​អង្គុយ​ពី​មុខ​កុំព្យូទ័រ។​ តើ​មែន​ទេ? របាយការណ៍​សិក្សា​ក្នុង​ឆ្នាំ២០០៧ ឱ្យ​ដឹង​ថា ការ​ប្រើប្រាស់​ទូរស័ព្ទ​ទោះបី​មាន​កម្រិត​ប្រេកង់​ទាប ក៏​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​គេង​ដែរ។ ការ​គេង​នៅ​ជិត​ទូរស័ព្ទ ឬ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​សញ្ញា Wi-Fi ខ្លាំង គឺ​អាច​ធ្វើ​ឱ្យ​មនុស្ស​គេង​មិន​ងាយ​លក់។ ការ​គេង​មិន​គ្រប់គ្រាន់ នឹង​ជះ​ឥទ្ធិពល​មិន​ល្អ​ចំពោះ​សុខភាព ធ្វើ​ឱ្យ​កើត​ជា​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ជំងឺ​លើស​ឈាម​ជាដើម។

២) ប៉ះពាល់​ដល់​ការ​លូតលាស់​ក្នុង​វ័យ​កុមារភាព៖
វិទ្យុសកម្ម​ចេញ​ពី Wi-Fi និង​ទូរស័ព្ទ (cellular phone) អាច​រំខាន​ដល់​ដំណើរ​អភិវឌ្ឍ​ជា​ធម្មតា​របស់​កោសិកា​បាន ហើយ​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ទារក​នៅ​ក្នុង​ផ្ទៃ។ ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ២០០៤ ទៅ​លើ​ផល​ប៉ះពាល់​វិទ្យុសកម្ម​នេះ​ចំពោះ​សត្វ បង្ហាញ​ថា គឺ​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ក្រលៀន​ពិតមែន។ ក្រោយ​មក​ទៀត ការ​សិក្សា​របស់​ប្រទេស​អូទ្រីស​ក្នុង​ឆ្នាំ២០០៩ ក៏​បាន​គាំទ្រ​ទៅ​នឹង​ផល​អវិជ្ជមាន​នេះ​ដែរ។


ជា​ការ​ពិត​ណាស់ ការ​រំខាន​នៃ​ការ​សំយោគ​ប្រូតេអ៊ីន​នេះ ត្រូវ​បាន​ចាត់​ចូល​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​មួយ “លក្ខណៈ​សម្បត្តិ​ពិសេស​នៃ​កោសិកា​នេះ គឺ​សម្រាប់​ជួយ​ដល់​ការ​លូតលាស់​ដល់​ជាលិកា ដែល​មាន​ទាំង​នៅ​លើ​ក្មេងៗ និង​មនុស្ស​ធំ”។ និយាយ​រួម​ប្រព័ន្ធ Wi-Fi អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​ពិសេស​ក្នុង​វ័យ​កុមារភាព។

៣) ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​កោសិកា៖
ក្រុម​និស្សិត​ដាណឺម៉ាក​ថ្នាក់​ទី៩ បាន​ស្រង់​យក​បទពិសោធន៍​ចេញ​ពី​ការ​ធ្វើតេស្ត​អំពី​ផល​ប៉ះពាល់​ដល់​ការ​លូតលាស់​នៃ​ភាវរស់ បណ្ដាល​មក​ពី Wi-Fi។ ពួក​គេ​បាន ពិសោធ​ដោយ​ធ្វើ​ការ​ភ្ជាប់​សេវា Wi-Fi នៅ​ជិត​សួន​បន្លែ​ក្រិស្សុង (cress) បំផុត ដើម្បី​ប្រៀបធៀប​ការ​លូតលាស់​បន្លែ​ទៅ​នឹង​សួន​ដទៃ។ ជា​លទ្ធផល សួន​បន្លែ​ដែល​នៅ​ក្បែរ​សេវា Wi-Fi មិន​សូវ​លូតលាស់​នោះ​ទេ។

