Friday, January 4, 2013

ប្រការគ្រោះថ្នាក់នៅពេលកិនថ្នាំគ្រាប់ និងដោះសម្បកថ្នាំចេញ

ភ្នំពេញ: ស្ថិតិ​បង្ហាញថា មាន​មនុស្ស​ចាស់​ប្រមាណ៦០ភាគរយ​ជួប​បញ្ហា​ពេល​លេបថ្នាំ។ ដូច្នេះហើយ​មនុស្ស​ជាច្រើន​បាន​យក​ថ្នាំ​ទៅ​កិន​ឲ្យ​ម៉ដ្ឋ ឬ​ដោះ​សម្បក​ថ្នាំ​ចេញ ដើម្បីឱ្យ​ស្រួល​លេប។ ប្រការនេះ​អាច​បង្ករការគ្រោះ​ថ្នាក់​បំផុតដល់សុខភាព​ក៏ដូចជាអាយុជីវិតផងដែរ។

     បើតាម​ក្រុម​ជំនាញការ​សុខាភិបាល​ឲ្យ​ដឹងថា ប្រសិនជា​អ្នក​ប្រើ​មានការ​ពិបាក​លេបថ្នាំ​គ្រាប់​នោះ គេ​គួរ​ប្តូរ​ទៅប្រើ​ប្រភេទ​ថ្នាំ​ទឹក, ថ្នាំ​ហឺត, ថ្នាំ​បិទ​ជ្រាប​តាម​ស្បែក… ព្រោះ​ការ​កិន​ថ្នាំ​ដើម្បី​ផឹក វា​នឹង​បង្ក​ផលវិបាក​ធ្ងន់ និង​ថែមទាំង​អាច​បណ្តាលឱ្យ​បាត់បង់​ជីវិត​ទៀតផង។
មូលហេតុ គឺ​ដោយសារ​ថ្នាំ​ជាច្រើន​ប្រភេទ​ត្រូវបាន​ផ្សំ​ជា​គ្រាប់, សំដៅ​កែសម្រួល​ល្បឿន​ថ្នាំ​ជ្រាបចូល​ទៅក្នុង​ប្រព័ន្ធ​ចរាចរ​ឈាម។ ពេល​ថ្នាំ​ត្រូវ​កិន ល្បឿន​ថ្នាំ​ជ្រាប​ប្រែប្រួល ហើយ​អ្នកប្រើប្រាស់​ងាយ​ត្រូវ​ពុល​ដោយសារ​ប្រើ​ហួស​កម្រិត។ ពពួក​ថ្នាំ​ប្រើប្រាស់​តែម្តង​ក្នុង​មួយថ្ងៃ តែង​ត្រូវបាន​ផ្សំ​ជា​គ្រាប់​យ៉ាង​ពិសេស សំដៅ​ជួយ​ឱ្យ​សារជាតិ​រំញោច​ចូលទៅក្នុង​ឈាមសន្សឹមៗ និង​ស្មើ ក្នុង​រង្វង់២៤ម៉ោង។ ពេល​កិន, កម្រិត​ថ្នាំ​ត្រូវ​ជ្រាបចូល​ដំបូង​យ៉ាងខ្ពស់ រួចហើយ​ពុំមាន​នៅសល់​អ្វី​សម្រាប់​អំឡុងពេល​នៅសល់។
    ខាងក្រោម​នេះ ជា​ប្រភេទ​ថ្នាំ​មួយចំនួន​ដែល​អ្នកប្រើប្រាស់​ត្រូវ​ចង​ចាំ​មិន​ភ្លេច​ថា ដាច់ខាត​មិនត្រូវ​កិន ឬ​ដោះ​សម្បក​ថ្នាំ​ចេញ : Tamoxifen (ច្រើន​ត្រូវ​បានចេញ​វេជ្ជបញ្ជា​សម្រាប់​អ្នកជំងឺ​មហារីក​ដោះ, អ្នក​កិន​អាច​ហឺត​ចូល​កម្ទេច​ថ្នាំ ហើយ​ប្រសិនជា​អ្នក​កំពុងមាន​ផ្ទៃពោះ គឺ​គ្រោះថ្នាក់​បំផុត), Morphine (ប្រើ​សម្រាប់​បន្ថយ​ការឈឺចាប់​ក្នុង​បណ្តា​ករណី​ឈឺចាប់​ធ្ងន់ធ្ងរ ដូចជា​មហារីក ប្រសិន​កិន នឹងត្រូវ​ហួស​កម្រិត ព្រោះ Morphine ត្រូវបាន​ស្រូប​ចូល​សរីរាង្គ​យ៉ាង​រហ័ស), Nifedipine (ឱសថ​ប្រើ​សម្រាប់​ព្យាបាល​ឈឺ​ចុក​ដើមទ្រូង និង​លើសឈាម ប្រសិន​កិន​ទៅជា​ម្សៅ, អ្នកប្រើប្រាស់​ងាយ​នឹង​គ្រោះថ្នាក់ ត្រូវ​ស្ត្រូ​ក ឬ​គាំងបេះដូង, ស្រាល​ជាង គឺ​ឈឺក្បាល, ងងឹតមុខ)។
    ចំណែក​ពពួក​ឱសថ​ដែលមាន​សរសេរ​អក្សរ ឬ​តួលេខ​ដូចជា: 12-hour, 24-hour, CC, CD, CR, ER, LA, Retard, SA, Slo-, SR, XL,…នោះ, ដាច់ខាត​មិនត្រូវ​កិន ឬក៏​ដោះ​សម្បក​ចេញ​ដី​ម្បី​យក​ម្សៅ​ផឹក៕


                                               (ដាច់ខាត​មិនត្រូវ​កិន ឬក៏​ដោះ​សម្បក​ចេញ​ដី​ម្បី​យក​ម្សៅ​ផឹក)