៤) មុខងារ​របស់​ខួរក្បាល​ចុះ​ខ្សោយ៖
សិស្ស​វិទ្យាល័យ​ដាណឺម៉ាក​មួយ​ក្រុម បាន​កត់​សម្គាល់​អំពី​បញ្ហា​សុខភាព​ខួរក្បាល ដោយសារ​បច្ចេកវិទ្យា​ប្រព័ន្ធ​បណ្ដាញ​កំពុង​ត្រូវ​បាន​អភិវឌ្ឍ​កាន់​តែ​ទំនើប ជាក់ស្ដែង​បណ្ដាញ 4G សព្វ​ថ្ងៃ ដែល​អាច​ធ្វើ​ឱ្យ​មុខងារ​របស់​ខួរ​ក្បាល​ចុះ​ខ្សោយ​បាន។

ដោយ​ប្រើ​បច្ចេកវិទ្យា Magnetic resonance imaging (MRI) អ្នក​ស្រាវជ្រាវ កាល​ពី​ឆ្នាំ២០១៣ បាន​រក​ឃើញ​ផល​ប៉ះពាល់​ដែល​បណ្ដាលមកពី​វិទ្យុសកម្ម 4G អាច​ធ្វើ​ឱ្យ​សកម្មភាព​ខួរក្បាល​ចុះ​អន់ថយ​បាន។

៥) កាត់​បន្ថយ​សកម្មភាព​ខួរក្បាល (ខួរ​ក្បាល​ស្ពឹក) ចំពោះ​មនុស្ស​ស្រី៖

ក្រុម​អ្នក​ស្ម័គ្រចិត្ត​ដែល​មាន​សុខភាព​ល្អ​ចំនួន ៣០នាក់ ប្រុស ១៥នាក់ ស្រី ១៥នាក់ ត្រូវ​បាន​គេ​ធ្វើតេស្ត​លើ​សមត្ថភាព​ចងចាំ​របស់​ខួរក្បាល។ ដំបូង​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ត្រូវ​បាន​គេ​ធ្វើតេស្ត​ដោយ​មិន​ឱ្យ​មាន​ការ​ប៉ះ​ទៅ​នឹង​វិទ្យុសកម្ម ជា​លទ្ធផល​គឺ​មិន​មាន​បញ្ហា​ចំពោះ​សមត្ថភាព​ខួរក្បាល​នោះ​ទេ (ក្នុង​លក្ខខណ្ឌ​ធម្មតា)។

បន្ទាប់​មក ពួក​គេ​ត្រូវ​បាន​ធ្វើតេស្ត​ដាក់​ឱ្យ​នៅ​ក្នុង​តំបន់​មាន​បណ្ដាញ Wi-Fi កម្រិត 2.4GHz ពី Wireless Access Point រយៈពេល​ប្រហែល ៤៥នាទី។ បន្ទាប់​ពី​នោះ គេ​កត់សម្គាល់​ឃើញ​ថា កម្រិត​សកម្មភាព និង​កម្រិត​ថាមពល​នៃ​ខួរក្បាល​របស់​ពួក​គេ មាន​ការ​ផ្លាស់ប្ដូរ អន់​ខ្សោយ​ជាង​មុន។

៦) មេ​ជីវិត​ឈ្មោល​ចុះ​ខ្សោយ៖
យើង​បាន​ដឹង​ជា​យូរ​មក​ហើយ​ថា កម្ដៅ​ចេញ​ពី​កុំព្យូទ័រ​យួរ​ដៃ (Laptop) អាច​សម្លាប់​មេ​ជីវិត​បាន។ វា​ជា​រឿង​ពិតមែន ហើយ​ឥឡូវ​នេះ កម្ដៅ​មិន​ត្រឹមតែ​គំរាមកំហែង​ដល់​សមត្ថភាព​បង្កើត​កូន​របស់​បុរស​ប៉ុណ្ណោះ​ទេ បើ​តាម​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ប្រេកង់​របស់ Wi-Fi អាច​កាត់​បន្ថយ​ចលនា​មេ​ជីវិត​ឈ្មោល និង​បណ្ដា​មាន​ការ​បំបែក​ឌី​អិន​អេ (DNA) បាន។ ការ​ធ្វើតេស្ត​ទៅ​លើ​មនុស្ស និង​សត្វ គឺ​សុទ្ធតែ​ទទួល​លទ្ធផល​ដូច​គ្នា ពោល​គឺ Wi-Fi អាច​ប៉ះពាល់​ដល់​មេ​ជីវិត​ឈ្មោល។


៧) អាច​អត់​កូន៖ 
មិន​ត្រឹមតែ​ប៉ះពាល់​ដល់​មេ​ជីវិត​ឈ្មោះ​ប៉ុណ្ណោះ​ទេ បើ​តាម​លទ្ធផល​ស្រាវជ្រាវ​ទៅ​លើ​សត្វ ​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រេកង់​នៃ​តំណភ្ជាប់​ឥត​ខ្សែ (Wireless Frequencies) អាច​ប៉ះពាល់​ដល់​ការ​ផ្សាំ​ស៊ុត។ ការ​សិក្សា​នេះ គឺ​គេ​បាន​ចាប់​​សត្វ​កណ្ដុរ​ទៅ​ដាក់​ក្នុង​ទីកន្លែង​មាន​ប្រព័ន្ធ Wi-Fi ដែល​ប្រើ​ពេល ២ម៉ោង ក្នុង​មួយ​ថ្ងៃ រយៈពេល ៤៥ថ្ងៃ។ ជា​លទ្ធផល​បង្ហាញ​ឱ្យ​ឃើញ​ថា កម្រិត​ភាព​តានតឹង (ស្ត្រេស) អុកស៊ីតកម្ម​មាន​ការ​កើន​ឡើង​ខ្ពស់។ ផល​ខូចខាត និង​ប៉ះពាល់​កោសិកា​លើ​រចនា​សម្ព័ន្ធ DNA ដោយសារ​ប្រព័ន្ធ Wi-Fi គឺ​អាច​ធ្វើ​ឱ្យ​លទ្ធភាព​នៃ​ការ​មាន​ផ្ទៃ​ពោះ មាន​លក្ខណៈ​មិន​ប្រក្រតី ឬ​បរាជ័យ​លើ​ការ​បង្ក​កំណើត​ចេញ​ពី​ស៊ុត។

៨) ដាស់​អារម្មណ៍​ស្ត្រេស ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​ដល់​បេះដូង៖
តាម​ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា មនុស្ស​អាច​មាន​អារម្មណ៍​ស្ត្រេស​ដោយ​សារ​ប្រេកង់​អេឡិចត្រូនិក។ ស្ថិត​ក្រោម​សភាព​តានតឹង (stress) នេះ​គឺ​អាច​ធ្វើ​ឱ្យ​ចង្វាក់​បេះដូង​ផ្លាស់ប្ដូរ ប្រែ​ជា​លោត​ញាប់។

៩) អាច​កើត​ជំងឺ​មហារីក?
ការ​សិក្សា​បង្ហាញ​ថា ជាតិ​វិទ្យុសកម្ម​អេឡិចត្រូនិក អាច​បង្ក​ហានិភ័យ​ធ្វើ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ដុំ​សាច់​នៅ​លើ​សរីរាង្គ​កាយ​បាន។ ជាក់ស្ដែង​ករណី ពាក់ព័ន្ធ​នឹង​ស្ត្រី​វ័យក្មេង​ម្នាក់​ដែល​មាន​អាយុ២១ឆ្នាំ ដែល​នាង​បាន​កើត​ជំងឺ​មហារីក​សុដន់​ខាង​ស្ដាំ ដោយ​សារ​រង​ផល​ប៉ះពាល់​ពី​វិទ្យុសកម្ម​ពី​ទូរស័ព្ទ​ដែល​នាង​ដាក់​ក្នុង​អាវ​ទ្រនាប់៕

ស្វែងយល់បន្ថែម  
ប្រភព៖ The Business News